សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 2, 2015

គណបក្សសង្គ្រោះជាតិ រៀបចំសិក្ខាសាលានយោបាយ ដើម្បីឆ្ពស់ទៅទទួលបាន​ជ័យជំនះ ក្នុងការផ្លាស់ប្តូរ នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខ

ដោយ៖វីរជន

គណបក្សសង្គ្រោះជាតិ បើទោះបីក្នុងការបោះឆ្នោតជាតិ អាណត្តិទី៥ ទទួលបានការគាំទ្រយ៉ាង ខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ លើគោលនយោបាយធំៗចំនួន៧ចំណុចរបស់គណបក្សដែល បានដាក់ចេញក៏ដោយ ក៏ប៉ុន្តែសំរាប់ការបោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ២០១៧ និងការបោះឆ្នោត​ជាតិ នៅឆ្នាំ២០១៨ខាងមុខ គណបក្សត្រូវតែរៀបចំគោលនយោបាយថ្មី ដើម្បីធ្វើដំណើរទៅរក​ការផ្លាស់ប្តូរដ៏ពិតប្រាកដ ។

យ៉ាងណាម៉ិញ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ គណបក្សសង្គ្រោះជាតិ បានរៀបចំសិក្ខាសាលា ស្តីពី ដំណើរឆ្ពស់ទៅរកការបោះឆ្នោតដើម្បីនាំមកនូវការផ្លាស់ប្តូរ ដោយមានការចូលរួមពិភាក្សា និងធ្វើបទបង្ហាញ​​ដាក់ចេញចំណុចខ្លាំង និងចំណុចខ្សោយ សម្រាប់ចង​ក្រង​ជា​គោល​ការ​ក្នុង​ការ​ដាក់​ចេញនិងអនុវត្តន៏ ។

ថ្លែងក្នុងពិធីបើកសិក្ខា លោកអនុប្រធាន កឹម សុខា មានប្រសាសន៏ថា ដើម្បីធ្វើសារនយោបាយ យុទ្ធសាស្រ្ត និងផែនការសកម្មភាពប្រកបដោយប្រសិទ្ធិភាព គណបក្សនយោបាយ ត្រូវពិនិត្យ​ទៅលើស្ថានភាពផ្ទៃក្នុងនៃគណបក្សខ្លួន និងបរិយាកាសខាងក្រៅ ដែលរួមមានគណបក្ស​នយោ​បាយ​ដែលជាដៃគូរប្រគួត និងស្ថាប័នពាក់ព័ន្ធនានាផ្សេងទៀត ព្រមទាំងស្ថានការអន្តរជាតិផង​ដែរ ។


លោកបានបន្ថែមថា ដូច្នេះស្ថិតនៅក្នុងឱកាសនេះ សិក្ខាសាលានិងលើកយក​ចំណុច​មួយ​ចំនួនមកពិនិត្យ និងពិភាក្សាដែលរួមមាន ទី១ ការរក្សា និងពង្រឹងកម្លាំង ដែលមានស្រាប់ ទី២ ការ​ទាក់ទាញ និងការពង្រីកកម្លាំងថ្មីបន្ថែម ទី៣ ការស្វែងយល់ឲ្យបាន​ច្បាស់ នីតិវិធី និង​យន្ត​ការ​នៃ​ការបោះឆ្នោត ទី៤ ការវាយតម្លៃចំពោះគណបក្ស ទី៥ ការកំណត់នូវចំណុចខ្លាំង និងចំណុច​ខ្សោយ​របស់គូរប្រកួត ទី៦ ការកំណត់យកប្រធានបទសម្រាប់និយាយ និងធ្វើសកម្ម​ភាព​ចំពោះ​មុខ និងទី៧ ការបង្កើតនូវយន្តការសម្រាប់អនុវត្តន៏ ។

ក្នុងនោះលោកអនុប្រធាន កឹម សុខា ក៏បានលើកឡើងផងដែរថា ដើម្បីធ្វើឲ្យសារនយោបាយ យុទ្ធសាស្រ្ត និងផែនការសកម្មភាព ដែលនិងសម្រេចបានពីសិក្ខាសាលាដោយទទួលបានជោគ ជ័យ គណបក្សត្រូវពិចារណាដើម្បីបង្កើតយន្តការផ្ទៃក្នុងមួយចំនួន ដូចជា ការបង្កើតឲ្យមានក្រុម វិភាគ និងផ្តល់យោបល់ ការបង្កើតក្រុមបកស្រាយព័ត៌មានពិត គឺប្រតិកម្មឆ្លើយតប និងការបង្កើត យន្តការសម្រាប់តាមដាន និងវាយតម្លៃក្នុងការអនុវត្តន៏ផែនការយុទ្ធសាស្រ្ត និងសកម្មភាពទាំង អស់នោះ ។

