សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 21, 2014

សហជីព​អន្តរជាតិ​១៥​ប្រទេស​ស្នើ​ឲ្យ​កម្ពុជា​ដំឡើង​ប្រាក់​ខែ​កម្មករ​និង​ដោះ​លែង​មនុស្ស​២១​នាក់

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ ឬ​ហៅ​កាត់​ថា ស៊ីខាវឌូ (CCAWDU) លោក អាត់ ធន ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នា​សណ្ឋាគារ​សាន់វ៉េ (Sunway) នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២១ ខែ​មីនា ឆ្នាំ​២០១៤

មេ​ដឹក​នាំ​សហជីព​អន្តរជាតិ​ធំៗ​​ចំនួន ១៥​ប្រទេស ដែល​ជា​សមាជិក​របស់​សហជីព​សហព័ន្ធ​អន្តរជាតិ ឬ​ហៅ​កាត់​ថា អាយ.ធី.យូ.ស៊ី (ITUC) នៅ​លើ​ពិភពលោក បាន​បញ្ចប់​កិច្ច​ប្រជុំ​រយៈពេល ២​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា។ មន្ត្រី​​សហជីព​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​នេះ​បាន​ផ្ដោត​សំខាន់​ទៅ​លើ​សេរីភាព​សហជីព និង​ប្រាក់​បៀវត្ស​សមរម្យ​របស់​កម្មករ​នៅ​លើ​ពិភពលោក ពិសេស​នៅ​កម្ពុជា។

សហជីព​សហព័ន្ធ​អន្តរជាតិ អាយ.ធី.យូ.ស៊ី ដែល​មាន​សមាជិក​ជាង ១០០​ប្រទេស​នៅ​លើ​ពិភពលោក បាន​បញ្ចប់​កិច្ច​ប្រជុំ​របស់​ខ្លួន​ហើយ​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២១ ខែ​មីនា នា​សណ្ឋាគារ​សាន់វ៉េ (Sunway) ក្រុង​ភ្នំពេញ។ តាម​រយៈ​កិច្ច​ប្រជុំ​នេះ មេ​ដឹក​នាំ​សហជីព​អន្តរជាតិ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ឲ្យ​បាន​សមរម្យ និង​ស្នើ​ដោះ​លែង​អ្នក​ជាប់​ពន្ធនាគារ​ចំនួន ២១​នាក់ ឲ្យ​មាន​សេរីភាព​វិញ​ឲ្យ​បាន​ឆាប់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។


លោក អាត់ ធន ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ ឬ​ហៅ​កាត់​ថា ស៊ីខាវឌូ (CCAWDU) បាន​ឲ្យ​​ដឹង​ក្នុង​សន្និសីទ​កាសែត​ថា កិច្ច​ប្រជុំ​រយៈពេល ២​ថ្ងៃ​មក​នេះ មេ​ដឹក​នាំ​សហជីព​ធំៗ​បាន​លើក​ឡើង​អំពី​ការ​រំលោភ​សិទ្ធិ​សហជីព និង​កម្មករ​របស់​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ ដែល​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ របួស និង​ចាប់​ដាក់​ពន្ធនាគារ។ លោក​បន្ថែម​ថា លទ្ធផល​នៃ​កិច្ច​ប្រជុំ​ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​ពេល​នេះ ក៏​នឹង​លើក​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​ធំៗ​របស់​សហជីព​អន្តរជាតិ ​លើ​ពិភពលោក នៅ​ប្រទេស​ស្វីស ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៨ ឧសភា ដល់​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៤។

លោក អាត់ ធន៖ «អ្នក​ទាំងអស់​នេះ​គេ​ប្រជុំ​ត្រៀម​ប្រទេស​ក្នុង​តំបន់ មាន​ន័យ​ថា បើ​មាន​បញ្ហា​អី​នៅ​ក្នុង​ប្រទេស​នីមួយៗ ដូច​ជា​នៅ​កម្ពុជា យើង បញ្ហា​សំខាន់ គឺ​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​សេរីភាព និង​ការ​ចរចា​អនុសញ្ញា​រួម។ នៅ​ប្រទេស​បង់ក្លាដេស មាន​ការ​រំលោភ​ទៅ​លើ​លក្ខណៈ​ស្តង់ដារ​អគារ​ធ្វើ​ឲ្យ​មាន​ការ​បាក់​ស្លាប់​ មនុស្ស​រាប់​ពាន់​នាក់ និង​សេរីភាព​សហជីព ដូច​ជា​នៅ​ប្រទេស​ម៉ាឡេស៊ី គឺ​ពាក់ព័ន្ធ​ទៅ​លើ​ការងារ​ទាំង​បង្ខំ រំលោភ​ទៅ​លើ​អនុសញ្ញា​លេខ​២៩។ យើង​ដឹង​ហើយ​នៅ​កម្ពុជា យើង​ក៏​ទទួល​ការ​ធ្វើ​បាប​ពី​សំណាក់​និយោជក​អ៊ីចឹង​ដែរ។ អ៊ីចឹង គេ​ពិនិត្យ​មើល​ការងារ​ទាំងអស់​ហ្នឹង ថា​តើ​រដ្ឋាភិបាល​នៅ​ប្រទេស​នីមួយៗ​ហ្នឹង បាន​ធ្វើ​អី​ខ្លះ​ហើយៗ​សហជីព​ហ្នឹង​ត្រូវ​រៀប​ចំ​ធ្វើ​ម៉េច ជំរុញ​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​ធ្វើ​ការ​កែប្រែ​ជា​លក្ខណៈ​អន្តរជាតិ»

