រូបថតកម្មករ ៤នាក់ក្នុងចំណោម ៥នាក់ ដែលស្លាប់ក្នុងពេលអាជ្ញាធរ
បង្ក្រាបការតវ៉ានៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤
តំណាងសហជីពកម្មករកាត់ដេរចំនួន ៨ បានបើកកិច្ចប្រជុំមួយនៅថ្ងៃទី២៨ មករា នារាជធានីភ្នំពេញ ដើម្បីពិនិត្យមើលឡើងវិញអំពីលទ្ធផលនៃការទាមទារប្រាក់គោលរបស់កម្មករ និងរៀបចំឯកសារប្ដឹងទាមទារសំណងសម្រាប់កម្មករស្លាប់របួស បាត់ខ្លួន រួមទាំងការចាប់ខ្លួនកម្មករក្នុងការបង្ក្រាបរបស់រដ្ឋាភិបាលលើក្រុមបាតុករធ្វើបាតុកម្មនៅដើមខែមករា កន្លងមក។
កាលពីថ្ងៃទី២ និងថ្ងៃទី៣ មករា ឆ្នាំ២០១៤ កម្មករ ៥នាក់ បានស្លាប់ និងជិត ៤០នាក់រងរបួស ២៣នាក់ត្រូវបានចាប់ខ្លួន និងពីរនាក់បាត់ខ្លួន ក្នុងពេលរដ្ឋាភិបាលបង្ក្រាបកម្មករធ្វើបាតុកម្មទាមទារប្រាក់ខែគោលចំនួន ១៦០ដុល្លារ នៅភ្នំពេញ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ ឲ្យដឹងនៅថ្ងៃទី២៨ មករា ថា កិច្ចប្រជុំនោះបានសម្រេចរៀបចំប្ដឹងទៅក្រុមហ៊ុនបញ្ជាទិញសំលៀកបំពាក់ រដ្ឋាភិបាល និងក្រុមហ៊ុនថៅកែរោងចក្រ ទាមទារសំណងក្នុងកម្មករស្លាប់ម្នាក់ចំនួនពី ៤ ទៅ ៥ម៉ឺនដុល្លារ។ ក្រៅពីនេះ លោកថា កិច្ចប្រជុំក៏បានសម្រេចទាមទារសំណងចំពោះកម្មកររងរបួស និងជាប់គុក រួមទាំងអ្នកបាត់ខ្លួនដែរ ដែលការទាមទារសំណងនោះ ទូទាត់ទៅតាមការជាក់ស្ដែងនៃស្ថានភាពរបួសនិងតាមវ័យ។
កិច្ចប្រជុំបានស្រង់ឈ្មោះតំណាងសហជីពចំនួនប្រហែល ១០០នាក់ ដែលត្រូវគេបណ្ដេញចេញពីការងារអំឡុងពេលធ្វើបាតុកម្មនៅឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ហើយសហជីពនឹងតវ៉ាសុំឲ្យថៅកែរោងចក្រទទួលយកធ្វើការវិញ។
ចំពោះការទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ និងទាមទារឲ្យដោះលែងអ្នកជាប់គុកត្រពាំងផ្លុង ២៣នាក់នោះ លោក អាត់ ធន់ បន្តថា កម្មករនឹងបន្តធ្វើកូដកម្មទាមទារបន្តទៀតបើមិនមានដំណោះស្រាយនិងដោះលែងទេ៖ «យើងនឹងបន្តយុទ្ធនាការបន្តទៅទៀត។ យើងបានជជែកគ្នាហើយថា យើងចាំមើលអ្នក ២៣នាក់សិន បើមិនដោះមែនទេ បើមិនមានចម្លើយអំពីដំឡើងប្រាក់ខែទេ យើងមិនអាចរង់ចាំទៀតបានទេ យើងនឹងជូនដំណឹងសុំធ្វើកូដកម្មទៀត ចាប់ពីថ្ងៃទី៥ កុម្ភៈ ក្រោយនេះ»។
ទោះយ៉ាងណា លោកថា ការចរចាជាមួយថៅកែរោងចក្រសុំឲ្យតំណាងសហជីពចូលធ្វើការវិញ ត្រូវបានថៅកែរោងចក្រភាគច្រើន សុខចិត្តទទួលយកធ្វើការវិញហើយ៕
No comments:
Post a Comment
yes