២២-មករា-២០១០: ការប្រារព្ធខួប៦ឆ្នាំនៃការបាញ់សម្លាប់លោក
ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៅក្នុងរាជធានីភ្នំពេញ
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នៅតែមានគម្រោងជួបជុំហែក្បួនប្រារព្ធខួប ១០ឆ្នាំ នៃការបាញ់សម្លាប់ លោក ជា វិជ្ជា ដដែល បើទោះបីមិនមានច្បាប់អនុញ្ញាតក៏ដោយ។
ប្រធានសហជីពសេរីកម្មករ និងជាប្អូនប្រុស លោក ជា វិជ្ជា គឺលោក ជា មុនី។ លោកមានប្រសាសន៍នៅថ្ងៃសុក្រ ទី១៧ មករា ថា ការមិនអនុញ្ញាតច្បាប់នេះ អភិបាលក្រុងដែលទើបនឹងឡើងថ្មីហាក់ដូចជាមិនដឹងពីទំនៀមទម្លាប់ដែលសហជីពលោកធ្លាប់ធ្វើ ១០ឆ្នាំកន្លងមកហើយនោះទេ៖ «អ៊ីចឹង អ្វីដែលសំខាន់ គឺយើងនៅតែប្រកាន់ជំហរយើងដដែល ហើយបើសិនណាមានការបង្ក្រាប មានការបំបែក យើងនឹងមានការតស៊ូមតិជាទ្រង់ទ្រាយបែបប្លែកៗ»។
ទោះយ៉ាងណា លោក ជា មុនី ពុំទាន់បង្ហាញថា ការតស៊ូមតិជាទ្រង់ទ្រាយបែបប្លែកៗនោះមានធ្វើអ្វីខ្លះនោះទេ។
ការប្រកាសប្រកាន់ជំហរបែបនេះ បន្ទាប់សហជីពបានជួបប្រជុំជាមួយមន្ត្រីសាលាក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី១៧ មករា ដោយពិភាក្សាលើសេចក្តីស្នើសុំរបស់សហជីព សុំដឹកនាំកម្មករដើរហែក្បួនចេញពីទីស្នាក់ការសហជីពសេរីកម្មករ ឆ្ពោះទៅកាន់រូបសំណាក លោក ជា វិជ្ជា ស្ថិតលើសួនច្បារខាងលិចវិមានឯករាជ្យ ឬខាងជើងកែងរបងវត្តលង្កា ដើម្បីអុជធូបដាក់កម្រងផ្ការលឹកខួបគម្រប់ ១០ឆ្នាំ នៃមរណភាព លោក ជា វិជ្ជា នៅព្រឹកថ្ងៃទី២២ មករា។
ប៉ុន្តែ លទ្ធផលនៃកិច្ចពិភាក្សានេះ មន្ត្រីសាលាក្រុងបដិសេធការស្នើសុំនោះ ដោយសារអាជ្ញាធររាជធានីភ្នំពេញ បានប្រកាសរួចមកហើយថា ក្នុងអំឡុងពេលនេះ មិនឲ្យមានបាតុកម្ម និងការជួបជុំផ្សេងៗនោះទេ ក្នុងបំណងដើម្បីរក្សាភាពស្ងប់ស្ងាត់ កុំឲ្យប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។
លោក ជា មុនី បានហៅការហាមឃាត់មិនឲ្យប្រជាពលរដ្ឋជួបប្រជុំគ្នា ឬដើរដង្ហែក្បួនដោយសន្តិវិធីនេះ ថាជាការរំលោភសិទ្ធិសេរីភាពប្រជាពលរដ្ឋ ប៉ុន្តែលោកនៅតែប្រកាន់ជំហរថា បម្រាមដែលរំលោភច្បាប់បែបនេះ មិនអាចរារាំងកម្មវិធីដង្ហែក្បួនទៅគោរពវិញ្ញាណក្ខន្ធសពបងប្រុសលោកដែលធ្លាប់ធ្វើ ១០ឆ្នាំមកហើយនោះទេ៕
No comments:
Post a Comment
yes