សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 22, 2014

សហជីពសេរីកម្មករប្រារព្ធ​ខួប​១០​ឆ្នាំ​សពលោកជាវិជ្ជានៅព្រឹក​នេះ​​

សហជីពសេរីកម្មករ​ ប្រារព្ធ​ខួប១០ឆ្នាំ​សពលោក ជា វិជ្ជា 
(រូបថត ណាត​ សុភាព)

សហជីព​សេរីកម្មករ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ រៀបចំពិធីគោរព​វិញ្ញាណ​ក្ខន្ធ​សព​លោក​ ជា វិជ្ជា គម្រប់​១០​ឆ្នាំ នៅ​ផ្លូវ​ច្រមុះ​ជ្រូក​ខាង​លិច​វិមាន​ឯករាជ្យ និង​ខាង​ត្បូង​វត្ត​លង្ការ រាជ​ធានីភ្នំពេញ។
លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ដឹង​ថា កម្មវិធី​នេះ ចាប់ផ្ដើម​នៅ​ម៉ោង​៨​ព្រឹក ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ​​១៥០​​​​នាក់ ហែ​ក្បួន​ពី​ទីស្នាក់ការ​កណ្តាល​របស់​សហជីព ស្ថិត​​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ឆ្ពោះទៅ​កាន់​រូប​សំណាក់​លោក ជា វិជ្ជា ស្ថិត​នៅ​ច្រមុះជ្រូក​ខាង​​លិច​វិមានឯករាជ្យ និង​ខាងត្បូង​វត្ត​លង្ការ។ លោកថា ​ការរៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ ក៏មាន​និមន្ដ​ព្រះសង្ឃ​សូត្រមន្ដ និង​បំពាក់​កម្រងផ្កា​លើ​រូប​សំណាក់​លោក ជា វិជ្ជា​ ផង​ដែរ​។​
នៅព្រឹក​នេះដែរ គេ​សង្កេត​​ឃើញ​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​​ជា​ច្រើននាក់ បាន​ដាក់កម្លាំង​​ការ​ពារ​នៅក្បែរ​ផ្ទះ​លោក​នាយករដ្ឋ​មន្ត្រី ក្បែរ​វិមានឯករាជ្យ​។​
អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ មានប្រសាសន៍​​ថា សាលា​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឲ្យ លោក ជា មុនី ប្រារព្ធ​ខួប​​១០​ឆ្នាំ​​សព​​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​មុខ​វត្ត​លង្ការ ប៉ុន្ដែ​ហាម​មិនឲ្យ​មាន​ការហែក្បួន​ឡើយ ដោយ​​ខ្លាច​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​ចរាចរណ៍ ឬ​បញ្ហា​ណាមួយ​កើតឡើង​ជា​យថាហេតុ​។ លោក​ថា ប្រសិនបើ​សហជីព​សេរី​កម្មករ នៅ​តែ​ប្រកាន់​ជំហ​ហែ​ក្បួន នោះ​សាលា​រាជធានី​ភ្នំពេញ នឹងមាន​វិធានការ​ទប់ស្កាត់​។

លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ខ្មាន់កាំភ្លើង មិន​ស្គាល់​មុខ បាញ់​ចំនួន​បី​គ្រាប់ បណ្តាលឲ្យ​ដាច់​ខ្យល់​​ស្លាប់​​​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ ខណៈពេលដែល​លោក​កំពុងឤ​ន​សារព័ត៌មាន នៅ​មុខ​តូប​លក់​កាសែត​មួយ ជាប់​នឹង​របង​វត្ត​លង្កា ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី ២២ ខែ​មករា ឆ្នាំ​២០០៤​។ លោក ជា មុនី ដែលជា​ប្អូនប្រុស​របស់​លោក ជា វិជ្ជា ឲ្យដឹងថា រហូតមកដល់​ពេលនេះ សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​ឃាតករ​ពិត ដែល​បាញ់​សម្លាប់​បងប្រុស​របស់លោក យក​ទៅ​ផ្តន្ទាទោស​នៅឡើយ​ទេ​។ កន្លងមក សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស ២​នាក់ គឺ​លោក សុខ សំអឿន និង​លោក ប៊​ន សំណាង បញ្ចូនទៅ​កាន់​តុលាការ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ដោះ​លែង​​​វិញ​។ មន្ត្រី​សង្គម​ស៊ីវិល​​ជាតិ​-​អន្តរជាតិ និង​គ្រួសារ​ជនរងគ្រោះ បានចាត់ទុក​បុរស​ទាំង​ពីរ​នាក់​នេះ​ថា​ជា​ឃាតក​សិប្បនិម្មិត​។​
​តែ​ទោះជា​យ៉ាងណា លោក ខៀវ សុភ័គ មន្ត្រី​នាំពាក្យ​ក្រសួងមហាផ្ទៃ ធ្លាប់​មានប្រសាសន៍ថា សំណុំរឿង​ឃាតកម្ម​សព​លោក ជា វិជ្ជា សមត្ថកិច្ច​នៅ​តែ​បន្ត​ស៊ើបអង្កេត និង​មិន​ទាន់​បិទ​សំណុំរឿង​នេះ​នៅឡើយ​ទេ​៕

No comments:

Post a Comment

yes