សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 27, 2014

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្កោល​ទោស​កម្ពុជា​ថា​រំលោភ​សិទ្ធិ​មនុស្ស

ប៉ះ​ទង្គិច ទីលាន​ប្រជាធិបតេយ្យ ៦១០
កម្លាំង​អាជ្ញាធរ​ប៉ះទង្គិច​ជាមួយ​ក្រុម​អ្នក​តវ៉ា​នៅ​ទីលាន​ប្រជាធិប
តេយ្យ​កាល​ពី​ថ្ងៃ​ទី​២៦ មករា ឆ្នាំ​២០១៤

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​បាតុករ​និង​អាជ្ញាធរ​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មករា ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន ២​នាក់ និង​របួស​ជាង ១០​នាក់ ត្រូវ​បាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថ្កោល​ទោស​រដ្ឋាភិបាល​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី ឬ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ មាន​ប្រតិកម្ម​នឹង​ការ​ប្រើ​ហិង្សា​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ប្រឆាំង​អ្នក​តវ៉ា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មករា ថា ជា​ការ​រំលោភ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។
តំណាង​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ដែល​មាន​ការិយាល័យ​នៅ​ក្រុង​បាងកក ប្រទេស​ថៃ គឺ​លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ថ្កោលទោស​អាជ្ញាធរ​រដ្ឋាភិបាល​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស​​ពីរ​យ៉ាង គឺ​ទី​មួយ រំលោភ​ដោយ​ការ​ហាម​មិន​ឱ្យ​ពលរដ្ឋ​ជួប​ជុំ​គ្នា ហើយ​មិន​ឱ្យ​ចូល​ទៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ និង​ទី​ពីរ ការ​ប្រើ​កម្លាំង​ហួស​ពី​ការ​ចាំបាច់ និង​ហិង្សា​ប្រឆាំង​បាតុករ។

