សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 15, 2014

ពេល​​វេលា​​សម​​ស្រប​​ដើ​ម្បី​​បញ្ចប់​​ជម្លោះ​​ន​​យោ​​បាយ​​បាន​​មក​​ដល់​​ហើយ​​!

លោក ស៊ូរិយ៉ា​ប្រាសាទ ស៊ូបេឌី អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​។​
លោក ស៊ូរិយ៉ា​ប្រាសាទ ស៊ូបេឌី អ្នក​រាយ​ការណ៍​ពិសេស​របស់​
អង្គ​ការ​សហ​ប្រ​ជា​ជាតិ​

ភាព​តាន​តឹង​នយោ​បាយ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​រហូត​ឈាន​ដល់​ផ្ទុះ​អំ​ពើ​ហិង្សា​កាល​ពី​ដើម​ខែ​មករា​នេះ​ដល់​ពេល​ដែល​ត្រូវ​បញ្ចប់​ហើយ។ មាន​ហេតុ​ផល​មួយ​ចំនួន​ដែល​បញ្ជាក់​ថា​ស្ថាន​ភាព​អាច​នឹង​ឈាន​ទៅ​ដល់​ទី​បញ្ចប់​បាន។ ហេតុ​ផល​សំខាន់​ជាង​គេ​គឺ​ផល​វិបាក​នៃ​បញ្ហា​ដែល​បាន​កើត​ឡើង​បាន​ធ្លាក់​ទៅ​លើ​គណ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ជា​ពិសេស​ទៅ​លើ​រដ្ឋា​ភិ​បាល​តែ​ម្តង​ប្រៀប​បាន​ទៅ​នឹង​ការ​បាច​អង្ក្រាម​បញ្ច្រាស​ខ្យល់។ ដូច្នេះ វត្ត​មាន​របស់​អ្នក​រាយ​ការណ៍​ពិ​សេស​ខាង​សិទ្ធិ​មនុស្ស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា​គឺ​ជា​ឱ​កាស​ដ៏​ល្អ​ដែល​មិន​គួរ​មើល​រំលង។ តើ​អ្នក​នយោ​បាយ​ខ្មែរ​នឹង​ចាប់​យក​ឱ​កាស​ល្អ​នេះ​ដើម្បី​បញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដែរ​ឬ​ទេ?
«ក្រោយ​ពេល​ភ្លៀង​ធ្លាក់ មេឃ​ស្រ​ឡះ» នេះ​ជា​សុភា​សិត​ដែល​ខ្មែរ​យើង​បាន​ស្គាល់​ច្បាស់​ទាំង​ន័យ​ត្រង់ និង​ន័យ​ធៀប។ តាម​រយៈ​សុភា​សិត​នេះ គេ​អាច​រំពឹង​ថា បញ្ហា​នយោ​បាយ​ក្រោយ​ការ​បោះ​ឆ្នោត​ដែល​អូស​បន្លាយ​ជា​ច្រើន​ខែ​មក​រហូត​ដល់​ផ្ទុះ​អំពើ​ហិង្សា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ទំនង​ជា​ដល់​ពេល​បញ្ចប់​ហើយ​។

ក្តី​រំ​ពឹង​ថា​អាច​នឹង​ដល់​ពេល​បញ្ចប់​បញ្ហា​នៅ​ពេល​នេះ​មិន​មែន​ជា​ការ​ផ្តេក​ផ្តួល​ទៅ​លើ​ព្រេង​សំណាង​តាម​បែប​អបិយ​ជំនឿ​នោះ​ទេ ប៉ុន្តែ វា​ក៏​មាន​ហេតុ​ផល​សត្យា​នុម័ត​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​អ្នក​ន​យោ​បាយ​ត្រូវ​តែ​បញ្ចប់​បញ្ហា​ដែរ។ ហេតុ​ផល​សំខាន់​ជាង​គេ​គឺ​ផល​វិបាក​ធំ​ធេង​នៅ​ចំពោះ​មុខ​ប្រ​សិន​បើ​ជម្លោះ​នៅ​តែ​អូស​បន្លាយ។ ផល​វិបាក​ដែល​គេ​បាន​មើល​ឃើញ​តាំង​ពី​ដើម​ទី​មក​នោះ​បាន​ស្តែង​ឡើង​កាន់​តែ​ច្បាស់​ក្រ​ឡែត។




