អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក្នុង
សន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២២ មេសា ឆ្នាំ២០១៤
គណបក្សសង្គ្រោះជាតិ ទាមទាររដ្ឋាភិបាលឱ្យចាត់វិធានការ ដូចជា ការដក ឬព្យួរការងារចំពោះអភិបាលរងខណ្ឌដូនពេញ ដែលបញ្ជាឱ្យប្រើហិង្សាវាយរបួសមនុស្សនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២១ មេសា។ មន្ត្រីរដ្ឋាភិបាលកំពុងរង់ចាំមើលបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២២ មេសា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ថ្លែងថា នៅថ្ងៃទី២៨ មេសា សប្ដាហ៍ក្រោយ បេក្ខជនគណបក្សសង្គ្រោះជាតិ នឹងដាក់លិខិតទៅរដ្ឋាភិបាល ដើម្បីឱ្យមានវិធានការរដ្ឋបាលលើអភិបាលរងខណ្ឌដូនពេញ គឺលោក សុខ ពេញវុធ៖ «ធ្វើតាមរដ្ឋបាល យើងចាប់ផ្ដើមនៅថ្ងៃច័ន្ទ នេះហើយ ហើយដូចខ្ញុំជម្រាបហើយ មេធាវីគណបក្សសង្គ្រោះជាតិ កំពុងតែមើលលើករណីទាំងអស់នេះ។ ជនរងគ្រោះ គឺជាករណីរបស់គេ បើសិនជាគេចង់ប្ដឹងជាបុគ្គល ហ្នឹងជារឿងរបស់គេ តែចំពោះបក្សសង្គ្រោះជាតិ យើងធ្វើ។ ខ្ញុំសុំជម្រាបថា ការកែទម្រង់ប្រព័ន្ធតុលាការ កែទម្រង់ការគ្រប់គ្រងប្រទេសនេះ គឺជាចំណុចដ៏សំខាន់ ដ៏ក្ដៅគគុក នៅក្នុងការចរចា ដើម្បីឱ្យយើងទៅចូលសភា ឬមិនចូលសភា។ យើងអត់ទុកចោលទេ»។
បន្ថែមលើបញ្ហានេះ អ្នកស្រីក៏ទាមទារឱ្យបង្កើតគណៈកម្មការស៊ើបអង្កេតហេតុការណ៍កាលពីពេលកន្លងមកដែរ។
មន្ត្រីនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា នៅពេលនេះ រដ្ឋាភិបាលមិនទាន់ប្រាកដថា នឹងត្រូវចាត់អ្វី ឬឆ្លើយតបបែបណាចំពោះការទាមទារ និងបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ នៅឡើយទេ ដរាបណាមិនទាន់បានទទួលលិខិត និងបណ្ដឹងច្បាស់លាស់នោះ៖ «ខ្ញុំជឿថា លោកជំទាវ មូរ សុខហួរ លោកជាអ្នកច្បាប់ លោកច្បាស់ជាយល់ច្បាស់ពីនីតិវិធីក្នុងការសុំឱ្យព្យួរតំណែងមន្ត្រីនយោបាយ ឬមន្ត្រីរដ្ឋាភិបាលណាមួយ តាមវិធីនៃច្បាប់។ ខ្ញុំមិនដឹងថា គាត់នឹងចោទទៅលើធាតុផ្សំអីខ្លះ នៅក្នុងការព្យួរហ្នឹង។ បើលោកជំទាវគ្រាន់តែនិយាយឱ្យបានតែឮនោះ គឺពិបាកនិយាយណាស់ ទាល់តែមានធាតុផ្សំនៃបណ្ដឹង។ តើហេតុផលអ្វីដែលលោកជំទាវគាត់ប្ដឹង ហើយប្ដឹងនៅក្នុងវិធានអ្វី នៅក្នុងច្បាប់អ្វី? ប៉ុន្តែលោកជំទាវមានសិទ្ធិនៅក្នុងបណ្ដឹងតវ៉ាតតាំងជាមួយមន្ត្រីនយោបាយ ឬមន្ត្រីរដ្ឋាភិបាលណាមួយ ដែលលោកយល់ឃើញថា ប៉ះពាល់ដល់ផលប្រយោជន៍របស់លោក»។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងរកការឆ្លើយតបពីអភិបាលរងខណ្ឌដូនពេញ លោក សុខ ពេញវុធ បាននៅឡើយទេ នៅថ្ងៃទី២២ មេសា។
រីឯមន្ត្រីនាំពាក្យសម្រាប់សាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ក៏មិនទាន់អាចធ្វើអត្ថាធិប្បាយអ្វីបានដែរជុំវិញបញ្ហានេះ។
អ្នកស្រី មូរ សុខហួរ បញ្ជាក់ឱ្យដឹងថា លិខិតរដ្ឋបាលដែលនឹងដាក់ទៅរដ្ឋាភិបាល និងបណ្ដឹងតាមផ្លូវច្បាប់ គឺធ្វើដោយគណបក្សសង្គ្រោះជាតិ ហើយអ្នករងរបួសនឹងធ្វើពាក្យបណ្ដឹងទៅតាមករណីដោយឡែក។
យុវជនគណបក្សសង្គ្រោះជាតិ ដែលរងរបួសដោយសារកម្លាំងសន្តិសុខវាយ គឺលោក ស្រី សម័យ ថ្លែងថា លោកនៅមិនទាន់សម្រេចចិត្តធ្វើបែបណាទេ ដោយរង់ចាំមើលបណ្ដឹងរបស់គណបក្សសិន៖ «ខ្ញុំចាំមើលលោកជំទាវរៀបចំពាក្យបណ្ដឹងហ្នឹងនៅថ្ងៃច័ន្ទ។ អ៊ីចឹងចាំមើលថ្ងៃអង្គារ ថ្ងៃពុធ ឬដល់ថ្ងៃព្រហស្បតិ៍ ហ្នឹង ហើយគាត់បែងចែកយ៉ាងម៉េចហ្នឹង ប្រហែលជាខ្ញុំអាចដឹងថា ខ្ញុំត្រូវប្ដឹង ឬមិនប្ដឹង»។
កាលពីព្រឹកថ្ងៃទី២១ មេសា កម្លាំងសន្តិសុខខណ្ឌដូនពេញ ដែលបញ្ជាដោយអភិបាលរងខណ្ឌដូនពេញ គឺលោក សុខ ពេញវុធ ព្យាយាមបណ្ដេញ អ្នកស្រី មូរ សុខហួរ ចេញពីទីលានប្រជាធិបតេយ្យ ហើយវាយឱ្យអ្នកគាំទ្រ និងអ្នកកាសែត ១០នាក់រងបួសធ្ងន់ និងស្រាល។
អ្នកស្រី មូរ សុខហួរ ថ្លែងថា ក្រៅពីការធ្វើលិខិតរដ្ឋបាល និងបណ្ដឹងទៅតុលាការ អ្នកស្រីក៏នឹងជួបជាមួយមន្ត្រីទូតអន្តរជាតិដែរ ទាក់ទងនឹងការប្រើហិង្សានៅទីលានប្រជាធិបតេយ្យ។ អ្នកស្រីគ្រោងនឹងទៅទីលានប្រជាធិបតេយ្យទៀត ពីថ្ងៃទី៣០ មេសា រហូតដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤៕
No comments:
Post a Comment
yes