'
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ហែក្បួនតាមដងផ្លូវក្នុងក្រុងសៀមរាប
ខេត្តសៀមរាប នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣
មន្ត្រីសាលាខេត្តសៀមរាប កំពុងជជែកតទល់គ្នាលើបញ្ហាជាច្រើនជាមួយតំណាងគណបក្សសង្គ្រោះជាតិ ដែលគ្រោងនឹងធ្វើបាតុកម្មអហិង្សានៅថ្ងៃទី១០ ធ្នូ ខាងមុខ។ ការជជែកតទល់គ្នាយ៉ាងតឹងតែងនេះ ត្រូវអាជ្ញាធរអះអាងថា គឺដើម្បីធានាឱ្យខេត្តសៀមរាប មានសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
មន្ត្រីសាលាខេត្តសៀមរាប កំពុងព្រួយបារម្ភខ្លាចក្រែងគណបក្សសង្គ្រោះជាតិ ដែលនឹងធ្វើបាតុកម្មអហិង្សានៅថ្ងៃទី១០ ធ្នូ ខាងមុខ ដង្ហែក្បួនទៅមុខបរិវេណនៃប្រាសាទអង្គរវត្ត នឹងធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរបរទេសជាច្រើនមកទស្សនាទីនោះ។
អភិបាលខេត្តសៀមរាប គឺលោក ឃឹម ប៊ុនសុង។ លោកបានមានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមអាជីវករ ពាណិជ្ជករ នៅក្នុងក្រុងសៀមរាប ដើម្បីរៀបចំកែលំអសោភ័ណភាពក្រុង កាលពីថ្ងៃសុក្រ ទី៦ ខែធ្នូ ថា អាជ្ញាធរខេត្តសៀមរាប បានសុខចិត្តអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិ ធ្វើមិទ្ទិញនៅថ្ងៃទី១០ ធ្នូ ខាងមុខ ព្រមទាំងអនុញ្ញាតឱ្យដើរដង្ហែជាក្បួននៅតាមដងផ្លូវនានាក្នុងទីក្រុងសៀមរាប ទាំងមូល ក៏ប៉ុន្តែមិនត្រូវហែក្បួនទៅកាន់តំបន់បេតិកភណ្ឌពិភពលោកទេ។
លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ហែក្បួនបាតុកម្មទៅអង្គរវត្តនោះ គឺធ្វើឱ្យរំខានដល់ភ្ញៀវទេសចរអន្តរជាតិជាច្រើន ព្រមទាំងធ្វើឱ្យគេចង្អៀតចង្អល់ផង នៅពេលដែលគេមកកម្ពុជា ដើម្បីភាពសប្បាយ៖ «យើងមិនមើលការងារដែលគេខំជួយយើងជាអន្តរជាតិ ប្រជាជនលើពិភពលោកគេចូលរួមជាមួយយើង ហើយយើងទៅធ្វើឱ្យប្រជាជនពិភពលោក គេចង្អៀតចង្អល់ជាមួយយើងក្នុងនាមទៅរំខានគេធ្វើអ្វី? ចុះតំបន់ដែលចង់ហែ ដើម្បីបង្អួតថា គណបក្សយើងវាយ៉ាងម៉េច? ហែទៅត្រង់ណាមានប្រជាជនខ្មែរ យើងមាននៅចាំទទួលលោកហែទៅ ឬក៏ចាំបាច់ហែទៅឱ្យអន្តរជាតិគេថ្កោលទោសរាជរដ្ឋាភិបាលកម្ពុជា បានអស់ចិត្ត? ឬក៏ហែទៅដើម្បីបំផ្លាញភ្ញៀវទេសចរនៅខេត្តសៀមរាប បានខ្លួនអស់ចិត្ត?»។
