សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 10, 2013

ជនជាតិ​ដើម​ភាគ​តិច៖បើ​គ្មាន​សិទ្ធិ​មនុស្ស​ទេ​ពួក​គេ​នឹង​បាត់​បង់​ប្រពៃណី​វប្បធម៌

សិទ្ធិ​មនុស្ស​៦៥ រតនគិរី ៦១០
សកម្មភាព​ហែ​ក្បួន​របស់​ប្រជាពលរដ្ឋ មន្ត្រី​រាជការ អង្គការ​សង្គម​ស៊ីវិល ក្នុង​ខួប​លើក​ទី​៦៥ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៣

អាជ្ញាធរ​ខេត្ត​រតនគិរី រួម​ទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច និង​សិស្សានុសិស្ស បាន​រួម​គ្នា​ប្រារព្ធ​ខួប​លើក​ទី​៦៥ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ក្រោម​ប្រធាន​បទ យើង​ទាំងអស់​គ្នា​រួម​គ្នា​លើក​ស្ទួយ និង​ការពារ​យុត្តិធម៌​សង្គម។

មនុស្ស​ប្រមាណ ៤០០​នាក់ នាំ​មុខ​ដោយ​ក្រុម​ឆៃយ៉ាំ និង​រថយន្ត​បំពង​សំឡេង បាន​ដង្ហែ​ក្បួន​ចេញ​ពី​មន្ទីរ​វប្បធម៌ ដើម្បី​រំលឹក​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នា​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​ធ្នូ នា​ក្រុង​បានលុង ខេត្ត​រតនគិរី។
ក្បួន​ធ្វើ​ដំណើរ​អម​ដោយ​បដា​ពាក្យ​ស្លោក​រំលឹក​ពី​សិទ្ធិ​មនុស្ស បាន​ដង្ហែ​ចេញ​ពី​មន្ទីរ​វប្បធម៌ ធ្វើ​ដំណើរ​ឆ្ពោះ​មក​រង្វង់​មូល​ខេត្ត ហើយ​បត់​ទៅ​ទិស​ខាង​កើត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៧៨ រហូត​ដល់​ស្ថានីយ​សាំង សែម សឿន ទើប​ធ្វើ​ដំណើរ​ត្រឡប់​ក្រោយ​បន្ត​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៧៨ ដដែល ឆ្ពោះ​ទៅ​ស្ថានីយ​សាំង តេលា ទើប​ធ្វើ​ដំណើរ​ឆ្ពោះ​មក​រង្វង់​មូល​ខេត្ត​វិញ ហើយ​បញ្ចប់​ពិធី​ហែ​ក្បួន​នៅ​មុខ​មន្ទីរ​វប្បធម៌ ដើម្បី​ប្រារព្ធ​មិទ្ទិញ​នៅ​ទី​នោះ។