លោក​បញ្ជាក់​ទៀត​ថា ការ​ប្រើ​កម្លាំង​ហួស​ពី​ការ​ចាំបាច់​នេះ គឺ​រំលោភ​លើ​បទដ្ឋាន​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រើប្រាស់​កម្លាំង​និង​អាវុធ ដោយ​មន្ត្រី​ប្រតិបត្តិ​ច្បាប់៖ «ការ​ប្រើ​កម្លាំង​ហួស​ពី​ការ​ចាំបាច់​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស។ ប៉ុន្តែ​ចេតនា​ប្រើ​កម្លាំង​របស់​រដ្ឋាភិបាល​នេះ គឺ​ចង់​បំភ័យ​ពលរដ្ឋ​កុំ​ឱ្យ​តវ៉ា​តទៅ​ទៀត។ ទាំង​នេះ គឺ​ធ្វើ​ដើម្បី​បំបិទ​មាត់​ពលរដ្ឋ​ក្នុង​ស្ថានភាព​មួយ ដែល​រដ្ឋាភិបាល​សងសឹក​វិញ និង​ប្រើ​កម្លាំង​នេះ ក៏​ដើម្បី​បិទ​មាត់​ពលរដ្ឋ កុំ​ឱ្យ​សួរ​ដេញដោល​ពី​រឿង​បំបែក​ការ​តវ៉ា និង​រឿង​ចាប់​ខ្លួន​តំណាង​អ្នក​តវ៉ា​របស់​គេ»។
លោក ហ្វីល រ៉ូប៊ើតសុន ផ្ដល់​អនុសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​អនុវត្តន៍​តាម​កាតព្វកិច្ច​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​ខ្លួន​បាន​ផ្ដល់​សច្ចាប័ន។ វា​ជា​កាតព្វកិច្ច​មិន​មែន​ជា​ជម្រើស​ដែល​រដ្ឋាភិបាល​ចង់​ធ្វើ​ក៏​បាន ឬ​មិន​ចង់​ធ្វើ​ក៏​បាន​នោះ​ទេ៖ «អនុសាសន៍​របស់​យើង គឺ​មិន​មែន​សំដៅ​តែ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ទេ គឺ​យើង​សំដៅ​ទៅ​ភ្នាក់ងារ​អន្តរជាតិ​ជា​ច្រើន​ទៀត​ដែរ ដែល​ផ្ដល់​ជំនួយ​ថវិកា​ជាង ៥០% ដល់​រដ្ឋាភិបាល​កម្ពុជា ដូច​ជា អង្គការ​សហប្រជាជាតិ ម្ចាស់​ជំនួយ​ទ្វេភាគី ត្រូវ​តែ​និយាយ​ឡើង ពេល​ឃើញ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​នេះ ដែល​ជា​ការ​គំរាម​កំហែង​អភិបាលកិច្ច​ល្អ និង​សកម្មភាព​របស់​រដ្ឋាភិបាល​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន»។
លោក​មាន​ប្រសាសន៍​​បន្ត​ថា សហគមន៍​អន្តរជាតិ គឺ​រដ្ឋាភិបាល​នានា ដូច​ជា ទូត​នៅ​ភ្នំពេញ ត្រូវ​តែ​លើក​ការ​ព្រួយ​បារម្ភ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​មិន​គោរព​សិទ្ធិមនុស្ស ដើម្បី​ធ្វើ​ឱ្យ​សិទ្ធិ​ជួបជុំ និង​បញ្ចេញ​មតិ​សន្តិវិធី​មាន​ឡើង​វិញ។
ចំណែក​តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាង ហៀលី (Wang Hea-Lee) ថ្លែង​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ មករា​ថា ការ​កើត​មាន​ហិង្សា​នៅ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​នោះ ជា​ការ​ដើរ​ថយ​ក្រោយ៖ «ខ្ញុំ​សោក​ស្ដាយ​ចំពោះ​ការ​ដើរ​ថយ​ក្រោយ ដែល​បាន​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​នេះ។ ខ្ញុំ​សង្ឃឹម​ថា សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​នេះ នឹង​ត្រូវ​ធ្វើ​ឲ្យ​មាន​វិញ​យ៉ាង​ឆាប់​ដែល​អាច​ធ្វើ​ទៅ​បាន។ ខ្ញុំ​សូម​បញ្ជាក់​ថា សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​នេះ ត្រូវ​បាន​ធានា ទាំង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​អន្តរជាតិ។ ខ្ញុំ​សោក​ស្ដាយ​ដែរ ដែល​មាន​អ្នក​របួស​មួយ​ចំនួន ហើយ​សង្ឃឹម​ថា អ្នក​ទាំង​នោះ​នឹង​បាន​ជា​សះ​ស្បើយ​វិញ​ឆាប់ៗ។ ចំពោះ​អ្នក​ដែល​នគរបាល​ចាប់​យក​ទៅ​សាកសួរ​នោះ អ្នកស្រី​សង្ឃឹម​ថា នគរបាល​នឹង​អនុវត្តន៍​តាម​នីតិវិធី​ត្រឹមត្រូវ។ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​អ្នក​ពាក់ព័ន្ធ​ទាំង​អស់ ទាំង​អាជ្ញាធរ និង​បាតុករ ធានា​ឱ្យ​បាន​នូវ​សន្តិភាព»។
វិទ្យុ​អាស៊ីសេរី​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​របស់​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​ចំពោះ​ការ​ថ្លែង​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២៦ មករា។ ក៏​ប៉ុន្តែ កាល​ពី​ថ្ងៃ​អង្គារ សប្ដាហ៍​មុន មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ពាក់ព័ន្ធ​នឹង​អង្គការ​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ថា លោក​មិន​ចម្លែក ឬ​ភ្ញាក់​ផ្អើល​នឹង​ពាក្យ​សម្ដី​របស់​អង្គការ​ យូមែន រ៉ៃត៍ វ៉ច្ឆ ទេ ហើយ​ថា អង្គការ​នេះ​មាន​ទិសដៅ​ផ្ទុយ​ពី​រដ្ឋាភិបាល​ដែល​កំពុង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ដោះស្រាយ​តាម​ច្បាប់ និង​នីតិរដ្ឋ​ដែល​មាន​ដើម្បី​ឱ្យ​ស្ថិរភាព សណ្ដាប់​ធ្នាប់​សាធារណៈ​នៅ​ទីក្រុង​ភ្នំពេញ វិល​មក​ធម្មតា​វិញ។
ទោះ​ជា​យ៉ាង​នេះ​ក្ដី ទាំង​អ្នកស្រី វ៉ាង ហៀលី តំណាង​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា និង​លោក ហ្វីល រ៉ូប៊ើតសុន តំណាង​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ការ​សម្ដែង​មតិ និង​ជួបជុំ​គ្នា​ដោយ​សន្តិវិធី ដែល​កម្ពុជា​ធ្លាប់​មាន​ពេល​បោះឆ្នោត មាន​ជា​បន្ត​ទៀត​ឱ្យ​បាន​ឆាប់៕

No comments:

Post a Comment

yes