សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 15, 2014

ពលរដ្ឋ​ក្រីក្រ​នៅកម្ពុជាមិន​ទាន់​ទទួល​សេវា​យុត្តិធម៌​តាម​កំណត់​ច្បាប់​ទេ

មេធាវី អ៊ុក វ៉ា​ន់ដេ​ត នា​យក​ប្រចាំប្រ​ទេសអ​ង្គកា​រស្ពាន​យុត្តិ​ធម៌​អ​ន្ត​រ​ជាតិ​​
លោក មេធាវី អ៊ុក វ៉ាន់ដេត ជា​នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ស្ពាន​យុត្តិធម៌​អន្តរជាតិ។ លោក​មេធាវី​ផ្តល់​កិច្ច​សម្ភាស ជាមួយ​កាសែត ភ្នំពេញ ប៉ុស្តិ៍ ពាក់ព័ន្ធ​នឹង​ការងារ​អនុវត្ត​ច្បាប់​ការ​ពង្រឹង​នីតិរដ្ឋ​នៅ កម្ពុជា និង​ជុំវិញ​ការ​ផ្តល់​សេវា​ផ្លូវ​ច្បាប់​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម៖
តាម​ការ​អង្កេត​របស់​លោក​ផ្ទាល់ តើ​ការ​កសាង​សំណុំ​រឿង​របស់​នគរបាល​យុត្តិធម៌​ចំពោះ ជន​សង្ស័យ មាន​ការ​បង្ខំ​ឲ្យ​សារភាព​ឬ​ប្រើ​ទារុណកម្ម​ផ្ទុយ​ពី​នីតិវិធី​ច្បាប់​ដែរ​ទេ​កន្លង​មក?
ចំពោះ​បញ្ហា​នេះ នៅ​កន្លែង​ខ្លះ មន្ត្រី​នគរបាល​យុត្តិធម៌​ខ្លះ​គេ គោរព​និង​អនុវត្ត​តាម​ច្បាប់​ត្រឹម​ត្រូវ​កន្លែង​ខ្លះ មន្រ្តី​នគរបាល​យុត្តិធម៌ មួយ​ចំនួន​គាត់ ក៏​មិន​គោរព​ច្បាប់​បាន​ត្រឹម​ត្រូវ​ដែរ។ មូល​ហេតុ ទី១: គឺ​ដោយសារ​ការ​ចេះ​ដឹង​របស់​គាត់​នៅ​មាន​កម្រិត ទី២: ដោយ​សារ​តែ​ពួក​គាត់​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​របស់​ភាគី​ម្ខាង ធ្វើ​ឲ្យ​គាត់​ភ្លេច​តួនាទី​គាត់​ជា​អព្យាក្រឹត។ តែ​រឿង​ដែល​ពាក់ព័ន្ធ​នឹង​នយោបាយ គាត់​មិន​ពាក់​ព័ន្ធ​នោះ​ទេ តែ​ពាក់ព័ន្ធ​តែ​នឹង​ផល​ប្រយោជន៍​ពួក​គេ​តែ​ប៉ុណ្ណោះ។
តើ​នគរបាល​យុត្តិធម៌​មាន​ការ​ចោទ​ប្រកាន់​ឬ​កសាង​សំណុំ​រឿង​ខុស​ដែរ​ទេ ពេល​បញ្ជូន​ទៅ​ស្ថាប័ន​អយ្យការ?
តួនាទី​របស់​មន្រ្តី​នគរបាល​មិន​មែន​ជា​តួនាទី​ចោទ​ប្រកាន់​ទេ។ គាត់​គឺ​គ្រាន់​តែ​ជា​អ្នក​បង្ក​ការ​សង្ស័យ និង​ធ្វើ​របាយ​ការណ៍​ពី​ការ​សង្ស័យ​នោះ​និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ព្រះ​រាជអាជ្ញា ដើម្បី​ធ្វើ​ការ​សម្រេច​ចោទ​ប្រកាន់​តាម​ច្បាប់​ប៉ុណ្ណោះ។ ការ​កសាង​សំណុំ​រឿង​ចោទ​ប្រកាន់​របស់​គាត់​នោះ គឺ​គ្រាន់​តែ​ជា​ការ​ចោទ​ប្រកាន់​បឋម។

