សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, February 19, 2014

អតីត​មេគុកទួលស្លែងជាប់​ឃុំ​ក្នុង​លក្ខខណ្ឌ​ប្រសើរ​ជាង​ទណ្ឌិត​ទូទៅ

ឌុច នៅ​ក្នុង​សវនា​ការ​សា​លា​ក្តី​ខ្មែរ​ក្រហម កាល​ពី​ខែ​មីនា ឆ្នាំ ២០១២​​
 រូបថត សា​លា​ក្តី​ខ្មែរ​ក្រហម​
ស្ថិត​នៅ​ក្នុង​បន្ទប់​ពន្ធនាគារ​មួយ​ដែល​មាន​ទំហំ​ប្រមាណ ២៨ ម៉ែត្រ​ការ៉េ នៅ​ដាច់​ពី​បន្ទប់​ទណ្ឌិត​ដទៃ​ទៀត នៅ​ខាង​ក្រោយ​រោង​បាយ​ព័ទ្ធ​ទៅ​ដោយ​បន្លា​លួស​ស្នាក់​នៅ​ម្នាក់​ឯង​ខុស​ពី​បន្ទប់​ទណ្ឌិត​ផ្សេង​ទៀត​ដែល​មាន​ទណ្ឌិត​ច្រើន​នាក់​ស្នាក់​នៅ​ក្នុង​បន្ទប់​នីមួយៗ បុរស​ចំណាស់​ម្នាក់​សក់​ល្បាយ​អាចម៍​ខ្លា​រាង​ទាប បាន​ដើរ​ចេញ​ក្រៅ​បន្ទប់​ឆ្លង​ឆ្លើយ​តាម​របង​បន្លា​លួស​ដោយ​សុភាពរាបសា​ថា៖ «ខ្ញុំ​រស់​នៅ​សុខ​សប្បាយ​ទេ» នេះ​គឺជា​សម្តី​របស់​អតី​ប្រធាន​មន្ទីរ​ឃុំ​ឃាំង​គុក ទួលស្លែង ឬ​មន្ទីរ ស-២១ លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត កណ្តាល បន្ទាប់​ពី​សាលា​ក្តី​កូន​កាត់​ខ្មែរ​ក្រហម​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។
លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច អាយុ ៧២ឆ្នាំ អតីត​ប្រធាន​មន្ទីរ​ឃុំឃាំង​គុក ទួលស្លែង ឬ​មន្ទីរ ស-២១ ត្រូវ​បាន​សាលា​ក្តី​កូន​កាត់​ខ្មែរ​ក្រហម​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ត្រូវ​បាន​គេ​បញ្ជូន​ពី​ពន្ធនាគារ​ខ្មែរ​ក្រហម​មក​ជាប់​ពន្ធនាគារ​នៅ​ខេត្ត កណ្តាល វិញ កាល​ពី​ថ្ងៃ ទី៦ ខែ មិថុនា ឆ្នាំ ២០១៣។ តុលាការ​កំពូល​នៃ​អង្គ​ជំនុំ​ជម្រះ​របស់​សាលា​ក្តី​ខ្មែរ ក្រហម​បាន​ប្រកាស​សាលដីកា​ជា​ស្ថាពរ កាល​ពី​ថ្ងៃ ទី៣ ខែ កុម្ភៈ ឆ្នាំ ២០១២ ឲ្យ​លោក​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ អំពើ​មនុស្ស​ឃាត និង​ការ​ធ្វើ​ទារុណកម្ម ដែល​មាន​មនុស្ស​ជាង ១២០០០ នាក់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​គុក ទួលស្លែង។

នៅ​ក្នុង​បន្ទប់​ដែល​មាន​ដាក់​តាំង​សៀវភៅ​ជាច្រើន​ក្បាល​បុរស​ចំណាស់​ម្នាក់​នោះ​បាន​ដើរ​ចេញ​ពី​បន្ទប់​ពន្ធនាគារ​របស់​ខ្លួន​ដោយ​ដៃ កាន់​ថ្នាំ​រឹត​សរសៃ​ស្លៀក​ខោ​ខ្លី​ពណ៌​ផ្ទៃ​មេឃ ពុំ​មាន​ពាក់​អាវ ដែល​ខុស​ប្លែក​ពី​ទណ្ឌិត​ដទៃ​ទៀត​ដែល​មាន​សម្លៀក​បំពាក់​ពណ៌​ខៀវ ឆ្នូត​ស​ដែល​ជា​សម្លៀក​បំពាក់​ទណ្ឌិត​បាន​ស្រដី​ឡើង​ថា សព្វ​ថ្ងៃ​នេះ​លោក​រស់​នៅ​សុខ​សប្បាយ​ធម្មតា​ទេ ប៉ុន្តែ​ដៃ​ចុក​ចាប់​បន្តិច​បន្តួច។ និយាយ​ទាំង​ទឹក​មុខ​ញញឹម​ដោយ​ពុំ​ព្រម​បន្ត​ការ​ផ្តល់​បទ​សម្ភាស​ថា៖ «ឲ្យ​ខ្ញុំ​សូមទោស ខ្ញុំ​សូម​មិន​និយាយ​អី​ច្រើន​ទៀត​ទេ ដោយ​សារ​តែ​ខ្ញុំ​បាន​និយាយ​អស់​ហើយ​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម»។
កាំង ហ្កេកអ៊ាវ ហៅ ឌុច កើត​នៅ​ថ្ងៃ ទី១៧ ខែ វិច្ឆិកា ឆ្នាំ ១៩៤២ នៅ​ភូមិ ពៅវើយ ឃុំ ពាមបាង ស្រុក ស្ទោង ខេត្ត កំពង់ធំ ឈ្មោះ​នៅ​ក្នុង​បញ្ជី​អត្រានុកូលដ្ឋាន​របស់ ឌុច គឺ កាំង ជាវ ក្រោយ​មក ឪពុក​របស់​គាត់​បាន​ប្តូរ​ទៅ​ជា យឹម គាវ វិញ ព្រោះ​ហោរា​ទាយ​ថា ឈ្មោះ​នេះ​មិន​មាន​សំណាង​ល្អ​ទេ។ ប៉ុន្តែ ឌុច នៅ​តែ​មិន​ពេញ​ចិត្ត​នឹង​ឈ្មោះ​ថ្មី​នេះ​ដដែល ហេតុ​ដូច្នេះ ពេល​ដែល​គាត់​មាន​អាយុ ១៥ ឆ្នាំ គាត់​បាន​ស្នើ​សុំ​ទៅ​ឪពុក​របស់​គាត់​ឱ្យ​ប្តូរ​ជាថ្មី​មួយ​ទៀត​ទៅ​ជា កាំង ហ្កេកអ៊ាវ វិញ។ ឆ្លៀត​ឱកាស​នោះ ឌុច ក៏​បាន​កែប្រែ​ថ្ងៃ ខែ ឆ្នាំ​កំណើត​របស់​គាត់​ដោយ​បន្ថយ​អាយុ​បី​ឆ្នាំ ព្រោះ​អាយុ​ពិត​របស់​គាត់​ចាស់​ពេក​មិន​អាច​ចុះ​ឈ្មោះ​ចូល​រៀន​បាន។ ដូច្នេះ អត្តសញ្ញាណ​ថ្មី​របស់​គាត់​គឺ កាំង ហ្កេកអ៊ាវ កើត នៅ​ថ្ងៃ ទី១៥ ខែ កុម្ភៈ ឆ្នាំ ១៩៤៥។ ឌុច បាន​ធ្វើ​ជា​គ្រូ​បង្រៀន​នៅ កំពង់ធំ នៅ​ឆ្នាំ ១៩៦៧ នៅ​ពេល​នោះ​ក៏​បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយនីស្ត​កម្ពុជា ដោយ​សារ​បាន​មើល​ឃើញ​ពី​គម្លាត​យ៉ាង​ឆ្ងាយ​រវាង​អ្នក​ក្រ និង​អ្នក​មាន។
នៅ​ខាង​ក្រោយ​បន្ទប់​ដែល​មាន​ទំហំ ២៨ ម៉ែត្រ​ការ៉េ ឌុច មាន​ដាំ​បន្លែ​មួយ​ចំនួន​ផង​ដែរ​ដើម្បី​ចម្អិន​អាហារ​ដោយ​ខ្លួន​ឯង ហើយ​នៅ​ក្នុង​បរិវេណ​នោះ ឌុច ក៏​បាន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​បន្ទប់​ដើម្បី ហាត់​ប្រាណ​ដូច​អ្នក​ទោស​ដទៃ​ទៀត​ដែរ ដោយ​អនុញ្ញាត​ឲ្យ​ចេញ​ពី​ក្រៅ​បន្ទប់ នៅ​ម៉ោង ៧ ព្រឹក​និង​ឲ្យ​ចូល​បន្ទប់​វិញ​នៅ​ម៉ោង ១១ ហើយ​សោ​បន្ទប់​មួយ​នេះ​នឹង​បើក​វិញ​នៅ​ម៉ោង ២ រសៀល​និង​បិទ​វិញ​នៅ​ម៉ោង ៥ ល្ងាច។
បន្ទាប់​ពី​រៀន​ជួសជុល​ទូរទស្សន៍​ចប់ ទណ្ឌិត​ម្នាក់​ដែល​បាន​ឆ្លៀត​ពេល​និយាយ​ក្នុង​រយៈ​ពេល​ខ្លី​មុន​ចេញ​ទៅ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ដំបូង​ឡើយ លោក​មាន​ការ​ងឿង​ឆ្ងល់​ដែរ ហេតុ​អ្វី​បាន​ជា​អ្នក​ទោស​ម្នាក់​នេះ​ស្នាក់​នៅ​កន្លែង​ល្អ​ជាង​អ្នក​ទោស​ផ្សេង តែ​ក្រោយ​មក​ទើប​ដឹង​ថា ជា​អតីត​មេគុក ទួលស្លែង។
