ព្រះសង្ឃនិងសហគមន៍មានទំនាស់ដីលើកបដាទាមទារឲ្យដោះលែងមនុស្ស ២៣នាក់ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០១៤
សហព័ន្ធអន្តរជាតិទទួលបន្ទុកសិទ្ធិមនុស្ស ទទូចឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការការចោទប្រកាន់នានា លើតំណាងសហជីព អ្នកការពារសិទ្ធិមនុស្ស កម្មករ និងប្រជាពលរដ្ឋចំនួន ២៣នាក់ ដែលត្រូវអាជ្ញាធររដ្ឋាភិបាលវាយដំ និងចាប់ខ្លួនកាលពីដើមខែមករា ឆ្នាំ២០១៤។ ស្ថាប័នសិទ្ធិមនុស្សអន្តរជាតិមួយនេះ លើកឡើងថា ការចាប់ខ្លួនជនទាំង ២៣នាក់នេះ គឺជារឿងនយោបាយ។
សហព័ន្ធអន្តរជាតិទទួលបន្ទុកសិទ្ធិមនុស្ស ហៅកាត់ថា ហ្វីដ្ហ (FIDH) រួមជាមួយអង្គការដែលជាសមាជិករបស់ខ្លួន ២ផ្សេងទៀត គឺអង្គការអាដហុក (Adhoc) និងលីកាដូ (Licadho) បានជំរុញឲ្យ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាក់រាល់បទចោទទាំងអស់ប្រឆាំងនឹងសកម្មជនសិទ្ធិមនុស្ស និងកម្មករទាំង ២៣នាក់ និងបានទទូចឲ្យតុលាការកម្ពុជា បញ្ចប់ការកាត់ទោសចំពោះពួកគេ។
ស្ថាប័នការពារសិទ្ធិមនុស្សអន្តរជាតិមួយនេះ លើកឡើងថា ការដែលរដ្ឋាភិបាលកម្ពុជា បានឃុំខ្លួនជនទាំង ២៣នាក់ អស់ជាច្រើនខែកន្លងមកនេះ គឺរដ្ឋាភិបាលមានបំណងប្រើប្រាស់ពួកគេធ្វើជានុយនយោបាយ សម្រាប់ប្រើប្រាស់ក្នុងការចរចាជាមួយគណបក្សប្រឆាំង។ ប្រការនេះ សហព័ន្ធអន្តរជាតិទទួលបន្ទុកសិទ្ធិមនុស្សកត់សម្គាល់ថា ការប្រើប្រាស់ប្រព័ន្ធតុលាការកាត់ទោសទៅលើពួកគេ វាគ្រាន់តែបង្ហាញឧទាហរណ៍មួយផ្សេងទៀត អំពីកង្វះឯករាជភាពរបស់តុលាការកម្ពុជាប៉ុណ្ណោះ។
ស្ថាប័ននេះក៏បានលើកឡើងថា ការកាត់ទោសរឹតតែធ្វើឲ្យកម្មករមានអារម្មណ៍ពុះកញ្ជ្រោលពីភាពអយុត្តិធម៌នៅកម្ពុជា ដោយហេតុថា មានមនុស្សជាច្រើនត្រូវបានចាប់ខ្លួន ខ្លះបាត់បង់ជីវិត ហើយខ្លះទៀតបានបាត់ខ្លួន ប៉ុន្តែចំពោះអ្នកដែលបានបង្កអំពើហិង្សាបែរជារួចខ្លួនទៅវិញ ហើយមិនមានសង្ឃឹមថា តុលាការនឹងនាំយកពួកគេមកកាត់ទោសតាមច្បាប់ឡើយ។
សហព័ន្ធអន្តរជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលជាស្ថាប័នអន្តរជាតិតំណាងឲ្យអង្គការសិទ្ធិមនុស្សប្រមាណ ២០០ ក្នុងទ្វីបចំនួន ៥ នៅលើសកលលោក ក៏បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជា ធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់ចំពោះការបាត់ខ្លួនយុវជន ខែម សុផាត អាយុ ១៦ឆ្នាំ ក្រោយព្រឹត្តិការណ៍បង្ក្រាបរបស់សមត្ថកិច្ចលើក្រុមកម្មករក្បែរសួនឧស្សាហកម្មកាណាឌីយ៉ា កាលពីថ្ងៃទី៣ ខែមករា។
