កម្លាំងសមត្ថកិច្ច និងសន្តិសុខ ប្រមាណ១០០នាក់ ត្រូវបានដាក់ពង្រាយនៅចំណតរថយន្តដឹកសំរាមក្រុមហ៊ុនស៊ិនទ្រី ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលបុគ្គលិកក្រុមហ៊ុននេះប្រមាណ ១០០នាក់ បន្តធ្វើការតវ៉ាទាមទារដំឡើងប្រាក់ខែ និងអត្ថប្រយោជន៍ការងារ នៅថ្ងៃពុធនេះ។
តំណាងបុគ្គលិកក្រុមហ៊ុនស៊ិនទ្រី លោក ប្រាក់ សុខា បានឲ្យដឹងថា ការចរចារវាងបុគ្គលិកនិងក្រុមហ៊ុន រយៈពេលពីរថ្ងៃមកនេះ នៅពុំមានលទ្ធផលផ្លែផ្កានៅឡើយទេ ដែលករណីនេះ បុគ្គលិកនៅតែបន្តការបាតុកម្មនៅមុខចំណតឡានដឹកសំរាមក្រុមហ៊ុន ដើម្បីទាមទារដំឡើងប្រាក់ខែ និងទាមទារអត្ថប្រយោជន៍ការងារមួយចំនួនទៀត។ លោកថា ខណៈដែលបុគ្គលិកកំពុងតវ៉ានេះ ក្រុមសន្តិសុខ និងកម្លាំងសមត្ថកិច្ច រាជធានីភ្នំពេញ ប្រដាប់ដោយខែល និងតំបង ប្រមាណ ៥ទៅ៦ឡាន បានទៅដល់ទៅនោះ នៅម៉ោងប្រមាណ ១០ព្រឹកនេះ និងបានដាក់ពង្រាយការពារនៅចំណតឡានក្រុមហ៊ុនស៊ិនទ្រី។
បើតាមលោក ប្រាក់ សុខា កាលពីរសៀលថ្ងៃអង្គារម្សិលមិញ សាលារាជធានីភ្នំពេញ បានហៅតំណាងបុគ្គលិក និងក្រុមហ៊ុនស៊ិនទ្រី ទៅចរចា និងបានស្នើឲ្យបុគ្គលិកទាំងអស់ធ្វើការប្រមូលសំរាម នៅយប់ថ្ងៃអង្គារនោះសិន ហើយការដោះស្រាយយ៉ាងណានោះ នឹងធ្វើនៅពេលក្រោយ។ តែទោះជាយ៉ាងណា លោកថា បុគ្គលិកពុំព្រមប្រមូលសំរាមតាមការស្នើសុំនោះទេ ហើយបានបន្តការតវ៉ារបស់ខ្លួន នៅថ្ងៃនេះ ដោយទាមទារឲ្យក្រុមហ៊ុនដំឡើងប្រាក់ខែគោលត្រឹម ១៣០ដុល្លារក្នុងមួយខែវិញ ដែលកាលពីមុនពួកគេតវ៉ាទាមទារដំឡើងប្រាក់ខែគោលដល់ ១៥០ដុល្លារក្នុងមួយខែ។
វីអូឌី នៅមិនទាន់អាចទាក់ទងអនុប្រធានក្រុមហ៊ុនស៊ិនទ្រី អ្នកស្រី សេង សូរីដា ដើម្បីអត្ថាធិប្បាយជុំវិញករណីនេះបានទេ។ ប៉ុន្តែកន្លងមក អ្នកស្រី មានប្រសាសន៍ថា ខាងក្រុមហ៊ុនបាននឹងកំពុងគិតគូរដោះស្រាយបញ្ហានេះជូនបុគ្គលិកហើយ។
បុគ្គលិកក្រុមហ៊ុនស៊ិនទ្រី បានធ្វើបាតុកម្មរយៈពេលបួនថ្ងៃមកហើយ ចាប់ពីយប់ថ្ងៃទី០២ខែកុម្ភៈនេះ ដោយទាមទារដំឡើងប្រាក់ខែគោល ១៥០ដុល្លារក្នុងមួយខែ និងអត្ថប្រយោជន៍ការងារចំនួន ៨ចំណុចទៀត។ នៅពេលចរចា ក្រុមហ៊ុនស៊ិនទ្រី បានសម្រេចដំឡើងប្រាក់ខែគោល ១៥ដុល្លារលើប្រាក់ខែបច្ចុប្បន្ន ដែលបុគ្គលិកខ្លះទទួលបានពី៦៥ដុល្លារទៅ១២០ដុល្លារ ប៉ុន្តែត្រូវបានក្រុមបុគ្គលិកបដិសេធទទួលយក។
បន្ទាប់ពីបុគ្គលិកក្រុមហ៊ុនស៊ិនទ្រី ធ្វើបាតុកម្មរយៈពេល៤ថ្ងៃ គិតមកដល់ថ្ងៃពុធនេះ បុគ្គលិកទាំងនោះ មិនចេញធ្វើការបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម នៅរាជធានីភ្នំពេញនោះទេ ដើម្បីបង្ហាញពីគោលជំហរនៃការតវ៉ាទាមទារសុំដំឡើងប្រាក់ខែ។ ការមិនចេញប្រមូលសំរាម ពេលកំពុងតវ៉ានេះ បានធ្វើឲ្យផ្លូវមុខផ្ទះ និងកន្លែងលក់ដូរមួយចំនួន នៅរាជធានីភ្នំពេញ ពោរពេញដោយគំនរសំរាមពាសវាលពាសកាល៕
No comments:
Post a Comment
yes