លោក​ថ្លែង​ទៀត​ថា៖ «ខ្ញុំ​ឆ្ងល់​ដែរ​គាត់​សម្លាប់​មនុស្ស​អស់​ជាច្រើន​នាក់ តែ​បែរ​ជា​គាត់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​កន្លែង​ល្អ​ជាង​យើង​ទៀត តាម​ពិត​គួរ​តែ​ដាក់​គាត់​ឲ្យ​ដូច​អ្វី​ដែល​គាត់​បាន​ធ្វើ​មក​លើ​គេ​កន្លង​មក»។
លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា បើ​តាម​មើល​ស្ថានភាព​បច្ចុប្បន្ន​ប្រសិន​បើ​ឲ្យ​គាត់​ចេញ​ក្រៅ​ជួប​ទណ្ឌិត​ផ្សេង​ទៀត ប្រហែល​ជា​អាច​មាន​បញ្ហា​ដែរ​ប្រសិន​បើ​អ្នក​ទោស​ដទៃ​ទៀត​ដឹង​ថា គាត់​ជា​មេគុក​សម័យ​ខ្មែរ​ក្រហម ពីព្រោះ​គ្រួសារ​ខ្មែរ​យ៉ាង​ហោច​ណាស់​ក្នុង​មួយ​គ្រួសារ​ក៏​មាន​អ្នក​ស្លាប់ មួយ​ឬ​ច្រើន​នាក់​នៅ​ក្នុង​សម័យ​នោះ​ដែរ។
លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា៖ «សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​មិន​គុំ​កួន​គាត់​ទេ ដោយ​សារ​តែ​គាត់​ចាស់​ទៅ​ហើយ​ហើយ​គាត់​ក៏​បាន​ជាប់​ពន្ធនាគារ​ដើម្បី​ទទួល​ទោស​ដែល​គាត់​បាន​ធ្វើ​ដែរ»។
លោក ចាត ស៊ីនាង ប្រធាន​ពន្ធនាគារ​ខេត្ត កណ្តាល បាន​ថ្លែង​ឲ្យ​ដឹង​ថា ឌុច ត្រូវ​បាន​ចែក​របប​អាហារ​ដូច​ទណ្ឌិត​ដទៃ​ទៀត និង​អនុញ្ញាត​ឲ្យ​ចេញ​ហាត់​ប្រាណ​ពី​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​របស់​គាត់ ប៉ុន្តែ​គាត់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​ជួប​ទណ្ឌិត​ដទៃ​ទៀត​នោះ​ទេ ហើយ​នៅ​ក្នុង​បន្ទប់​របស់​គាត់​មាន​ដាក់​កង្ហារ មុង ភួយ ពូក​ឲ្យ​គាត់​ត្រឹម​ត្រូវ។
លោក​បាន​ថ្លែង​ថា៖ «គាត់​សុំ​យើង​ចេញ​ក្រៅ​កន្លែង​របស់​គាត់​ដែរ តែ​យើង​មិន​អាច​អនុញ្ញាត​ដោយ​សារ​យើង​មិន​ទុក​ចិត្ត​ទណ្ឌិត​ផ្សេងៗ​ទៀត»។
លោក​បាន​ថ្លែង​ទៀត​ថា ការ​រស់​នៅ​របស់​គាត់​គឺជា​អ្នក​ទោស​ធម្មតា ដូច​អ្នក​ទោស​ដទៃ​ដែរ​ដូច្នេះ​របប​អាហារ​របស់​គាត់​ទទួល​បាន​ដូច​គេ​ឯង​ដែរ​គឺ​ក្នុង​មួយ​ថ្ងៃ​ទទួល​បាន​ពីរ​ពេល ប៉ុន្តែ​គាត់​អាច​ចម្អិន​អាហារ​ខ្លួន​ឯង​បាន​ដោយ​គាត់​បាន​ស្នើ​ទៅ​ព្រះ​រាជអាជ្ញា​ខេត្ត​បាន​អនុញ្ញាត​ឲ្យ​ដាក់​ឆ្នាំង​បាយ អគ្គិសនី​មួយ​នៅ​ក្នុង​បន្ទប់​គាត់។
