ក្បួនដង្ហែញត្តិរបស់គណបក្សសង្គ្រោះជាតិ ឆ្ពោះទៅកាន់ស្ថានទូតអាមេរិក
កាលពីព្រឹកថ្ងៃទី២៤ តុលា ឆ្នាំ២០១៣
អស់រយៈពេលជាង ៨ខែមកហើយចាប់តាំងពីការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលស្ថានការណ៍នយោបាយរបស់កម្ពុជា នៅបន្តភាពចម្រូងចម្រាសចាក់ស្រេះដោះស្រាយមិនចេះចប់។ បក្សប្រជាជនកម្ពុជា ដែលប្រកាសជ័យជំនះដោយខ្លួនឯងថា បានសំឡេង ៦៨អាសនៈ ហើយបក្សសង្គ្រោះជាតិបាន ៥៥អាសនៈមុន គ.ជ.ប ប្រកាសតួលេខដូចគ្នានោះ កំពុងក្ដោបក្ដាប់អំណាចតែម្នាក់ឯង ជាពិសេស ការត្រួតត្រារដ្ឋសភាជាតិដោយគណបក្សតែមួយ។
តើបញ្ហានេះបានធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់បក្សកាន់អំណាច និងធ្វើឲ្យបក្សមួយនេះជួបការលំបាកយ៉ាងណាក្នុងស្ថានភាពជាប់គាំងនយោបាយនោះ?
ការប្រកាសលទ្ធផលឆ្នោតដោយខ្លួនឯង ការក្ដោបក្ដាប់រដ្ឋសភាតែម្នាក់ឯង ការប្រជុំសភាតែម្នាក់ឯង ការអនុម័តច្បាប់ជាច្រើនតែម្នាក់ឯង មិនត្រឹមតែធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់បក្សប្រជាជនកម្ពុជា ធ្លាក់ប្រជាប្រិយភាពក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែមានការរិះគន់ពីបណ្ដាប្រទេសលោកសេរីជាច្រើន។ ជាពិសេសបណ្ដាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ចាប់តាំងពីកម្ពុជា បានចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលមានប្រទេសចំនួន ១៨ ធ្វើជាសាក្សីថា កម្ពុជានឹងគោរព ហើយអនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ រួច កម្ពុជាបានបង្កើតរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ខ្លួនមួយ ដោយយោងទៅតាមគោលការណ៍របស់កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ គោលការណ៍ទាំងនោះគឺតម្រូវឲ្យកម្ពុជា មានការគោរពសេរីភាពជាមូលដ្ឋានរបស់មនុស្ស និងមានពហុភាគីក្នុងអង្គការនីតិប្បញ្ញត្តិ។
ចាប់តាំងពីរដ្ឋសភាដែលមានអាសនៈរបស់គណបក្សនយោបាយចំនួន ៤ នៅឆ្នាំ១៩៩៣ រហូតដល់នៅសល់អាសនៈរបស់គណបក្សនយោបាយចំនួន ២ នៅឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា ហាក់ចង់បោះពួយឲ្យមានតែគណបក្សតែមួយ។
តើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមមន្ត្រីបក្សកាន់អំណាចដែលព្យាយាមធ្វើឲ្យសំឡេងបក្សប្រឆាំងចុះទន់ខ្សោយ ឬព្យាយាមបំបាត់សំឡេងក្រុមប្រឆាំងនេះ អាចធ្វើឲ្យប្រជាប្រិយភាពរបស់ខ្លួនក្នុងស្រុក និងឆាកអន្តរជាតិ រីកស្រស់បំព្រងល្អដូចផ្កាដែរទេ?