អាជ្ញាធរខេត្តសៀមរាប បានអះអាងថា គេនៅតែជជែក និងទទូចយ៉ាងតឹងតែង ដោយសុំឱ្យគណបក្សសង្គ្រោះជាតិ កុំហែក្បួនបាតុកម្មទៅអង្គរវត្តនៅថ្ងៃទី១០ ធ្នូ។
ចំណែកគណបក្សសង្គ្រោះជាតិ បានឆ្លើយតបថា គេធ្លាប់ជជែកអំពីការធ្វើបាតុកម្មជាច្រើនលើកមែន ក៏ប៉ុន្តែ គណបក្សសង្គ្រោះជាតិ មិនដែលនិយាយថា នឹងហែក្បួនទៅអង្គរវត្ត ដូចអ្វីដែលអាជ្ញាធរបានលើកឡើងនោះទេ។
តំណាងរាស្ត្រមណ្ឌលសៀមរាប អ្នកស្រី កែ សុវណ្ណារតន៍ បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ មានគម្រោងប្រមូលផ្ដុំ និងធ្វើមិទ្ទិញនៅឯតំបន់អង្គរឃ្យុងយូ រួចហើយនឹងដង្ហែក្បួនចេញមកតាមផ្សារលើ កាត់ទៅតំបន់ផ្សារចាស់ ផ្សារកណ្ដាល ដោយទៅជួបជុំគ្នានៅព្រះអង្គចេក ព្រះអង្គចម។ បន្ទាប់មក នឹងត្រឡប់ចូលទៅទីស្នាក់ការប៉ុណ្ណោះ មិនមានគម្រោងហែក្បួនបាតុកម្មទៅតំបន់អង្គរវត្តទេ។ អ្នកស្រី កែ សុវណ្ណារតន៍ បានបញ្ជាក់ថា អាជ្ញាធរមិនគួរព្រួយបារម្ភចំពោះការសម្ដែងមតិអហិង្សារបស់គណបក្សសង្គ្រោះជាតិ ដែលនឹងគ្រោងធ្វើនៅថ្ងៃទី១០ ធ្នូ នោះពេកទេ។
អ្នកស្រី កែ សុវណ្ណារតន៍៖ «អ្នកណាក៏ដឹងដែរ ថ្ងៃទី១០ ធ្នូ នេះ មិនមែនធម្មតាទេ នៅលើពិភពលោក គឺធ្វើទិវាសិទ្ធិមនុស្ស ហើយភ្ញៀវទេសចរបរទេស ភាគច្រើនគេដឹងអំពីបញ្ហាហ្នឹង។ អ្វីដែលធ្វើឱ្យប៉ះពាល់ទេសចរ គឺមិនមែនទាក់ទងការសម្ដែងមតិទេ។ ប្រទេសប្រជាធិបតេយ្យ គេយល់ច្បាស់ណាស់។ ប៉ុន្តែបើប៉ះពាល់ គឺដោយសារអាជ្ញាធរខ្លួនឯងជាអ្នកបង្កឱ្យមានបញ្ហា។ បើសិនជាអាជ្ញាធរកុំបង្ក គឺអត់មានរឿងអ្វីកើតឡើងទេ ពីព្រោះយើងបានប្រកាសហើយថា យើងធ្វើដោយអហិង្សា។ អ៊ីចឹង កុំឱ្យមានការប៉ះពាល់ អាជ្ញាធរការពារសណ្ដាប់ធ្នាប់ជូនបាតុករទៅ»។
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលជាច្រើនអង្គភាព បានឱ្យដឹងថា គេបានប្រុងប្រៀប ដើម្បីតាមឃ្លាំមើលបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី១០ ធ្នូ ខាងមុខ។
តំណាងគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តសៀមរាប ឱ្យដឹងថា បាតុកម្មអហិង្សាដែលគេគ្រោងនឹងធ្វើនោះ គឺអាចមានមនុស្សប្រមាណ ១ម៉ឺននាក់ ត្រៀមចូលរួម៕
No comments:
Post a Comment
yes