ដូចគ្នានេះ លោកអនុប្រធាន កឹម សុខា ក៏បានបង្ហាញឲ្យអង្គសិក្ខាសាលា ត្រូវរៀបចំកសាងផែន ការណ៏សកម្មភាព រយៈពេល៣ខែចុងឆ្នាំ២០១៥ ផែនការសម្រាប់ការបោះឆ្នោត ឃុំ សង្កាត់ នៅ ឆ្នាំ២០១៧ និងផែនការណ៏សម្រាប់ការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ។

ដោយឡែកលោកប្រធាន សម រង្ស៊ី មានប្រសាសន៏ថា ប្រជាពលរដ្ឋខ្មែរនិងផ្តល់សេចក្តីទុកចិត្ត ផ្តល់ដល់គណ​បក្សសង្គ្រោះជាតិ ដើម្បីដឹកនាំនាវាកម្ពុជា នៅឆ្នាំ២០១៨ខាងមុខនេះ ហើយក៏មិន មានអ្នកណាអាចបំភ្លៃឆន្ទៈរបស់ប្រជាពលរដ្ឋបានផងដែរ ។

លោកប្រធានបន្តថា គណបក្សសង្គ្រោះជាតិ គឺរក្សាគោលជំហរដដែល មិនយកខ្មែរណាធ្វើជា​សត្រូវឡើយ ហើយផ្ទុយទៅវិញគឺគណបក្សសង្គ្រោះជាតិ មានតែការអំ​ពាវនាវ​ឲ្យខ្មែរ​ទាំងអស់​គ្រប់​និន្នាការនយោបាយចាប់ដៃគ្នា ធ្វើការជាមួយគ្នា​​ បម្រើ និងការពារប្រទេសជាតិ ជាមួយគ្នា ដើម្បីទទួលបានជោគជ័យទាំងអស់គ្នាសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល ។

លោកប្រធាន សម រង្សី ក៏បានមានប្រសាសន៏បញ្ជាក់បន្ថែម ជូនអង្គសិក្ខាសាលាផងដែរថា សម្រាប់ប្រវត្តិសាស្រ្តកម្ពុជា មានការបោះឆ្នោតសេរីត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងឆន្ទៈ របស់ប្រជាពលរដ្ឋគឺមានតែម្តងគត់នៅឆ្នាំ១៩៩៣ ។

ក្នុងនោះលោកប្រធាន សម រង្ស៊ី ក៏បានលើកឡើងដែរថា គណបក្សសង្គ្រោះជាតិ ក៏និងចងក្រង ជាលាយល័ក្ខអក្ស ជុំវិញការលើកឡើងបំភ្លៃការពិត មួយចំនួនដើម្បីបង្ហាញនិងជំរាបជូនម្ចាស់​ឆ្នោត បញ្ជៀសការយល់ខុសរបស់ម្ចាស់ឆ្នោតមកលើគណបក្សសង្គ្រោះជាតិ ដែលតម្កល់ផលប្រ យោជន៏ជាតិ និងគោរពឆន្ទៈរបស់ប្រជាពលរដ្ឋ ។

គួរជំរាបជូនថា សិក្ខាសាលា ដំណើរឆ្ពស់ទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរ គឺត្រូវ បានផ្តួចផ្លើមឡើង ក្នុងគោលបំណងដើម្បីផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំ ថ្នាក់ជាតិ និងថ្នាក់ខេត្ត រួម​ទាំងអ្នកតំណាងរាស្រ្ត នៃគណបក្សសង្គ្រោះជាតិ ជួបពិភាក្សាគ្នា ដើម្បីឯកភាគគ្នាជាគោល​ការណ៏លើសារនយោបាយ លើយុទ្ធសាស្រ្ត និងដើម្បីអភិវឌ្ឍន៏នូវផែនការសកម្មភាពស្របតាម ស្ថានភាពនយោបាយជាក់ស្តែងបច្ចុប្បន្ន។ ទាំងសារនយោបាយ ទាំងយុទ្ធសាស្រ្តនយោបាយ ទាំងផែនការសកម្មភាព គឺឆ្ពោះទៅទទួលបានជោគជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ក្នុងទិសដៅដើម្បីនាំមក នូវការផ្លាស់ប្តូរតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ ៕

No comments:

Post a Comment

yes