សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 11, 2013

មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ថាខ្លួន​នឹង​យក​គំរូ​តាម​លោកម៉ាន់ដឺឡា

លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកគាំទ្រនៅទីលានប្រជាធិបតេយ្យ
ថ្ងៃ១០ ធ្នូ ២០១៣
មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ធ្វើ​តាម​គំរូ​នៃ​អតីត ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង ណែលសុន ម៉ាន់ដឺឡា ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព​ជូន​ប្រជាជន ដោយ​អះអាង​ថា នឹង​ធ្វើ​ការ​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ សេរីភាព​ប្រជាជន ដោយ​មិន​ចាត់​ទុក​ខ្មែរ​ណា​ម្នាក់​ជាស​ត្រូវ​ឡើយ។
ថ្លែង​ទៅ​កាន់ ប្រជាជន​រាប់ពាន់​នាក់​នៅ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ទីលាន ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុប្រធាន​លោក កឹម សុខា ថ្លែង​ដោយ​មិន​រំឭក​ឈ្មោះ​ចំៗ​ទៅ​ប្រមុខ​រដ្ឋាភិបាល​លោក​នាយក រដ្ឋ​មន្ត្រី ហ៊ុន សែន ថា នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អំណាច ខ្លួន​នឹង​មិន​ចាត់​ទុក​ខ្មែរ​ណា​ម្នាក់​ជា​សត្រូវ​ទេ។
លោក​ថ្លែង​ទៀត​ថា «ប្រសិន​បើ​ក្រុម​អ្នក​ដឹក​នាំ​កម្ពុជា​ណា ធ្លាប់​ប្រព្រឹត្ត​អាក្រក់​ឬ​ប្រព្រឹត្ត​ព្រៃផ្សៃ​ទៅ​លើ​ប្រជាជន ហើយ​មិន​អាច​ដឹក​នាំ​ប្រទេស​ឲ្យ​រីក​ចម្រើន ពួក​គេ​ត្រូវ​តែ​ចុះ​ចេញ​ពី​អំណាច ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ដាក់​ទោស​គេ​ទេ ហើយ​ក៏​មិន​ចាត់​ទុក​ថា​ជាស​ត្រូវ​ដែរ»។
លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «របប​លោក ណែលសុន ម៉ាន់ដឺឡា បាន​ធ្វើ​ឲ្យ​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ ដែល​បាន​ចាក់​ឫសគល់​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ ប្រទេស​នេះ​មាន​សន្តិភាព​ទាំង​សកម្មភាព​និង​សីលធម៌ ដែល​យើង​ចង់​បាន...ដូច្នេះ ថ្ងៃ​នេះ​ពិភពលោក​ទាំង​មូល​កំពុង​គោរព​វិញ្ញាណក្ខន្ធ​លោក ម៉ាន់ដឺឡា។ ខ្ញុំ​ក៏​សូម​ឲ្យ​ទាំង​អស់​គ្នា គិត​ទៅ​ដល់​គំរូ​វីរភាព​លោក ម៉ាន់ដឺឡា ហើយ​គណបក្ស​សង្គ្រោះ​ជាតិ យើង​ធ្វើ​តាម​គំរូ​របស់​លោក ហើយ​យើង​នឹង​ទទួល​បាន​ជោគជ័យ​ដូច​នៅ​ប្រទេស​អាហ្វ្រិក​ដែរ»។

