សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 23, 2014

អ្នក​ស្រី​ទេពវណ្ណី៖អាជ្ញាធរ​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បាញ់​គំរាមប្រសិន​បើ​សមត្ថ​កិច្ច​រក​មិន​ឃើញ​ក្មាន់​កាំ​ភ្លើង​នោះ

អ្នក​ស្រី​ទេព វណ្ណី សកម្មជន​ដីធ្លី​តំបន់​បឹង​កក់ ផ្ដល់​កិច្ច​សម្ភាស​
ដល់​វិទ្យុ​បារាំង​អន្ដរជាតិ ថ្ងៃ​ទី​១៧​កុម្ភៈ ឆ្នាំ​២០១៤

សកម្មជន​ដីធ្លី អ្នក​ភូមិ​បឹងកក់ បុរី​កីឡា និង​ថ្មគោល​ប្រមាណ​ជា ៥០ នាក់ បាន​រង​ការគំរាម​កំហែង បន្ទាប់ពី​មាន​ក្មាន់​កាំ​ភ្លើង​ម្នាក់​បាន​បាញ់​កាំ​ភ្លើង​ទៅលើ​រថយន្ត​ក្រុង​ធ្វើដំណើរ​របស់​ពួកគេ ទៅជិត​ខាង​មុខ​មណ្ឌល​សុខ​ភាព គល់ស្ពាន​ជ្រោយ​ចង្វារ កាលពី​ម៉ោង ៨​យប់​ថ្ងៃ​សៅរ៍ ទី ២២ មីនា។ អ្នក​ស្រី​ទេព វណ្ណី តំ​ណាង​សកម្ម​ដីធ្លី​អ្នក​ភូមិ​បឹង​កក់ បាន​បញ្ជាក់​ថា ប្រសិន​បើ​សមត្ថ​កិច្ច​រកមុខ​ជន​ល្មើស​មិន​ឃើញ​នោះ អ្នក​ដែល​នៅ​ពីក្រោយ​ក្រោយ​ហេតុ​ការណ៍​នេះ គឺជា​អាជ្ញាធរ​។

ក្រុម​សកម្ម​ជន​ដីធ្លី អ្នក​ភូមិ​បឹង​កក់ បុរី​កីឡា និង​ថ្ម​គោល បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលីស​សង្កាត់​ស្រះ​ចក​រួច​រាល់​ហើយ​នៅ​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់​ពី​សកម្ម​ជន​ដីធ្លី​ប្រមាណ​ជា ៥០ នាក់ ដែល​ធ្វើ​ដំណើរ​លើ​រថយន្ត​ក្រុង ដែល​ត្រលប់​មក​ពី​ចូល​រួម​វេទិកា​នៅ​ស្រុក​ជីក្រែង ខេត្ត​សៀមរាប បាន​រង​ការ​វាយ​ប្រហារ​ដោយ​ក្មាន់​កាំ​ភ្លើង​ម្នាក់ កាល​ពី​ម៉ោង ៨យប់​ថ្ងៃ​សៅរ ទី ២២ មីនា នៅ​ត្រង់​មុខ​មណ្ឌល​សុខ​ភាព គល់ស្ពាន​ជ្រោយ​ចង្វារ​។

អ្នក​ស្រី ទេព វណ្ណី តំណាង​សកម្ម​ជន​ដីធ្លី​អ្នក​ភូមិ​បឹង​កក់​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ថា សកម្ម​ភាព​ដែល​បាន​កើត​ឡើង​នេះ គឺ​ជា​ការគំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​សកម្ម​ជន​ដីធ្លី អ្នក​ភូមិ​បឹង​កក់ បុរី​កីឡា និង​ថ្មគោល ពីព្រោះ គ្រាប់​កាំ​ភ្លើង​បាន​បាញ់​សំដៅ​ក្រុម​សកម្មជន មិន​មែន​បាញ់​សំដៅ​អ្នក​បើករថយន្ត​នោះទេ។

បន្ទាប់ពី​ហេតុ​ការណ៍​នោះ​ភ្លាម ក្រុម​សកម្មជន​ទាំង​អស់​ក៏បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់ មន្ត្រី​ប៉ូលីស​នៅក្នុង​សង្កាត់​ស្រះចក​រួច​រាល់​ហើយ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ស្វែងរក​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​នេះ។ អ្នកស្រី​ទេព វណ្ណី​បាន​បញ្ជាក់​ថា ប្រសិន​បើ​សមត្ថ​កិច្ចរក​មិន​ឃើញ​ជនល្មើស​នោះ ករណី​គំរាម​កំហែង​នេះ ប្រាកដ​ជា ជាប់​ពាក់​ព័ន្ធ​នឹង​អាជ្ញាធរ​ជា​មិន​ខាន។

សូម​បញ្ជាក់​ថា នេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល​សកម្ម​ជន​ដីធ្លី​អ្នក​ភូមិ​បឹង​កក់ បុរី​កីឡា និង​ថ្មគោល​រង​ការ​គំរាម​កំហែង​ដោយ​គ្រាប់​កាំ​ភ្លើង​បែប​នេះ ព្រោះ​កន្លង​មក​ពួកគេ​ធ្លាប់តែ​បាន​ទទួល​រង​ការ​គំរាម​កំហែង​ដោយ​ពាក្យ​សំដី​នោះ​ទេ។ នេះ​បើ​តាម​ការ​អះ​អាង របស់​អ្នក​ស្រី ទេព វណ្ណី។ ក្នុង​ហេតុ​ការណ៍​បាញ់​ប្រហារ​នេះ ពុំ​មាន​អ្នក​ទទួល​រង​គ្រោះ​នោះទេ​៕

No comments:

Post a Comment

yes