សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 29, 2014

អង្គការ​អន្តរជាតិ​ចាត់​ថ្នាក់​កម្ពុជា​ជា​ប្រទេស​គ្មាន​សេរីភាព

ប៉ូលិស បាតុកម្ម ៦១០
ក្រុម​សមត្ថកិច្ច​ពេល​ប្រឈម​មុខ​ជាមួយ​ក្រុម​យុវជន​មួយ​ក្រុម​នៅ​ជិត​
វត្ត​ឧណ្ណាលោម នៅ​រសៀល​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៣

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា ថា​ជា​ប្រទេស​មួយ​ដែល​គ្មាន​សេរីភាព។ ចំណាត់​ថ្នាក់​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា ការ​អនុវត្ត​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ​នៅ​កម្ពុជា ពុំ​មាន​ការ​ប្រែប្រួល​អ្វី​ឡើយ​ក្នុង​រយៈពេល​ជិត ២០​ឆ្នាំ​ចុង​ក្រោយ​នេះ។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឈ្មោះ ហ្វី្រដមហោស៍ (Freedom House) បាន​បញ្ចេញ​របាយការណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ បង្ហាញ​ថា កម្ពុជា ជា​ប្រទេស​ដែល​មិន​មាន​សេរីភាព។ របាយការណ៍​ដែល​មាន​ឈ្មោះ​ថា សេរីភាព​លើ​ពិភពលោក​ឆ្នាំ​២០១៤ (Freedom in the World 2014) បាន​សិក្សា​ទៅ​លើ​ប្រទេស​ទាំងអស់​ចំនួន​១៩៦ លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៣ ដោយ​ផ្ដោត​ជាពិសេស​ទៅ​លើ​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ។
របាយការណ៍​ប្រើ​លេខ​ពី ១ ដល់ ៧ ដើម្បី​ធ្វើ​ចំណាត់​ថ្នាក់។ សម្រាប់​ប្រទេស​ដែល​ទទួល​បាន​លេខ​១ មាន​ន័យ​ថា ជា​ប្រទេស​ដែល​បាន​អនុវត្ត​ពេញ​លេញ​នូវ​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ ខណៈ​ប្រទេស​ទទួល​បាន​លេខ​៧ ត្រូវ​ចាត់​ទុក​ថា ជា​ប្រទេស​ដែល​អនុវត្ត​សិទ្ធិ និង​សេរីភាព​ទាំង​នេះ​តិចតួច​បំផុត។

