សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 12, 2014

សហជីព​ខ្លះ​នៅ​កំពង់ចាម​រង​ការ​គំរាម​ប្ដឹង​ពី​បទ​ញុះញង់​ឱ្យ​កម្មករ​ធ្វើ​បាតុកម្ម

កម្មករ​តវ៉ា​នៅ​កំពង់ចាម ៦១០
កម្មករ​រោងចក្រ មេតថេក ខេមបូឌា (Medtecs Cambodia Co Ltd) ប្រមាណ​
ជិត ៣​ពាន់​នាក់ បន្ត​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ
នា​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤

តំណាង​សហជីព​នៅ​ខេត្ត​កំពង់ចាម រង​ការ​គំរាម​ចោទ​ប្រកាន់​ពី​សំណាក់​រោងចក្រ ថា​បាន​ធ្វើ​សកម្មភាព​ញុះញង់​ឱ្យ​កម្មករ​ធ្វើ​បាតុកម្ម​នៅ​ពេល​កន្លង​ទៅ។ តំណាង​កម្មករ​បាន​លើក​ឡើង​ថា ពួកគាត់​មិន​បាន​ធ្វើ​ខុស​នោះ​ទេ គ្រាន់​តែ​ធ្វើ​ការ​ទាមទារ​ប្រាក់​ខែ​គោល​ដើម្បី​ការ​រស់​នៅ​សមរម្យ​របស់​កម្មករ​តែ​ប៉ុណ្ណោះ។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​នៃ​រោងចក្រ មេតថេក ខេមបូឌា (Medtecs Cambodia Co., Ltd) លោក ចន ធាង បាន​មាន​ប្រសាសន៍​ថា ក្រុម​សហជីព​លោក ៤ ត្រូវ​បាន​ខាង​ភាគី​រោងចក្រ​ព្យួរ​ការងារ​រយៈពេល ៤​ខែ ដោយ​គិត​ថ្លៃ​ឈ្នួល ៥០​ភាគរយ និង​គំរាម​ថា នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ពី​បទ​បាន​ញុះញង់​កម្មករ​ឱ្យ​ធ្វើ​បាតុកម្ម​​កន្លង​ទៅ។ លោក​បន្ត​ថា ការ​ធ្វើ​បែប​នេះ​​វា​ជា​រឿង​មិន​ត្រឹមត្រូវ ពីព្រោះ​លោក​បាន​ធ្វើ​តាម​ការ​ចង់​បាន​របស់​កម្មករ ចំពោះ​ការ​ដំឡើង​ប្រាក់ខែ​គោល​សមរម្យ​សម្រាប់​ការ​រស់​នៅ​ក្នុង​សង្គម។
លោក ចន ធាង៖ «និយាយ​រួម ទាក់ទង​នឹង​ការ​ធ្វើ​កូដកម្ម​ហ្នឹង ទាក់​ទង​ពី​ច្បាប់ អ៊ីចឹង​ទៅ​ខ្ញុំ​មិន​ថា វា​មិន​មែន​ជា​ការ​ខុស​អី​ដែរ។ យើង​រហូត​ដល់​ដាក់​ទៅ​តុលាការ​ទាក់ទង​នឹង​អ្វី​ដែល​មើល​ទៅ​មាន​ភាព​ភ័យ​ខ្លាច។ ខ្ញុំ​មើល​ទៅ​ដូច​ជា​វា​មិន​គួរ​សោះ។ និយាយ​ទៅ​ខ្ញុំ​អត់​មាន​ការ​ព្រួយ​បារម្ភ ពីព្រោះ​អី​អា​នេះ​គឺ​ជា​រឿង​មួយ​ដែល​ថា យើង​ធ្វើ​ទូទាំង​ប្រទេស ហើយ​អ្វី​ដែល​យើង​ធ្វើ គឺ​ទាក់ទង​ទៅ​នឹង​ផល​ប្រយោជន៍​រួម ទាក់ទង​រឿង​ប្រាក់​ជួយ​បង​ប្អូន​កម្មករ»។

