សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 17, 2014

ផ្ទះ​លោកឈូកបណ្ឌិតនៅ​ក្រុង​បាវិតដាក់លក់តែ​មិន​មាន​អ្នកទិញ​

គេហដ្ឋាន លោក ឈូក បណ្ឌិត នៅក្រុងបាវិត (រូបថត កាន់ វិច្ឆិកា)

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ផ្ទះ លោក ឈូក បណ្ឌិត ស្ថិត​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ឲ្យដឹងថា គេហដ្ឋាន​ធំ​មួយ​របស់​លោក ត្រូវ​បាន​ភរិយា​ដាក់លក់​ជាង​១ ឆ្នាំ​ទៅ​ហើយ តែ​មកដល់​ពេលនេះ គឺ​មិន​មាន​អ្នកទិញ​ឡើយ​។
 
​ប៉ុន្តែ លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ត្រូវបាន​តុលាការ​ផ្តន្ទាទោស កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៣ ឲ្យ​ជាប់​ពន្ធនាគារ​១៨​ខែ និង​បង្គាប់​ឲ្យ​បង់​ប្រាក់​ជូន​ជនរងគ្រោះ សរុប ៣៨​លាន​រៀល ក្រោយ​រកឃើញថា បាន​ប្រើ​បាន​ប្រើ​អាវុធ​ខ្លី​របស់​ខ្លួន​បាញ់​កម្មការិនី​៣​នាក់​ឲ្យ​ របួសធ្ងន់ ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ការធ្វើ​បាតុកម្ម​របស់​ក​ម្មករ​នៅ​តំបន់ សេដ្ឋកិច្ច​ពិសេស​ខេត្ត​ស្វាយរៀង​ជាប់​ព្រំដែន​វៀតណាម កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២​។ ប៉ុន្តែ ពិរុទ្ធជន​រូបនេះ បាន​រត់គេចខ្លួន​បាត់ និង​មិន​ទាន់​ត្រូវបាន​ចាប់ខ្លួន​មក​ផ្តន្ទាទោស​។  


ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ផ្ទះ លោក ឈូក បណ្ឌិត ផ្តល់​បទសម្ភាសន៍​ផ្ទាល់​ដល់​VOD កាលពី​ថ្ងៃអាទិត្យ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ផ្ទះ​របស់​លោក ឈូក បណ្ឌិត ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​បាវិត ស្រុក​ចន្ទ្រា ក្រុង​បាវិត ខេត្ត​ស្វាយរៀង ត្រូវបាន​ភរិយា​របស់​លោក ឈូក បណ្ឌិត ដាក់លក់​ជាង​១​ឆ្នាំ​ហើយ តែ​មិន​មាន​ព្យួរ​ផ្លាក​ដាក់លក់ ហើយក៏​មិន​មាន​អ្នក​សួរ​នាំ​ចង់​ទិញ​ឡើយ​។​

ពលរដ្ឋ អះអាង​បន្តថា លោក ឈូក បណ្ឌិត អាច​នឹង​កំពុង​ស្ថិតនៅ​រាជធានី​ភ្នំពេញ ព្រោះថា ភរិយា និង​កូន​របស់​លោក រួម​នឹង​វីឡា​កម្មសិទ្ធិ​របស់​លោក តម្លៃ​ជិត​១​លាន​ដុល្លារ សុទ្ធតែ​នៅ​រាជធានី​ភ្នំពេញ​។ ពលរដ្ឋ​នោះ បន្ថែមថា ភាគច្រើន​នៃ​ប្រជាពលរដ្ឋ រស់នៅ​តំបន់​នោះ មិន​ចូល​ចិត្ត​អតីត​អភិបាលក្រុង​រូប​នេះ​ឡើយ ដោយសារ លោក ជា​បុគ្គល ដែល​តែងតែ​ប្រើប្រាស់​អំណាច​គាបសង្កត់​ពលរដ្ឋ ហើយ​ប្រាក់​ដែល​លោក មាន គឺ​សុទ្ធតែ​ទទួលបាន ពី​អំពើ​ពុករលួយ និង​ជិះជាន់​រាស្ត្រ ទន់ខ្សោយ​។​

VOD មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​ភរិយា​លោក ឈូក បណ្ឌិត ឬ​កូនៗ ជុំវិញ​ករណី​នេះ​នៅឡើយ​ទេ​។
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងថា រហូតមកទល់​ពេលនេះ សមត្ថកិច្ច នៅ​មិនទាន់មាន​តំរុយ​ថ្មី​ចំពោះ​ការលាក់ខ្លួន​របស់លោក ឈូក បណ្ឌិត ឡើយ ប៉ុន្តែ ក្រោយ​ការសង្ស័យថា លោក ឈូក បណ្ឌិត លាក់ខ្លួន​នៅ​ប្រទេស​វៀតណាម​នោះ អាជ្ញាធរ​កម្ពុជា បាន​ពឹងពាក់​អាជ្ញាធរ​វៀតណាម លើ​ករណី​នេះ តែ​មិន​ទាន់​មាន​សញ្ញាណ​វិជ្ជមាន​នោះទេ​។​

