សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 28, 2011

គ្រួសារ​ស្វែង​រក​ពលការិនី​ម្នាក់ ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី ហើយ​បាត់​ដំណឹង

 គ្រួសារ​ពលការិនី​ម្នាក់ ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​បាន​បាត់​ខ្លួន​នៅ​ទីនោះ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ជួយ​រក​កូន​ស្រី​គាត់​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ។
 ការ​ស្នើ​សុំ​នេះ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារាចរ​មួយ​ស្ដីពី​ការ​ផ្អាក​ការ​ជ្រើសរើស បណ្ដុះបណ្ដាល និង​បញ្ជូន​ពលករ​ជា​ស្ត្រី​ជំនួយការ​មេផ្ទះ ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី។ ហើយ​ដោយសារ​តែ​មាន​ព័ត៌មាន​អវិជ្ជមាន​មួយ​ចំនួន​ដែល​បាន​កើត​មាន​ចំពោះ​ពលករ​បម្រើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ។
គ្រួសារ​ពល​ការិនី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​ការងារ ឲ្យ​ជួយ​អន្តរាគមន៍​ចំពោះ​ករណី​ប្រធាន​ក្រុមហ៊ុន ម៉ីយន សឺវីស ( Mi yon Service) នាំ​ពលករ​ទៅ​ប្រទេស​ម៉ាឡេស៊ី មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់​ខ្លួន​របស់​កូន​ស្រី​គាត់។
អ្នកស្រី ស៊ូ សុខម៉ា អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​រោង​២ ឃុំ​បឹង​ល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ តុលា ថា អ្នកស្រី​ត្រូវ​ជា​ម្ដាយ​របស់​ពល​ការិនី ឈ្មោះ អ៊ុច ម៉េងថៃ អាយុ​២០​ឆ្នាំ បាន​ចេញ​ទៅ​ធ្វើការ​ជា​អ្នក​បម្រើ​តាម​ផ្ទះនៅ​ប្រទេស​ម៉ាឡេស៊ី តាម​រយៈ​ក្រុមហ៊ុន ម៉ីយន សឺវីស បាន​ប្រាក់​ឈ្នួល​ក្នុង​មួយ​ខែ​១៨០​ដុល្លារ។
អ្នកស្រី​បន្ត​ថា កូន​ស្រី​គាត់​ចេញ​ទៅ​អាយុ​១៨​ឆ្នាំ គឺ​តាំង​ពី​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០០៩ ហើយ​ត្រូវ​ចប់​កិច្ចសន្យា​វិល​មក​វិញ​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១១ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​នេះ​គាត់​មិន​បាន​ទទួល​ដំណឹង​អ្វី​ទាំងអស់។