តើ​រាល់​សំណុំ​រឿង ដែល​បាន​ចោទ​ប្រកាន់​បឋម​ពី​នគរបាល​យុត្តិធម៌​នោះ ព្រះ​រាជអាជ្ញា ឬ តំណាង​អយ្យការ​ចាំ​បាច់​ត្រូវ​តែ​តម្កល់​ទុក​ឬ​រក្សា​ការ​ចោទ​ប្រកាន់​ឬ​យ៉ាង​ណា?
វា​អាស្រ័យ​ទៅ​លើ​អង្គហេតុ។ ពេល​ខ្លះ​ព្រះ​រាជអាជ្ញា​ឬ​តំណាង​អយ្យការ ក៏​ទម្លាក់​ការ​ចោទ​ប្រកាន់​និង​មិន​ចោទ​ប្រកាន់​តាម​អ្វី​ដែល​នគរបាល យុត្តិធម៌ បាន​ចោទ​ប្រកាន់​បឋម​នោះ​ដែរ។
តើ​ជន​ជាប់​ចោទ ឬ អ្នក​ទោស ដែល​ជាប់​ពន្ធនាគារ​នៅ​ទូទាំង ២៤ ខេត្ត-រាជធានី នោះ​ទទួល​បាន​មេធាវី​ការពារ​សិទ្ធិ​គ្រប់​គ្រាន់​តាម​ច្បាប់​ដែរ​ទេ?
នៅ​ក្នុង​ប្រទេស​យើង សេវា​មេធាវី​សម្រាប់​ជន​ក្រីក្រ​នោះ គឺ​មិន​គ្រប់​គ្រាន់​ទាល់​តែ​សោះ។ មូល​ហេតុ គឺ​ដោយ​សារ​មេធាវី ភាគ​ច្រើន​គាត់​បំពេញ​ការងារ​តែ​នៅ​ក្នុង​ទីក្រុង រីឯ​បទ​ល្មើស​ភាគ​ច្រើន​បាន​កើត​ឡើង​នៅ​តាម​ខេត្ត​ឆ្ងាយ​ទី​ជន​បទ​ដាច់​ស្រយាល។ ដូច្នេះ កង្វះ​ខាត​មេធាវី គឺ​មាន​ច្រើន​ណាស់​នៅ​ក្នុង​ប្រទេស កម្ពុជា យើង​បច្ចុប្បន្ន​នេះ។ បើ​គិត​តាម​ករណី​ក្នុង​មួយ​ឆ្នាំៗ​គឺ​មាន​រាប់​ម៉ឺន​ករណី តែ​យើង​ការពារ​បាន​តែ​ប្រហែល​ពី ២០០០ ទៅ ៣០០០ ករណី​តែ​ប៉ុណ្ណោះ។ ដូច្នេះ ប្រមាណ ៦០ ភាគរយ​ដែល​មិន​មាន​មេធាវី​នៅ​ក្នុង​ខេត្ត-ក្រុង​ដាច់​ស្រយាល។
ដើម្បី​ជួយ​ផ្តល់​សេវា​ច្បាប់ ឬ ផ្តល់​មេធាវី​ការពារ​ដល់​ជន​ជាប់​ចោទ​ឬ​អ្នក​ទោស​ខាង​លើ តើ​អង្គការ​របស់​លោក​បាន​ធ្វើ​អ្វី​ខ្លះ?
ដោយ​សារ​តែ​មាន​តម្រូវការ និង​ភាព​ចាំ​បាច់​នេះ យើង​មាន​មេធាវី​ម្នាក់​សម្រាប់​ធ្វើ​ការ​នៅ ២ ខេត្ត ឬ សម្រាប់​តុលាការ ២។ ដូច្នេះ យើង​ឃើញ​ថា សព្វ​ថ្ងៃ​នេះ​សេចក្តី​ត្រូវ​ការ​របស់​ប្រជាជន​យើង​គឺ​នៅ​ខ្វះខាត​ច្រើន​ណាស់ ហើយ​បើ​ទោះ​ជា​យើង​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​នេះ​ក៏​ដោយ ក៏​យើង​មិន​អាច​ទទួល​ទម្ងន់​នៃ​សេចក្តី​ត្រូវ​ការ​នេះ​គ្រប់​គ្រាន់​នោះ​ដែរ។
សព្វ​ថ្ងៃ​នេះ​អង្គការ​របស់​លោក​មាន​មេធាវី ចំនួន​ប៉ុន្មាន​នាក់​ដែរ សម្រាប់​ជួយ​ជន​ក្រីក្រ?
ខ្ញុំ​មាន​មេធាវី​តែ ១២ រូប​ទេ ហើយ​ធ្វើ​ការ​លើ​វិសាលភាព​ចំនួន ២០ ខេត្ត-ក្រុង នៅ​ទូទាំង​ព្រះ​រាជាណាចក្រ កម្ពុជា។ យើង​ជួយ​បាន​ប្រហែល​តែ ៣០ ភាគរយ​ទេ​នៃ​តម្រូវ​ការ​របស់​ប្រជាជន​យើង។ គឺ​យើង​ជួយ​បាន​តែ​ករណី​ណា​ដែល​វា​ចាំ​បាច់​តែ​ប៉ុណ្ណោះ ដូច​ជា ករណី​ជន​ជាប់​ចោទ​បទ​ឧក្រិដ្ឋ និង​ជន​ជាប់​ចោទ​ជា​អនីតិជន​និង​មួយ​ចំនួន​ទៀត​ពាក់​ព័ន្ធ​នឹង​រឿង​ក្តី មជ្ឈិម​និង​ការ​ផ្តល់​ការ​ប្រឹក្សា​ផ្នែក​ច្បាប់ ដល់​ប្រជា​ពលរដ្ឋ។ ចំពោះ​សេវា​ផ្តល់​មេធាវី និង​ការ​ប្រឹក្សា​ច្បាប់​នេះ​គឺ​មិន​យក​កម្រៃ​នោះ​ទេ។