លោក កឹម សុខា ក៏បាន​ថ្លែង​ដែរ​ថា ប្រជាជន​មាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ ពួក​គេ​មាន​សិទ្ធិ​សម្រេច​ចិត្ត​ជ្រើសរើស​មេ​ដឹក​នាំ និង​មាន​សិទ្ធិ​បោះឆ្នោត​ទម្លាក់​មេ​ដឹក​នាំ​ខ្លួន​ទៅ​តាម​ឆន្ទៈ ប៉ុន្តែ ចាប់​តាំង​ពី​អាណត្តិ​ទី២ រហូត​ដល់​អាណត្តិ​ទី៥ ប្រជាជន​មិនមាន​សិទ្ធិ​ពេញលេញ ដើម្បី​ធ្វើ​ការ​សម្រេច​ជ្រើសរើស​មេដឹកនាំ​ខ្លួន ព្រោះ​តែ​សិទ្ធិ​ពួកគេ​ត្រូវ​គេ​លួច។
លោក កឹម សុខា ថ្លែងថា៖ «ដូច្នេះ ថ្ងៃ នេះ​សារ​នយោបាយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ផ្ញើ​ទៅ​មតិ​ជាតិ អន្តរជាតិ​នៅ​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទី៦៥ ថ្ងៃទី​១០ ធ្នូ​នេះ គឺ​យើង​ទាំងអស់​គ្នា​ជា​ខ្មែរ យើង​ត្រូវ​ការ​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​បច្ចុប្បន្ន​ចេញ»។ 
លោក កឹម សុខា បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ព្រម​ចូលរួម​ក្នុង​កំណែ​ទម្រង់​ជាមួយ​គណបក្ស ប្រជាជន​កម្ពុជា ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​តែ​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ ជា​បន្ទាន់​ដែរ បើ​មិន​ដូច្នោះ​ទេ មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច​ត្រូវ​តែ​ចុះ​ចេញ​ពី​អំណាច។
ខណៈ​មេ ដឹកនាំ​គណបក្ស​ប្រឆាំង​ថ្លែង​ពី​ការមិន​យក​អ្នកណា​ជាស​ត្រូវ​នៅ​ទីលាន ប្រជាធិបតេយ្យ​នោះ អ្នក​ថត​វីដេអូ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា លោក សេង ចាន់ ដែល​បាន​ចូល​ទៅ​យក​ព័ត៌មាន​ក្នុង​ហ្វូង​មនុស្ស​នៅមុខ​វេទិកា​មេ​ដឹក នាំ​គណបក្ស​សង្គ្រោះ​ជាតិ  ស្រាប់​តែ​ត្រូវ​បាន​វាយ​និង​បណ្តេញ​ចេញពី​ទីនោះ​ដោយ​ក្រុម​អ្នក​ចូល រួម​មួយ​ចំនួន​ដែល​ចាត់​ទុក​ថា ជា​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន។
លោក សេង ចាន់ បាន​ប្រាប់​ថា គាត់​ក្រុម​អ្នក​គាំទ្រ​វ៉ៃ​ប្រហែល​១០ដៃ ត្រូវ​ក្បាល​និង​កញ្ចឹងក បន្ទាប់​ពី​ភិក្ខុ​មួយ​អង្គ​សួរ​ថា «ធ្វើ​ការ​នៅ​ទូរទស្សន៍​ណា? និង​តប​ថា នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា។
លោក សេង ចាន់ បន្ត​ថា ៖ «ភិក្ខុ​អង្គ​នោះ​មាន​សង្ឃ​ដីកា​ថា អ្នក​មិនត្រូវ​ថតរូប ដែល​ទូរទស្សន៍​ជាតិ​នេះ​មិន​ដែល​ចាក់ផ្សាយ​ទេ។ ចេញពី​ទីនេះ​ទៅ។ ខ្ញុំ​ទូល​ទៅ​លោក​វិញ​ថា ខ្ញុំ​ករុណា​ចាក់​ផ្សាយ ប៉ុន្តែ​ព្រះអង្គ​មិនដែល​បាន​ទត»។ លោក​ថា ស្រាប់​ភិក្ខុ​អង្គ​នោះ​បាន​វ៉ៃ​គាត់​មួយ​ដៃ ហើយ​អ្នក​ដទៃ​ទៀត ក៏​ស្ទុះ​មក​វាយ​គាត់​នឹង​ដៃ​និង​ដប​ទឹក ប៉ុន្តែ សំណាង​បាន​សន្តិសុខ​គណបក្ស​នេះ​ជួយ។
ទាក់ទិន​នឹង​អំពើ​ហិង្សា​នេះ អគ្គនាយក​ទូរទស្សន៍​ជាតិ​លោក កឹម គុណវឌ្ឍន៍ បាន​ថ្លែងថា មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តែ​យល់​ថា នេះ​ជា​អំពើ​អមិត្ត ហើយ​សកម្មភាព​នេះ​អាច​ធ្វើ​ឲ្យ​មាន​ភាព​អមិត្ត​កាន់​តែ​ធំ​ទៅៗ នៅ​កម្ពុជា។
លោក​បន្ត​ថា៖ «ការ​ចូលរួម គឺជា​សិទ្ធិ​របស់​អ្នក​សារ​ព័ត៌មាន។ នេះ​ជាការ​រើសអើង ហើយ​ការ​រើសអើង​បែប​នេះ​ធ្វើ​ឲ្យ​ជាតិ​បែក​បាក់»។
ក្នុង​ទំព័រ ហ្វេសបុក រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​សរសេរ​ដែរ​ថា៖« ទាមទារ​ឲ្យ​គេ​ផ្សាយ​ពី​ខ្លួន ដល់ ទ.ទ.ក​ទៅ​បែរជា​ដេញ​វាយ​អ្នក​យក​ព័ត៌មាន​ដូច​ឆ្កែ​ឆ្មា។ ឥឡូវ​សូមកុំ​បន្ទោស​គេ​រឿង​មិន​ផ្សាយ ។ មិន​ទាន់​កាន់​អំណាច​ផង ឫក​ដូច​ឆ្កែ​បាន​ជិះឡាន»។
ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​តប​នឹង​បញ្ហា​នេះ​ថា លោក​មិន​បាន​ទទួល​ព័ត៌មាន អំពី​ករណី​ហិង្សា​នេះ​ទេ ហើយ​បាន​បញ្ជាក់​ថា នេះ​គ្រាន់​តែ​ជា​ការ​ឈ្លោះ​គ្នា​ទៅវិញ​ទៅមក​ប៉ុណ្ណោះ។
លោក ថ្លែង​បន្ត​ថា៖ «យើង​ស្វាគមន៍​អ្នក​កាសែត​ទាំងអស់​ដោយ​មិន​រើសអើង បើ​ទោះ​ជា​ពួក​គេ​សរសេរ​អ្វី​ក៏​ដោយ វា​ជា​សិទ្ធិ​របស់​ពួក​គេ​។ ដូច្នេះ វា​មិនមែន​ជា​គោលការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ គោលការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​អហិង្សា»៕

No comments:

Post a Comment

yes