​មេធាវី​ម្នាក់​មក​ពី​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក ហុង គឹម​សួន មានប្រសាសន៍ថា លោក​ឈូក បណ្ឌិត​មាន​សិទ្ធិ​លក់​រាល់​ទ្រព្យសម្បត្តិ​ទាំងអស់ បើ​តុលាការ​មិន​បាន​ចេញ​ដីកា​ហាមឃាត់ ។ ប៉ុន្តែ​លោក​បន្តថា​ស្របពេល​ដែល​ជនរងគ្រោះ​មិនទាន់​ទទួលបាន​សំណង នោះ​ជនរងគ្រោះ ឬ​ដើម​បណ្តឹងរដ្ឋប្បវេណី អាច​ដាក់​ពាក្យ​ស្នើសុំ​តុលាការ​ចេញ​ដីកា​រក្សា​ការពារ​ ទ្រព្យសម្បត្តិរបស់ជនជាប់ចោទ «ទ្រព្យសម្បត្តិ ដែលជនហ្នឹងមាន គឺភាគីជនរងគ្រោះ ត្រូវដាក់ពាក្យសុំតុលាការ អនុវត្តរក្សាការពារផង បើជនរងគ្រោះអត់ស្នើសុំឲ្យអនុវត្ត រក្សាការពារ លើទ្រព្យសម្បត្តិរបស់ជនជាប់ចោទ ឬទណ្ឌិតទេនោះ គេនៅតែប្រកាសលក់បានអ៊ីចឹងហើយ ព្រោះមានន័យថា តុលាការអត់ហាមឃាត់គេផងហ្នឹង។ ជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី ជួនកាលជនរងគ្រោះគាត់អត់ដឹងទេ ដើមបណ្តឹងរដ្ឋប្បវេណី ជាពិសេសគឺមេធាវី របស់ជនរងគ្រោះ ដែលគាតកាន់រឿងហ្នឹង គាត់ត្រូវដឹងដោយ Automatic (ស្វ័យប្រវត្តិ) គាត់ដាក់ពាក្យទៅតុលាការមួយ សុំឲ្យតុលាការសុំធ្វើសេចក្តីសម្រេច រក្សាការពារដោយពិនិត្យមើលលើទ្រព្យសម្បត្តិ របស់ទណ្ឌិត ឬជនជាប់ចោទណា នៅកន្លែងណាខ្លះអ៊ីចឹងសុំឲ្យរក្សាការពារ តុលាការត្រូវធ្វើការស្នើសុំហ្នឹងហើយ នោះទ្រព្យសម្បត្តិហ្នឹងមិនអាចលក់ដូរបានទេ»។

​សម្រាប់​មេធាវី​ការពារ​ក្តី​ឲ្យ​ជនរងគ្រោះ លោក ជិន លីដា មានប្រសាសន៍ថា ការលក់​ទ្រព្យសម្បត្តិ​របស់​ជនជាប់ចោទ​លោក ឈូក បណ្ឌិត គឺ​មិន​ទាក់ទង​នឹង​ជនរងគ្រោះ​ទេ ព្រោះ​តុលាការ​មិន​ទាន់​ចេញ​សាលក្រម​ស្ថាពរ​ «នេះជាសិទ្ធិរបស់គេ ព្រោះទ្រព្យសម្បត្តិរបស់គេ ហើយម្យ៉ាងទៀត តុលាការក៏អត់មានប្រកាសថា ត្រូវរឹបអូសផ្ទះ ឬក៏ដីអីទុកជាសំណងជំងឺចិត្តរបស់ជនរងគ្រោះក្តី គ្រាន់តែបង្គាប់ឲ្យខាងជនរងគ្រោះប៉ុន្មានលានអ៊ីចឹង។ ទាល់តែមានសាលក្រមស្ថាពរ ឬក៏សាលដីកាស្ថាពរទៅ ហើយគាត់នៅតែលក់ទ្រព្យសម្បត្តិរបស់គាត់ទៀត គាត់គេចវេសមិនព្រមសង ជំងឺចិត្តជូនគាត់[ជនរងគ្រោះ ឬដើមបណ្តឹង] អ៊ីចឹងបានគាត់ខុស ឥឡូវលក្ខខណ្ឌវានៅស្ថាពរហើយ អត់ទាន់ចេញ រឿងហ្នឹងគេប្តឹងទៅក្រសួងទៀតហើយ ប្តឹងសាទុកទៅក្រសួងទៀតហើយ»។

​ករណីនេះ ក្រុមអ្នកតាមដាន​ព្រឹត្តិការណ៍​សង្គម យល់ថា ការ​មិន​ចាប់ខ្លួន​អតីតមន្ត្រី​មានអំណាច លោក ឈូក បណ្ឌិត មក​អនុវត្ត​ទោស​នៅពេលនេះ ដោយសារ​មាន​មន្ត្រីជាន់ខ្ពស់​របស់​បក្ស​កាន់​អំណាច​នៅ​ពីក្រោយ​៕

No comments:

Post a Comment

yes