នៅក្នុងព្រឹត្តិការណ៍បង្ក្រាបនោះ គេឃើញយុវជន ខែម សុផាត ត្រូវរបួសដេកលើដងផ្លូវ ហើយក៏បានបាត់ខ្លួនតាំងពីពេលនោះរហូតដល់សព្វថ្ងៃ។ លើសពីនេះ សហព័ន្ធអន្តរជាតិទទួលបន្ទុកសិទ្ធិមនុស្សក៏អំពាវនាវឲ្យសហគមន៍អន្តរជាតិ និងប្រទេសផ្ដល់ជំនួយដល់កម្ពុជា ថ្កោលទោសរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងស្នើពួកគេជំរុញឲ្យរដ្ឋាភិបាលទម្លាក់បទចោទ និងដោះលែងជនទាំង ២៣នាក់ជាបន្ទាន់។
ឆ្លើយតបចំពោះការលើកឡើងទាំងអស់នេះ អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា បានមានប្រសាសន៍នៅថ្ងៃទី២៦ ខែមេសា ថា ការចាប់ខ្លួនជនទាំង ២៣នាក់ គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ធ្វើឡើងដើម្បីថែរក្សាសណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គម។ លោកថា ក្នុងពេលនេះរដ្ឋាភិបាលមិនមានសិទ្ធិទម្លាក់បទចោទប្រកាន់ចំពោះពួកគេឡើយ ព្រោះករណីនេះបានធ្លាក់ក្នុងដៃតុលាការរួចទៅហើយ ហើយវាគឺសិទ្ធិអំណាចរបស់តុលាការ។
លោក ទិត សុធា៖ «រដ្ឋាភិបាលមានកាតព្វកិច្ចការពាររដ្ឋធម្មនុញ្ញ ការពារសុវត្ថិភាពសេចក្ដីសុខ សេចក្ដីថ្លៃថ្នូរសម្រាប់ប្រទេសជាតិ ដូច្នេះក្នុងនាមប្រទេសដទៃ មិនគួរគប្បីចេះតែលើកតាមទំនើងចិត្តខ្លួនឯង ប៉ុន្តែមិនយល់អំពីភាពជាក់ស្ដែងដែលជាកាតព្វកិច្ចរបស់រដ្ឋាភិបាល។ ខ្ញុំយល់ថា ជាការលើកឡើងខុសឆ្គងណាស់ ពីព្រោះអ្នកទាំង ២៣នាក់ ដែលពាក់ព័ន្ធទៅនឹងបណ្ដឹងឡើងតុលាការនេះ គឺបានធ្វើត្រឹមត្រូវតាមនីតិវិធីរបស់តុលាការអស់ហើយ មានការចោទសួរមានការឆ្លើយបំភ្លឺអ៊ីចឹង អ៊ីចឹងមិនមែនហេតុផលដូចការលើកឡើងខុសឆ្គងរបស់អង្គការទាំងនោះទេ»។
ទាក់ទងនឹងការចោទប្រកាន់ដែលថា រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ឃុំខ្លួនជនទាំង ២៣នាក់ ដើម្បីប្រើប្រាស់ធ្វើជានុយនយោបាយ សម្រាប់ចរចាជាមួយបក្សប្រឆាំងនោះ លោក ទិត សុធា បានបញ្ជាក់ថា រដ្ឋាភិបាលមិនមានគំនិតថោកទាប ដូចការចោទប្រកាន់នេះទេ ហើយអះអាងថា អ្វីដែលរដ្ឋាភិបាលបានធ្វើ គឺដើម្បីថែរក្សាសន្តិសុខ និងសុវត្ថិភាពសង្គម។ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមេសា បានបើកការជំនុំជម្រះលើជនជាប់ចោទទាំង ២៣នាក់ និងយុវជន ២នាក់ផ្សេងទៀត ដែលពាក់ព័ន្ធនឹងអំពើហិង្សានៅក្បែរគល់ស្ពានស្ទឹងមានជ័យ ក៏ត្រូវបានជំនុំជម្រះក្នុងថ្ងៃតែមួយ។ ពួកគេត្រូវចោទប្រកាន់ពីបទបង្កហិង្សាដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។
សវនាការកាត់ទោសនៅថ្ងៃទី២៥ មេសា មិនបានធ្វើឡើងចប់សព្វគ្រប់ទេ ហើយត្រូវបានបិទបញ្ចប់ទៅវិញ បន្ទាប់ពីមន្ត្រីអនុរក្សពន្ធនាគារបានស្នើសុំចៅក្រមបញ្ជូនខ្លួនជនជាប់ចោទយកទៅពន្ធនាគារវិញ។ ពេលនោះ ចៅក្រមក៏យល់ព្រម ហើយបានប្រកាសលើកពេលទៅធ្វើការជំនុំជម្រះនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ ខាងមុខ៕
No comments:
Post a Comment
yes