ក្រុមហ៊ុនសន្ដិសុខ IBI មានទីតាំងនៅភូមិចំការឱឡឹក សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានលោកយុន ចាន់សេរីរ័ត្ន ជាប្រធានគ្រប់គ្រងកំពុងសាងឈ្មោះមិនល្អដោយសារជំពាក់បំណុលអ្នកស្រុកជុំទិស និងជំពាក់ប្រាក់បៀវត្សបុគ្គលិកមិនព្រមសងរហូតធ្វើឱ្យផ្ទុះបាតុភាពកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១១ ដោយបុគ្គលិកខ្លះស្រែកអាក្រោសសុំឱ្យលោកយុន ចាន់សេរីរ័ត្ន បើកប្រាក់ជំពាក់១-២ខែ ដល់ពួកគេ ឯអ្នកស្រុកអ្នកភូមិខ្លះទាមទារឱ្យសងថ្លៃជំពាក់សម្លៀកបំពាក់, ថ្លៃធ្វើរថយន្ដ, ថ្លៃបាញ់ថ្នាំរថយន្ដ និងថ្លៃសាំងជាដើម។ បាតុភាពនេះបានធ្វើភ្ញាក់ផ្អើលរហូតឮដល់អ្នកកាសែតជាច្រើនបានចុះទៅយក ព័ត៌មានហើយត្រូវបានលោកយុន ចាន់ សេរីរ័ត្ន ចាប់ឃាត់ខ្លួនអស់រយៈពេលជាច្រើនម៉ោង ព្រោះតែមិនចង់ឱ្យអ្នកកាសែត យកទៅចុះផ្សាយអំពីសកម្មភាពធ្វើនំអត់ម្សៅ និងដឹងរឿងអាស្រូវរបស់ក្រុមហ៊ុន IBI ដែលនេះចាត់ទុកជាការរំលោភលើច្បាប់សារព័ត៌មាន ។
បុគ្គលិកសន្ដិសុខ IBI ជាច្រើនបានប្រាប់ឱ្យដឹងថា អស់រយៈពេលជាច្រើនខែមកហើយដែលបុគ្គលិកមួយចំនួនមិនបានបើកប្រាក់ខែពីក្រុមហ៊ុនមួយនេះ។ បុគ្គលិកទាំងនោះបានបញ្ជាក់អំពីចំនួនបុគ្គលិកមិនទាន់ទទួលបានប្រាក់ខែមានដូចជាលោកលឹម សុគន្ធ អាយុ២៥ឆ្នាំ ធ្វើការបាន២ខែទើបតែបើកលុយបាន១ខែ, លោកផូ ប៊ុណ្ណែត អាយុ២៣ឆ្នាំ ធ្វើការបាន៣ខែទើបតែបើកបានមួយខែ, អ្នកស្រីណុប ផល្លា អាយុ៣៣ឆ្នាំ ធ្វើការបាន១ខែ មិនទាន់បើកបាន១សេន។ ក្រៅពីនេះនៅមានច្រើននាក់ទៀតសុទ្ធតែមិនទាន់បានបើកប្រាក់ខែនៅឡើយ រួចថែមទាំងត្រូវក្រុមហ៊ុនគាបសង្កត់គ្រប់បែបយ៉ាងទៀតផង ។
ចំណែកអ្នកលក់សាំងនៅភូមិចំការឪឡឹកម្នាក់បាននិយាយថា មកដល់ពេលនេះមានរយៈពេលជាង១ខែមកហើយដែលប្រធានក្រុមហ៊ុន IBI ជំពាក់ថ្លៃសាំងគាត់ចំនួន៣៧ម៉ឺនរៀលមិនព្រមសង។ ពេលដែលគាត់ទៅទារ លោកចាន់សេរីរ័ត្ន ឆ្លើយថា ចាំថ្ងៃនេះ ចាំថ្ងៃនោះ ធ្វើឱ្យគាត់អស់ជំនឿយ៉ាងខ្លាំង។ ដោយឡែកក៏នៅមានអ្នកភូមិមួយចំនួនបានអះអាងផងដែរថា ក្រុមហ៊ុន IBI នៅជំពាក់លុយថ្លៃសម្លៀកបំពាក់១០កំប្លេ ស្មើ១០០ដុល្លារ សងបានតែ២០ដុល្លារ, ថ្លៃតោនរថយន្ដ៥០ដុល្លារ, ថ្លៃជួសជុល រថយន្ដនិងអីវ៉ាន់ផ្សេងៗក៏មិនតិចដែរ។ ពួកគេនាំគ្នានិយាយថា ក្រុមហ៊ុន IBI ពិតជាធ្វើនំអត់ម្សៅទើបបានជាជំពាក់គេវ័ណ្ឌកយ៉ាងនេះ ។
ការចោទប្រកាន់ខាងលើនេះ ត្រូវបានលោកយុន ចាន់សេរីរ័ត្ន ឆ្លើយរបៀបយករួចខ្លួនថា “បានជាមិនទាន់បើកប្រាក់ខែឱ្យ ដោយសារបុគ្គលិកទាំងអស់នោះឈប់សម្រាកការងារយូរថ្ងៃពេក” ។ តែបុគ្គលិកវិញប្រាប់ថា “មិនឱ្យឈប់យ៉ាងម៉េចបើធ្វើការច្រើនខែអត់បើកលុយឱ្យតើបានប្រាក់ពីណាយកទៅឱ្យថ្លៃឈ្នួលផ្ទះនិងថ្លៃស៊ីចុក” ។
ទោះយ៉ាងណាបុគ្គលិកក្រុមហ៊ុន IBI ជាច្រើនបានសំណូមពរឱ្យក្រសួងមហាផ្ទៃចុះទៅត្រួតពិនិត្យក្រុមហ៊ុនសន្ដិសុខ IBI នេះផងព្រោះពេលនេះពួកគេកំពុងធ្វើនំអត់ម្សៅរួចថែមទាំងជិះជាន់កេងប្រវ័ញ្ចលើកម្លាំងញើសឈាមកម្មករបុគ្គលិកខ្លាំងណាស់ ៕
នគរវត្ត
No comments:
Post a Comment
yes