សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 11, 2013

ឈ្មួញ​កាប់​ឈើ​ដឹក​ជាង​១០​ឡានតាម​ច្រក​ស្រុក​ស្នួល​ទៅ​វៀតណាម​រាល់​ថ្ងៃ

131211_8
រថយន្ត​ដឹកឈើ​​ដែលគេ​កាប់​ពី​ដែន​ជម្រកសត្វ​ស្នួល ដឹក​ទៅ​លក់នៅ​​វៀត​ណាម​
សហ​ការី
យ៉ាងហោច​ឈើ​ប្រណីត​ប្រមាណ​ជា​៥០​ម៉ែត្រ​គុប ​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លា​រ ត្រូវ​​គេ​កាប់​​ដឹក​ចេញ​ជា​រៀង​រាល់​​ថ្ងៃ យក​​ទៅលក់​ក្នុង​ប្រទេស​វៀតណាម តាម​ច្រក​ស្រុក​ស្នួល​ ខេត្ត​ក្រ​ចេះ ​ដោយ​មិន​ឃើញ​​មាន​ការ​ទប់​ស្កាត់​ពី​អាជ្ញាធរ​​មាន​សមត្ថកិច្ច​ណា​ឡើយ។
លោក ជា ហ៊ាន ប្រធាន​អង្គ​ការ​ប្រឆាំង​អំពើ ពុករលួយ​ទប់​ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្ម​ជាតិ ​និង​ការ​ពារសិទ្ធិ​មនុស្ស​ (NR​WPO) និង​ក្រុម​ការ​ងារ​ដែល​បាន​និង​កំពុង​ ធ្វើការ​ស្រាវ​ជ្រាវ​ពី​បទ​ល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ក្រចេះ បានអះ​អាង​កាល​ពី​ម្សិល​មិញថា ​ឈើ​ប្រណីត​ប្រភេទធ្នង់ និង​ប្រភេទ​ផ្សេងៗ​ទៀត ​ក្នុង​ដែន​ជម្រក​សត្វ​​ព្រៃស្នួល ​កំពុង​រងការ​កាប់​ ហើយ​ដឹក​ចូល​ដី​ក្រុម​ហ៊ុន​វៀតណាម​ប៊ិនភឿកII​ ដែល​នៅ​ជា​ប់​ព្រំ​គ្នា​​នឹង​ដែន​ជម្រកសត្វ​។
លោក ​ជា ហ៊ាន​ បាន​​បញ្ជាក់​ថា៖​«ពេលយប់​ឡើង ​គេដឹក​ចេញ​ពី​ក្រុម​ហ៊ុន​តាម​ឡាន​ច្នៃ​ទៅលក់​នៅវៀត​ណាម ​ដែល​​ក្នុង​​មួយ​ឡានមាន​ប្រហែល​​ជា​៥​ម៉ែត្រ​គុប ​ហើយ​​រាល់​យប់ៗ​ ដឹកចេញ​មិនតិច​ជាង១០​ឡាន»។ លោក​បន្តថា ​ទីតាំង​ក្រុម​ហ៊ុននោះ​ គឺ​ស្ថិត​នៅ​ក្នុង​ភូមិ​ប៉ោ​ដើម​ស្វាយ ​ឃុំឃ្សឹម ​ស្រុកស្នួល ​និង​នៅ​​ស្រុក​កែវសីមា​ ខេត្ត​មណ្ឌល​គិរី​ ​មាន​ចម្ងាយ​ប្រមាណ​២៥​គីឡូ​ម៉ែត្រ​ ពីព្រំ​ប្រទល់​ កម្ពុជា-វៀត​ណាម។