អ្នកស្រី ស៊ូ សុខម៉ា៖ «ទៅ​​ដល់​ដំបូង​ទាក់ទង​ម្ដង​គត់ រហូត​តាំង​ពី​នោះ​មក អត់​មាន​ទាក់ទង​អី​បាន ហើយ​យក​មនុស្ស​ក្លែង​បន្លំ​តេ​មក​ធ្វើ​កូន​ខ្ញុំ។ មិន​ដឹង​ម៉េច​ទេ​កូន​ហ្នឹង។ ខ្ញុំ​សង្ស័យ​តែ ដឹង​យក​កូន​ខ្ញុំ​ទៅ​លក់​ដឹង​យក​ទៅ​ណា បើ​បាត់​កូន​ខ្ញុំ​សូន្យ​ឈឹង​អ៊ីចឹង។ ដល់​ពេល​អ៊ីចឹង ខ្ញុំ​ដូច​អត់​មាន​សង្ឃឹម​អី​ទេ។ សុំ​ធ្វើ​ម៉េច​ឲ្យ​ជួយ​បាន​យក​កូន​ខ្ញុំ​មក​ឲ្យ​បាន​ក្នុង​ពេល​ឆាប់ៗ ហ្នឹង។ អត់​មាន​ថា​ឲ្យ​នៅ​បន្ត​អាណត្តិ​បន្ត​អី​ទៀត​ទេ»។
អ្នកស្រី ស៊ូ សុខម៉ា បាន​បញ្ជាក់​ថា ចាប់​តាំង​ពី​កូន​របស់​គាត់​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​មក អ្នកស្រី មិន​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​របស់​កូន​គាត់​នោះ​ទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​នេះ​បាន​គេចវេះ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់​បង់​កូនស្រី​ឡើយ គ្រាន់​តែ​បញ្ជាក់​ថា កូនស្រី​នេះ បាន​បន្ត​អាណត្តិ​ការងារ​ឲ្យ​ថៅកែ​ថ្មី​នៅ​ប្រទេស​ម៉ាឡេស៊ី​បន្ត​ទៀត។ រីឯ​ឯកសារ​ផ្ទាល់​ខ្លួន​របស់​នាង ក្រុមហ៊ុន​នេះ​បាន​រក្សាទុក​ទាំងអស់។
អ្នកស្រី ស៊ូ សុខម៉ា បាន​បញ្ជាក់៖ «ខ្ញុំ​ក៏​ចេះ​តែ​ទៅ​មកៗ។ ភូត​ខ្ញុំ ចេះ​តែ​ថា​ធ្វើ​វីសា (VISA) អត់​ទាន់​មក។ បើ​មិន​អ៊ី​ចឹង​ទេ ថា​ថៅកែ​អត់​នៅ​ទេ ថៅកែ​ទៅ​ប្រទេស​គេ​បាត់។ខ្ញុំ​ទាក់ទង​ទូរស័ព្ទ​មិន​ចូល​មួយ​ថ្ងៃ​ទល់​ល្ងាច។ អ៊ីចឹង ដល់​ពេល​ខ្ញុំ​មក​ទាក់ទង​ទូរស័ព្ទ​គ្នា​ទៅ​មកៗ អស់​លុយ ថា​សំបូរ​លុយ​ណាស់​ទៅ។ ខ្ញុំ​សុទ្ធ​តែ​ចង​ការ​គេ​មក។ ខ្ញុំ​គ្មាន​លុយ​មួយ​រៀល​ទេ អត់​បាន​ប្រយោជន៍​អី ខ្ញុំ​តេ​សួរ​មក​ទៀត​ថា ម៉េច​ហើយ? ក្រុមហ៊ុន​ហ្នឹង ថា​កុំ​បាច់​ទាក់ទង​ខ្ញុំ ទាក់ទង​អង្គការ​សិទ្ធិមនុស្ស​ឲ្យ​គេ​ទាក់ទង​ឲ្យ​ទៅ។ ខ្ញុំ​គ្មាន​ពេល​ទាក់ទង​ឲ្យ​ទៀត​ទេ ព្រោះ​ទៅ​ប្ដឹង​អង្គការ​សិទ្ធិមនុស្ស។ អ៊ីចឹង ឈប់​ទាក់ទង​គេ​ទៅ គេ​មិន​រវល់​ទៀត​ទេ​ចប់​ហើយ គេ​បិទ​ទូរស័ព្ទ​ទៅ»។
ការ​អះអាង​នេះ គឺ​អ្នកស្រី​បាន​មក​កាន់​ការិយាល័យ​នៃ​អង្គការ​សិទ្ធិមនុស្ស ដើម្បី​តម្លាភាព និង​សន្តិភាព នៅ​ភ្នំពេញ ដើម្បី​ស្នើសុំ​ឲ្យ​អង្គការ​នេះ​ជួយ​ជំរុញ​រក​ដំណោះស្រាយ។
ប៉ុន្តែ បញ្ហា​នេះ​ត្រូវ​បាន​មន្ត្រី​ក្រុមហ៊ុន ម៉ី យន សឺវីស បដិសេធ។
