កម្មការិនីឈរទិញអាហារថ្ងៃត្រង់សម្រាប់ទទួលទាន នៅមុខរោងចក្រ សេន ចូវ (SHEN ZHOU) នាសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១១
ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តក្រុងមួយចំនួនដែលពុំមានមុខរបរ បានជ្រើសយកការងារជាកម្មកររោងចក្រនៅតាមតំបន់ទីប្រជុំជន ឬនៅរាជធានីភ្នំពេញ។ បើទោះជាមានប្រាក់ឈ្នួលតិចតួចត្រូវចាយវាយយ៉ាងត្បិតត្បៀតសម្រាប់ខ្លួនឯងហើយក្ដី កម្មករភាគច្រើនមានបន្ទុកគ្រួសារថែមទៀត។ ពួកគេត្រូវចែករំលែកផ្ញើទៅសមាជិកគ្រួសារនៅឯស្រុក។
តើស្ថានភាពរស់នៅរបស់កម្មករក្នុងវិស័យកាត់ដេរបច្ចុប្បន្នមានកម្រិតបែបណាដែរ?
នៅតាមច្រកផ្លូវមួយដែលតភ្ជាប់ពីផ្លូវវ៉េងស្រេង ជាតំបន់ឧស្សាហកម្មកាត់ដេរដ៏ធំនៅរាជធានីភ្នំពេញ ដែលមានកម្មកររាប់ម៉ឺននាក់កំពុងរស់នៅ និងបំពេញការងារ។
«សំឡេងចរាចរណ៍»
នៅតាមដងផ្លូវដ៏មមាញឹកដែលមានមនុស្សម្នាយ៉ាងកកកុញ និងធូលីដីហុយទ្រលោមក្នុងរដូវប្រាំង ដែលមើលទៅហាក់ដូចជាមេឃរកកល់ចង់ភ្លៀង ឬចុះអាប់យ៉ាងដូច្នោះ អ្នកដំណើរភាគច្រើនជាកម្មករ បានធ្វើដំណើរជាហ្វូងចេញពីរោងចក្រ ទៅកាន់ទីស្នាក់អាស្រ័យរបស់ពួកគេ នោះ គឺផ្ទះជួល។
ក្នុងបន្ទប់ជួលទំហំប្រមាណ ៣ម៉ែត្របួនជ្រុង កម្មការិនី ណុប សាវ៉េត វ័យ ៣០ឆ្នាំ បានថ្លែងអំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់នាង ក្នុងឋានៈជាកម្មកររោងចក្រជិត ១០ឆ្នាំមកហើយនោះថា នាងគ្មានជម្រើសទេ គឺត្រូវតែយកការងារជាកម្មកររោងចក្រដែលគ្មានតម្រូវការចំណេះដឹងខ្ពស់ឡើយ ក្រៅពីយកកម្លាំងមកប្ដូរនោះ។ បើខែណាខាងរោងចក្រមានតម្រូវការច្រើន គាត់នឹងត្រូវធ្វើការថែមម៉ោង ដើម្បីប្ដូរនឹងប្រាក់ឈ្នួលដែលអាចបានពី ១០០ដុល្លារ ទៅ ១៣០ដុល្លារ ដែលគ្រួសារគាត់នៅឯស្រុកកំពុងត្រូវការជាចាំបាច់។
