រូបតំណាងរបស់ក្រុមហេកឃ័រ (Hacker) កម្ពុជា
'
ក្រុមហេកឃ័រ (Hacker) គំរាមបន្តវាយលុកលើគេហទំព័ររបស់រដ្ឋាភិបាល និងស្ថាប័នឯកជននានានៅកម្ពុជា ប្រសិនបើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានដំណោះស្រាយចំពោះសមាជិក ២នាក់របស់គេ ដែលត្រូវអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួន កាលពីពេលថ្មីៗនេះ។ ពួកគេក៏បានរិះគន់ចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយថាអ្វីដែលក្រុមគេធ្វើ គឺដើម្បីឲ្យកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ។
ក្រុមហេកឃ័រ ដែលដាក់ឈ្មោះខ្លួនថា អនាមិកកម្ពុជា ឬ Anonymous Cambodia នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) បានគំរាមថានឹងវាយលុកលើប្រព័ន្ធរបស់ក្រសួងរដ្ឋាភិបាលកម្ពុជា វាយលុកលើក្រុមហ៊ុនអ៊ីនធឺណិត និងបណ្ដាធនាគារ ព្រមទាំងគំរាមបំផ្លាញទិន្នន័យទាំងអស់របស់ធនាគារ ប្រសិនបើរដ្ឋាភិបាលមិនមានដំណោះស្រាយសម្រាប់សមាជិករបស់គេទេ។
ក្រុមហេកឃ័រអនាមិក បានលើកឡើងថា ពួកគេត្រូវការភាពត្រឹមត្រូវរបស់ពួកគេមកវិញ ហើយអ្វីដែលគេធ្វើ គឺដើម្បីឲ្យកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ និងដើម្បីប្រជាជននៅលើពិភពលោកទាំងអស់។
នៅលើទំព័រហ្វេសប៊ុក ដែលមានដាក់រូបទង់ជាតិប្រទេសកម្ពុជា អមដោយពាក្យអង់គ្លេស ខេមបូឌា (CAMBODIA) ខាងលើ និងអក្សរខ្មែរមួយជួរខាងក្រោមរូបអង្គរវត្តថា ជូនចំពោះប្រជាជននៅលើពិភពលោក ពួកយើងជាជនអនាមិក។ ក្រុមហេកឃ័រ បានសរសេរក្នុងសារដែលសំដៅផ្ញើទៅរដ្ឋាភិបាលកម្ពុជា ដោយលើកឡើងថា ពួកពុករលួយខ្លាចយើង ពួកស្មោះ ត្រង់គាំទ្រយើង ពួកអ្នកតស៊ូចូលរួមជាមួយយើង ពួកយើងមិនអភ័យទោស ពួកយើងមិនបំភ្លេចចោល ហើយថា អ្នកគួរតែរំពឹងការមកដល់របស់ពួកយើង ជាដើម។
ក្រុមអនាមិកដដែលនេះ ក៏បានបង្ហាញវីដេអូក្លិប (Video Clip) មួយនៅលើទំព័ររបស់ខ្លួន។ វីដេអូក្លិបដែលមានរយៈពេលជាង ២នាទីនោះ បង្ហាញរូបភាពទុក្ខលំបាករបស់កុមារ និងពលរដ្ឋកម្ពុជា អមដោយសំឡេងអត្ថាធិប្បាយជាភាសាអង់គ្លេស រិះគន់ធ្ងន់ៗលើការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀតផង។
បើតាមគេហទំព័រហ្វេសប៊ុករបស់ក្រុមអនាមិកកម្ពុជា ស្ថាប័នរដ្ឋាភិបាល និងឯកជនមួយចំនួនដែលក្រុមពួកគេបានវាយលុកនាពេលចុងក្រោយបំផុតនេះ មានគេហទំព័រសាលាខេត្តសៀមរាប គេហទំព័រកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គេហទំព័រ អាស៊ានវើក (ASEAN work) និងគេហទំព័រក្រុមហ៊ុនអាកាសចរណ៍មួយចំនួនដែរ។
ក្រុមអនាមិកដដែល កាលពីពេលថ្មីៗនេះ បានគំរាមរដ្ឋាភិបាលកម្ពុជា ថា ពួកគេនឹងបន្តស្វែងរកការគាំទ្រឲ្យកាន់តែច្រើន ដើម្បីទាមទារឲ្យមានការដោះលែងសមាជិករបស់ពួកគេ។ ពួកគេថា អាជ្ញាធរចាប់គ្នាគេ ២នាក់ ប៉ុន្តែពួកគេនៅតែអាចបន្តការងារ ហើយចាប់ផ្ដើមឲ្យខ្លាំងជាងមុន ១០ដង ១ពាន់ដង ១ម៉ឺនដង គ្មានទីបញ្ចប់។ ពុំនោះទេ ពួកអនាមិកនៅទូទាំងពិភពលោក នឹងរួមដៃជាមួយគ្នាដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានចាត់ទុកការគំរាមវាយលុកទៅលើប្រព័ន្ធរបស់រដ្ឋាភិបាល ពីសំណាក់ក្រុមហេកឃ័រអនាមិកនេះ ថាជាអំពើភេរវកម្ម ព្រោះលោកថា អំពើរបស់ពួកគេ គឺជាការប្រឆាំងទៅនឹងដំណើរការប្រក្រតីការងាររដ្ឋបាលរបស់រដ្ឋ។ លោកថា រដ្ឋាភិបាលនឹងបន្តស្វែងរកចាប់ខ្លួនពួកគេ៖ «វិធានការណាមួយ យើងនឹងចាត់វិធាន យើងនឹងស្វែងរកកិច្ចសហប្រតិបត្តិការពីបណ្ដាខាងអន្តរជាតិមួយចំនួន ដើម្បីស្វែងរកជនឧក្រិដ្ឋចាប់បញ្ជូនខ្លួន»។
ក្នុងពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជា កំពុងរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មទៅលើប្រព័ន្ធបច្ចេកវិទ្យា។ ពាក់ព័ន្ធនឹងច្បាប់ថ្មីនេះ សង្គមស៊ីវិលសម្ដែងការព្រួយបារម្ភថា អាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសទៅលើសេរីភាពខាងការបញ្ចេញមតិ។ បន្ទាប់ពីមានព្រឹត្តិការណ៍ចាប់ខ្លួនក្រុមហេកឃ័រអនាមិកនេះកើតឡើង សង្គមស៊ីវិល ព្រួយបារម្ភថា រដ្ឋាភិបាលអាចយកព្រឹត្តិការណ៍នេះធ្វើជាមូលដ្ឋាន ដើម្បីពន្លឿនការអនុម័តច្បាប់។ សម្រាប់សង្គមស៊ីវិល រដ្ឋាភិបាលពុំគួរបង្កើតឲ្យមានច្បាប់ដាច់ដោយឡែក សម្រាប់គ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតឡើយ។ ពួកគេថា រដ្ឋាភិបាលគួរប្រើច្បាប់មានស្រាប់ ហើយដាក់ទោសចំពោះអ្នកប្រព្រឹត្តិកំហុស ជាជាងរឹតត្បិតទៅលើសេរីភាពរបស់ពលរដ្ឋទូទៅ។
ចំពោះការបារម្ភនេះ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា បញ្ហានេះវាមិនមានពាក់ព័ន្ធទៅនឹងច្បាប់ដែលរដ្ឋាភិបាលគ្រោងនឹងបង្កើតនោះទេ។ លោកថា គេអាចយកក្រមព្រហ្មទណ្ឌសព្វថ្ងៃមកប្រើប្រាស់ គឺវាគ្រប់គ្រាន់ហើយ។
សមត្ថកិច្ចកម្ពុជា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៤ បានចាប់ខ្លួនយុវជន ២នាក់ ឈ្មោះ ប៊ុន ឃីងមង្គលបញ្ញា ហៅ Sexmachine ឬ Blackcyber អាយុ ២១ឆ្នាំ និងម្នាក់ទៀតឈ្មោះ ជូ សុងហេង ហៅ Zoro អាយុ ២១ឆ្នាំដូចគ្នា និងជានិស្សិតឆ្នាំ៣ នៅវិទ្យាស្ថានស៊ីតិក (SETEC)។ ការចាប់ខ្លួននេះ ធ្វើឡើងក្រោយពីអាជ្ញាធរកម្ពុជា បានតាមដាន និងសហការស្រាវជ្រាវជាមួយការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) ប្រចាំកម្ពុជា អស់រយៈពេលប្រមាណ ៨ខែរួចមក។
យុវជនទាំង ២នាក់នេះ ត្រូវចោទប្រកាន់ពីបទពាក់ព័ន្ធការវាយប្រហារបណ្ដាញបច្ចេកវិទ្យាព័ត៌មានរបស់ស្ថាប័នជាតិ និងឯកជនជាង ៣០។ ចំពោះករណីនេះ ពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគារពី ១ខែដល់ ២ឆ្នាំ តាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៕
No comments:
Post a Comment
yes