លោក​​បន្ថែម​ថា ​នៅ​តាម​ផ្លូវ​មាន​ប៉ុស្តិ៍​នគរបាល​ប្រមាណ​ជា​បួន​ប្រាំ​កន្លែងដែរ ​ប៉ុន្តែ​គ្មាន​មន្រ្តី​ប៉ុស្តិ៍​ណាមួយ​ឆែក​ឆេរ​ត្រួត​ពិនិត្យ​ឈើ​ទាំង​ នោះ​ទេ។
លោក ជា ហ៊ាន​ និយាយ​ថា៖ «បទ​ល្មើស​ព្រៃ​ឈើ​កើត​ឡើង​ខ្លាំង​​ តែ​គ្មាន​អ្នក​​បង្រ្កាប ​ព្រោះ​ឈ្មួញ​បង់​លុយ​ឲ្យ​មន្រ្តី​បរិស្ថាន​ នគរបាល ​និង​ទាហាន។ ឈើ​ គឺ​សុទ្ធ​តែខុស​ច្បាប់។ បើឈើ​របស់​ក្រុមហ៊ុន​ ក៏គ្មាន​ឃើញ​វាយ​ត្រា​បង់​ពន្ធ​ចូល​រដ្ឋ​ដែរ​»។
ទាក់​ទង​ទៅ​នឹង​បទ​ ល្មើស​ព្រៃ​ឈើ​​នេះ​ដែរ​ លោក ​សុក​ រដ្ឋា​ ជាអ្នក​សម្រប​សម្រួល​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹង ​ថា ឈើ​ប្រភេទ​ធ្នង់ នាង​នួន និង​បេង​ ជា​ដើម ​ត្រូវ​ក្រុម​ឈ្មួញ​ប្រមូល​ទិញ​ទាំង​អស់​ មិ​នថា ​ឈើ​នោះ​ជា​ឈើ​ស្រប​ច្បាប់ ​ឬ​ខុស​ច្បាប់​ទេ ហើយ​ឲ្យ​តម្លៃ​មួយ​ម៉ែត្រ​គុប ​យ៉ាង​ហោច​១៥០​ដុល្លារ​ដែរ។ ប៉ុន្តែ​ ពេល​ពួក​គេ​លក់​ចេញ​ទៅ​ប្រទេស​វៀតណាម​វិញ ​តម្លៃ​ឈើ​នេះ​អាច​គុណ​នឹង​៣​ដង​នៃ​តម្លៃ​ដើម គឺ​៤៥០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​គុប។ ដោយ​ឡែក ​ចំពោះ​ឫស និង​គល់​ឈើ​ធំៗ​វិញ​ ពួក​គេ​ទិញ​មួយ​គីឡូក្រាម​ តម្លៃ​ពី​២០​​ទៅ​៣០​ដុល្លារ​ផ្សេង​ទៀត​។
លោក សុក ​រដ្ឋា ​បាន​ថ្លែង​ថា​៖«មាន​ឈ្មួញ​ធំៗ​ប្រហែល​ជា​៤​នាក់ ​គឺពួក​គេ​តែង​តែប្រ​មូល​ទិញ និង​ដឹកឈើទៅ​ប្រទេស​វៀតណាម​នៅ​ពេល​យប់ៗ​តាម​ឡាន​ធំៗ​។ អ៊ីចឹង​ហើយ​យើង​មាន​ការ​ពិបាក​ក្នុង​ការ​អង្កេត​ដែរ​ពេល​យប់»។ លោក​បាន​ឲ្យដឹ​ង​ដែរ​ថា​ ច្រក​សំ​ខាន់ៗ ​ដែល​ឈ្មួញ​ដឹក​ឈើ​ចេញ គឺមាន​ច្រក​កែវសីមា​ និង​ច្រក​ដាក់​ឡាក់​ ជា​ដើម។
ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ មន្រ្តី​មាន​សមត្ថកិច្ច​បាន​បដិសេធ​ពី​ការ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើនេះ​។
លោក ​ ញ៉ាន ​សោយ៉ុន​ នាយ​រង​ផ្នែក​ស្ថិតិ​និង​ប្រធាន​នគរ​បាល​អន្តរាគមន៍​ស្រុក​ស្នួល​​​អះ​អាងថា ​ ទាំងលោក ​និង​មន្រ្តី​នគរបាល​លោក​ដទៃ​ទៀត ​មិន​ពាក់​ព័ន្ធ​នឹង​ការ​កាប់ឬដឹក​ឈើ​ខុស​ច្បាប់​អស់​នោះ​ទេ។
ចំណែក​ ​លោក​ ទូច ប៊ុន្នី នាយ​ផ្នែក​រដ្ឋ​បាល​​ព្រៃ​ឈើ​ឃ្សឹម​ ​ស្រុក​ស្នួល បាន​អះអាង​ថា​ លោកមិន​បាន​ដឹង​ពី​ការ​ដឹក​ឈើ​ខុស​ច្បាប់​ចេញ​ទៅ​ប្រទេស​វៀតណាម​​ដូច​ការ​ អះអាង​នោះ​ទេ។
លោក​ ទូច ប៊ុន្នី​ ​បាន​ថ្លែង​ថា​៖ «រឿង​ដឹក​ឈើនោះ​ខាង​​ខ្ញុំ​អត់​បាន​​ដឹង​ទេ ​ណា​មួយ​​​វា​ហួស​ពី​ដែន​សមត្ថ​កិច្ចរបស់​ខ្ញុំ បើ​ឈើ​កាប់​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ។ វា​ស្ថិត​នៅ​ក្រោម​​ការ​គ្រប់​គ្រង​របស់​មន្រ្តី​បរិស្ថាន»។
ទោះយ៉ាង​ណា លោក គង់ ងីម នាយ​ដែន​ជម្រក​សត្វព្រៃ​ស្នួល​ក៏​​បដិសេធ​ដូច​គ្នា​​ដែរ​ថា មិន​មាន​​ការ​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ដូច​ការ​ចោទ​ប្រកាន់​នោះ ​ទេ ​ប៉ុន្តែ​ លោក​ថា​ ស​ព្វ​ថ្ងៃ​មាន​ជនចំណាក​ស្រុក​ខ្លះ​កំពុង​ទន្រ្ទាន​កាប់​ឆ្ការ​ព្រៃ​យក ដី​លក់​ដោយ​ខុស​ច្បាប់។
លោក គង់ ងីម បាន​បញ្ជាក់​ថា៖ «ក្នុង​ដែន​ជម្រក​សត្វ​មិន​មាន​ឈើ​ធំៗ​សម្រាប់​កាប់​ទេ។ តែ​បើ​រឿង​ទន្រ្ទាន​កាប់​ឆ្ការ​ព្រៃ​យក​ដី​ គឺ​មាន​ខ្លះ។ យើង​មិន​អាច​ទប់​ស្កាត់​ឈ្នះ​ទេ ​ព្រោះ​ជនចំណាក​ស្រុក ​ពេល​ខ្លះ​ប្រើ​ហិង្សា​ដាក់​យើង​ក៏​មាន ពេល​ចុះ​ទៅ​បង្រ្កាប​»៕

No comments:

Post a Comment

yes