កម្មការិនី ណុប សាវ៉េត៖ «ធ្វើការរោងចក្រលះបង់អស់ហើយបងអើយ កម្លាំងកាយកម្លាំងចិត្តអីអស់រលីងហើយ។ មកដល់ផ្ទះវិញអស់កម្លាំងហ្មង បើយើងមិនឃ្លានវិញ សឹងតែលូនដេកហើយ។ បានប្រាក់ខែមក ខ្ញុំត្រូវចំណាយច្រើន ជាពិសេសថ្លៃផ្ទះ គ្រាន់តែបើកភ្លាមឲ្យគេភ្លាមហ្មង អត់ហ៊ានទុកចាយច្រើនទេ ព្រោះអីអត់មានលុយផ្ញើទៅឲ្យម៉ែ។ អ៊ីចឹងខ្ញុំទុកត្រឹមតែ ១០រៀល (១០ដុល្លារ) ទុកចាយ ហើយចំណែកលុយចាយ ខ្ញុំត្រូវថែមម៉ោងយកលុយរង្វាន់ប្រចាំថ្ងៃ និងលុយបាយយកមកចាយ។ ក្នុងមួយខែ ខ្ញុំឲ្យទៅម៉ែ ៥០ ទៅ ៦០រៀល (៦០ដុល្លារ)។ ប្អូនខ្ញុំត្រូវរៀនទៀត ចឹងខ្ញុំគ្រាន់តែឲ្យប្អូនខ្ញុំម្នាក់ ១ម៉ឺន ២ម៉ឺនហ្នឹង អស់ចូល ២០-៣០រៀល (៣០ដុល្លារ) បាត់ហើយ។ ចំណែកលុយទិញសម្លៀកបំពាក់ ខ្ញុំទិញតែពេលភ្ជុំ ហើយនិងចូលឆ្នាំ»។
ម៉ោងប្រមាណ ៦ល្ងាចទៅហើយ សមាជិកក្នុងគ្រួសារ សាវ៉េត ដែលជាកម្មការិនីដែរ ចាប់ផ្ដើមធ្វើម្ហូបដែលនាងបម្រុងទុកសម្រាប់ពេលល្ងាច។
«សំឡេងចៀនត្រី»
ត្រីចៀនសឹងតែជាអាហារប្រចាំរបស់នាងទៅហើយ សាវ៉េត ថ្លែងថា ប្រាក់ខែនាងមិនអាចទៅទិញសាច់ជ្រូក សាច់គោទទួលទានញឹកញាប់បានទេ សូម្បីតែត្រីក៏នាងត្រូវទិញត្រីប្រភេទតូចៗមកទទួលទានដែរ៖ «ខ្ញុំអត់ដែលបានហូបម្ហូបឆ្ងាញ់ទេ។ បើម្ហូបឆ្ងាញ់ដែលខ្ញុំគិតដូចជាទិញសាច់គោមកឡុកឡាក់អ៊ីចឹង ទិញងៀត ១គីឡូ ២គីឡូអីមកហូប ជុំបងប្អូនអ៊ីចឹង ដូចថាបើយូរៗមានម្ដងចាត់ទុកថា ជប់លៀង ប៉ុន្តែខ្ញុំអត់ដែលបានហូបទេ»។
កម្មការិនីមួយរូបទៀត គឺកញ្ញា យ៉េង យុថូ មានស្រុកកំណើតនៅខេត្តកំពង់ចាម ត្អូញថា ការងារជាកម្មកររោងចក្រគ្រាន់តែជាកិច្ចការមួយបណ្ដោះអាសន្ន សម្រាប់ទប់ទល់នឹងជីវភាពរស់នៅរបស់ពួកគេ ដែលអាចរស់មួយថ្ងៃសម្រាប់មួយថ្ងៃប៉ុណ្ណោះ មិនអាចឲ្យពួកគេមានលំនឹងក្នុងជីវិតបានឡើយ។ ទីបំផុតទៅ ពួកគេគ្មានសេសសល់អ្វីក្រៅពីជំងឺប្រចាំជាប់កាយ៖ «និយាយទៅ បើជីវភាពដូចខ្ញុំកសិករ មកនៅប៉ុណ្ណឹង ដូចថា វាបានតែត្រឹម១រួចខ្លួនអ៊ីចឹង ប៉ុន្តែឲ្យសល់ជាដុំកំភួនអត់មានទេ។ យើងត្រូវចំណាយច្រើនជីវភាពគ្រួសារ ហើយការហូបចុកផ្ទាល់ខ្លួន»។