តើ​លោក​យល់​ថា ការ​កាត់​ក្តី​របស់​តុលាការ​គ្រប់​ជាន់​ថ្នាក់​សព្វ​ថ្ងៃ​នេះ លុះ​ដោយ​គតិ​ច្បាប់​និង​យោង​តាម​មាត្រា​ច្បាប់​ពាក់​ព័ន្ធ​ដែរ​ទេ? មក​ពី​ហេតុ​អ្វី?
ចៅក្រម​ដែល​បាន​រៀន​សូត្រ​បាន​ថ្នាក់​ខ្ពស់​គាត់​សម្រេច​បាន​ត្រឹម​ត្រូវ ប៉ុន្តែ​ចៅក្រម​មួយ​ចំនួន ដែល​គាត់​មាន​ចំណេះ​ដឹង​ទាប និង​មិន​បាន​ចូល​រួម​ប្រជុំ ឬ​វគ្គ​បណ្តុះ​បណ្តាល បន្ថែម ឬ បង្កើន​ចំណេះ​ដឹង​របស់​គាត់​ទៅ​តាម​ការ​វិវឌ្ឍ​របស់​ប្រទេស​ជាតិ​នោះ គឺ​សម្រេច​ក្តី​មិន​ត្រឹម​ត្រូវ។ នេះ​មិន​មែន​ដោយ​សារ​តែ​ឆន្ទៈ​របស់​គាត់​ទេ តែ​គឺ​ដោយ​សារ​តែ​ចំណេះ​ដឹង​របស់​គាត់។ ចំណែក​បញ្ហា​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ស៊ី​សំណូក​សូក​ប៉ាន់​នោះ ខាង​អង្គការ​ខ្ញុំ មិន​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ឬ​ពាក់ព័ន្ធ​ទេ ហេតុ​ដូច្នេះ ខ្ញុំ​សុំ​មិន​និយាយ​បញ្ហា​នេះ​ទេ។
តើ​លោក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​អនុវត្ត​ច្បាប់ នៅ​ក្នុង​ព្រះ​រាជាណាចក្រ កម្ពុជា យើង សព្វ​ថ្ងៃ? បាន​កម្រិត​ណា​ដែរ?
ការ​ឈាន​ទៅ​ដល់​នីតិរដ្ឋ​នោះ គឺ​នៅ​ឆ្ងាយ​ណាស់។ តែ​យើង​ឃើញ​មាន​ការ​អនុវត្ត​មួយ​ចំនួន​នោះ​មាន​ការ​ល្អ​ប្រសើរ​ដែរ​ហើយ តែ​ដើម្បី​ឈាន​ទៅ​ដល់ ប្រទេស​នីតិរដ្ឋ​នោះ យើង​ត្រូវ​ស៊ី​ពេល​យ៉ាង​តិច​ណាស់ ក៏ ២០ ឬ ៣០ ឆ្នាំ​ទៀត ពីព្រោះ កត្តា​ទី១: ប្រព័ន្ធ​ឬ​បុគ្គលិករ​បស់​យើង​ដែល​បម្រើ​ការ​ផ្នែក​វិស័យ​យុត្តិធម៌​នេះ​មាន​ការ​ខ្វះខាត (បុគ្គលិក​មិន​គ្រប់) ទី២: ចំណេះ​ដឹង​របស់​គាត់​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​នៅ​ឡើយ​ទេ។ ម្នាក់​យល់​ផ្សេង​ក្រុម ១ យល់​ផ្សេង​និង​ក្រុម ១ ទៀត​យល់​ផ្សឹង។ ទី៣៖ កត្តា​ស្ថានភាព​ហិរញ្ញវត្ថុ​ដែល​នៅ​ជា​បន្ទុក​របស់​ពួក​គាត់​នៅ​ឡើយ។ ទី៤ រដ្ឋ​នៅ​មិន​ទាន់​បាន​លូក​ដៃ​ចូល​ទៅ​ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ឲ្យ​បាន​ការ​ស៊ី​ជម្រៅ​នៅ​ឡើយ​ទេ​នា​ពេល​បច្ចុប្បន្ន​នេះ៕

No comments:

Post a Comment

yes