ប្រធាន​ក្រុមហ៊ុន ម៉ី យន សឺវីស លោក រ៉ា ម៉ាន់ បាន​បំភ្លឺ​ថា ក្រុមហ៊ុន​នេះ​គឺ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​នាំ​ពលករ​ហ្វីលីម័រ ហើយ​ថា នារី​ឈ្មោះ អ៊ុច ម៉េងថៃ សុខ​សប្បាយ​ទេ។ នៅ​ឆ្នាំ​ទី ៣ នេះ នាង​បាន​ព្រមព្រៀង​ជាមួយ​ម្ចាស់​ផ្ទះ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​បន្ត​ទៀត ទើប​មិន​បាន​ត្រឡប់​មក​វិញ។
លោក រ៉ា ម៉ាន់៖ «ការ​ដែល​ត​កិច្ចសន្យា​នេះ គឺ​មិនមែន​ខាង​ក្រុមហ៊ុន​យើង​អ្នក​ត​ទេ។ គេ​នាំ​សាមី​ខ្លួន​ទៅ​ស្ថានទូត​ខ្មែរ​យើង នៅ​កូឡាឡាំពួរ។ ស្ថានទូត​សួរ​ថា តើ​សាមី​ខ្លួន​ព្រម​ត​កិច្ចសន្យា​ដែរ​ឬ​អត់? ព្រម​ទើប​ស្ថានទូត​ព្រម​ត​ប៉ាស្ព័រ​ឲ្យ។ មិនមែន​ចេះ​តែ​តៗ បង្ខំ​នាង។ មិនមែន​ទេ​នៅ​ខាង​ក្រុមហ៊ុន​ទទួល​កិច្ចសន្យា ២ ឆ្នាំ គឺ​ចប់​ភារកិច្ច​ទៅ​ហើយ»។
ប្រធាន​គណៈកម្មាធិការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើ​ពុករលួយ អ្នកស្រី ម៉ម ស៊ីថា បាន​ថ្លែង​ថា បន្ត​ពី​អ្នកស្រី​សិក្សា​ក្នុង​លើ​ករណី​នេះ​មក អ្នកស្រី​អាច​វាយ​តម្លៃ​បាន​ថា ក្រុមហ៊ុន​នេះ​បាន​ជាប់​ពាក់ព័ន្ធ​និង​អំពើ​ជួញដូរ​មនុស្ស។
អ្នកស្រី ពន្យល់​ដូច្នេះ៖ «សូម​ឲ្យ​ពិនិត្យ​ទៅ​លើ​ក្រុមហ៊ុន ម៉ី យន សឺវីស ក្នុង​ការ​នាំ​ពលករ​កូន​គាត់​ទៅ​នេះ។ កូន​គាត់​ចេញ​ទៅ គឺ​កូន​គាត់​អាយុ ១៨ ឆ្នាំ​ទេ។ ២១ ឆ្នាំ​បាន​គេ​ទទួល​ជា​ពលករ។ អ៊ីចឹង ១៨ ឆ្នាំ​ខុស ទី​១។ ទី​២ បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ជំនាញ ដែល​យើង​បាន​ដឹង​ពី​ក្រសួង​មក​វិញ កូន​គាត់​ចេញ​ថ្ងៃ ២២ ខែ​៨ ឆ្នាំ ២០០៩ នេះ ក្រុមហ៊ុន​មាន​ច្បាប់​អនុញ្ញាត​ក្រោយ​ហ្នឹង។ បាន​ន័យ​ថា ការ​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​នេះ ធ្វើ​ប្រតិបត្តិការ​មុន​ច្បាប់​អនុញ្ញាត​ឲ្យ​ខ្លួន​ប្រតិបត្តិ។ ខ្ញុំ​សុំ​ឲ្យ​ពិចារណា​លើ​ចំណុច​ហ្នឹង ហើយ​ខ្ញុំ​ចាត់​ទុក​ថា ក្រុមហ៊ុន​នាំ​កូន​ក្មេង​នេះ គឺ​ជា​អំពើ​ជួញដូរ​មនុស្ស»។
អ្នកស្រី ម៉ម ស៊ី​ថា បាន​អំពាវនាវ​ឲ្យ​ក្រសួង​ការងារ​អន្តរាគមន៍​ជា​បន្ទាន់​ចំពោះ​ករណី​នេះ។
ទាក់ទង​បញ្ហា​នេះ ប្រធាន​ការិយាល័យ​រក​ការងារ​ឲ្យ​ធ្វើ​នាយកដ្ឋាន​មុខរបរ និង​ហត្ថ​ពលកម្ម នៃ​អគ្គនាយកដ្ឋាន​ការងារ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ញ៉ែម គឹមហូយ ដែល​បាន​តាមដាន​ករណី​នេះ មាន​ប្រសាសន៍​ថា ករណី​បណ្ដឹង​នេះ លោក​បាន​សម្របសម្រួល​ឲ្យ​មាន​ការ​ជួប​មុខ​ផ្ទាល់​រវាង​ម្ដាយ និង​កូន​ពី​ប្រទេស​ម៉ាឡេស៊ី​តែ​ម្ដង។
