គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃចន្ទនេះ
លើកឡើងថា កន្លងមកខ្លួនមិនបានអនុវត្តនូវសិទ្ធិអំណាច
ដែលច្បាប់បានចែងមកពេញលេញនោះទេ
បើប្រៀបធៀបទៅដូចជាសត្វខ្លាក្រដាស
មិនមានឥទ្ធិពលក្នុងការសម្រេចសេចក្តី។
ការលើកឡើងបែបនេះ គឺជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន
នៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃចន្ទ ទី២១ ខែមេសា នៅទីស្នាក់ការ
គ.ជ.ប ។
សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក មាន សាទិ ទទួលស្គាល់ថា កន្លងមក គ.ជ.ប មិនបានអនុវត្តតាមច្បាប់ដែលបានចែងត្រឹមត្រូវទាំងអស់ទេ ដោយសារតែអំណាចដែលខ្លួនមាន មិនអាចគ្រប់គ្រងបានស្ថាប័នមួយចំនួន។ លោកបន្តថា គ.ជ.ប អាណត្តិមុននិងពេលបច្ចុប្បន្ន ប្រៀបបានដូចជាសត្វខ្លាក្រដាស ដែលមិនមានអំណាចសម្រេចអ្វីទេ។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយ ហៅកាត់ថា
និកហ្វិច លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការដែល គ.ជ.ប លើកឡើងបែបនេះ
គឺជាចរិតមុខពីរ ដែលថាមានអ្នកគាបសង្កត់ខ្លួន
មិនអាចប្រើសិទ្ធិអំណាចក្នុងការសម្រេចបាន
តែម្យ៉ាងទៀតគឺជាការដោះសារប៉ុណ្ណោះ។
តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិទទួលបន្ទុកកិច្ចការ
បោះឆ្នោត លោក គួយ ប៊ុនរឿន មានប្រសាសន៍ថា ការដែល គ.ជ.ប លើកឡើងបែបនេះ
គឺជាការសារភាពទទួលស្គាល់ ថាខ្លួនពិតជាមានកំហុស ព្រោះកន្លងមក
គ.ជ.ប ជាអ្នករៀបចំការបោះឆ្នោតដែលធ្វើឡើង
ដោយមានការលួចបន្លំលទ្ធផល ធ្វើឲ្យភាពមិនប្រក្រតីកើតឡើង
នាំឲ្យសាធារណជន និងអង្គការសង្គមស៊ីវិលរិះគន់ជាបន្តបន្ទាប់។
កន្លងមកនេះស្ថាប័ន គ.ជ.ប បានរងនូវការរិះគន់ជាច្រើន
ថាស្ថាប័នមួយនេះ
ធ្វើការមិនឯករាជ្យស្ថិតក្រោមសម្ពាធគណបក្សកាន់អំណាច
តែទោះជាយ៉ាងណាក្រោយការបោះឆ្នោតអាណត្តិទី៥នេះ
គណបក្សឈ្នះឆ្នោតទាំងពីរ បានឯកភាពគ្នាធ្វើកំណែទម្រង់ គ.ជ.ប
ហើយគណបក្សប្រឆាំង បានជំទាស់ដាច់ខាត ចំពោះការបន្តដាក់ប្រធាន
គ.ជ.ប ឲ្យនៅកាន់តំណែងនេះ៕
No comments:
Post a Comment
yes