ដោយ៖ ទេព សស៊ីណា
លោកប្រធាន
សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា បានបញ្ជាក់ពីគោលជំហររបស់លោក និងគណបក្សសង្រ្គោះជាតិ
ថា គណបក្សសង្រ្គោះជាតិគ្មានគោលនយោបាយរើសអើងជាតិសាសន៍ ឬជនជាតិណាមួយ ដូចការលើកឡើងរបស់អ្នកមួយចំនួននោះទេ
តែផ្ទុយទៅវិញគណបក្សសង្រ្គោះជាតិ នឹងជំរុញឲ្យមានសមភាព និងយុតិ្ដធម៌ខាងនយោបាយ សេដ្ឋកិច្ច
និងសង្គមកិច្ចស្របតាមគោលការណ៍ប្រជាធិបតេយ្យ ដើម្បីកែលំអរសង្គម ប្រកបដោយត្រឹមត្រូវ។
ថ្លែងក្នុងពិធីបុណ្យរ៉ូយ៉ាហាជី
នៃសាសនាឥស្លាម កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ នៅខេត្តកំពង់ឆ្នាំង លោកអនុប្រធាន កឹម
សុខា មានប្រសាន៍ថា ប្រទេសកម្ពុជា នឹងគ្មានសង្រ្គាមនោះទេ នៅពេលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត
ព្រោះគណបក្សសង្រ្គោះជាតិ មិនដែលយកអ្នកមាន ឬអ្នកក្រ ឬជាតិសាសន៍ណាមួយជាសត្រូវឡើយ ហើយគោលនយោបាយរបស់គណបក្សសង្រ្គោះជាតិ
នឹងការពារប្រជាពលរដ្ឋទាំងអស់ដែលរស់នៅស្របច្បាប់នៅកម្ពុជាដោយយុត្តិធម៌ក្នុងក្របខ័ណ្ឌច្បាប់
ជូនទាំងអ្នកមាន និងទាំងអ្នកក្រ ដើម្បីទទួលបាននូវឱកាស និងភាពស្មើគ្នាខាងផ្នែកនយោបាយ
សេដ្ឋកិច្ច សង្គមកិច្ច និងយុតិ្ដធម៌សង្គមជាដើម។
ជុំវិញករណីនេះ
លោកអនុប្រធាន កឹម សុខា ក៏បានសម្ដែងការសោកស្ដាយចំពោះភាពអយុត្ដិធម៌សង្គម នយោបាយ និងច្បាប់ដែលមិនមានការអនុវត្តន៍ឲ្យបានស្មើគ្នារវាងអ្នកមានអំណាច
និងអ្នកក្រ ។ លោកបន្ដថា គ្មានទេជំលោះរវាងអ្នកមាន និងអ្នកក្រ ដូចនេះសង្រ្គាមក៏គ្មានដែរ
ព្រោះគណបក្សសង្រ្គោះជាតិ គោរពសិទ្ធិសេរីភាព នយោបាយ សេដ្ឋកិច្ច និងជំនឿសាសនារបស់ប្រជាពលរដ្ឋ
។ ( សំឡេង )
ពាក់ព័ន្ធនឹងករណីនេះ
លោកប្រធាន សម រង្ស៊ី ក៏បានលើកឡើងពីការដាក់បញ្ចូលជនជាតិចាមជាបេក្ខជនតំណាងរាស្រ្ដ
ជាជនជាតិឥស្លាម ដើម្បីជួយសម្រួលដល់ទុក្ខលំបាក និងស្វែងយល់ពីតម្រូវការទូទៅរបស់ប្រជាពលរដ្ឋខ្មែរឥស្លាមផងដែរ។
គួរបញ្ជាក់ថា
សេរីភាពនៃជំនឿសាសនាត្រូវបានគាំពារដោយច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
ឆ្នាំ១៩៩៣ ហើយរដ្ឋធម្មនុញ្ញ និងច្បាប់អន្ដរជាតិ ក៏មិនអនុញ្ញាតិឲ្យមានការរើសអើងជាតិសាសន៍ណាមួយដែរ
ហេតុនេះសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ត្រូវបានគាំពារដោយច្បាប់ជាតិ និងអន្ដរជាតិ ដើម្បីការរួមរស់ជាមួយគ្នាដោយសេចក្ដីថ្លៃថ្នូរ
និងសន្ដិភាពក្នុងសង្គមឆ្ពោះទៅរកការអភិវឌ្ឍន៍ជាតិដ៏ពិតប្រាកដ៕
No comments:
Post a Comment
yes