ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN) ដាក់អនុសាសន៍កែលម្អស្ថានភាពសិទ្ធិមនុស្សកម្ពុជា ចំនួន ២០៦ចំណុច ដែលក្នុងនោះប្រតិភូកម្ពុជា បានប្រកាសទទួលយក ១៧២ចំណុច និងស្នើពន្យារពេលទទួលលើ ៣៤ចំណុចទៀត រហូតដល់កិច្ចប្រជុំអនុម័តលើកទី២ ខែមិថុនាខាងមុខនេះ។
របាយការណ៍ដំណើរការត្រួតពិនិត្យជាសាកលតាមពេលវេលាកំណត់ (UPR) ស្តីពីកម្ពុជា អនុម័តលើកទី១ នៅថ្ងៃទី៣១ ខែមករានេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយ ៧៦ប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ ឲ្យដឹងថា អនុសាសន៍ ៣៤ចំណុចដែលរដ្ឋាភិបាល ពន្យារពេលទទួលយកនោះ មានដូចជា ការជំរុញការលើកស្ទួយសេរីភាពបញ្ចេញមតិ ការសម្រួលកិច្ចការសកម្មជនសិទ្ធិមនុស្ស សិទ្ធិដីធ្លី និងសិទ្ធិការងារ ការបង្កើតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមិនក្រោមឥទ្ធិពលអ្នកនយោបាយ ការបញ្ចប់និទណ្ឌភាព និងការបញ្ឈប់ធ្វើទារុណកម្មឃោរឃៅ លើអ្នកទោសជាដើម។
អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ម៉ក់ សម្បតិ្ត ដែលដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំនោះ មានប្រសាសន៍ថា ក្នុងអនុសាសន៍ចំនួន ២០៦ចំណុចនោះ គឺមានចំនុចជាច្រើនដូចគ្នា តែដោយសារគោលការណ៍នៃUPR ស្របតាមរដ្ឋអធិបតេយ្យនីមួយៗ គឺមិនអាចដាក់បញ្ចូលគ្នាបានឡើយ។ លោកថា ជាក់ស្តែង កម្ពុជា ទទួលបានអនុសាសន៍តែជាង ៥០ចំណុចប៉ុណ្ណោះ ដែលនេះជាសមិទ្ធិផលវិជ្ជមានមួយសម្រាប់កម្ពុជា បើធៀបនឹងលើកមុន។
លោក ម៉ក់ សម្បត្តិ បន្តថា មូលហេតុដែលរដ្ឋាភិបាលកម្ពុជា ពន្យារពេលទទួលអនុសាសន៍៣៤ចំណុច រហូតដល់កិច្ចប្រជុំអនុម័តលើកទី២ ខែមិថុនានោះ គឺដោយសារអនុសាសន៍ទាំងនោះ ទាមទារការផ្លាស់ប្តូរយោបល់ជាមួយភាគីពាក់ព័ន្ធ ជាមុនសិន ដើម្បីធ្វើការពិចារណា ស្របតាមពេលវេលាកំណត់ «នេះគ្រាន់តែយកមកពិចារណាទៅ ជួនកាលវាពាក់ព័ន្ធនឹងស្ថាប័ន ក្រសួងមួយចំនួន យើងត្រូវការផ្លាស់ប្តូរយោបល់ជាមួយគាត់សិន។ យើងផ្លាស់ប្តូរយោបល់ ព្រោះយើងទៅនេះ យើងឃើញស្រាប់ហើយ យើងទៅប៉ុន្មានទាក់ទងក្រសួងបីបួន ចុះក្រសួងមួយចំនួនទៀត ដែលគាត់ពាក់ព័ន្ធទៅរឿងហ្នឹង ធ្វើម៉េចយើងហ៊ានសម្រេចមុន ទាល់តែយើងពិចារណាហើយ យើងដាក់ជូនប្រមុខរដ្ឋាភិបាលរបស់យើង យើងត្រូវពិគ្រោះយោបល់គ្នាសិន»។
កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៩ ប្រទេសកម្ពុជា ត្រូវបានវាយតម្លៃដោយក្រុមការងារអង្គការសហប្រជាជាតិលើកដំបូង ដោយគ្រានោះអង្គការសហប្រជាជាតិ បានផ្តល់អនុសាសន៍កែលម្អចំនួន ៩១ចំណុច ដែលរដ្ឋាភិបាលកម្ពុជា បានប្រកាសទទួលយកអនុសាសន៍ទាំងអស់នោះ។
ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ លោកស្រី ពុង ឈីវកេក ចាត់ទុកលទ្ធផលនៃអនុសាសន៍ ២០៦ចំណុច ដែលត្រូវបានលើកឡើងក្នុងកិច្ចប្រជុំលើកនេះ បង្ហាញឲ្យឃើញពីការយកចិត្តទុករបស់ប្រទេសដទៃទៀត ចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលកំពុងធ្លាក់ចុះ។ លោកស្រី យល់ថា រដ្ឋាភិបាល គប្បីពិចារណាលម្អិតបន្ថែមលើចំណុចដែលនៅសេសសល់ បញ្ឈប់ការរិតត្បិតសេរីភាពបញ្ចេញមតិ និងការប្រមូលផ្តុំបាតុកម្មដោយសន្តិវិធី ស្របតាមច្បាប់ជាតិ និងអន្តរជាតិ «យើងសង្ឃឹមថា ក្នុងបីខែទៀតនេះ រដ្ឋាភិបាលនឹងទទួលយកអ្វីៗ អនុសាសន៍អ្វីដែលគេបានផ្តល់មកល្អ ពីរឿងសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការផ្តុំគ្នា ធ្វើបាតុកម្មដោយសេរី តាមកតិកាសញ្ញា ស្តីពីសិទ្ធិប្រជាពលរដ្ឋ សិទ្ធិនយោបាយ ហើយនិងរដ្ឋធម្មនុញ្ញ»។
របាយការណ៍អនុសាសន៍នៃដំណើរការត្រួតពិនិត្យ ជាសាកលតាមពេលវេលាកំណត់ (UPR) ស្តីពីកម្ពុជា នឹងត្រូវអនុម័តចំនួនពីរដង ដោយក្រុមសិទ្ធិមនុស្ស UN លើកទី២ នៅខែមិថុនា ឆ្នាំ២០១៤នេះ ហើយពេលនេះ កម្ពុជា មានរយៈពេល២០នាទី ក្នុងការធ្វើបទបង្ហាញ និងប្រកាសទទួលយក ឬបដិសេធចំពោះអនុសាសន៍ទាំងនោះ៕
No comments:
Post a Comment
yes