លោក ញ៉ែម គឹមហូយ៖ «ឥឡូវ​ថៅកែ​គាត់​នៅ​ចិន​គាត់​សុំ​ដើម​សប្ដាហ៍​ក្រោយ បាន​ធ្វើ​រួច​ហើយ ចាត់ចែង​យូរ​ហើយ ឲ្យ​គាត់​ជួប​គ្នា​មើល​តាម​ទូរទស្សន៍​ផ្សាយ​ផ្ទាល់ ពី​ព្រោះ​ម្ដាយ​ឲ្យ​ទូរស័ព្ទ​មក គាត់​ថា​មិនមែន​សំឡេង​កូន​គាត់»។
បើ​ទោះ​បី​ជា​មាន​ការ​អះអាង​ពី​មន្ត្រី​ក្រសួង​ការងារ​ថា​យ៉ាង​នេះ​ក្ដី មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា ការ​រៀបចំ​ពេល​វេលា​ណាត់​ជួប​រវាង​ម្ដាយ​និង​ពល​ការិនី​នេះ​បាន​លើក​ពេល​ជា​ច្រើន​សារ​រួម​មក​ហើយ។
អង្គការ ខារ៉ាម ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​រក​ឃើញ​បញ្ហា​រំលោភ​សិទ្ធិ​ពលករ​ខ្មែរ​មាន​ប្រមាណ​ជាង ៦០​ករណី នៅ​ក្នុង​ឆ្នាំ​២០១១។
ដោយ​សារ​សង្កេត​ឃើញ​ថា ការ​បញ្ជូន​ពលករ​ជា​ស្ត្រី​ជំនួយការ​មេផ្ទះ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី មាន​លេច​ឡើង​នូវ​ព័ត៌មាន​អវិជ្ជមាន​មួយ​ចំនួន ដូចជា ការ​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ពី​សំណាក់​ម្ចាស់​ផ្ទះ និង​មាន​ការ​ជួញដូរ​នោះ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១១ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​សារាចរ​ណែនាំ​មួយ ស្ដីពី​ការ​ផ្អាក​ការ​ជ្រើសរើស បណ្ដុះបណ្ដាល និង​បញ្ជូន​ពលករ​ជា​ស្ត្រី​ជំនួយការ​មេផ្ទះ ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី។
ប៉ុន្តែ​មាន​សេចក្ដីរាយការណ៍​ជា​បន្តបន្ទាប់​មក​ថា ​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​តែ​បំពាន លួច​បញ្ជូន​ពលករ​ចេញ​ទៅ​លួច​លាក់។ បញ្ហា​នេះ​បាន​នាំ​ឲ្យ​សាធារណជន​មួយ​ចំនួន​សម្ដែង​ការ​ងឿង​ឆ្ងល់​ថា តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខាតបង់​របស់​ភាគី​ក្រុមហ៊ុន​នាំ​ពលករ​ដែល​កំពុង​ដំណើរការ​ការងារ​របស់​ខ្លួន? ហើយ​និង​ត្រូវ​ដោះស្រាយ​យ៉ាងណា​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ត្រៀម​នាំ​ពលករ​ចេញ​ទៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ត្រូវ​អាក់​ខាន​វិញ​នោះ?

ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes