រថយន្តក្រុង ដែលរងការបាញ់ប្រហារកាលពីយប់មិញ
សមត្ថកិច្ចរាជធានីភ្នំពេញ ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ពួកគេមិនទាន់កំណត់មុខសញ្ញាខ្មាន់កាំភ្លើងចាញ់រថយន្ត ដឹកសកម្មជនដីធ្លីកាលពីម្សិលមិញនៅឡើយទេ ដោយអះអាងថា កំពុងស៊ើបអង្កេត។
កាលពីព្រលប់ថ្ងៃសៅរ ទី២២ ខែមីនាម្សិលមិញ ខ្មាន់កាំភ្លើងម្នាក់បានដកអាវុធខ្លីរបស់ខ្លួន បាញ់រថយន្ត ដឹកសកម្មជនដីធ្លីនៅមុខមន្ទីរពេទ្យបង្អែកមួយ ជិតស្ពានជ្រោយចង្វាររាជធានីភ្នំពេញ។
ការបាញ់នោះ បណ្តាលឲ្យបែកកញ្ចក់រថយន្ត ផ្នែកខាងមុខ ឈាងខាងស្តាំ។ ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងរបួសទេ។ ចំណែកខ្មាន់កាំភ្លើងបានគេចខ្លួនដោយសុវត្ថភាព។
ក្រោយព្រឹត្តិការណ៍បាញ់ប្រហារ អ្នកដែលជិះនៅលើរថយន្ត មានគ្នាប្រហែលជិត៤០នាក់ ដូចជាសកម្មជនដីធ្លីនៅតំបន់បឹងកក់ បុរីកីឡា ថ្មគោល និងក្រុមគ្រួសារជនរងគ្រោះ ដែលមានកូនស្លាប់ ក្នុងព្រឹត្តិការណ៍បាញ់ប្រហារនៅផ្លូវវ៉េងស្រេងផងនោះ បានដាក់ពាក្យបណ្តឹងភ្លាមៗ ទៅសមត្ថកិច្ចដើម្បីរកយុត្តិធម៌។
ពិសេសនគរបាលប៉ុស្តិ៍សង្កាត់ស្រះចក ខណ្ឌដូនពេញ ឲ្យជួយវែកមុខ ជនដៃដល់យកមកផ្តន្ទាទោស។
ការបាញ់ប្រហារនេះ ធ្វើឡើងបន្ទាប់ពីពួកគេវិលត្រឡប់មកពីធ្វើពិធីរំលឹកខួប៥ឆ្នាំ នៃការបណ្តេញចេញដោយហិង្សារឿងដីធ្លីនៅ ស្រុកជីក្រែង ខេត្តសៀមរាប។
នាយប៉ុស្តិ៍នគរបាល រដ្ឋបាល សង្កាត់ស្រះចក លោក ផាន់ ណា អះអាងថា ក្រុមការងារកំពុងស៊ើបអង្កេតករណីនេះ តែមិនទាន់កំនត់មុខសញ្ញាជនដៃដល់នៅឡើយទេ។
សកម្មជនដីធ្លីដែលរងការបាញ់ប្រហារនេះ ធ្លាប់ប្រឈមមុខច្រើនឆ្នាំ ជាមួយមន្ត្រីរដ្ឋាភិបាលដោយសាការពារដីលំនៅឋាន និងការពារដីសហគមន៍ ប្រឆាំងនិងការបណ្តេញចេញទាំងបង្ខំ រហូតពេលខ្លះពួកគេត្រូវបានសមត្ថកិច្ចចាប់វាយដំ និងខ្លះទៀតត្រូវជាប់ពន្ធនាគារច្រើនខែ។
នៅដើមឆ្នាំ២០១៤នេះ ក៏មានករណីបាញ់សម្លាប់មនុស្សបានកើតឡើងជាបន្តបន្ទាប់ ដូចជាសម្លាប់បុរសម្នាក់ នៅគល់ស្ពានអាកាសក្បាលថ្នល់ បាញ់សម្លាប់ស្ត្រីលក់បាយ នៅគល់ស្ពានស្ទឹងមានជ័យ បាញ់សម្លាប់កម្មករ ៥នាក់នៅផ្លូវវ៉េងស្រេង ជាដើម។ ប៉ុន្តែឃាតកម្មទាំងនោះ រដ្ឋាភិបាលមិនទាន់មានលទ្ធភាព ចាប់កជនដៃដល់ យកមកផ្តន្ទាទោសនៅឡើយទេ ដោយអះអាងថាកំពុងស៊ើបអង្កេត៕
No comments:
Post a Comment
yes