ទោះ​យ៉ាង​ណា លោក ជាតិ ខេមរា មន្ត្រី​ផ្នែក​ដោះស្រាយ​វិវាទ​សមាគម​ថៅកែ​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២១ ខែ​មីនា ថា ការ​ចរចា​ដំឡើង​ប្រាក់​បៀវត្ស​គោល​កម្មករ នឹង​មិន​មាន​ការ​ចរចា​ជា​ថ្មី​ទៀត​ទេ នៅ​ឆ្នាំ​២០១៤ នេះ ប៉ុន្តែ អាច​នឹង​ចរចា​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ។ លោក​បន្ត​ថា សព្វថ្ងៃ​នេះ​មេ​ដឹក​នាំ​សហជីព និង​ក្រុម​កម្មករ​មួយ​ចំនួន បាន​ព្យាយាម​ទាមទារ​ដំឡើង​ប្រាក់​បៀវត្ស​ឲ្យ​បាន​ខ្ពស់ ប៉ុន្តែ​ពួក​គេ​មិន​បាន​បណ្តុះបណ្តាល​ជំនាញ និង​បច្ចេកទេស​ពិត​ប្រាកដ ដែល​អាច​ជួយ​​ឲ្យ​ពួក​គេ​ទទួល​បាន​ប្រាក់​បៀវត្ស​កើន​ខ្ពស់​ទៅ​តាម​ជំនាញ​ របស់​ខ្លួន​នា​ថ្ងៃ​អនាគត​នោះ​ទេ៖ «ឥឡូវ​យើង​បាន​អនុវត្ត​ទៅ​តាម​ការ​ សម្រេច​របស់​ក្រុម​ប្រឹក្សា​ការងារ ក៏​ដូច​ជា​ការ​សម្រេច​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ហើយ​ការ​នៅ​សេសសល់​ប៉ុន្មាន​ទៀត យើង​នឹង​ធ្វើ​ការ​ពិភាក្សា ប៉ុន្តែ​រាល់​ការ​ពិភាក្សា​ទាំងអស់​នោះ វា​អាច​ជា​យន្តការ​សម្រាប់​ឆ្នាំ​ក្រោយ»

ត្រង់​ចំណុច​នេះ លោក អាត់ ធន ថ្លែង​ថា ក្នុង​កិច្ច​ប្រជុំ​រវាង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ក្នុង​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​មិន​បាន​បង្ហាញ​ជំហរ​ជួប​ចរចា​ជាមួយ​ផ្នែក​ពាក់ព័ន្ធ ដើម្បី​ដំឡើង​​​ប្រាក់​ឈ្នួល​ជូន​កម្មករ​ទៀត​ទេ​នៅ​ឆ្នាំ​នេះ។ ប៉ុន្តែ ប្រាក់​បៀវត្ស​នេះ​នឹង​ត្រូវ​ដំឡើង​នៅ​ឆ្នាំ​ក្រោយ​ទៀត៖ «១៦០​ដុល្លារ​ មិន​មែន​ជា​លេខ​ចុង​ក្រោយ​ត្រូវ​ប្រើ​ដាច់​ខាត​ទេ មាន​ន័យ​ថា បើ​មាន​ការ​ចរចា​សមរម្យ​ណា​មួយ ដែល​និយោជក​បាន​ឡើង​សមរម្យ យើង​អាច​ទៅ​ជជែក​ជាមួយ​កម្មករ យើង​អាច​បញ្ចប់​បញ្ហា​កើត​ឡើង»

​​លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ពិនិត្យ និង​ពិចារណា​ដំឡើង​ប្រាក់​ឈ្នួល​ប្រចាំ​ខែ​ជូន​កម្មករ​ឲ្យ​សមរម្យ​ទៅ​តាម​ ការ​ទាមទារ។ បន្ថែម​លើ​នេះ រដ្ឋាភិបាល​ក៏​ត្រូវ​តែ​ដោះ​លែង​មេ​ដឹក​នាំ​សមាគម សហជីព សកម្មជន​ដីធ្លី និង​កម្មករ​ចំនួន ២១​នាក់ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ឲ្យ​មាន​សេរីភាព​វិញ។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ បាន​រិះគន់​សកម្មភាព​បង្ក្រាប​ឈាន​ដល់​បាញ់​សម្លាប់​កម្មករ​ចំនួន ៥​នាក់ រង​របួស​ជិត ៤០​នាក់ និង​ចាប់​ដាក់​ពន្ធនាគារ​ចំនួន ២៣​នាក់ កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ ដោយ​គ្រាន់​តែ​កម្មករ​ប្រមូល​ផ្តុំ​គ្នា​ទាមទារ​ដំឡើង​ប្រាក់​បៀវត្ស ១៦០​ដុល្លារ​ក្នុង​មួយ​ខែ៕

No comments:

Post a Comment

yes