សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 10, 2011

ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៥៨

 សិស្សានុសិស្ស និស្សិត ក្រុមកាយឫទ្ធិ មន្ត្រី​រាជការ កង​រាជ​អាវុធហត្ថ និង​មន្ត្រី​តំណាង​ទូត​បរទេស​នានា​នៅ​កម្ពុជា សរុប​ចំនួន​ជាង ៥​ពាន់​នាក់ បាន​មក​ចូល​រួម​ប្រារព្ធ​បុណ្យ​ខួប​ឯករាជ្យ​ជាតិ​កម្ពុជា លើក​ទី​៥៨ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១១។


 ព្រះ​មហាក្សត្រ ព្រះបាទ​បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១១ បាន​យាង​ជា​អធិបតី​ដុត​ទៀន​ជ័យ នៅ​ឯ​វិមាន​ឯករាជ្យ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៥៨ នៃ​បុណ្យ​ឯករាជ្យ​ជាតិ។ 
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​សភា​ជាតិ លោក ហេង សំរិន បាន​ធ្វើ​បដិសណ្ឋាកិច្ច​ព្រះមហាក្សត្រ​នៅ​ឯ​វិមាន​ឯករាជ្យ។ 
គេ​មិន​បាន​ឃើញ​មាន​វត្តមាន​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ និង​ព្រះរាជ​អគ្គ​មហេសី នរោត្តម មុនីនាថ សីហនុ និង​ប្រធាន​ព្រឹទ្ធ​សភា លោក ជា ស៊ីម យាង​នឹង​មក​ចូល​រួម​ទេ។ 
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់ រដ្ឋាភិបាល​ដទៃ​ទៀត មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ជុំវិញ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​នេះ​ទេ។ មាន​ការ​ស្រែក​ជយឃោស ការ​ច្រៀង​ចម្រៀង​ស្នេហា​ជាតិ និង​ការ​ប្រគំភ្លេង​របស់​អង្គភាព​ត្រែ​ទ័ព។
មន្ត្រី​រាជការ​ឈ្មោះ ឃឹម ចិន្តា ៣៩​ឆ្នាំ មក​ពី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​មាន​អារម្មណ៍​កក់​ក្ដៅ​ជាង​ឆ្នាំ​មុនៗ ដោយសារ​តែ​នៅ​ឆ្នាំ​នេះ​អតីត​ព្រះ​មហាក្សត្រ និង​ព្រះ​មហាក្សត្រ គង់​នៅ​ក្នុង​ប្រទេស​ជុំ​គ្នា៖ «សប្បាយ​រីករាយ​ណាស់​ដែល​បាន​ចូល​រួម​ខួប​អបអរ​សាទរ​ខួប​លើក​ទី​៥៨ បុណ្យ​ទិវា​ឯករាជ្យ​ជាតិ»
គ្រូ​បង្រៀន​នៅ​សាលា​សមាគម​ចិន នៅ​ទីក្រុង​ភ្នំពេញ លោក ទិត វណ្ណឈីន អាយុ ៤១​ឆ្នាំ ដែល​បាន​ដឹក​នាំ​ក្រុម​សិស្ស​ចំនួន ៥០០​នាក់ មក​ចូល​រួម​ក្នុង​ពិធី​នេះ​បាន​មាន​ប្រសាសន៍​ថា រូប​លោក និង​សិស្ស​សាលា​ដទៃ​ទៀត​មាន​ការ​រីករាយ៖ «ថ្ងៃ​នេះ​មាន​ឱកាស​បាន​ចូល​រួម​ខួប​លើក​ទី (៥៨) បុណ្យ​ឯករាជ្យ​នេះ គឺ​ខ្ញុំ​ទាំង​គ្រូ ទាំង​សិស្ស គឺ​មាន​ភាព​សប្បាយ​រីករាយ​ខ្លាំង​ណាស់ ដែល​មាន​ឱកាស​ចូល​ក្នុង​ពិធី​នេះ»
អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្ត សីហនុ បាន​ទាមទារ​ទទួល​បាន​ឯករាជ្យ​ជាតិ​ពី​អាណា​និគម​និយម​បារាំង នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣។ 
ក្រៅ​ពី​ការ​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិ​នេះ គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ​បាន​រៀបចំ​រួច​ហើយ​នៅ​ខែ​តុលា និង​ខែ​វិច្ឆិកា ឆ្នាំ​២០១១ នូវ​បុណ្យ​ចម្រើន​ព្រះជន្ម​អតីត​ព្រះមហាក្សត្រ គម្រប់​ព្រះជន្ម ៨៩ យាង​ចូល ៩០​ព្រះ​វស្សា និង​ខួប​លើក​ទី​២០ ដែល​អតីត​ព្រះមហាក្សត្រ បាន​យាង​ចូល​ប្រទេស​កម្ពុជា​វិញ ក្រោយ​ពី​ភាគី​ជម្លោះ​ខ្មែរ​នានា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (Paris) ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១៕



ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes