ដោយ៖ សស៊ីណា ( វិទ្យុសង្គ្រោះជាតិ )
ក្រុមបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា បានប្រើប្រាស់អំពើហិង្សាវាយទាត់ធាត់យ៉ាងធ្ងន់ធ្ងរ និងព្រៃផ្សៃ លើអ្នកតំណាងរាស្រ្ដគណបក្សសង្រ្គោះជាតិ ២រូប ធ្វើឲ្យរបួសធ្ងន់ ហើយព្រឹត្ដិការណ៍ នេះ ត្រូវបានសង្គមស៊ីវិល ស្ថានទូត និងស្ថាប័នផ្សេងទៀតបានសម្ដែងការសោកស្ដាយ និង ថ្កោលទោសចំពោះទង្វើអមនុស្សធម៌មិនគោរពច្បាប់នេះ ព្រមទាំងចាត់ទុកថា នីតិរដ្ឋនៅកម្ពុជា ពុំ មានឡើយ សម្រាប់អ្នកទន់ខ្សោយ និងបក្សប្រឆាំង។
អំពើហិង្សាអមនុស្សធម៌ មិនគោរពច្បាប់នេះ កើតមានឡើងបន្ទាប់ពីអ្នកតំណាងរាស្រ្ដទាំង២រូប ចេញពីប្រជុំសភាពេញអង្គ លើកទី៥ នីតិកាលទី៥ នៅវិមានរដ្ឋសភាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ហើយភ្លាមនោះក្រុមបាតុករដែលសំងំលាក់ខ្លួន ស្រាប់ចេញមកទាញ និងវាយកំទេច រថយន្ដលោក ញ៉យ ចំរើន និងលោក គង់ សភា ទាញទំលាក់ពីលើរថយន្ដមកវាយទាត់ធាត់ម្ដងហើយម្ដងទៀត នៅមុខវិមានរដ្ឋសភា ដែលជាកន្លែងបង្កើតច្បាប់ និងប្រើហិង្សាទៅលើអ្នកបង្កើតច្បាប់យ៉ាងគឃ្លើន ដោយមិនកោតក្រែងច្បាប់ជាតិសូម្បីតែបន្ដិច។
ជុំវិញករណីនេះ គណបក្សសង្រ្គោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសភ្លាមៗចំពោះអំពើហិង្សាដ៏ឃោរឃៅ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ព្រមទាំងអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការណ៍តាមនីតិវិធីច្បាប់ជាបន្ទាន់។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ ចាត់ទុកអំពើហិង្សានេះថា ជាអំពើឃោរឃៅ ធ្វើឲ្យសង្គមជាតិធ្លាក់ក្នុងភាពអនាធិប តេយ្យ ដែលគម្រាមដល់សន្ដិសុខសុវត្ថិភាពផ្ទាល់ខ្លួនអ្នកតំណាងរាស្រ្ដ និងក្រុមគ្រួសារ ក៏ដូចជាចំពោះប្រជាពលរដ្ឋខ្មែរ អ្នកវិនិយោគទុនបរ ទេសផងដែរ ព្រោះប្រទេសកម្ពុជាអនុវត្តន៍ប្រជាធិបតេយ្យសេរីពហុបក្ស ហើយបញ្ហានេះអាចនឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានវិបត្តិផ្លូវចិត្ត ដោយ សារការភ័យខ្លាចទង្វើអមនុស្សធម៌បែបនេះ ។
ដូចនេះ ក្រុមបាតុករហិង្សា ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដែលមានជាធរមាន ចំពោះសកម្មភាពរបស់ខ្លួន ព្រោះមានភស្ដុតាងដាក់បន្ទុកជាច្រើន តាមរយៈកាមេរ៉ាសុវត្ថិភាពរបស់រដ្ឋសភា កាមេរ៉ាសុវត្ថិភាពរបស់ស្ថានទូតអូស្រ្ដាលី និងតាមបណ្ដាញសង្គមហ្វេសបុកជាដើម ដើម្បីធានានូវគោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ និងលុបបំបាត់និទណ្ឌភាពនៅកម្ពុជា។
ពាក់ព័ន្ធនឹងករណីដដែលនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ក្រុមបាតុករដែលបានដាក់ញ្ញត្តិនោះមានសមាសភាពចំរុះ ទាំងប្រជាជនពលរដ្ឋ ទាំងគណបក្សនយោ បាយ និងមានមន្រ្ដីរាជការខ្លះៗផងដែរ ហើយការបង្កហិង្សានេះប្រ ហែលជាមិនមែនជាបាតុករទេ តែជាការជនទី៣ ដែលឆ្លៀតឱកាសបង្កភាពអនាធិបតេយ្យប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ អះអាងថាការធ្វើបាតុកម្មរបស់ក្រុមបាតុករ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នោះ ពុំមានច្បាប់អនុញ្ញត្តិនោះឡើយ ហើយសាលាក្រុងក៏មិនបានដឹងដែរ ប៉ុន្ដែក្រោយពេលទទួលបានពត៌មានសាលាក្រុងក៏បានចាត់វិធានការណ៍បន្ទាន់លើបញ្ហានេះ។
ឆ្លើយតបនឹងការលើកឡើងរបស់លោក ឡុង ឌីម៉ង អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមន៍សិទ្ធិមនុស្សអាដហុក បានចាត់ទុកថាការឆ្លើយតបរបស់សាលារាជធានីបែបនេះ ឆ្លុះបញ្ចាំងពីកម្សោយនៃការគ្រប់គ្រង និងមិនបានអនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួនក្នុងដែនសមត្ថកិច្ចច្បាប់កំណត់ ហើយរូបភាពនេះក៏បញ្ជាក់ពីការផ្ដល់នូវយុត្តិធម៌២ផ្សេងគ្នារវាងបក្សកាន់អំណាច និងបក្សប្រឆាំង ឬសង្គមស៊ីវិល។
បើយើងក្រលេកមើលរូបភាពច្បាប់ និងអង្គហេតុនេះវិញ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ញត្តិពីបទល្មើសនានា ដែលមានប្រភេទបទល្មើសបែបនេះផងដែរ ដើម្បីផ្តន្ទាទោសចំពោះជនដៃ ដល់ និងផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ ។ ហេតុនេះបទល្មើសជាក់ស្ដែងមួយនេះមិនអាចបណ្ដែតបណ្ដោយឲ្យជនដៃដល់មានលក្ខណៈជាប្រ ព័ន្ធនោះ រួចខ្លួនមានសេរីភាពនោះទេ។
គួរជម្រាបផងដែរថា យោងតាមរដ្ឋធម្មនុញ្ញ មាត្រា៥១ ប្រទេសកម្ពុជាអនុវត្តន៍ប្រជាធិបតេយ្យសេរីពហុបក្ស គោរពសិទ្ធិមនុស្ស នីតិរដ្ឋ ច្បាប់ជាតិ និងអន្ដរជាតិ ហេតុនេះការប្រើអំពើហិង្សាលើអ្នកតំណាងរាស្រ្ដគណបក្សសង្រ្គោះជាតិទាំងពីររូបនេះ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ហើយបញ្ហានេះបានជំរុញឲ្យការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះយ៉ាងគំហុក៕
No comments:
Post a Comment
yes