បុរសម្នាក់ក្នុងចំណោមអ្នកផ្សេងមួយចំនួនទៀត
រងរបួសក្នុងពេល
កម្លាំងអាជ្ញាធរបង្ក្រាបការតវ៉ារបស់ក្រុមបាតុករ
លោក
ម៉ម សូណង់ដូ នៅខាងមុខក្រសួងព័ត៌មាននៅ
ព្រឹកថ្ងៃ២៧ មករា
ឆ្នាំ២០១៤
មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា នៅព្រឹកថ្ងៃច័ន្ទ ទី២៤ ខែមីនា លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ បានជួបពិភាក្សាគ្នាជាមួយ លោក ម៉ម សូណង់ដូ ស្ដីពីសំណើសុំធ្វើបាតុកម្ម និងការដើរហែក្បួនទៅក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមីនា។
លោកបញ្ជាក់ថា សំណើយកទីលានប្រជាធិបតេយ្យដើម្បីដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្ម និងដើរហែក្បួន ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យទេ ដោយសារតែបញ្ហាអសន្តិសុខ៖ «ទាក់ទងទៅនឹងបញ្ហាហិង្សាកន្លងមកនៅ ទីលានប្រជាធិបតេយ្យហ្នឹង គឺយើងទុកទីលានប្រជាធិបតេយ្យហ្នឹងឲ្យផ្នែកខាងស្ថាប័នតុលាការធ្វើ ការស៊ើបអង្កេត នៅក្នុងបរិយាកាសមួយស្ងប់ស្ងាត់សិន។ អ៊ីចឹង បានជាយើងមិនទាន់ឲ្យគាត់ធ្វើបាតុកម្មនៅឡើយទេ»។
កាលពីថ្ងៃទី៣ ខែមីនា លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ បានដាក់លិខិតជូនដំណឹងជូន លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ស្ដីពីការធ្វើបាតុកម្ម នៅថ្ងទី៣១ ខែមីនា នាទីលានប្រជាធិបតេយ្យ ដោយមានមនុស្សចូលរួមប្រមាណ ២០០នាក់។
ប្រតិកម្មចំពោះការហាមរបស់សាលារាជធានីភ្នំពេញនេះ លោក ម៉ម សូណង់ដូ ថ្លែងថា ទោះបីជាអាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យធ្វើបាតុកម្មនៅថ្ងៃទី៣១ ខែមីនា ក៏ដោយ ប្រជាពលរដ្ឋនឹងរក្សាជំហរមកប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ ទៅតាមការគ្រោងទុក។ លោកបន្តថា ការធ្វើបាតុកម្មនេះ គឺដើម្បីទាមទារឲ្យក្រសួងព័ត៌មាន អនុញ្ញាតឲ្យវិទ្យុសម្បុកឃ្មុំ ដំឡើងកម្លាំងផ្សាយបន្តទៅតាមខេត្ត និងសុំហ្វ្រេកង់សម្រាប់បង្កើតទូរទស្សន៍ទៅតាមសំណូមពររបស់ ប្រជាពលរដ្ឋរាប់លាននាក់។
លោក ម៉ម សូណង់ដូ៖ «រដ្ឋាភិបាលណាក៏ដោយមិនមែនចង់បិទសិទ្ធិមិន ឲ្យប្រជាពលរដ្ឋស្តាប់វិទ្យុទេ គឺមានតែចង់អប់រំឲ្យពលរដ្ឋមានការចេះដឹង ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរដ្ឋាភិបាល។ ប៉ុន្តែឃើញថា ការចែកចាយអាជ្ញាប័ណ្ណទៅក្រុមហ៊ុនផ្សេងៗ ដោយក្រសួងព័ត៌មាន ហ្នឹង គឺឃើញថា មានភាពអយុត្តិធម៌។ ពីព្រោះអ្វីដែលខ្ញុំទាមទារដំឡើងកម្លាំងផ្សាយហ្នឹង តាំងពីឆ្នាំ២០០៥ មកម្ល៉េះ ហើយមកដល់សព្វថ្ងៃ គឺគេផ្តល់អាជ្ញាប័ណ្ណទៅដល់ក្រុមហ៊ុនផ្សេងៗ ក៏ដូចជាអាជ្ញាប័ណ្ណទូរទស្សន៍ផងដែរ»។
មិនទាន់មានការអត្ថាធិប្បាយពីមន្ត្រីក្រសួងព័ត៌មាន ជុំវិញសំណើរបស់ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំ ស្នើដំឡើងកម្លាំងផ្សាយបន្តទៅតាមខេត្ត និងសុំហ្វ្រេកង់សម្រាប់បង្កើតទូរទស្សន៍នៅឡើយទេ នៅថ្ងៃច័ន្ទ ទី២៤ ខែមីនា។
លោក ម៉ម សូណង់ដូ ថ្លែងថា សំណើស្នើសុំហ្វ្រេកង់សម្រាប់បង្កើតទូរទស្សន៍ រូបលោកបានដាក់ពាក្យស្នើសុំទៅក្រសួងព័ត៌មាន តាំងពីឆ្នាំ២០០៥ មកម្ល៉េះ ប៉ុន្តែលោកថា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន បានឆ្លើយថា មិនមានហ្វ្រេកង់ទូរទស្សន៍សម្រាប់ផ្តល់ជូនតាមការស្នើសុំរបស់លោក ទេ៕

No comments:
Post a Comment
yes