បញ្ជរលក់សំបុត្ររថយន្តក្រុងភ្នំពេញសូរិយា (រូបភាព៖ ប្រែង សត្យាភិរក្ស)
ថ្នាក់ដឹកនាំសហជីពក្រុមហ៊ុន រថយន្តក្រុង ភ្នំពេញសូរិយា ព្រមានធ្វើកូដកម្មទ្រង់ទ្រាយធំ ប្រសិនបើក្រសួងការងារ មិនព្រមអន្តរាគមន៍លើការទាមទាររបស់ខ្លួន ហើយក្រុមហ៊ុន នៅតែមិនគោរពលក្ខខណ្ឌការងារ ឬមិនទទួលស្គាល់សហជីពកម្មករ ដែលបានបង្កើតឡើងស្របតាមច្បាប់នោះ។
ប្រធានសហជីពប្រចាំក្រុមហ៊ុន លោក សម្បត្តិ វន ប្រាប់VOD ឲ្យដឹងថា នៅម៉ោងជាង១១ព្រឹកនេះ ថ្នាក់ដឹកនាំសហជីព បានមូលមតិគ្នា ដាក់ញត្តិស្នើអន្តរាគមន៍ ចំនួន ១១ចំណុច ទៅកាន់ក្រសួងការងារ ដោយសារតែភាគីក្រុមហ៊ុន បន្តមិនអើពើចំពោះការទាមទាររបស់បុគ្គលិក។ លោកថា បើក្រសួងការងារ មិនអន្តរាគមន៍លើញត្តិទាមទារនោះ គឺថ្នាក់ដឹកនាំសហជីព នឹងដឹកនាំបុគ្គលិកបើករថយន្ត ក្នុងក្រុមហ៊ុននេះ ដែលមានទីតាំងទាំង ៧រាជធានី-ខេត្ត ឈប់ធ្វើការតែម្តង។
លោក សម្បត្តិ វន ឲ្យដឹងថា ការទាមទារ១១ចំណុច រួមមាន ដំឡើងប្រាក់ឈ្នួលគោល ៦០ដុល្លារបន្ថែមលើប្រាក់ឈ្នួលដែលបុគ្គលិកមានស្រាប់ ទាមទារឲ្យក្រុមហ៊ុន គោរពលក្ខខណ្ឌការងារផ្តល់ប្រាក់ថែមម៉ោង និងប្រាក់ថ្ងៃបុណ្យជាដើម ជាពិសេស គឺអនុញ្ញាតឲ្យថ្នាក់ដឹកនាំ និងសមាជិកសហជីព ដែលទើបបង្កើតឡើង កាលពីថ្ងៃទី៩ ខែមេសានេះ ចូលធ្វើការវិញតាមធម្មតា និងទទួលស្គាល់តាមផ្លូវច្បាប់ ដោយឥតលក្ខខណ្ឌ។ លោកថា បច្ចុប្បន្ននេះ បុគ្គលិក ចំនួន ២០នាក់ ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ ក្រោមហេតុថា ជាសមាជិកនៃសហជីព ដែលថៅកែ ក្រុមហ៊ុនមិនទទួលស្គាល់។
VOD មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បាននៅឡើយទេ។
ប៉ុន្តែ អគ្គនាយកក្រុមហ៊ុន ភ្នំពេញសូរិយា លោក ចាន់ សុផាន់ណា អះអាងថា លោក មិនបានដឹងលម្អិតពីការទាមទាររបស់បុគ្គលិកទាំងនោះទេ តាំងពីដើមរហូតមកទល់ពេលនេះ គឺមិនមានភាពច្បាស់លាស់ និងមានភាពចាប់បង្ខំ ដោយក្រុមហ៊ុន មិនមានលទ្ធភាពឆ្លើយតបបានឡើយ។ លោកថា ក្រុមហ៊ុនរបស់លោក គឺមិនមានសហជីពឡើយ ហើយរាល់ការទាមទាររបស់បុគ្គលិក គឺមិនបានជូនដំណឹងជាលាយលក្ខអក្សរមកកាន់ក្រុមហ៊ុននោះទេ។ លោក បន្ថែមថា ក្រុមហ៊ុន បានអនុវត្តផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ជាច្រើនដល់បុគ្គលិក មិនដូចការចោទប្រកាន់នោះទេ។
មន្ត្រីចងក្រងសមាគម និងដោះស្រាយវិវាទនៅសហភាពការងារកម្ពុជា លោក ហៀង គឹមហ៊ុន ដែលតាមដានករណីនេះ យល់ថា ការលើកឡើងរបស់ភាគីក្រុមហ៊ុន មិនបានឆ្លុះបញ្ចាំងពីការពិតឡើយ ហើយការទាមទាររបស់បុគ្គលិកក្រុមហ៊ុន បានកើតឡើង និងបានជួបចរចាជាមួយភាគីក្រុមហ៊ុនម្តងមកហើយ តែមិនមានលទ្ធផល។ លោកថា ថ្វីបើសហជីពប្រចាំក្រុមហ៊ុននេះ កើតឡើងក្រោយការតវ៉ានៅដើមខែមេសានេះក្តី តែតាមនីតិវិធីច្បាប់ គឺពួកគេ ត្រូវបានទទួលស្គាល់ តាំងពីថ្ងៃទី៩ ខែមេសាម្ល៉េះ បន្ទាប់ពីក្រសួងប្រៃសណីយ៍ បានឆ្លើយតបជាលាយលក្ខអក្សរចំពោះសហជីពនេះ។
កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤ អ្នកបើកបររថយន្តក្រុងជិត១០០នាក់ របស់ក្រុមហ៊ុនភ្នំពេញសូរិយាដឹកអ្នកដំណើរ បានធ្វើកូដកម្ម ទាមទារដំឡើងប្រាក់ខែ និងឲ្យក្រុមហ៊ុន គោរពលក្ខខណ្ឌការងារ ក្រោយមក បុគ្គលិកផ្នែកបើកបរ ៣នាក់ត្រូវបានក្រុមហ៊ុន បញ្ឈប់ពីការងារ រួមមាន លោក សម្បត្តិ វន លោក ញឹម គុយបា និង លោក ឃុន សៅនី ដែលពួកគេបច្ចុប្បន្ននេះ មានតួនាទីជាប្រធាន និងអនុប្រធាន សហជីពដែលទើបបង្កើតថ្មី ក្រោយធ្វើកូដកម្មនោះ៕
No comments:
Post a Comment
yes