លោក​ថា៖ «ឌុច នៅ​ពេល​ដែល​យក​មក​ដំបូង​គឺ​មាន​អ្នក​ទោស​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​ចង់​ឃើញ ចង់​ស្គាល់​ពីព្រោះ​គេ​ដឹង​អំពី​អតីតកាល​របស់​គាត់ ប៉ុន្តែ​ដោយ​សារ​តែ​យើង​ធ្វើ​ការ​ប្រជុំ​ដល់​អ្នក​ទោស​ទាំង​នោះ​ឲ្យ​បាន​យល់​ថា អ្វី​ដែល​គេ​បាន​ធ្វើ​ពី​មុន​គេ​បាន​មក​ទទួល​ទោស​ហើយ ដូច្នេះ​មិន​អាច​អ្នក​ណា​ម្នាក់​ឈាន​ទៅ​ប្រើ​អំពើ​ហិង្សា​ឬ​សងសឹក​អី​នោះ​ទេ។ យើង​ក៏​បាន​ណែនាំ​បុគ្គល​គាត់​ឲ្យ​ចេះ​ថែរក្សា​ខ្លួន​គាត់​ផង​ដែរ។ យើង​ក៏​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទោស​ដទៃ​មក​និយាយ​ផ្ទាល់​ជាមួយ​គាត់​នៅ​កន្លែង​របស់​គាត់​ទេ»។
លោក​បាន​ថ្លែង​ទៀត​ថា ក្រុម​គ្រួសារ​របស់​គាត់​មក​សួរ​សុខ​ទុក្ខ​គាត់​ដែរ តែ​ពុំ​ញឹក​ញាប់​នោះ​ទេ ហើយ​គាត់​ក៏​បាន​ស្នើ​សុំ​លោក​ឲ្យ​ទាក់​ទង​ទៅ​មេធាវី​របស់​គាត់​ដើម្បី ឲ្យ​សាលា​ក្តី​ខ្មែរ​ក្រហម ជួយ​ជា​ប្រាក់​ខែ​ដល់​គាត់​ក្នុង​មួយ​ខែ ១០០ ដុល្លារ​ដើម្បី​ចំណាយ​ផ្ទាល់​ខ្លួន​គាត់ ហើយ​លោក​ក៏​បាន​ទាក់​ទង​ទៅ​លោក​មេធាវី ការ សាវុត្ថ គាត់​ក៏​បាន​មក​ជួប ឌុច រួច​ហើយ ហើយ​សន្យា​ថា នឹង​ពាំ​នាំ​យក​ការ​ស្នើ​សុំ​នេះ​ជម្រាប​ទៅ​សាលា​ក្តី។
សូម​រឭក​ថា នៅ​ថ្ងៃ ទី១១ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ បន្ទាប់​ពី​ការ​ស្លាប់​របស់​ប្រពន្ធ​គាត់ ឈ្មោះ ឈឹម សុផល ហៅ រ៉ុម នៅ​ភូមិ ផ្គាំ ស្រុក ស្វាយ​ចេក ខេត្ត បន្ទាយ​មាន​ជ័យ ក្នុង​អំពើ​ប្លន់​ក្នុង​ផ្ទះ​ដ៏​អាថ៌កំបាំង​មួយ​បណ្តាល​ឲ្យ​ប្រពន្ធ​គាត់ ត្រូវ​ចោរ​ចាក់​មួយ​កាំបិត​ចំ​ដើម​ទ្រូង​បណ្តាល​ឱ្យ​ស្លាប់ នៅ​ក្នុង​ឆ្នាំ ១៩៩៦ ឌុច បាន​ប្តូរ​មក​កាន់​សាសនា​គ្រិស្ត ហើយ​គាត់​ក៏​បាន​នាំ​កូន​ប្រុស​ស្រី​របស់​គាត់​ចូល​សាសនា​នេះ​ផង​ដែរ។
ទាក់ទិន​ទៅ​នឹង​ការ​គោរព​សាសនា​គ្រិស្ត​នោះ លោក ចាត ស៊ីនាង បាន​ថ្លែង​ថា ឌុច មាន​គ្រូ​គង្វាល​របស់​គាត់​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក ហើយ​គ្រូ​គង្វាល​របស់​គាត់​មាន​មក​សួរ​សុខ​ទុក្ខ​ពីរ​ដង​មក​ហើយ និង​បាន​ពិភាក្សា​អំពី​ការ​គោរព​តាម​សាសនា​គ្រិស្ត​ដែរ ដោយ​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​ការ​គោរព​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង​របស់​គាត់​តែ​ម្ដង៕

No comments:

Post a Comment

yes