សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 21, 2014

សកម្មជន​ជាប់​ឃុំ​នៅត្រពាំង​ផ្លុងអំពាវនាវ​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី

លោក វន់ ពៅ ជជែក​ជា​មួយ​សមត្ថកិច្ច​ រីឯលោកថេង សាវឿន ថតរូប​​​
 រូបថត ភ្នំពេញ ប៉ុស្តិ៍
សកម្មជន​សិទ្ធិ​មនុស្ស ២នាក់ ក្នុង​ចំណោម ២១នាក់ ដែល​បាន​ឃុំ ខ្លួន​បណ្តោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគា ត្រពាំង​ផ្លុង ទាក់ទិន​ទៅ​នឹង​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​កង​កម្លាំង​សមត្ថកិច្ច​ក្នុង​អំឡុង​កម្មករ​តវ៉ា​ប្រាក់​ខែ​គោល ១៦០ ដុល្លារ​បាន​អំពាវនាវ​ឲ្យ​តុលាការ ពន្លឿន​នីតិវិធី​របស់​ខ្លួន​នៅ​ខណៈ​សុខភាព​កំពុង​ចុះ​ដុន​ដាប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ក្រោយ​ពី​តុលាការ​បាន​បដិសេធ​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ចំនួន ២ លើក។
លោក ថេង សាវឿន មន្ត្រី​សម្រប​សម្រួល​បណ្តាញ​កសិករ​បាន​ថ្លែង​ចេញ​ពី​ពន្ធនាគារ ត្រពាំង​ថ្លុង ថា លោក​ស្នើ​សុំ​ឲ្យ​តុលាការ​កំពូល​មេត្តា​ពន្លឿន​នីតិវិធី​ដើម្បី​ឲ្យ​ពួក​លោក​ឆាប់​បាន​ទទួល​សិទ្ធិ​នៅ​ក្រៅ​ឃុំ អាច​នឹង​ទៅ​ទទួល​ការ​ព្យាបាល​ជំងឺ។
លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា៖ «មុន​ថ្ងៃ​ចាប់​ខ្លួន​ខ្ញុំ ខ្ញុំ​បាន​ឈឺ​រលាក​បំពង​ក​រួច​ទៅ​ហើយ ហើយ​ក្រោយ​ថ្ងៃ​ឃុំ​ខ្លួន​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​រលាក​កាន់​តែ​ខ្លាំង​ពុំ​អាច​ហូប​អ្វី​បាន​រហូត​ដល់​ថ្ងៃ ទី១៤ កុម្ភៈ ខ្ញុំ​ក្អក​ចេញ​ឈាម​មក​ជាមួយ»។
លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា អ្វី​ដែល​តុលាការ​បាន​សម្រេច​ចំពោះ​រូប​លោក​គឺជា​រឿង​មួយ​អយុត្តិធម៌​បំផុត ដោយ​សារ​តែ​នៅ​ក្នុង​ថ្ងៃ​នោះ​លោក​ពុំ​បាន​ធ្វើ​អ្វី​សោះ​ក្រៅ​ពី​ឈរ​កាន់​កាមេរ៉ា​ថត​រូប​មួយ​ស្រាប់​តែ​គេ​មក​ចាប់​រូប​លោក​ហើយ​វាយ​យ៉ាង​ដំណំ​តែ​ម្តង។ លោក​ថា៖ «ខ្ញុំ​សូម​ឲ្យ​តុលាការ​កំពូល​មេត្តា​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ក្នុង​សំណុំ​រឿង​ខ្ញុំ​ពី​ព្រោះ​ខ្ញុំ​មិន​បាន​ពាក់​ព័ន្ធ​អ្វី​ទាំង​អស់។ ខ្ញុំ​គឺជា​ជន​រងគ្រោះ វា​អយុត្តិធម៌​ណាស់​សម្រាប់​រូប​ខ្ញុំ»។

ភរិយា​របស់ លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺ​អ្នក​ស្រី ប្រាក់ សុវណ្ណារី ដែល​បាន​ទៅ​សួរ​សុខ​ទុក្ខ​ប្តី​របស់​អ្នក​ស្រី​កាល​ពី​ព្រឹក​ម្សិលមិញ បាន​និយាយ​ថា ស្ថានភាព​ប្តី​របស់​អ្នក​ស្រី​កំពុង​តែ​ធ្ងន់​ធ្ងរ​ទៅៗ​ដោយ​សារ​តែ​ពុំ​មាន​ថ្នាំ​ព្យាបាល ពីព្រោះ​គាត់​ត្រូវ​ណាត់​ពេទ្យ​នៅ ថៃ ដើម្បី​យក​ថ្នាំ កាល​ពីថ្ងៃ ទី១៨ កុម្ភៈ កន្លង​មក។
អ្នក​ស្រី​ថ្លែង​ថា៖ «ប្តី​របស់​ខ្ញុំ​គាត់​បាន​ផ្តាំ​ផ្ញើ​ថា សុំ​ឲ្យ​មេធាវី​ជួយ​ពន្លឿន​នីតិវិធី​របស់​តុលាការ​ដើម្បី​ឲ្យ​គាត់​មាន​ឱកាស​ទទួល​បាន​ថ្នាំ​ព្យាបាល​បើ​មិន​ដូច្នេះ​ទេ​គាត់​អាច​នឹង​ប៉ះពាល់​ដល់​ជីវិត។ ខ្ញុំ​កាន់​ដៃ​ស្តាំ​របស់​គាត់​គឺ​ញ័រៗ ខ្ញុំ​បារម្ភ​ខ្លាំង​ណាស់»។ អ្នក​ស្រី​ថ្លែង​ថា នៅ​ពេល​នេះ​អ្នក​ស្រី​និង​គូ​ដណ្តឹង​របស់ ថេង សាវឿន កំពុង​ស្នើ​សុំ​ឲ្យ​មេធាវី​ជួយ​ពួក​គាត់​ទាំង​ពីរ​នាក់​ឲ្យ​ចេញ​ក្រៅ​ឃុំ​មុន គេ​ដើម្បី​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល។
លោក ហម ស៊ុនរិទ្ធ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ថេង សាវឿន និង លោក វន់ ពៅ មក​ពី​អង្គការ​មជ្ឈមណ្ឌល​ច្បាប់​សម្រាប់​អប់រំ​សហគមន៍​បាន​ឲ្យ​ដឹង​ថា លោក​បាន​ទំនាក់​ទំនង​ទៅ​សាលា​ឧទ្ធរណ៍​ក្នុង​ករណី​នេះ​ហើយ​តែ​គេ​មិន​ទាន់​ទម្លាក់​សំណុំ​រឿង​នេះ​នៅ​ឡើយ​ទេ។ លោក​ថ្លែង​ថា៖ «យើង​មិន​ដឹង​ថា តើ​ពេល​ណា​ទើប​គាត់​ទម្លាក់​សំណុំ​រឿង​នោះ​ទេ»។
លោក ឃុន លាងម៉េង ចៅក្រម​ជម្រះ​សាលា​ឧទ្ធរណ៍​ពុំ​អាច​ទំនាក់​ទំនង​សុំ​ការ​ពន្យល់​បាន​ទេ​កាល​ពី​ម្សិលមិញ។
កាល​ពី​ថ្ងៃ ទី១៤ ខែ កុម្ភៈ លោក វន់ ពៅ បាន​ផ្ញើ​លិខិត​ចេញ​ពី​ពន្ធនាគារ​តាម​រយៈ​ភរិយា​របស់​លោក ឲ្យ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ និង​ចែក​រំលែក​តាម​បណ្តាញ​សង្គម ហ្វេសប៊ុក ដោយ​លោក​និយាយ​ថា លោក​បាន​ដឹង​យ៉ាង​ច្បាស់​ពី​យុទ្ធនាការ និង​ទុក្ខ​លំបាក​របស់​ពលរដ្ឋ កម្មករ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ទាមទារ​រក​យុត្តិធម៌​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដើម្បី​ឲ្យ​តុលាការ​ដោះលែង​រូប​លោក និង​អ្នក​ទាំង ២២នាក់ ដែល​ទាំង​នេះ​ស្តែង​ឲ្យ​ឃើញ​ពី​ឆន្ទៈ​មោះមុត ដើម្បី​យុត្តិធម៌ សន្តិភាព​សម្រាប់​ប្រទេស​ជាតិ​ទាំង​មូល។
លោក​បន្ត​ថា៖ «បើ​ទោះ​បី​ជា​ខ្ញុំ​ជាប់​ឃុំ តែ​ព្រលឹង ឆន្ទៈ និង​ស្មារតី​របស់​ខ្ញុំ មិន​ត្រូវ​បាន​ឃុំ​គ្រង​ឡើយ»។
កាល​ពី​ថ្ងៃ ទី១១ ខែ កុម្ភៈ សាលា​ឧទ្ធរណ៍ បាន​បដិសេធ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ជន​ជាប់​ចោទ​ទាំង ២១ នាក់ ដោយ​តម្កល់​សេចក្តី​សម្រេច​របស់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ​ដោយ​សារ​សំណុំ​រឿង​មាន​សហចារី​ច្រើន​អាច​ប៉ះពាល់​ដល់​ដំណើរការ​សវនាការ​និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ។ អ្នក​ទាំង​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ដទៃ៕

No comments:

Post a Comment

yes