ចម្លើយនេះអ្នកណាក៏ដឹងសឹងគ្រប់ៗគ្នាទៅហើយថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំដោយលោក ហ៊ុន សែន ហាក់មានភាពឯកា ដែលមិនត្រឹមតែបាត់បង់ការគាំទ្រពីសំណាក់មន្ត្រីរាជការ សិស្ស និស្សិត គ្រូបង្រៀន និងព្រះសង្ឃប៉ុណ្ណោះទេ តែថែមទាំងមានការរិះគន់ និងថ្កោលទោសជាប្រចាំពីសំណាក់ប្រទេសអ្នកផ្ដល់ជំនួយជាច្រើន។
ចាប់តាំងពីការបោះឆ្នោតជាតិនាខែកក្កដា រួចមក កម្លាំងមហាជនបាននាំគ្នាបះបោរធ្វើបាតុកម្មជាបន្តបន្ទាប់ដើម្បីតវ៉ាទៅនឹងលទ្ធផលឆ្នោត ដែលពួកគេចាត់ទុកថា មិនត្រឹមត្រូវ មិនយុត្តិធម៌ និងមិនតម្លាភាព។
កម្ដៅនៃកំហឹងមហាជនបានផ្ទុះឡើងចេញជាបាតុកម្មយ៉ាងគគ្រឹកគគ្រេងពុះកញ្ជ្រោលសឹងពាសពេញទីក្រុងជាញឹកញាប់ស្ទើររៀងរាល់ថ្ងៃ។ អ្នកខ្លះសុខចិត្តលក់មាន់ លក់ទារ លក់ឆ្កែ ឬដើរដង្ហែទាំងកូន ទាំងចៅ ឲ្យតែបានមកស្រែកហៅឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង។
ចំនួនអ្នកធ្វើបាតុកម្មនៅតាមដងផ្លូវនៅពេលនោះ បានកើនឡើងជាប្រចាំ រហូតដល់ចំនួនជាង ១លាននាក់ នៅចុងខែធ្នូ ឆ្នាំ២០១៣។ កម្លាំងយុវជនបានដើរតួនាទីយ៉ាងខ្លាំងក្លាក្នុងការដឹកមុខគេដោយផ្ទាល់ និងតាមរយៈបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក (Facebook) ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និងកែទម្រង់ស៊ីជម្រៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលពួកគេចាត់ទុកថាមិនឯករាជ្យ។
ជាការឆ្លើយតប កងកម្លាំងរបស់បក្សកាន់អំណាចបានបំបែកទាំងហ្វូងបាតុកម្ម និងបំបែកការជួបប្រជុំគ្នានៅទីលានប្រជាធិបតេយ្យចាប់ពី ២នាក់ឡើងទៅ។
គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំដោយគណបក្សតែមួយនៅក្នុងរដ្ឋសភា ក្រៅតែពីជួបនូវវិបត្តិនីត្យានុកូលភាព ឬវិបត្តិនៃភាពស្របច្បាប់ក្នុងការបង្កើតរដ្ឋាភិបាល និងការធ្លាក់ចុះនូវប្រជាប្រិយភាពនោះ បក្សមួយនេះក៏កំពុងជួបការលំបាកក្នុងការដឹកនាំសង្គមទាំងមូលផងដែរ។
ភាពលំបាកវេទនារបស់គណបក្សប្រជាជនកម្ពុជា នៅពេលនេះ គឺដោយសារតែមនុស្សក្មេងចាស់ប្រុសស្រីភាគច្រើនបានក្លាយទៅជាមនុស្សថ្មីដែលចេះដឹងខុសត្រូវ ចេះតាមដានព័ត៌មាន ចេះស្គាល់អំពីសិទ្ធិរបស់ខ្លួន មានសមត្ថភាព និងចេះវិភាគបាន ចាប់ផ្ដើមទាមទារ និងចាប់ចូលរួមនៅក្នុងឆាកនយោបាយសង្គម។
ចំណុចដែលប្រជាពលរដ្ឋទាំងនេះក្លាយទៅជាមនុស្សថ្មី ហើយស្គាល់ច្បាស់អំពីសិទ្ធិ និងប្រជាធិបតេយ្យ កាន់តែក្លាយជាឧបសគ្គសម្រាប់បក្សកាន់អំណាចដែលប្រជុំទៅដោយក្រុមមន្ត្រីចាស់គំរឹលដែលមានវប្បធម៌ដឹកនាំហួសសម័យ មានរបៀបធ្វើតាមទម្លាប់ចាស់ ការគិតគូរ វែកញែកតាមបែបចាស់អន់ថយ។ កត្តាទាំងនេះបានធ្វើក្រុមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ចាស់ៗទាំងនោះខ្វះបទពិសោធន៍ក្នុងការដឹកនាំមនុស្សថ្មី។
ភាពលំបាកមួយទៀត គឺនៅត្រង់កាំបិតចិតដងឯង ខណៈដែលគណបក្សប្រជាជនកម្ពុជា ចង់ធ្វើកំណែទម្រង់ស៊ីជម្រៅ ប៉ុន្តែអាចប៉ះទង្គិចដល់ក្រុមគ្រួសាររបស់ខ្លួនក្នុងជួររដ្ឋាភិបាល។
ការកែទម្រង់ប្រព័ន្ធដឹកនាំរដ្ឋស៊ីជម្រៅអាចធ្វើទៅបានលុះត្រាតែឲ្យមានបញ្ចូលមនុស្សថ្មី រៀបចំប្រព័ន្ធថ្មី និងរចនាយុទ្ធសាស្ត្រថ្មីប្រកបដោយតម្លាភាពត្រឹមត្រូវ។
ប្រសិនបើមានការកែទម្រង់ស៊ីជម្រៅរបៀបនេះមែន នោះគណបក្សប្រជាជនកម្ពុជា នឹងមានការលំបាកដោយសារមន្ត្រីពុករលួយ និងមន្ត្រីខិលខូចជាច្រើនសុទ្ធសឹងតែជាសែស្រឡាយរបស់មេដឹកនាំដ៏មហិមាក្នុងប្រទេសកម្ពុជា។
របាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក (Global Witness) ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០៧ ដែលមានចំណងជើងថា សែស្រឡាយអ្នកលក់ជាតិ រកឃើញថា សាច់ញាតិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភាគច្រើនជាអ្នកលក់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេសធនធានធម្មជាតិ ដូចជាព្រៃឈើប្រណិតៗ និងភោគទ្រព្យរ៉ែ។
ក្រៅពីភាពលំបាកខាងការកែទម្រង់ប្រព័ន្ធដឹកនាំរដ្ឋដោយសារលំបាកក្នុងការដោះស្រាយសំណាញ់អំណាចដ៏ស៊ីជម្រៅចាក់ស្រេះមិនអាចប្រេះឆានោះ រដ្ឋាភិបាលដែលត្រួតត្រាដោយបក្សប្រជាជនកម្ពុជា ក៏កំពុងជួបការធ្លាក់ចុះខាងផ្នែកសេដ្ឋកិច្ចថែមទៀត។
តើការបន្តដឹកនាំប្រទេសដោយរដ្ឋសភាដែលមានគណបក្សតែមួយ អាចធ្វើឲ្យដង្ហើមសេដ្ឋកិច្ចរបស់ប្រទេសនៅរស់យូរដល់ប៉ុណ្ណា?
តាំងពីអ្នកលក់ដូរតូចតាចនៅតាមផ្សារ រហូតដល់ក្រុមអាជីវករធំៗ បានត្អូញត្អែរសឹងគ្រប់គ្នាទៅហើយថា ការរកស៊ីប្រកបរបរជួញដូររបស់ពួកគេហាក់មិនសូវកាក់កបដូចមុនៗ ជាពិសេសវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម កំពុងបោះជំហានទៅរកចំណុចអន់ថយជាបណ្តើរៗ។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញរបាយការណ៍ឆ្នាំ២០១៤ របស់ខ្លួនថា សេដ្ឋកិច្ចកម្ពុជា បានធ្លាក់ចុះពីចំនួន ៧.៥ភាគរយ មកត្រឹម ៧ភាគរយ ដែលចំនួននេះមានកម្រិតទាបជាងប្រទេសភូមា និងប្រទេសឡាវ ទៅទៀត។ ការធ្លាក់ចុះនេះភាគច្រើនទៅលើវិស័យកាត់ដេរ សំលៀកបំពាក់ ខណៈកម្ពុជាស្ថិតក្នុងស្ថានភាពនយោបាយជាប់គាំងចាប់តាំងពីខែកក្កដា។
របាយការណ៍របស់ ADB បង្ហាញថា ចាប់តាំងពីភាពតានតឹងផ្នែកនយោបាយចាប់ផ្តើមឡើងកាលពីខែកក្កដា និងបាតុកម្មទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លាររបស់កម្មកររោងចក្រកាត់ដេរបានបង្អាក់ដល់ការនាំចេញផលិតផលសំលៀកបំពាក់ចេញទៅលក់នៅក្រៅប្រទេសនៅចុងឆ្នាំ២០១៣ និងឆ្នាំ២០១៤។ របាយការណ៍នោះក៏បានឲ្យដឹងផងដែរថា ភាពមិនច្បាស់លាស់ខាងផ្នែកនយោបាយ និងភាពប្រថុយប្រថាននៃចលាចលរបស់កម្មករ បានធ្វើឲ្យវិស័យវិនិយោគធ្លាក់ចុះព្រមទាំងប៉ះទង្គិចខ្លាំងដល់វិស័យទេសចរណ៍ និងសកម្មភាពលក់ដូរផ្ទះសម្បែង។ ប៉ុន្តែតាមការព្យាករបឋមសម្រាប់ឆ្នាំ២០១៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលយោងតាមទិន្នន័យស្ថិតិផ្លូវការរបស់ស្ថាប័នពាក់ព័ន្ធ និងវិទ្យាស្ថានជាតិស្ថិតិនៅខែមិថុនា ឆ្នាំ២០១៣ កំណើនផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០១៣ មានចំនួន ៧.