ដោយសារតែប្រាក់ឈ្នួលនៅមានកម្រិតទាប ចំណាយច្រើន ហូបចុកមិនគ្របគ្រាន់ បានតោងឲ្យមានការតវ៉ានៅតាមដងផ្លូវជាញឹកញាប់។ ការទាមទាររបស់ពួកគេពីថៅកែរោងចក្រ និងរដ្ឋាភិបាល គ្មានអ្វីក្រៅពីឲ្យថៅកែគោរពច្បាប់ការងារ ទាមទារដំឡើងប្រាក់ឈ្នួលគោល និងបញ្ឈប់ការរើសអើងសហជីពនោះឡើយ។
«សំឡេងតវ៉ាដំឡើងប្រាក់ខែ ១៦០ដុល្លារនៅមុខទីស្ដីការ»
ប្រធានសម្ព័ន្ធសហជីពកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ មានទស្សនៈថា ស្ថានភាពពិតរបស់កម្មករ ដោយសារតែប្រាក់ខែចាយមិនគ្រប់ បានទាមទារឲ្យមានការតវ៉ា។ ប៉ុន្តែការតវ៉ាបានធ្វើឲ្យពួកគេរងគ្រោះពីសំណាក់ថៅកែ និងថ្នាក់ដឹកនាំរោងចក្រតាមរូបភាពផ្សេងៗទៅវិញ៖ «បើយើងនៅតែបន្តទៀត កូដកម្មបាតុកម្មយើងនឹងប្រើប៉ូលិស ឬក៏អាជ្ញាធរឲ្យមករករឿងយើង ហើយក្នុងករណីយើងនៅតែបន្តទៀត ភាគច្រើនគាត់ប្រើប្រព័ន្ធតុលាការ ដូចជា ប្ដឹងទៅតុលាការពីបទញុះញង់។ និយោជកខ្លះរហូតដល់ថ្នាក់ដឹកនាំសហជីព ឬក៏សកម្មជន យើងតវ៉ាខ្លាំងទៅ ជួលជើងកាងអីមកវាយ មានខ្លះទៅដល់មានសម្លាប់ កន្លងមកអីយើងគិតថានឹងបន្តមានសម្រាប់និយោជកជាច្រើន ដែលគាត់មិនមានបំណងចង់ដោះស្រាយបញ្ហា ជាពិសេស គឺក្រុមហ៊ុនតូចៗ ឬថៅកែហ្នឹងដែលមាន ឬក៏ភាគហ៊ុន ជនជាតិខ្មែរយើងដែលគាត់អាចនឹងគេចពីការទទួលខុសត្រូវផ្លូវច្បាប់បាន គាត់អត់សូវជាអ្នកគោរពសិទ្ធិកម្មករខ្ពស់ប៉ុន្មានទេ»។
ការសិក្សាជាច្រើនបានរកឃើញថា មូលហេតុប្រាក់ខែតិចធ្វើឲ្យកម្មករមិនអាចរស់នៅបាន នៅពេលដែលតម្លៃស្បៀងអាហារកាន់តែកើនខ្ពស់ ហើយមានកម្មករជាង ៧០% ជួបបញ្ហាសុខភាព មានភាពស្គមស្គាំង និងស្លេកស្លាំង។ នេះជាបញ្ហាសំខាន់ដែលធ្វើឲ្យកម្មករសន្លប់កំឡុងពេលបំពេញការងារប្រចាំថ្ងៃ។ កម្មករមិនហ៊ានចំណាយលុយច្រើនទេ ដើម្បីអាហារល្អដែលមានជីវជាតិទ្រទ្រង់រាងកាយសម្រាប់អាហារទាំងបីពេល។ ភាគច្រើនបរិភោគអាហារដែលធូរថ្លៃ ដូចជា លៀសហាល ជ្រក់ស្ពៃ ជ្រក់ត្រសក់ បាយស្រូបលាយជាមួយម្ហូបនៅមុខរោងចក្រ ជាដើម។
ប៉ុន្តែ បញ្ហានេះ ត្រូវបានប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក វ៉ាន់ ស៊ូអៀង អះអាងថា ថៅកែរោងចក្រមួយចំនួនបានព្យាយាមផ្ដល់អាហារូបត្ថម្ភជូនកម្មករ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពកម្មករ។ ប៉ុន្តែ ពួកគេបែរជាតវ៉ាមិនចូលធ្វើការនៅពេលពើបប្រទះបញ្ហាមួយចំនួនតាមរយៈការញុះញង់ពីសហជីពទៅវិញ៖ «ធ្វើដល់គេខ្លាច គេអត់ហ៊ានរកម្ហូបឲ្យកម្មករញ៉ាំទៀតទេណា។ មែន ញ៉ាំប្រមាណមួយឆ្នាំអីហើយ មានតែម្ង៉ៃម្ហូបហ្នឹង ដូចជាអត់ស្អាត មិនមែនខុសមកពីរោងចក្រទេ ខុសពីក្រុមហ៊ុនគេប៉ាវហ្នឹងណា។ ចឹងកម្មករត្រូវតែយល់ថា អូ! អាហ្នឹងមិនមែនរោងចក្រសុំឲ្យរោងចក្រដូរក្រុមហ៊ុនហ្នឹងឲ្យវាធ្វើអីញ៉ាំស្អាត អាហ្នឹងរោងចក្រទទួល។ ប៉ុន្តែយើងធ្វើកូដកម្មប្ដឹងរោងចក្រ រោងចក្រខាតលុយច្រើនណាស់»។
ទោះជាយ៉ាងណា លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមឯករាជ្យមានប្រសាសន៍ថា យោងតាមការស្រាវជ្រាវ កម្មកររោងចក្រមានសុខភាពទន់ខ្សោយ ស្លេកស្លាំង សន្លប់ច្រើន គឺដោយសារប្រាក់ខែគោលមានកម្រិតទាប ដែលត្រូវបង្ខំចិត្តចាយវាយត្បិតត្បៀត និងបរិភោគអាហារខ្វះជីវជាតិទ្រទ្រង់។ ដោយទ្រាំនឹងប្រាក់ខែរស់នៅមិនសមរម្យតទៅទៀតលែងបាន មួយរយៈពេលចុងក្រោយនេះ កម្មករបានប្ដូរឈាម ប្ដូរជីវិតតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ លែងខ្លាចគ្រាប់កាំភ្លើង។
«សំឡេងបាញ់គ្នានៅលើកំណាត់ផ្លូវវ៉េងស្រេង»
ការតវ៉ាទាមទារនោះ បានត្រូវរងការបង្ក្រាបយ៉ាងចាស់ដៃពីសំណាក់កងកម្លាំងអាជ្ញាធររដ្ឋាភិបាល ដែលឈានទៅដល់ការបាញ់សម្លាប់ក្រុមអ្នកតវ៉ាចំនួន ៥នាក់ បង្កឲ្យរបួសជិត ៤០នាក់ និងចាប់ខ្លួនចំនួន ២៣នាក់ដាក់ពន្ធនាគាររយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។
«សំឡេងបាញ់គ្នានៅលើកំណាត់ផ្លូវវ៉េងស្រេង»
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលឃ្លាំមើលការគោរពសិទ្ធិមនុស្ស បានថ្កោលទោសការបង្ក្រាបនេះ ថាជាអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) លោក មឿន តុលា បានកត់សម្គាល់ថា បច្ចុប្បន្នកម្មកររោងចក្រហូបចុកមិនគ្រប់ សម្រាកមិនគ្រប់ និងធ្វើការលើសកម្លាំង