ស្នាក់ការ សហភាពអឹរ៉ុប នៅរាជធានីភ្នំពេញ (រូបថត៖ តាត ឧត្តម)
ការប្រកាសគាំទ្រនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបិទទ្វាររយៈពេលជិតមួយម៉ោង រវាងប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងគណៈប្រតិភូសហភាពអឺរ៉ុបចំនួន៧នាក់ នៅរសៀលថ្ងៃពុធនេះ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមកិច្ចពិភាក្សា លោកស្រី មូរ សុខហួរ ថ្លែងទៅកាន់អ្នកសារព័ត៌មានថា សហភាពអឺរ៉ុប បានគាំទ្រឲ្យមានការបោះឆ្នោតឡើងវិញ ដោយសេរី និងយុត្តិធម៌។ លោកស្រី បន្តថា ក្នុងជំនួបលើកនេះ សហភាពអឺរ៉ុប ក៏បានគាំទ្រឲ្យមានការស៊ើបអង្កេតលើករណីស្ករអំពៅ ឬហៅថាស្ករលោហិត និងពិចារណាឡើងវិញពីការនាំចូលស្ករអំពៅទៅសហភាពអឺរ៉ុប។
VOD មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយ ពីមន្ត្រីគណបក្សប្រជាជនកម្ពុជាបាននៅឡើយទេ។
លេខាធិការប្រតិបត្តិ នៃគណៈកម្មាធិកាប្រព្រឹត្តិកម្ម លោក សួន ប៊ុនស័ក្ត យល់ថា ការគាំទ្រនេះ បញ្ជាក់ពីការដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជាតាមរយៈការទូត ឬតាមរយៈរូបភាពផ្សេងៗ ដូចជាការកាត់ជំនួយ។ លោក បន្តថា ទោះបីមានការដាក់សម្ពាធពីសហភាពអឺរ៉ុបយ៉ាងណាក៏ដោយ មានតែថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ អាចចេញមុខដោះស្រាយបញ្ហានេះ ដែលអាចដោះស្រាយភាពជាប់គាំងនយោបាយ។
កាលពីថ្ងៃទី១៨ ខែមីនា ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោក Karel de Gucht បានលើកឡើងពីការព្រួយបារម្ភលើបញ្ហាដីសម្បទានចម្ការស្ករអំពៅ និងបញ្ហាការធ្វើបាតុកម្មរបស់កម្មករទៅកាន់រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មលោក ស៊ុន ចាន់ថុល។
ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងសហភាពអឺរ៉ុប បានកើនឡើងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មអ្វីៗគ្រប់យ៉ាងលើកលែងតែ សព្វាវុធ។ ទំហំពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាទៅសហភាព កើនឡើង៣០ភាគរយ គឺមានតម្លៃ៣៣០០លានដុល្លារ កាលពីឆ្នាំ២០១៣ ជាពិសេសផលិតផលសម្លៀកបំពាក់ បន្ទាប់មកស្បែកជើង កង់ និងអង្ករ។ ការនាំចេញស្ករស មានត្រឹមតែ១.៦ភាគរយនៃការនាំចេញនោះ ដែលចំនួននេះឡើងជាងបីដងដល់ទៅ៥៣លានដុល្លារ សម្រាប់ឆ្នាំ២០១៣៕

No comments:
Post a Comment
yes