បើ​គ្មាន​ដំ​ណោះ​ស្រាយ​ទេ រដ្ឋា​ភិ​បាល​របស់​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​នឹង​ដំ​ណើរ​ការ​ទៅ​មុខ​ដោយ​លំ​បាក​បំ​ផុត​ក្រោម​សម្ពាធ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​គ្រប់​មជ្ឈ​ដ្ឋាន​ជា​ពិ​សេស​ពី​សហ​គមន៍​អន្តរ​ជាតិ។ ចំណែកឯ​បក្ស​ប្រឆាំង​វិញ​ក៏ត្រូវ​ខាត​បង់​ពេល​វេលា​ក្នុងការ​ប្រ​មែ​ប្រ​មូល​មនុស្ស​ធ្វើ​បាតុ​កម្ម​ហើយ​ត្រូវ​ប្រ​ឈម​មុខ​នឹង​ការបង្ក្រាប​ផងដែរ​ខណៈដែល​សមត្ថ​កិច្ច​មិន​អនុ​ញ្ញាត​ឲ្យ​មានការ​ជួបជុំ​ធ្វើបាតុកម្ម​ទៀត​នោះ។



មាន​កាលៈទេសៈ​អំណោយផល​មួយចំនួន​ដែល​អ្នក​ន​យោ​បាយ​គួរ​តែ​ចាប់​យក។ ជាក់​ស្តែង  ក្រុម​បញ្ញវន្ត អ្នកវិភាគ និង​សង្គម​ស៊ីវិល​ក្នុងស្រុក នាំគ្នា​សស្រាក់សស្រាំ​យ៉ាងខ្លាំង​ក្នុងការ​ផ្តល់​គំនិត​យោ​បល់​ឲ្យ​អ្នក​នយោ​បាយ​ដោះ​ស្រាយ​បញ្ហា។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ វត្ត​មាន​របស់លោក សុរិយា ប្រាសាទ ស៊ូ​បេ​ឌី អ្នក​រាយ​ការណ៍​ពិ​សេស​ខាង​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​គឺជា​ពេលវេលា​ដ៏​សំខាន់​មួយទៀត។ សំខាន់​នៅត្រង់ថា លោក​ស៊ូ​បេ​ឌី​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គ្រប់ភាគី​ទាំងអស់​អាច​ដើរតួ​ជា​អ្នកសម្របសម្រួល​រឿងនេះ​បាន​ប្រសិនបើ​ភាគី​នយោបាយ​ខ្មែរ​ពិតជា​ចង់​ដោះស្រាយ​បញ្ហា​មែន​នោះ។



សូម​កុំភ្លេចថា ការប្រើប្រាស់​តួនាទី​របស់លោក ស៊ូ​បេ​ឌី ដើម្បី​ស្រាយ​បញ្ហា​នៅពេលនេះ​នឹង​ផ្តល់​ផលចំណេញ​ពីរ​ក្នុងពេល​ដំណាលគ្នា៖ ទី១៖ បញ្ហានយោបាយ​ផ្ទៃក្នុង​ជាតិ​ត្រូវបាន​ដោះស្រាយ​ដោយ​រក្សាបាន​មុខមាត់​រវាង​ភាគី​ទាំងសងខាង​និង​ទី២៖ ការ​សាទ​ពី​សហគមន៍​អន្តរជាតិ​នឹងត្រូវ​កើតឡើង។ តើ​នេះ​មិនមែនជា​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ​ទេ​ឬ?

ពិតណាស់ថា បញ្ហា​មុខមាត់​នៅតែ​ជា​រឿង​សំខាន់​សម្រាប់​អ្នកនយោបាយ​ខ្មែរ ប៉ុន្តែ មាន​រូបមន្ត​ច្រើនយ៉ាង​ដែល​អនុញ្ញាត​ឲ្យ​ភាគីនីមួយៗចាក​ចេញពី​វិបត្តិ​និង​ឈានទៅ​អង្គុយ​ធ្វើការ​ជាមួយគ្នា​ដោយ​ពេញមុខ​មាត់​បាន។