បញ្ហាដែលនាំឲ្យកម្មករស្ថិតក្នុងលក្ខខណ្ឌបែបនេះ គឺដោយសារតែប្រាក់ឈ្នួលទាប។ លោកថា ការដំឡើងប្រាក់ឈ្នួល ១០០ដុល្លារក្នុង១ខែ បានដើរស្របគ្នានឹងតម្លៃទំនិញនៅលើទីផ្សារ និងថ្លៃជួលកន្លែងស្នាក់នៅកំពុងហក់ឡើងខ្ពស់ដែរ។ ក្រៅអំពីបញ្ហាទាំងនេះ បរិយាកាស និងសារធាតុគីមីក្នុងរោងចក្រ និងកន្លែងស្នាក់នៅក្នុងបន្ទប់ជួលតូចចង្អៀត គឺបានជំរុញឲ្យកម្មករដួលសន្លប់ជាញឹកញាប់។
លោកថា ជាដំណោះស្រាយ គឺមានតែការដំឡើងប្រាក់ឈ្នួលជូនកម្មករ និងការកែលំអស្ថានភាពក្នុងរោងចក្រតែប៉ុណ្ណោះ។ លោក មឿន តុលា បានហៅកម្មករវិស័យកាត់ដេរថា ធ្វើការដូចជាទាសករ៖ «ប្រាក់ឈ្នួលទាបមិនមែនជាកត្តាដែលធ្វើឲ្យមានស្ថិរភាពនៅក្នុងការធ្វើអាជីវកម្មទេ ប៉ុន្តែអ្វីដែលរដ្ឋាភិបាលត្រូវគិត ដើម្បីទាក់ទាញអ្នកវិនិយោគទុននោះ គឺហេដ្ឋារចនាសម្ពន្ធត្រូវគិតអំពីតម្លៃទឹកភ្លើង ត្រូវគិតអំពីអំពើពុករលួយ កាត់បន្ថយការចំណាយក្រៅផ្លូវការឲ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត គឺអាចទាក់ទាញអ្នកវិនិយោគទុនហើយ»។
ក្ដីស្រមៃដ៏តូច តែស្ទើររកមិនបានរបស់កម្មការិនី ណុប សាវ៉េត មិនខុសពីកម្មករដទៃទៀតប៉ុន្មានទេ គឺនាងគ្រាន់តែចង់បានប្រាក់ឈ្នួលឡើងច្រើនជាងពេលបច្ចុប្បន្ន ធ្វើការចេញនៅម៉ោង ៤ល្ងាច ឬថែមដល់ត្រឹមម៉ោង ៦ល្ងាច មានលុយខ្លះផ្ញើទៅផ្ទះ និងសល់សម្រាប់សន្សំទុកយ៉ាងហោច ៣០ដុល្លារ ទៅ ៤០ដុល្លារក្នុងមួយខែ។ ក្រៅអំពីខ្លួនឯង នាងក៏មានក្ដីប៉ងប្រាថ្នាបន្ទាន់មួយទៀត គឺស្នើឲ្យរដ្ឋាភិបាល និងតុលាការដោះលែងមនុស្ស ២៣នាក់ឲ្យមានសេរីភាពពិតប្រាកដ៖ «ខ្ញុំរាល់ថ្ងៃនេះ ខ្ញុំធ្វើការមានតែកាយទេ ចិត្តខ្ញុំអត់ចង់ធ្វើការទេ។ ខ្ញុំចង់ឲ្យកម្មករទាំងអស់មានចិត្តដូចខ្ញុំ ទាមទារទាំងអស់គ្នាដើម្បីឲ្យដោះលែងអ្នកដែលចាប់ទៅ ព្រោះអីប្រាក់ខែរបស់ពួកខ្ញុំបាន ១០០ នេះ គឺពួកគាត់អ្នកទាមទារជាមួយពួកខ្ញុំ ហើយបើគេចាប់គាត់ ប្រាក់ខែបានមកខ្ញុំ ខ្ញុំចាយទាំងឈឺចាប់»។
No comments:
Post a Comment
yes