៦%។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម រកឃើញថា វិស័យសេដ្ឋកិច្ចរបស់ប្រទេសដែលធ្លាក់ចុះខ្លាំងជាងគេ គឺវិស័យកសិកម្ម។ ក្នុងឆ្នាំ២០១៣ កន្លងទៅ កម្ពុជាជួបប្រទះបញ្ហាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។ គ្រោះទឹកជំនន់នៅឆ្នាំ២០១៣ បានប៉ះទង្គិចកម្ពុជា ខ្លាំងសឹងប្រហាក់គ្នាទៅនឹងគ្រោះទឹកជំនន់កាលពីឆ្នាំ២០១១ កន្លងទៅដែរ គឺប៉ះទង្គិចរហូតដល់ទៅ ២០ខេត្ត-ក្រុង ធ្វើឲ្យពលរដ្ឋជាង ៣សែន ៧ម៉ឺនគ្រួសារ ស្មើនឹងជាង ១លាន ៦សែននាក់ ដែលភាគច្រើនជាកសិករជួបការលំបាក។ បញ្ហានេះនឹងអាចធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ជួបហានិភ័យធ្ងន់ធ្ងរខាងផ្នែកហិរញ្ញវត្ថុនៅគ្រាស្ថានភាពនយោបាយជាប់គាំង ហើយខ្វះការគាំទ្រពីប្រទេសលោកសេរី។
ទាក់ទិនទៅនឹងអោនភាពខាងផ្នែកសេដ្ឋកិច្ចនៅគ្រានយោបាយកំពុងជាប់គាំងទ្រឹងនេះ មិនត្រឹមតែធ្វើឲ្យប៉ះទង្គិចដល់ចំណូលរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងអាជីវករប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះទង្គិចដល់ក្រុមអ្នកនយោបាយពីខាងបក្សប្រឆាំងផងដែរ។
រហូតមកទល់ពេលនេះ មានតំណាងរាស្ត្ររបស់បក្សប្រឆាំងជាច្រើនបានចេញមកធ្វើទស្សនកិច្ចនៅក្រៅប្រទេស ជាពិសេសមកកាន់សហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី ដើម្បីស្វែងរកជំនួយ និងការគាំទ្របន្ថែម។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររបស់លោកក្នុងរដ្ឋវឺជីនៀ (Virginia) សហរដ្ឋអាមេរិក កាលពីពាក់កណ្ដាលខែមេសា ថា ដង្ហើមសេដ្ឋកិច្ចរបស់បក្សប្រឆាំងគឺនៅតាមបណ្ដាប្រទេសលោកសេរី ដែលមិនអាចធ្វើឲ្យបក្សនេះក្ស័យធននោះឡើយ។
ទោះបីជាក្រុមមន្ត្រីបក្សប្រឆាំងអះអាងថា ពួកគេនៅតែមានលទ្ធភាពខាងផ្នែកហិរញ្ញវត្ថុដើម្បីតតាំងជាមួយបក្សកាន់អំណាចក៏ដោយ ហើយបក្សកាន់អំណាចនៅតែមិនព្រមដោះស្រាយបញ្ហាជាប់គាំងនយោបាយរបស់ប្រទេសក៏ដោយ ក៏ចុងបញ្ចប់អ្នកដែលត្រូវរងទុក្ខវេទនា គឺមានតែប្រជារាស្ត្ររបស់ខ្លួនប៉ុណ្ណោះ។
នៅពេលពលរដ្ឋស្ថិតក្នុងភាពក្រីក្រ មនុស្សជាច្រើននឹងបន្ទោសទៅដល់ការដឹកនាំរបស់បក្សកាន់អំណាច ហើយដែលអាចនាំឲ្យមហាជនងើបតវ៉ាកាន់តែខ្លាំង ធ្វើឲ្យសង្គមកាន់តែវឹកវរ។ នៅពេលនោះ បក្សកាន់អំណាច មិនត្រឹមតែបាត់បង់ប្រជាប្រិយភាពក្នុងស្រុកធ្ងន់ធ្ងរទេ តែបក្សមួយនេះអាចរងការថ្កោលទោសខ្លាំងពីសហគមន៍អន្តរជាតិ ដែលអាចឈានដល់ការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចពីមហាអំណាចលោកសេរីថែមទៀត៕
No comments:
Post a Comment
yes