បុគ្គលិកការពារសិទ្ធិមនុស្សនៅខេត្តកំពត អះអាងថា នៅក្នុងឃុំថ្មី ឈ្មោះតេជោអភិវឌ្ឍន៍ ស្ថិតក្នុងស្រុកឈូក ខេត្តកំពត ដែលទើបកាត់ចេញពីខេត្តកោះកុង កំពង់ស្ពឺ និងខេត្តព្រះសីហនុ ត្រូវក្រុមសិទ្ធិមនុស្សកត់សំគាល់ថា មានអំពើហិង្សាបានកើតឡើងទៅលើប្រជាពលរដ្ឋ។
ប្រធានសាខាសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តកំពត អ្នកស្រី ទ្រី ឈូន បន្ថែមថា ឃុំតេជោអភិវឌ្ឍន៍ ជាឃុំដែលក្រសួងមហាផ្ទៃទើបបង្កើតថ្មី។ ប៉ុន្តែមិនទាន់មានការបោះឆ្នោតរើសប្រធានក្រុមប្រឹក្សាឃុំនៅឡើយ។ អ្នកស្រីថា ការគ្រប់គ្រងពលរដ្ឋ គេឃើញជនស្លៀកពាក់យោធាប្រដាប់ដោយអាវុធប្រើអំណាច គំរាមទារយកប្រាក់ ហើយក៏មានជម្លោះជារឿយៗ។
ពលរដ្ឋនៅឃុំថ្មីនោះ បានរងនូវការរំលោភសិទ្ធិមនុស្ស មានវាយដំបង្ខំទារយកប្រាក់ ការបណ្ដេញចេញពីដី ព្រោះតែពួកគេរស់នៅមិនទាន់មានអ្នកគ្រប់គ្រងច្បាស់លាស់៖ «ដោយសារតែគាត់ខ្វះការងារ ខ្វះអីធ្វើ ហើយតំបន់នោះជាតំបន់ថ្មី គាត់មករស់នៅ។ អ៊ីចឹងយើងពិនិត្យឃើញថា មានការរំលោភសិទ្ធិមនុស្សហ្នឹងច្រើន ដោយមិនមានរដ្ឋបាលត្រឹមត្រូវណាមួយដើម្បីគ្រប់គ្រង ហើយអនុវត្តផ្លូវច្បាប់នៅតំបន់នោះទេ»។
សកម្មជនអង្គការលីកាដូ ប្រចាំស្រុកឈូក លោក យួន វីរៈ អះអាងថា អ្នកការពារនៅប៉ុស្តិ៍៣១៧ ក្នុងឃុំតេជោអភិវឌ្ឍន៍ ប្រើកាំភ្លើងអាកាបត់ វាយពលរដ្ឋ ១គ្រួសារ ក្នុងភូមិអន្លង់ចាស់ កាលពីថ្ងៃ៨ វិច្ឆិកា៖ «ព្រោះអីទាហាននោះធ្លាប់មកយកលុយ យកធ្យូងពីប្រជាពលរដ្ឋហ្នឹង គ្នាឲ្យទៅណា៎!។ មិនដឹងយ៉ាងម៉េច មកចាប់ម៉ាស៊ីនគ្នាយកទៅ មកចាប់ហើយវ៉ៃ ប្រើអំពើហិង្សាលើស្ត្រីភេទហ្នឹងទៀត»។
លោកស្រី ជាវ ស៊ត អាយុ ៣២ឆ្នាំ នៅភូមិអន្លង់ចាស់ ឬភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ អះអាងនៅថ្ងៃ៩ វិច្ឆិកា ថា គាត់ទើបចេញពីមន្ទីរពេទ្យ ព្រោះជនស្លៀកពាក់យោធា ៣នាក់ ព្រួតវាយគាត់ដោយស្វ័យកាំភ្លើង បណ្ដាលឲ្យសន្លប់ ដោយសារគាត់រត់ទៅជួយប្ដីគាត់ ដែលក្រុមនោះកំពុងតែវាយ ខណៈប្ដីគាត់កំពុងកាត់ឈើងាប់ដើម្បីយកទៅដុតជាធ្យូង៖ «ប្ដីខ្ញុំបែកមាត់ ហើយខ្ញុំត្រូវក និងស្មា សន្លប់អត់ដឹងខ្លួនផង»។