អគ្គលេខាធិការ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) លោក អ៊ិន គា បាន​កត់​សម្គាល់​ថា បរិបទ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​តែ​បន្ត​សកម្មភាព​ទៅ​មុខ​ជានិច្ច បើ​ទោះ​បី​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​នៅ​តែ​បន្ត​កើត​មាន​នៅ​ឡើយ​នៅ​ប្រទេស​កម្ពុជា។ លោក​ចាត់​ទុក​ការ​ចូល​រួម និង​ការ​បើក​ទូលាយ​របស់​អាជ្ញាធរ​គ្រប់​ខេត្ត​ក្រុង នា​ឆ្នាំ​នេះ គឺ​ជា​ដំណើរ​ឆ្ពោះ​រក​ការ​គោរព​សិទ្ធិ​មនុស្ស​កាន់​តែ​ប្រសើរ៖ «វា​ជា​ដំណាក់​កាល​មួយ​ដែល​យើង​គិត​ថា យើង​អាច​ធ្វើ​សកម្មភាព​លើក​ស្ទួយ​សិទ្ធិ​មនុស្ស ជា​ការ​មួយ​ដែល​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ឥឡូវ​នេះ​កំពុង​តែ​មាន​ការ​ចាប់​អារម្មណ៍ និង​បើក​ចំហ​ឲ្យ​យើង​ធ្វើ​កម្មវិធី​នេះ ទាំង​នៅ​រាជធានី​ភ្នំពេញ ទាំង​នៅ​ខេត្ត ជា​ពិសេស​ខេត្ត​រតនគិរី នេះ»
តំណាង​អភិបាល​ខេត្ត និង​ជា​អគ្គនាយក​រដ្ឋបាល​សាលា​ខេត្ត​រតនគិរី លោក សេក ហៃ មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​កែ​ទម្រង់​ស៊ី​ជម្រៅ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៥ នេះ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ទាក់ទិន​ទៅ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស​កាន់​តែ​ប្រសើរ​ឡើង។ លោក​បន្ត​ថា គោល​នយោបាយ​លើក​ស្ទួយ​យុត្តិធម៌​សង្គម​ក៏​បាន​កំណត់​នៅ​ក្នុង​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​រាជ​រដ្ឋាភិបាល​ដូច​គ្នា​នេះ​ដែរ៖ «រាជ​រដ្ឋាភិបាល​បាន និង​កំពុង​ប្រឹងប្រែង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ និង​ការពារ​ធនធាន​ធម្មជាតិ ព្រម​ទាំង​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​សេសសល់ និង​បន្ត​ការពារ​ករណី​រំលោភ​សិទ្ធិ​ដីធ្លី​លំនៅឋាន ដោយ​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល»
ចំណែក​ជនជាតិ​ភាគ​តិច​ទំពួន នៅ​ឃុំ​កិចុង ស្រុក​បរកែវ លោក ហន់ រ៉ ចាប់​អារម្មណ៍​ដែរ​ថា បើ​គ្មាន​សិទ្ធិ​មនុស្ស​ទេ ជនជាតិ​ដើម​ភាគ​តិច​នឹង​ត្រូវ​បាត់​បង់​ប្រពៃណី វប្បធម៌ ជា​ពិសេស​ធនធាន​ធម្មជាតិ ព្រៃ​ឈើ ដីធ្លី​សហគមន៍​អស់​គ្មាន​សល់។ លោក​កត់​សម្គាល់​ថា ថ្វី​ត្បិត​សិទ្ធិ​មនុស្ស​ត្រូវ​បាន​លើក​ស្ទួយ​នៅ​តំបន់​ជនជាតិ​ដើម ប៉ុន្តែ​ករណី​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​នៅ​តែ​បន្ត​កើត​មាន៖ «ស្ថានភាព​បច្ចុប្បន្ន អ្នក​ខ្លះ​បាន​ដឹង​ហៅ​ថា​ផ្នែក​ច្បាប់​សិទ្ធិ​មនុស្ស​ប្រពៃណី បាន​ថែ​រក្សា និង​រៀប​ចំ​ព្រៃ​អារក្ស ព្រៃ​កប់​ខ្មោច ឬ​ជា​ដី​សហគមន៍​ជា​សមូហភាព គ្មាន​ការ​រើសអើង គឺ​រួម​គ្នា សាមគ្គី​គ្នា​ដូច​ពី​មុន​ដែរ។ ឥឡូវ​ហ្នឹង មាន​ដែរ​ជន​ខ្លះ​រំលោភ​សិទ្ធិ​លក់​ដី»
ចូល​រួម​មតិ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​នេះ​ដែរ ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​រតនគិរី លោក លាវ ស្រេង បាន​ចាត់​ទុក​បញ្ហា​សិទ្ធិ​មនុស្ស គឺ​ជា​កត្តា​សំខាន់ ហើយ​លោក​រំលឹក​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរី​ស្មើៗ​គ្នា ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ត្រូវ​គោរព​សិទ្ធិ​អ្នក​ដទៃ និង​ច្បាប់​ដែល​បាន​កំណត់៖ «ខ្ញុំ​សុំ​ចូល​រួម​រីករាយ​គាំទ្រ ចំពោះ​វេទិកា​នេះ​ជា​ការ​រំលឹក ហើយ​ស្នើសុំ​ចំពោះ​ពុក​ម៉ែ​បង​ប្អូន​ក្មួយៗ​ទាំងអស់ ចងចាំ​សុំ​ចាំ ហើយ​ចាំ​ទៀត​ថា យើង​មាន​សិទ្ធិ ប៉ុន្តែ​សិទ្ធិ​យើង​មាន​ក្របខ័ណ្ឌ»
មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​រតនគិរី រៀប​ចំ​ទិវា​សិទ្ធិ​មនុស្ស​ឆ្នាំ​នេះ រួម​ជាមួយ​ពាក្យ​ស្លោក​សំខាន់ៗ​ដូច​ជា អំពើ​ពុក​រលួយ​ជា​ប្រភព​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ច្បាប់ យើង​ទាំងអស់​គ្នា​ត្រូវ​ការ​តុលាការ​ឯករាជ្យ ដើម្បី​ការពារ និង​លើក​ស្ទួយ​យុត្តិធម៌​សង្គម បំផ្លាញ​ធនធាន​ធម្មជាតិ គឺ​បំផ្លាញ​ជាតិ និង​បំផ្លាញ​ខ្លួន​ឯង យើង​ទាំងអស់​គ្នា​ត្រូវ​ការ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ យើង​ទាំងអស់​គ្នា​មាន​កាតព្វកិច្ច​លើក​ស្ទួយ និង​ការពារ​សិទ្ធិ​មនុស្ស យើង​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សាធារណៈ ដោយ​ចំហ​ជាដើម៕

No comments:

Post a Comment

yes