លោកស្រី មូរ សុខហួរ ត្រូវបានអាជ្ញាធររារាំងជាថ្មី
នៅថ្ងៃអាទិត្យនេះ (រូបថត ញឹម សុខន)
បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកស្រី មូរ
សុខហួរ នៅព្រឹកថ្ងៃអាទិត្យនេះ ត្រូវបានសមត្ថកិច្ចចម្រុះរាប់រយនាក់
ប្រដាប់ដោយខែល និងដំបង រារាំង និងចាប់សែងជាថ្មីទៀត
មិនឲ្យចូលទៅកាន់បរិវេណទីលានប្រជាធិបតេយ្យ ដើម្បីសម្តែងមតិឡើយ។
តាមគម្រោងនៃយុទ្ធនាការ ទាមទារការគោរពសិទ្ធិបញ្ចេញមតិ
និងទីតាំងប្រមូលផ្តុំ នៅថ្ងៃទី២០ ខែមេសានេះ លោកស្រី មូរ សុខហួរ
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានធ្វើដំណើរ
ទៅកាន់ទីលានប្រជាធិបតេយ្យ ដោយមានអ្នកគាំទ្រ ជាយុវជនប្រមាណ៥០នាក់
ដើម្បីអនុវត្តសិទ្ធិសម្តែងមតិរបស់ខ្លួន ក្នុងនាមជាពលរដ្ឋ។
ទោះជាយ៉ាងណា គោលបំណងដែលទៅកាន់ទីលានប្រជាធិបតេយ្យនេះ
របស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ
ត្រូវបានបរាជ័យជាថ្មី ដោយសារកម្លាំងសមត្ថកិច្ចជាច្រើននាក់
បានដាក់របាំងបិទច្រកចេញចូលទីលានប្រជាធិបតេយ្យ នៅព្រឹកនេះ
និងបានរុញច្រាន លោកស្រីចេញពីបរិវេណនោះ។
យ៉ាងនេះក្តី លោកស្រី មូរ សុខហួរ នៅតែបន្តព្យាយាម
ចូលទៅក្នុងបរិវេណទីលានប្រជាធិបតេយ្យ
ដែលធ្លាប់ជាទីសាធារណៈរបស់ពលរដ្ឋសម្តែងមតិកន្លងមក។ លោកស្រី
អះអាងថា យុទ្ធនាការនេះ គឺជាសិទ្ធិបុគ្គលឯកជនរបស់លោកស្រី
តាមផ្លូវច្បាប់ ក្នុងការបញ្ចេញមតិ
មិនមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។
នៅដើមខែមេសានេះ លោកស្រី មួរ សុខហួរ បានធ្វើដំណើរជាច្រើនដង
ទៅកាន់ទីលានប្រជាធិបតេយ្យ រៀងរាល់ម៉ោង ៨ព្រឹក
ដោយបានអង្គុយផ្ទាល់លើដី អានច្បាប់ស្ដីពីការជួបជុំដោយសន្តិវិធី
អប់រំកងកម្លាំងសមត្ថកិច្ចដែលបិទទីលានប្រជាធិបតេយ្យ
មិនឲ្យពលរដ្ឋប្រមូលផ្តុំនៅទីនោះ
ប៉ុន្តែនៅរាល់ការទៅទីលានប្រជាធិបតេយ្យនោះ
ត្រូវបានកម្លាំងសមត្ថកិច្ច រារាំង និងចាប់សែងចេញជាច្រើនដង។
កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ក្រសួងមហាផ្ទៃ បានចេញបម្រាម
ហាមឃាត់ការប្រមូលផ្តុំ នៅលើទីលានប្រជាធិតេយ្យ
ដែលមានមនុស្សចាប់១០នាក់ឡើងទៅ ក្រោមហេតុផលស្តារសន្តិសុខ
និងសណ្តាប់ធ្នាប់សង្គមឡើងវិញ។ ក្រោយការដាក់បម្រាមនេះ
កម្លាំងសមត្ថកិច្ចជាច្រើនរយនាក់ ត្រូវបានដាក់ពង្រាយ
លើបរិវេណទីលានប្រជាធិបតេយ្យ
ហើយរាល់ការប៉ុនប៉ងប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ និងកម្មកររោងចក្រ
គឺត្រូវបានរារាំង រហូតឈានដល់ការប៉ះទង្គិចគ្នាជាបន្តបន្ទាប់៕
No comments:
Post a Comment
yes