តម្លៃទំនិញ ម្ហូបអាហារ ផ្ទះសំណាក់ និងសណ្ឋាគារ នៅតំបន់ទេសចរណ៍ សៀមរាប ឡើងថ្លៃលើសពីថ្ងៃធម្មតា ទ្វេរដង ខណៈថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរជិតចូលមក បើទោះបីអាជ្ញាធរ អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន អាហារដ្ឋាន មិនឲ្យតំឡើងថ្លៃក៏ដោយ។
មគ្គុទេសក៍ទេសទេសចរណ៏ និងជាអនុប្រធានសមាគមទ្រទ្រង់ក្ដីសង្ឃឹម មគ្គុទេសក៍ទេសចរណ៍ នៅសៀមរាប លោក ព្រហ្ម សុវណ្ណ ប្រាប់VOD នៅព្រឹកថ្ងៃសុក្រនេះថា តម្លៃផ្ទះសំណាក់ សណ្ឋាគារ និងអាហារ ចាប់ផ្ដើមឡើងថ្លៃប្រមាណពាក់កណ្ដាល នៅរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។ លោកថា តម្លៃផ្ទះសំណាក់ធម្មតាមួយយប់១០ដុល្លារ ឡើងលើសថ្ងៃធម្មតា ៥ដុល្លារ ហើយតម្លៃអាហារ ដូចជាមាន់ដុតមួយ១០ដុល្លារ ឡើងដល់២០ដុល្លារជាដើម។ លោកស្នើឲ្យម្ចាស់ក្រុមហ៊ុនដែលបំរើសេវានេះ កុំឲ្យយកតម្លៃ ខ្ពស់នៅក្នុងរដូវបុណ្យជាតិ ដើម្បីឲ្យភ្ញៀវទេសចរខ្មែរមានលទ្ធភាព មកកំសាន្ដនៅតំបន់រមណីយដ្ឋានប្រវត្ដិសាស្ដ្រខ្លួន។
ក្រុមអ្នកដឹកភ្ញៀវទេសចរ ឲ្យដឹងថា មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខែ្មរនៅឆ្នាំនេះ នៅតំបន់ទេសចរសៀមរាប មិនទាន់ឃើញមានភ្ញៀវទេសចរណ៍ជាតិ មកកំសាន្ដច្រើនដូចឆ្នាំមុនៗនោះទេ ខណៈដែលសេវាស្នាក់នៅ និងទំនិញបានឡើងថ្លៃគួរឲ្យបារម្ភ។ ពួកគាត់បន្ដថា ភ្ញៀវទេសចរជាតិ ដែលមកកំសាន្ដ នៅតំបន់នេះពួកគេបានរអ៊ូរទាំថា អាជ្ញាធរគួរមិនមានវិធានទប់ស្កាត់ និងលុបបំបាត់ ឲ្យវប្បធម៌អាក្រក់មួយនេះ កុំឲ្យកើតឡើងគ្រប់ទីកន្លែងកំសាន្ដ។
ករណីនេះ អនុប្រធានមន្ទីរទេសចរណ៍ ខេត្ដសៀមរាប លោក ស៊ុង សុខេមរៈ មានប្រសាសន៍ថា អាជ្ញាធរបានចេញសារាចរណែនាំដល់ប្រតិបត្ដិករ មិនឲ្យដំឡើងតម្លៃសេវានេះទេ។ ប៉ុន្ដែលោកថា តម្លៃស្នាក់នៅ ដែលលើសពីថ្ងៃធម្មតា ដោយសារភ្ញៀវមិនបានទិញកន្លែងស្នាក់នៅជាមុន។
យ៉ាងនេះក្ដី អ្នកសម្របសម្រួល អង្គការការពារសិទ្ធិមនុស្ស លីកាដូ ខេត្ដសៀមរាប លោក ចៅ ល័ក្ខវណ្ណា មានប្រសាសន៍ថា ភ្ញៀវទេសចរខ្មែរភាគច្រើនជាពលរដ្ឋក្រីក្រី ហើយពួកគាត់ចង់ឃើញប្រាសាទអង្គរវត្ដ នៅថ្ងៃបុណ្យជាតិ ហើយការដំឡើងថ្លៃសេវាលើការស្នាក់នៅ និងកន្លែងលក់អាហារ ទំនិញ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងអារម្មណ៍ពលរដ្ឋ។ លោកថា អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធគួរមានវិធានការណ៏ ទប់ស្កាត់វប្បធម៌តម្លើងតម្លៃសេវានៅថ្ងៃបុណ្យ ឲ្យមានប្រសិទ្ធិភាព ដើម្បីឲ្យប្រជាពលរដ្ឋខ្លួនមានឱកាសមកកំសាន្ដនៅតំបន់ប្រាសាទបេតិកភណ្ឌពិភពលោកមួយនេះ ឲ្យបានកាន់តែច្រើន៕
No comments:
Post a Comment
yes