លោកតា គង់ ណៃ វ័យ៦៩ឆ្នាំ ជាតន្ដ្រីករចាប៉ីដងវែង។ រូបថត ផា លីណា
ខាងលើនេះជាដំណើររឿងរ៉ាវរបស់លោកតា គង់ ណៃ។ លោកតា គង់ ណៃ វ័យ ៦៩ឆ្នាំ ជាតន្ដ្រីករចាប៉ីដងវែងដ៏ល្បីល្បាញម្នាក់មានស្រុកកំណើតនៅ ភូមិដូង ឃុំស្វាយពង្រាង ស្រុកកំពង់ត្រាច ខេត្ដកំពត។
លោកតា បានប្រាប់ថា៖ «ខ្ញុំរស់នៅក្នុងភាពងងឹតជារៀងរហូត។ ខ្ញុំតែងគិតថា តើខ្ញុំត្រូវធ្វើអ្វី បើភ្នែកក៏ពិការ ចំណេះដឹងក៏គ្មានទៀតនោះ»។
ដោយសារតែមិនបានចូលរៀនដូចនេះ ហើយទើបលោកបានសម្រេចចិត្តជ្រើសរើសជំនាញច្រៀងចាប៉ីដងវែងដែលបាន បង្ហាត់បង្រៀនដោយលោកឪពុកធំរបស់លោកផ្ទាល់ ឈ្មោះថាលោក គង់ ទិត្យ។ លោកបានរៀបរាប់ថា៖ «នៅពេលដែលខ្ញុំមានអាយុ ៧ឆ្នាំ ម្តាយរបស់ខ្ញុំបាននាំខ្ញុំទៅលេងបុណ្យចម្រើនព្រះជន្មាយុរបស់ញាតិ ជិតខាង ដែលមានអ្នកចាប៉ីដងវែងមកកំដរនៅក្នុងពិធីរបស់គេ។ ពេលត្រឡប់មកដល់ផ្ទះខ្ញុំក៏សុំឪពុកម្តាយរៀនច្រៀងចាប៉ី ពីលោកអ៊ំរបស់ខ្ញុំ»។
លោកតា គង់ ណៃ បានបកស្រាយពីការរៀនចាប៉ីដងវែងឲ្យដឹងថា៖ «មុនដំបូងលោកអ៊ំឲ្យខ្ញុំរៀនស្តាប់ ចំណាំសំឡេងចាប៉ី ខ្ទង់នីមួយៗ និងរបៀបកេះភ្លេងដោយការទន្ទេញតាមមាត់ទាំងអស់។ ខ្ញុំតែងតែព្យាយាមហ្វឹកហាត់ម្នាក់ឯង រៀងរាល់ព្រឹកនៅម៉ោង ៤ ឬ ៥។ មិនតែប៉ុណ្ណោះខ្ញុំក៏សុំឲ្យអ្នកចេះអក្សរ ដូចជាព្រះសង្ឃ បងប្អូន និងលោកគ្រូបង្រៀនក្នុងភូមិជួយសូត្រ និងបង្រៀនសូត្រកំណាព្យ និងនិទានរឿងព្រេងបុរាណជាច្រើន ហើយខ្ញុំរៀនស្តាប់ សូត្រតាម និងទន្ទេញរហូតស្ទាត់មាត់ចាំដូចនិយាយធម្មតា»។
លោកតា គង់ ណៃ ផ្តើមច្រៀងចាប៉ីដើម្បីរកប្រាក់ចិញ្ចឹមជីវិតនៅពេលលោកមានអាយុ ១៥ឆ្នាំ។ លោកបានឲ្យដឹងថា៖ «ខ្ញុំក៏ចាប់ផ្តើមចេញច្រៀងតាមរោងបុណ្យ តែមុនដំបូងខ្ញុំរកបានត្រឹមតែ ៣០ ទៅ ៤០ រៀលប៉ុណ្ណោះ។ ដោយភាពល្បី និងប៉ិនប្រសប់របស់ខ្ញុំ និងការអាណិតស្រឡាញ់ដល់ជនពិការ គេឲ្យខ្ញុំពី ៤០០ ទៅ ៧០០ រៀលហើយពេលខ្លះខ្ញុំទទួលបានរហូតដល់ទៅ ១០០០ រៀល ដែលវាមានចំនួនជាច្រើនលើសពីតម្លៃប្រាក់ខែមន្ត្រីក្នុងមួយខែផង នៅពេលនោះ»។
លោកតា គង់ ណៃ មានការខិតខំប្រឹងប្រែងជាខ្លាំងរហូតបានមានការគាំទ្រយ៉ាងខ្លាំង ហើយរឿងចាប៉ីដែលគាត់ច្រៀងមានលក្ខណៈអប់រំ និងកំប្លែង ដែលធ្វើឲ្យអ្នកស្តាប់តែងតែផ្ទុះសំណើចភ្លាមៗ។ លោកចេះរបៀបប្រើប្រាស់ឃ្លាឃ្លោងនឹកឃើញភ្លាមៗជាពាក្យបង្អែម បន្ថែមមុននឹងបើករឿង និងក្រោយពេលបិទរឿង ដែលឃ្លាឃ្លោងទាំងអស់រៀបរាប់ពីភាពជាក់ស្តែងនៃទិដ្ឋភាពខាងក្រៅ ដែលហាក់ដូចជាលោកបានឃើញផ្ទាល់ភ្នែកអ៊ីចឹងហើយលោកតាច្នៃវាជា កាព្យមានភាពកំប្លុកកំប្លែងទៀតផង។
លោកតាបានប្រាប់ថា រឿងដែលលោកចេះច្រៀងមុនគេគឺរឿង សុវណ្ណវង្ស និងរឿង ផ្ការាំទឹករាំ តែរឿងដែលមានប្រជាប្រិយជាងគេគឺរឿង នយោវង្ស ដែលនិយាយពីការលុកលុយរបស់ស្វាពូថៅដៃមួយក្បាលនៅក្នុងវាំងរបស់ យក្ស។
លោកបានបន្ថែមថា លោកបានច្រៀងចាប៉ីនេះជាអាជីពតែមួយមុខគត់ក្នុងមួយជីវិតនេះ ហើយចាប៉ីដងវែងនេះបានចិញ្ចឹមលោក។ លោកបានបន្ដថា៖ «នៅពេលដែលបែកពីរបបប្រល័យពូជសាសន៍ ខ្ញុំបានកាន់ចាប៉ីនេះរួមជាមួយកូនម្នាក់ក្នុងចំណោម ១០នាក់ របស់ខ្ញុំបានដើរត្រាច់ចរសុំគេច្រៀងចាប៉ីតាមរោងបុណ្យនានាតាំង ពី ខេត្តកំពត ដល់ ខេត្តកំពង់ស្ពឺ ធ្លាក់ដល់ ខេត្តតាកែវ ហើយក៏បានដល់ទឹកដីខ្មែរក្រោមនៃ ខេត្តក្រមួនស ទៀតផងដើម្បីតែជីវិតរស់»។
ក្រោយមកទៀតលោកបានក្លាយជាម្ចាស់ពានរង្វាន់ចាប៉ីលេខ ១ ហើយបានចូលទៅបម្រើការងារក្នុងក្រសួង វប្បធម៌។ ក្រសួង និងអង្គការថែរក្សាវប្បធម៌ខ្មែរមួយចំនួនផ្តល់ឱកាសឲ្យទៅសម្តែង ចាប៉ីដល់ក្រៅប្រទេស ដូចជា ប្រទេសបារាំង អាមេរិក អង់គ្លេស អូស្រ្តាលី ជប៉ុន ថៃ វៀតណាម និងជាង ១១ ប្រទេសទៀតដើម្បីផ្សាយពីអរិយធម៌ និងវប្បធម៌របស់ខ្មែរ។
ជាចុងក្រោយលោកតា គង់ ណៃ ក៏បានសុំអំពាវនាវដល់មហាជនទាំងអស់ថា៖ «ខ្ញុំសូមអង្វរករដល់ជនមួយចំនួនដែលនិយាយបំភ្លៃថា រៀនចាប៉ីដងវៃងធ្វើឲ្យខ្វាក់ភ្នែកសូមឈប់និយាយពន្លើសទៅ។ ខ្ញុំពិការភ្នែកនេះតាំងពីមិនទាន់រៀនម៉្លេះដោយសារតែជំងឺ ហើយលោកតា ប្រាជ្ញ ឈួន ក៏ពិការដោយសារជំងឺដែរ មិនមែនមកពីរៀនចាប៉ីទេ។ ប្រសិនបើមិនជួយថែរក្សាសម្បត្តិប្រពៃណី ជាពិសេសទម្រង់ចាប៉ីជាវប្បធម៌ខ្មែរតាំងពីបុរាណ សូមកុំយកជើងរាទឹក»។
លោកបានលើកទឹកចិត្តដល់ក្មេងៗជំនាន់ក្រោយថា បើស្រឡាញ់ចាប៉ីកុំស្ទាក់ស្ទើរចូលរៀនដើម្បីថែរក្សាទម្រង់សិល្បៈ នេះឲ្យបានយូរតទៅមុខទៀត និងសូមកែច្នៃឲ្យទម្រង់នេះកាន់តែមានប្រជាប្រិយឡើងវិញ៕
No comments:
Post a Comment
yes