លោក វន់ ពៅ និងលោក កឹម សុខា
សាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកពេល សវនការជំនុំជម្រះ លើប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ និងអ្នកជាប់ចោទក្នុងរឿងតវ៉ាប្រាក់ឈ្នួលនេះ សរុប២៤នាក់ ផ្សេងទៀត ទៅចុងខែមេសាវិញ ដោយមិនបញ្ជាក់ពីមូលហេតុ។
កាលពីខែមីនា ឆ្នាំ២០១៤ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះឲ្យភាគីពាក់ព័ន្ធ ចូលសវនាការ លើសំណុំរឿង ញុះញុងឲ្យប្រព្រឹត្តិអំពើហិង្សា បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងដល់សង្គម លើជនសង្ស័យទាំង២៥នាក់នេះ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹក។
ប៉ុន្តែមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៅអង្គការលីកាដូ លោក អំ សំអាត ឲ្យVODដឹងនៅថ្ងៃសុក្រ ទី១១ ខែមេសានេះថា សវនការនោះ ត្រូវបាន លើកពេលទៅថ្ងៃទី២៥ខែមេសាឆ្នាំ២០១៤វេលាម៉ោង៨ព្រឹកវិញ។ តាមលិខិត របស់តំណាងអយ្យការ របស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១០ខែមេសានេះ មិនបញ្ជាក់ពីមូលហេតុនៃការលើកពេលសវនការនេះទេ។
ជនសង្ស័យទាំង២៥នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅកន្លែងផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ពេលពួកគេ តវ៉ាទាមទារសិទ្ធិការងារ និងប្រាក់ឈ្នួលដល់១៦០ដុល្លារ។
ក្នុងព្រឹត្តិការណ៍ចាប់ខ្លួននោះ យ៉ាងហោចណាស់បណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ ដោយសារត្រូវគ្រាប់កាំភ្លើង របស់សមត្ថកិច្ច។ ក្នុងនោះមាន ស្ត្រីអ្នកលក់បាយម្នាក់ស្លាប់នៅគល់ស្ពានស្ទឹងមានជ័យ ខណៈសមត្ថកិច្ចបង្ក្រាកម្មកររោងចក្រSL តវ៉ាទាមទារលក្ខខណ្ឌការងារ និងកម្មករ៥នាក់ផ្សេងទៀតត្រូវគេបាញ់ស្លាប់នៅផ្លូវវ៉េងស្រេង ពេលទាមទារប្រាក់ឈ្នួលដល់១៦០ដុល្លារ។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលមិនទាន់ចាប់ជនដៃដល់មកផ្តន្ទាទោសទេ ចំណែកអ្នកតវ៉ា ២១នាក់កំពុងឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ពីរនាក់ទៀតនៅពន្ធនាគារព្រៃស និងបីនាក់ បាននៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែពួកគេត្រូវចូលសវនការនៅថ្ងៃតែមួយ។
នៅថ្ងៃនេះដែរមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានដាក់លិខិតចំហមួយ ដោយព្រួបារម្ភពីការបើកសវនការ ដោយអវត្តមានជនជាប់ទាំងនោះ ដោយសារប្រធានពន្ធនាគារត្រពាំងផ្លុង អះអាងថា មិនមានរថយន្តដឹកនាំឃុំទាំងនោះ។ អង្គការសិទ្ធិមនុស្សនេះ បានលើកឡើងថា ប្រសិនមិនមានវត្តមានជនជាប់ចោទក្នុងសវនការទេ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិជនជាប់ចោទ ដែលជាផ្នែកដ៏សំខាន់នៃសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌៕
No comments:
Post a Comment
yes