សម្រាប់​ប្រទេស​កម្ពុជា ទទួល​បាន​លេខ​៦ សម្រាប់​សិទ្ធិ​នយោបាយ និង​លេខ​៥ សម្រាប់​សិទ្ធិ​ពលរដ្ឋ។ ពិន្ទុ​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​គ្មាន​សេរីភាព។ ក្នុង​ចំណោម​ប្រទេស​ទាំង​១៩៦ ដែល​អង្គការ ហ្វី្រដមហោស៍ ឃ្លាំ​មើល មាន​ប្រទេស​ចំនួន​៨៨ ដែល​បាន​អនុវត្ត និង​គោរព​ពេញ​លេញ​សិទ្ធិ​នយោបាយ និង​សេរីភាព​របស់​ពលរដ្ឋ ខណៈ​ប្រទេស​ចំនួន​៥៩ អនុវត្ត​បាន​មធ្យម ចំណែក​ប្រទេស​៤៩ ផ្សេង​ទៀត គោរព​បាន​តិចតួច​បំផុត ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា ផង​ដែរ។
ក្នុង​ចំណោម​ប្រទេស​ទាំង​៤៩ ដែល​ត្រូវ​ចំណាត់​ថ្នាក់​ថា​ជា​ប្រទេស​គ្មាន​សេរីភាព ភាគ​ច្រើន​ជា​ប្រទេស​ស្ថិត​នៅ​ក្នុង​ទ្វីប​អាស៊ី និង​ទ្វីប​អាហ្វ្រិក។ ហើយ​ក៏​មាន​ដែរ​ប្រទេស​ស្ថិត​ក្នុង​តំបន់​ការីប៊ីន (Caribbean) ដូច​ជា​គុយបា (Cuba) និង​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត ដូច​ជា​បេឡារុស្ស (Belarus) ជាដើម។
បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​វិញ ប្រទេស​កម្ពុជា មាន​ចំណាត់​ថ្នាក់​ស្មើ​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) និង​ប្រទេស​ប្រ៊ុយណេ (Brunei) ដែល​សុទ្ធ​តែ​ទទួល​បាន​ពិន្ទុ​៦ សម្រាប់​សិទ្ធិ​នយោបាយ និង​៥ សម្រាប់​សេរីភាព​ពលរដ្ឋ។ ហើយ​ពិន្ទុ​នេះ ធ្វើ​ឲ្យ​កម្ពុជា មីយ៉ាន់ម៉ា និង​ប្រ៊ុយណេ ល្អ​ប្រសើរ​ជាង​ប្រទេស​វៀតណាម និង​ឡាវ។ ចំណែក​ប្រទេស​ក្នុង​តំបន់​អាស៊ាន​៥​ផ្សេង​ទៀត រួម​មាន សិង្ហបុរី (Singapore) ម៉ាឡេស៊ី (Malaysia) ហ្វីលីពីន (Philippines) ឥណ្ឌូនេស៊ី (Indonesia) និង​ថៃ (Thailand) សុទ្ធ​តែ​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​មធ្យម។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល សុំ​យោបល់​ជុំវិញ​ការ​លើក​ឡើង​របស់​អង្គការ ហ្វ្រីដមហោស៍ បាន​ទេ នៅ​ថ្ងៃ​ទី​២៨ មករា។
ចាប់​តាំង​ពី​មាន​ការ​សិក្សា​របស់​អង្គការ ហ្វ្រីដមហោស៍ ទៅ​លើ​ការ​អនុវត្ត​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ​ចាប់​តាំង​ពី​ឆ្នាំ​១៩៧២ មក កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​មធ្យម​តែ​ពីរ​ដង​គត់ គឺ​ក្នុង​ឆ្នាំ​១៩៩៣ និង​ឆ្នាំ​១៩៩៤ ពោល​គឺ​ក្នុង​ឆ្នាំ​ដែល​កម្ពុជា បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការ​សហប្រជាជាតិ។ តែ​ចំណាត់​ថ្នាក់​នេះ​បាន​ធ្លាក់​តាំង​ពី​ឆ្នាំ​១៩៩៥ រហូត​ដល់​ពេល​បច្ចុប្បន្ន។
របាយការណ៍​លទ្ធផល​របស់​អង្គការ ហ្វ្រីដមហោស៍ ចេញ​ផ្សាយ​ជួន​ចំ​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ថា​បាន​រំលោភ​ធ្ងន់ធ្ងរ​លើ​សិទ្ធិ និង​សេរីភាព​ពលរដ្ឋ​របស់​ខ្លួន ពិសេស​គឺ​ការ​ប្រើ​កម្លាំង​លើសលប់​បង្ក្រាប​លើ​កម្មករ​ដែល​ឈាន​ដល់​ការ​បាត់​បង់​ជីវិត​មនុស្ស ការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ ព្រម​ទាំង​សកម្មជន​សង្គម​ស៊ីវិល។ ហើយ​ថ្មីៗ​នេះ គឺ​ការ​ប្រើ​កម្លាំង​វាយ​បង្ក្រាប ដើម្បី​បំបែក​ការ​ប្រមូល​ផ្តុំ​របស់​ពលរដ្ឋ និង​ការ​ប្រើ​កម្លាំង​អុកឡុក​រំខាន​ការ​ប្រមូល​ផ្តុំ​របស់​គណបក្ស​ប្រឆាំង​ជាដើម៕

No comments:

Post a Comment

yes