ចំណុច​គន្លឹះ​ក្នុងចំណោម​នោះ​គឺ​ការជជែក​គ្នា​អំពី​កំណែទម្រង់​ការបោះឆ្នោត​និង​ថា​តើ​ការ​រៀប​ចំ​បោះឆ្នោត​អាណត្តិ​ក្រោយ​នឹងធ្វើ​នៅពេលណា? នេះ​ជា​រូបមន្ត​ដែល​គេ​មើលឃើញថា​អាច​ចេញរួច​តាមរយៈ​ការធ្វើសម្បទាន​ឲ្យ​គ្នា​ទៅវិញទៅមក។ ពិត​ហើយ​ថាគណបក្ស​​ជាប់​​ឆ្នោត​​ទាំងពីរ​នៅតែ​មិនទាន់​ដាច់ស្រេច​អំពី​លទ្ធផល​នៃ​ការបោះឆ្នោត ប៉ុន្តែ លទ្ធផល​បង្ហាញថា ពលរដ្ឋ​ខ្មែរ​បានផ្តល់​ការគាំទ្រ​គណបក្ស​ពីរ​ប៉ុណ្ណោះ​ឲ្យ​ដឹកនាំ​ប្រទេស។ ដូច្នេះ គណបក្ស​ទាំង​ពីរ​គួរតែ​ឆ្លើយតប​នឹង​ឆន្ទៈ​របស់​ពលរដ្ឋ​តាមរយៈ​ការចុះ​សម្រុង​គ្នា​ដើម្បី​ធ្វើការ​បម្រើ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​វិញ។ ដូច្នេះ នេះ​ជា​ពេលវេលា​ដែល​អ្នកនយោបាយ​ខ្មែរ​ត្រូវ​រៀនសូត្រ​ពី​របៀប​ធ្វើ​ការ​ជាមួយគ្នា​ដោយ​ចុះសម្រុង។

ទោះបីជា​ការជជែក​គ្នា​អំពី​កំណែទម្រង់​ការបោះឆ្នោត​គឺជា​ដំណើរការ​វែង​ឆា្ង​យ​តទៅទៀត ប៉ុន្តែ អ្វីដែល​សំខាន់​នៅទីនេះ​គឺ​គណបក្ស​ទាំងពីរ​ត្រូវ​ស្រុះស្រួល​ធ្វើការ​ជាមួយគ្នា​ដើម្បី​បញ្ចប់​ភាព​ប្រទូស​រាយ​ដែល​កំពុង​កើតមាន​បច្ចុប្បន្ននេះ​ជា​ចាំបាច់​ពីព្រោះ​ការចំណាយ​ពេល​ឬ​កម្លាំង​កាយ​និង​បញ្ញា​សា្មរ​តី​ជជែក​គ្នា​នៅលើ​តុ​ចរចា​ប្រាកដជា​ចំណេញ​ច្រើនជាង​ការប្រឈម​មុខ​ដាក់គ្នា​ដោយ​កម្លាំង​នៅតាម​ដងផ្លូវ។

ដោយយោង​លើ​ហេតុផល​សត្យានុម័ត​ទាំ​នេះ វា​ជា​ពេលវេលា​សមស្រប​ហើយ​ដែល​អ្នក​នយោ​បាយ​គួរ​ចាប់យក​ឱកាស​នេះ​ដើម្បី​បញ្ចប់​ការប្រឈមមុខ​ដាក់គ្នា។ បទពិសោធន៍​នៃ​វិបត្តិ​នយោបាយ​ចាប់តាំងពី​ក្រោយ​ការបោះឆ្នោត​ឆ្នាំ ១៩៩៣ រហូតដល់​សព្វថ្ងៃ​បានបង្ហាញ​ច្បាស់​ណាស់​ថា ជម្លោះ​នយោបាយ​គឺជា​ការខាតបង់​ធំធេង តែ​ទីបំផុត អ្នកនយោបាយ​ចៀស​អង្គុយ​ធ្វើការ​ជាមួយគ្នា​មិន​រួច​ឡើយ។ ជា​ពិ​សេស បើ​ជម្លោះ​សព្វថ្ងៃ​នៅតែ​បន្ត កម្ពុជា​នឹងត្រូវ​បែកបាក់​យ៉ាងធ្ងន់ធ្ងរ​ជាង​ពេល​ណាៗ​ទាំង​អស់៕

No comments:

Post a Comment

yes