លោក ហេង សុផាន់ អាយុ ៣៣ឆ្នាំ ជាប្ដីលោកស្រី ជាវ ស៊ត ថ្លែងថា គាត់បានទិញដើមឈើដែលក្រុមហ៊ុនក្នុងឃុំនេះគេឈូសរំលំ។ គាត់កាត់ឈើនោះខ្លីៗ ដើម្បីដុតធ្វើធ្យូង ស្រាប់តែអ្នកយាមនៅប៉ុស្តិ៍៣១៧ តំបន់អន្លងក្មេងលេង នៅក្បែរផ្ទះគាត់មកចាប់ដណ្ដើមម៉ាស៊ីនអារ។ គាត់បានប្រាប់ទៅមន្ត្រីអស់នោះថា ម៉ាស៊ីនអារនេះគាត់បានបង់ប្រាក់ច្រើនដងហើយឲ្យទៅក្រុមនោះ។ បើមិនឲ្យគាត់យកមកអារឈើកុំយកប្រាក់ពីគាត់។ ក្រុមអ្នកយាមក្បែរស្ពានប៉ុស្តិ៍៣១៧នោះ គេក៏វាយគាត់ឲ្យបែកមាត់ រួចដណ្តើមយកម៉ាស៊ីនអារ។ ភរិយាគាត់រត់មកជួយគេវាយឲ្យសន្លប់តែម្ដង។
លោក ហេង សុផាន់៖ «វាធ្វើដូចមកប្លន់យើងតែម្ដង មកវ៉ៃយើង ហើយប្រពន្ធខ្ញុំសន្លប់ ហើយវាអត់មានមើលអត់មានអីថា អាហ្នឹងដូចថា យើងប្រជាពលរដ្ឋគេជាទាហានអ៊ីចឹង ហើយឥឡូវគេអត់មានទទួលខុសត្រូវទៀត»។
ប្រធានប៉ុស្តិ៍៣១៧ ឃុំតេជោអភិវឌ្ឍន៍ លោក ម៉ារ៉ាឌី មានប្រសាសន៍ថា ពលរដ្ឋជាជនរងគ្រោះមិនទាន់បានដាក់ពាក្យប្ដឹងមកប៉ុស្តិ៍រដ្ឋបាលនៅឡើយ ទើបប៉ូលិសមិនទាន់បានដឹងរឿងនោះ។
មន្ត្រីយោធា និងអាវុធហត្ថដែលរងនូវការចោទក្នុងឃុំតេជោអភិវឌ្ឍន៍ មិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១១។
ក្រុមប្រឹក្សាស្រុកឈូក លោក ប៉ែន ស៊ុយរីតា ថ្លែងថា ពលរដ្ឋរស់នៅក្នុងឃុំតេជោអភិវឌ្ឍន៍ភាគច្រើនជនចំណាកស្រុកមកពីតំបន់ និងខេត្តផ្សេងៗ តែមានរស់នៅយូរហើយ ដែលកាត់យកមកពីឃុំតាកែន និងឃុំត្រពាំងភ្លាំង។
ក្រុមប្រឹក្សាស្រុកឈូក លោក ប៉ែន ស៊ុយរីតា ថ្លែងថា ពលរដ្ឋរស់នៅក្នុងឃុំតេជោអភិវឌ្ឍន៍ភាគច្រើនជនចំណាកស្រុកមកពីតំបន់ និងខេត្តផ្សេងៗ តែមានរស់នៅយូរហើយ ដែលកាត់យកមកពីឃុំតាកែន និងឃុំត្រពាំងភ្លាំង។
អាជ្ញាធរស្រុកឈូក ប្រកាសកាលពីរសៀលថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ថា រដ្ឋគ្រោងសង់ផ្ទះឲ្យមន្ត្រីយោធាចូលនិវត្តន៍ចំនួន ១៤០ខ្នង នៅតំបន់ប៉ុស្តិ៍៣១៧ នោះ។ លោកថា ការវាយពលរដ្ឋនោះទំនងជាមកពីមានការប្រកាសនោះ។ លោកសុំឲ្យពលរដ្ឋរងគ្រោះដាក់ពាក្យប្ដឹងទៅអាជ្ញាធរមូលដ្ឋានដែលមានការតែងតាំងបណ្ដោះអាសន្ននោះឲ្យគេដោះស្រាយ៕
ពីវិទ្យុ អាស៊ិសេរី
No comments:
Post a Comment
yes