ខណៈដែលអង្គការ ការពារធនធានធម្មជាតិ (NRPG) នឹងប្រារព្ធខួប ២ឆ្នាំនៃការធ្វើឃាតលោក ឈុត វុទ្ធី នៅកន្លែងដែលលោកត្រូវបានគេបាញ់សម្លាប់ នៅថ្ងៃទី២៦ ខែមេសាខាងមុខនេះ ក្រុមគ្រួសាររបស់លោក ឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួននឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ឲ្យស៊ើបអង្កេត និងចាប់ឃាតករពិត ដែលបានបាញ់សម្លាប់លោក ឈុត វុទ្ធី មកផ្តន្ទាទោសតាមច្បាប់។
កូនប្រុសលោក ឈុត វុទ្ធី អតីតប្រធានអង្គការការពារធនធានធម្មជាតិ និងជាសកម្មជនការពារព្រៃឈើ លោក ឈើយ ឧត្តមរស្មី ប្រាប់VOD នៅរសៀលថ្ងៃអង្គារ ទៅ២២ ខែមេសានេះថា ឪពុករបស់លោកត្រូវបានគេបាញ់ស្លាប់ អស់រយៈពេលពីរឆ្នាំទៅហើយ នៅតែមិនទាន់ចាប់ជនដៃដល់ពិតប្រាកដ មកផ្តន្ទាទោសតាមច្បាប់ ផ្ទុយទៅវិញតុលាការក៏ដូចជារដ្ឋាភិបាល បានចោទកូនទាហានម្នាក់ថា ជាឃាតករសម្លាប់លោក ឈុត វុទ្ធីទៅវិញ។ លោករិះគន់ថា តុលាការកម្ពុជាមិនឯករាជ្យ ស្ថិតក្រោមឥទ្ធិពលអ្នកមានអំណាច។
នាយកប្រតិបត្តិអង្គការការពារធនធានធម្មជាតិ (NRPG) លោក ឈឹម សាវុធ មានប្រសាសន៍ថា ការដែលតុលាការកាត់សេចក្តីថា លោក ឈុត វុទ្ធីត្រូវបានលោកអ៊ិន រតនាជាអ្នកបាញ់សម្លាប់នោះមិនត្រឹមត្រូវទេ ព្រោះការស្លាប់រវាងអ្នកទាំងពីរមានលក្ខណៈខុសគ្នាស្រឡះ ហើយលោកក៏អស់ជំនឿនឹងតុលាការនៅកម្ពុជាដែរ។ លោកបន្តថា អ្នកដែលបញ្ជាឲ្យសម្លាប់លោកឈុត វុទ្ធី នោះមិនមែនជាកូនទាហានតូចតាចនេះទេ គឺជាក្រុមមនុស្សមួយចំនួនដែលមានអំណាចក្នុងជួររដ្ឋាភិបាល។
លោក ឈុត វុទ្ធី ជាសកម្មជនការពារព្រៃឈើ ត្រូវបានជនសង្ស័យជាមន្ត្រីកងរាជអាវុធហត្ថម្នាក់ ឈ្មោះ អ៊ិន រតនា បាញ់សម្លាប់នៅចំណុចវាលបី ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅពេលដែលរូបលោក និងអ្នកកាសែត The Cambodia Daily ពីរនាក់ចូលទៅថតគំនរឈើ នៅក្រុមហ៊ុន Timber Green។
ក្នុងហេតុការណ៍នោះដែរ មន្ត្រីកងរាជអាវុធហត្ថឈ្មោះ អ៊ិន រតនា នោះក៏ត្រូវគេបាញ់ស្លាប់ផងដែរ។ សំណុំរឿងនេះ ត្រូវបានតុលាការសាលាដំបូងខេត្តកោះកុង សម្រេចតម្កល់រឿងមិនចាត់ការ ពោលគឺសំណុំរឿងក្តីនោះ ត្រូវបានតុលាការអះអាងថា ឃាតករដែលសម្លាប់លោក ឈុត វុទ្ធី គឺឈ្មោះ អ៊ិន រតនា ហើយឈ្មោះ អ៊ិន រតនា ក៏ត្រូវបានសម្លាប់ដែរ ដូច្នេះបណ្តឹងអាជ្ញាក៏រលត់។
ប៉ុន្តែ តុលាការបានចោទប្រកាន់លើ ប៉េអឹមម្នាក់ទៀត ឈ្មោះ រ៉ាន់ បូរ័ត្ន ថាជាអ្នកសម្លាប់ឈ្មោះ អ៊ិន រតនា ដោយអចេតនា ដោយផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ។ ក៏ប៉ុន្តែសាលក្រម នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ ចៅក្រមតុលាការខេត្តកោះកុង លោក ខាន់ សុផារី បានតម្រូវឲ្យបុរសជាប់ចោទ រ៉ាន់ បូរ័ត្ន ជាប់ពន្ធនាគារត្រឹមតែ ៦ខែប៉ុណ្ណោះ រីឯទោសនៅសល់ ១ឆ្នាំ និង៦ខែទៀត ត្រូវព្យួរទោស៕
No comments:
Post a Comment
yes