លោក​បន្ថែម​ទៀត​ថា ពួក​គាត់ ៣​នាក់​ផ្សេង​ទៀត កាល​ពី​ថ្ងៃ​១០ មករា ត្រូវ​បាន​ភាគី​រោងចក្រ​បណ្ដេញ​ចេញ​មិន​ឱ្យ​ធ្វើ​ការ។ ខាង​លោក​បាន​ត្រៀម​មេធាវី​រួច​រាល់​ហើយ ចំពោះ​ការ​ប្ដឹង​ពី​សំណាក់​ភាគី​រោងចក្រ។
បញ្ហា​នេះ អតីត​ប្រធាន​ផ្នែក​រដ្ឋបាល​និង​បច្ចុប្បន្ន​ជា​អ្នក​បក​ប្រែ លោក សម សីហា បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ដឹង​ចំពោះ​ករណី​រោងចក្រ​ប្ដឹង​ប្រធាន​សហជីព​នោះ​ទេ ពីព្រោះ​លោក​មិន​មែន​ជា​អ្នក​រត់​ការ​ក្នុង​រឿង​នោះ។ ដោយ​ឡែក នៅ​ថ្ងៃ​១១ មករា នេះ កម្មករ​​បាន​នាំ​គ្នា​វិល​ត្រឡប់​ចូល​ធ្វើ​ការ​ស្ទើរ​តែ​ទាំង​អស់​ហើយ៖ «អត់​ច្បាស់​ទេ ប៉ុន្តែ​ពេល​ខ្ញុំ​ទៅ​ធ្វើ​ការ​ល្ងាច​មិញ​ឃើញ​មនុស្ស​ទៅ​ច្រើន កម្មករ​ទៅ​ច្រើន ខ្ញុំ​មិន​បាន​សួរ​ខាង​រដ្ឋបាល​ថា​ចូល​ពេញ​អត់​ខ្ញុំ​មិន​ដឹង​ទេ»។
រី​ឯ​អភិបាល​រង​ខេត្ត​កំពង់ចាម និង​ជា​ប្រធាន​ដោះស្រាយ​ទំនាស់​បាតុកម្ម​និង​កូដកម្ម​ លោក ជីម លាវ បាន​មាន​ប្រសាសន៍​ថា លោក​ក៏​មិន​ទាន់​បាន​ដឹង​ចំពោះ​ករណី​ថា មាន​ការ​ប្ដឹង​សហជីព​រោងចក្រ​នោះ​ទេ ប៉ុន្តែ​​លោក​បាន​ទទួល​ដំណឹង​ថា​ មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​លើ​ពួក​គាត់​នោះ​ឡើយ៖ «អត់​ដឹង​ថា​យ៉ាង​ម៉េច​ទេ​នេះ! គ្រាន់​តែ​ដឹង​ថា ព័ត៌មាន​បឋម ខ្ញុំ​បាន​សួរ​គេ​ថា តំណាង​សហជីព​ហ្នឹង​យ៉ាង​ម៉េច​ដែរ ថា​គេ​បាន​បើក​ប្រាក់​ខែ​ជូន​ឱ្យ​តំណាង​សហជីព​រួច​អស់​ហើយ។ ហើយ​ទី​ពីរ ខ្ញុំ​សួរ​ថា តើ​មាន​បញ្ហា​អ្វី​ដែរ​ក្រោយ​ពី​រោងចក្រ​បើក​ប្រាក់ខែ​ហើយ? គេ​ថា ទាំង​កម្មករ ទាំង​សហជីព មិន​មាន​បញ្ហា​អ្វី​នោះ​ទេ។ ទាំង​កម្មករ​ទាំង​សហជីព​ចូល​ធ្វើ​ការ​វិញ​ទាំង​អស់»។
លោក​បញ្ជាក់​ថា ប្រសិន​បើ​មាន​ករណី​បែប​នេះ​មែន នោះ​ខាង​លោក​នឹង​ដើរ​តួ​ជា​អ្នក​សម្របសម្រួល​ភាគី​ទាំង​ពីរ ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​កើត​ឡើង​ត​ទៅ​ទៀត ដែល​វា​​នឹង​អាច​​​ធ្វើ​ឱ្យ​កម្មករ​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​​បាតុកម្ម​សា​ជា​ថ្មី​នោះ៕

No comments:

Post a Comment

yes