ការតវ៉ារបស់អ្នកភូមិបឹងកក់នៅមុខសាលារាជធានីភ្នំពេញនាពេលកន្លង
នៅថ្ងៃចន្ទស្អែកនេះ អតីតអ្នកចាកចេញពីតំបន់បឹងកក់ ប្រមាណជា៦០០នាក់ នឹងមកជួបជុំគ្នាតវ៉ា នៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារសំណងបន្ថែម។ តាមគម្រោង យុទ្ធនាការតវ៉ានេះ មានរយៈពេល៣យប់៣ថ្ងៃ ដោយអ្នកភូមិនឹងបោះតង់ដេកទាំងយប់ទាំងថ្ងៃ និងដាំបាយ ស្ល នៅមុខសាលារាជធានីភ្នំពេញតែម្តង។ ប៉ុន្តែអាជ្ញាធរក្រុងភ្នំពេញបញ្ជាក់ថា នឹងចាត់វិធានការដោះស្រាយ។
យុទ្ធនាការទារសំណងបន្ថែម ដោយដេកទាំងយប់ ដេកទាំងថ្ងៃ នៅមុខសាលារាជធានីភ្នំពេញ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃចន្ទទី២៨មេសារហូតដល់ថ្ងៃទី៣០មេសា ដោយអតីតអ្នកភូមិបឹងកក់ និងសមាជិកបណ្តាញសន្តិភាពសហគមន៍ដីធ្លីប្រមាណ៦០០នាក់។ នេះបើយោងតាមអ្នកស្រី សយ កូឡាប តំណាងម្នាក់នៃក្រុមអ្នកតវ៉ា ដែលបញ្ជាក់ថា ពួកគាត់មិនបានសុំអនុញ្ញាតិពីអជ្ញាធរដែនដីឡើយ ហើយថា អ្នកភូមិនឹងទ្រាំឱ្យអាជ្ញាធរវាយដំ ប្រសិនបើសមត្ថកិច្ចសម្រេចចិត្តធ្វើដូច្នេះ ។
អ្នកស្រី សយ កូឡាប បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអាទិត្យនេះថា យុទ្ធនាការនេះ អតីតអ្នកភូមិបឹងកក់ នឹងដាំបាយ ស្ល បោះតង់ដេកទាំងយប់ទាំងថ្ងៃ រហូតទទួលបានដំណោះស្រាយដើម្បីបំពេញបន្ថែមនិងលើកកម្ពស់កំរិតជីវភាពរបស់គ្រួសារអតីតអ្នកភូមិ ដែលអ្នកស្រីបញ្ជាក់ថា កំពុងជួបការលំបាក។
យុទ្ធនាការរយៈពេលបីថ្ងៃនេះ ពួកគេនឹងទាមទារការដោះស្រាយចំនួនពីរចំណុច ទី១ ទាមទារប្រាក់សំណងបន្ថែមចំនួន២ម៉ឺនដុល្លា និងទី២ ទាមទារដីផ្ទះទំហំ៥ម៉ែត្រគុណនឹង១៦ម៉ែត្រ ជាដីនៅលើទីតាំងណាក៍ដោយ ដែលមានចំងាយត្រឹម៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។
ប៉ុន្តែលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញបានបញ្ជាក់ថា អាជ្ញាធរទំនងជាមិនអាចទទួលយកបានទេ តែថា កន្លងមកអាជ្ញាធរក្រុងភ្នំពេញ ធ្លាប់បានគិតគូរពីកង្វះខាតរបស់អតីតអ្នកភូមិបឹងកក់ដែលចាកចេញទៅទាំងនោះដែរ។ លោកបន្តថា ប្រសិនបើយុទ្ធនាការនៅថ្ងៃស្អែកកើតមានមែន នោះអាជ្ញាធរមានតែការសម្របសម្រួល ប្រជុំដោះស្រាយដោយសន្តិវិធីប៉ុណ្ណោះ។
គួរបញ្ជាក់ថា អតីតអ្នកភូមិបឹងកក់ ដែលប្រកាសបើកយុទ្ធនាការតវ៉ានៅមុខសាលាក្រុងភ្នំពេញនៅថ្ងៃចន្ទស្អែកនេះ គឺជាអ្នកភូមិបឹងកក់ ដែលបានសំរេចចិត្តចាកចេញទៅកាលពីឆ្នាំ២០០៨ ឆ្នាំ២០០៩ ដែលកាលណោះពួកគេបានយល់ព្រមទទួលយកសំណងជាប្រាក់៨ពាន់ដុល្លានិង២លានរៀល ជាថ្នូនឹងការចាកចេញ ខណៈដែលសកម្មភាពនៃការបូមខ្សាច់លុបបឹងដោយក្រុមហ៊ុនស៊ូកាគូអ៊ីន បានធ្វើឡើងយ៉ាងសកម្ម។
ប៉ុន្តែ៥ឆ្នាំក្រោយពីការចាកចេញ ពួកគេបានវិលត្រលប់មកតវ៉ាឡើងវិញ។ ការនេះ នឹងបង្កការឈឺក្បាលកាន់តែខ្លាំង សំរាប់អាជ្ញាធរក្រុងភ្នំពេញ ស្របពេលដែលជំលោះនៅតំបន់បឹងកក់ដែលដឹកនាំដោយអ្នកស្រីទេព វណ្ណី និងអ្នកស្រី យ៉ោម បុប្ឆា នៅមិនទាន់ដោះស្រាយអោយចប់សព្វគ្រប់នៅឡើយ៕
No comments:
Post a Comment
yes