សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 17, 2014

សង្គម​ស៊ីវិលស្នើ​បក្ស​កាន់​អំណាច​ដក​ចំណុច​ពិភាក្សា​ស្តីពី​សុចរិត​ភាព​សង្គម​ស៊ីវិល​​

 
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត 
ហៅកាត់ ខុមហ្វ្រែល (រូបថត៖ តាំង វីដា)

សង្គម​ស៊ីវិល នៅ​ថ្ងៃ​ចន្ទ​នេះ ស្នើឲ្យ​គណបក្សកាន់អំណាច ទម្លាក់ចោល​ចំណុច​ពិភាក្សា ស្តីពី អព្យាក្រឹតភាព និង​សុចរិត​ភាព​នៃ​សង្គម​ស៊ីវិល ដោយ​សំអាង​ថា​នេះ​គឺជា​ការ​រិត​ត្បិត​សិទ្ធិ​របស់​សង្គម​ស៊ីវិល ហើយ​ថា​ចំណុច​នេះ​មិន​មាន​ផលប្រយោជន៍​ដល់​ការកែទម្រង់​ការបោះឆ្នោត​ទេ។​
 
​ក្រោយពី​ជំនួប នៅ​ថ្ងៃ​ចន្ទ​នេះ គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម ដោយ​ឯកភាព​លើ​ចំណុច​ចំនួន​១៤ ក្នុងនោះ ក៏​បាន​ពិភាក្សា​គ្នា ស្តី​ពី​សុចរិត​ភាព​នៃ​សង្គម​ស៊ីវិល ដែល​ជា​ការលើកឡើងរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។​

​នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ​ហៅ កាត់​ថា ខុម​ហ្វ្រែល លោក គល់ បញ្ញា លើកឡើង​ក្នុង​កម្មវិធី​តុមូល ​VOD នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា ការ​ដែល​គណបក្សកាន់អំណាច លើកឡើង​ស្តីពី​អព្យាក្រឹតភាព និង​សុចរិត​ភាព​នៃ​សង្គម​ស៊ីវិល គឺ​មិន​មាន​ផលប្រយោជន៍​អ្វី​ដល់​ការចរចា ក្នុង​កំណែទម្រង់​ការបោះឆ្នោត​ទេ។ លោក​ស្នើឲ្យ​គណបក្ស​នយោបាយ ​ដក​ចំណុច​នេះ​ចេញពី​ក្នុង​របៀបវារៈ ចរចា​ទៅមុខទៀត​ព្រោះ​នេះ​គឺជា​ការ​រឹតបន្តឹង​សិទ្ធិសេរីភាព របស់​សង្គម​ស៊ីវិល ដែល​កំពុង​ធ្វើការ​ដោយ​ឯករាជ្យ ។


​សមាជិក​ម្នាក់​នៃ​គណៈកម្មការ​ចម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ចំណុច​នេះ​គឺ​គណបក្ស​ប្រជាជន​ជា​អ្នក​លើក​ឡើង​ទេ ហើយ​បក្ស​របស់​លោក​ក៏​មិន​គាំទ្រ​ឲ្យមាន​ដែរ ព្រោះ​សង្គម​ស៊ីវិល​គឺជា​ផ្នែក​មួយ​ដែល​ចាំបាច់ ក្នុង​ការតាមដាន​រាល់​សកម្មភាព​របស់​រដ្ឋាភិបាល អំពី​ការអភិវឌ្ឍន៍​ប្រទេស​។​

​សមាជិក​ម្នាក់​នៃ​គណៈកម្មការ​ចម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បដិសេធ​ចំពោះ​ការស្នើ​របស់​សង្គម​ស៊ីវិល ដោយ​លោក​លើកឡើង​ថា បច្ចុប្បន្ន​សង្គម​ស៊ីវិល​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន ដែល​មួយចំនួនធំ​ធ្វើការ​មិន​ឈរលើ​គោលការណ៍​ឯករាជ្យ​ទេ។

​ប៉ុន្តែ​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ លោក ហង្ស ពុទ្ធា ក៏​មិន​គាំទ្រ​ឲ្យមាន​ការបង្កើត​ច្បាប់​ស្តីពីអ​ព្យាក្រឹត​ភាព​របស់​សង្គម​ ស៊ីវិល ដែរ​ព្រោះ​ចំណុច​នេះ​មាន​លក្ខណៈ​ឆ្ងាយ​ពី​របៀបវារៈ​នៃ​ការចរចា កែ​ទម្រង់​ការ​បោះឆ្នោត​។ លោក​បន្តថា បច្ចុប្បន្ន​សង្គម​ស៊ីវិល​ដែល​កំពុង​ធ្វើកា​រលើ​ការបោះឆ្នោត គឺ​មាន​ភាពត្រឹមត្រូវ និង​ឯករាជ្យ​។ ផ្ទុយ​ទៅ​វិញ​មាន​តែ​សង្គម​ស៊ីវិល​ ដែល​គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច​ទេ ដែល​មិន​ឯករាជ្យ៕

No comments:

Post a Comment

yes