សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, December 10, 2011

សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទិ្ធមនុស្ស និងអភិវឌ្ឍន៍ អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៦៣ឆ្នាំ ១០ ធ្នូ ១៩៤៨ ដល់ ១០ ធ្នូ ២០១១

ឯកសារប្រវត្តិសង្ខេបស្តីពីសិទិ្ធមនុស្ស
តើសិទ្ធិមនុស្សមានប្រភពមកពីណាខ្លះ ?
       តាមការពិតសិ​ទ្ធិមនុស្សបានកើតឡើងតាំងពីយូរយាណាស់មកហើយ គឺមានប្រភពមកពី​ទស្សនៈ​ខាងសាសនា និងខាង​ទស្សនៈវិជ្ជា ។
ទស្សនៈសាសនា
នៅក្នុងពិភពលោកយើងនេះមានសាសនាច្រើនណាស់ ដោយឡែកនៅក្នុងទ្វីបអាស៊ីអា​គ្នេយ៍​យើង​​នេះមានសាសនាជាច្រើន ដូចជា សាសនាគ្រឹស្ត សាសនាអ៊ីស្លាម សាសនាហិណ្ឌូ សា​ស​នា​យូ​ដា សាសនាកុងជឺ ពុទ្ធសាសនាជាដើម ។ អត្ថន័យនៃគោល​ការណ៍អប់​រំ​សា​ស​នា​ទាំង​អស់​នេះ​មានដូចជាៈ
§  ព្រះធម៌នៃព្រះពុទ្ធសាសនា បានចែងថា បាណាតិបាតាមិនសំលាប់សត្វ មានន័យ​ថា​មនុស្ស​លោកគ្រប់រូបមានជីវិតរស់នៅ” ។
§  ទ្រឹស្តីនៃគ្រឹស្តសាសនា ចែងថា មនុស្សលោកត្រូវចេះស្រឡាញ់គ្នាទៅវិញទៅ​មក​ដូច​ជា​ម្ចាស់​ស្រឡាញ់អ្នកដូចព្រះជាម្ចាស់  “មនុស្សទាំងអស់ ត្រូវស្រឡាញ់​គ្នាដូច​ជា​ខ្ញុំ​ម្ចាស់​ស្រ​​ឡាញ់​អ្នករាល់គ្នា​ ហើយត្រូវមានចិត្តសប្បុរស និងមេត្តាធម៌រវាងគ្នា”
§  សាសនាអ៊ីស្លាម មហាម៉ាត់ទូន្មានថា មនុស្សត្រូវចេះគោរពគ្នា ត្រូវចេះស្រឡាញ់​គ្នា​និង​ត្រូវ​មានភាពស្មើគ្នា ដូចជាព្រះបានចែងថា មនុស្សទាំងអស់ មានភាពស្មើគ្នាប្រៀបដូច​ទៅ​និង​​ធ្មេញនៃក្រាស់សិតសក់
§  សាសនាកុងជឺ បានទូន្មានថា កុំធ្វើអី្វទៅលើអ្នកដ៏ទៃ​នូវអ្វីដែលអ្នក​មិនចង់​ឲ្យគេធ្វើ​ចំ​ពោះ​ខ្លួនឯង បានសេចក្តីថាមនុស្សយើងត្រូវធ្វើអ្វីប្រព្រឹត្តនូវសកម្មភាពអ្វីក៏ដោយ ត្រូវ​ជៀស​វាង​កុំឲ្យមានការប៉ះពាល់ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរជាពិសេសត្រូវគិតដល់ផល​ប្រ​យោជន៍អ្នកដ៏ទៃ ។
§  សាសនាហិណ្ឌូ ទូន្មានថា មនុស្សលោកគប្បីប្រព្រឹត្ត​និងអំពើទាំង​ឡាយ​ណា​ដែល​ជា​កុសល និងប្រកបដោយសីលធម៌ល្អប្រសើរ

គោលការណ៍អប់រំនៃសាសនាទាំងអស់នេះគឺ បានបង្ហាញអោយឃើញថាមានគោល​បំ​ណង​ប្រហាក់ប្រហែលគ្នាគឺ គោរពជីវិត ត្រូវមានសេចក្តីស្រឡាញ់ភក្តីភាពមានយុតិ្តធម៌ មានសមភាពនិងគ្មានការរើសអើង
ទស្សនៈនៃទស្សនៈវិជ្ជា
v ប្រវត្តិសាស្ត្រនៃសិទ្ធិមនុស្ស
នៅសតវត្សទី១៧ និង ១៨ ទស្សនៈវិទូសេរីនៅក្នុងពិភពលោកបានចាប់ផ្តើមគិតគូអំពី បញ្ហានៃពិភពលោកនិងចាប់ផ្តើមរិះរកមធ្យោបាយសមស្រប ដើម្បីដោះស្រាយបញ្ហាពិភពលោក ។ នៅសតវត្សទី១៧ ទស្សនៈវិទូឈ្មោះ ចន ឡុក (John Locke) ដែលជាទស្សនៈវិទូអង់គ្លេស ត្រូវបានគេទទួលស្គាល់ថាជាមាតានៃសិទ្ធិធម្មជាតិព្រោះលោក ចន ឡុក (John Locke) បាន លើកឡើងនូវសិទ្ធិជាមូលដ្ឋានរបស់មនុស្សសំខាន់ៗបីគឺ ទី១ សិទ្ធិមានជីវិតរស់នៅ ទី២ សិទ្ធិ​មានសមត្ថភាព និងទី៣ សិទ្ធិមានទ្រព្យសម្បត្តិ ។ មានទស្សនៈវិទូម្នាក់ទៀត ឈ្មោះ ត្រូ​ត្យូស​​ (Grotius) ជាជនជាតិដាច់ (Dutch) នៅសតវត្សទី ១៥ ក៏បានលើកឡើងនូវទស្សនៈដូច ទស្សនៈ របស់លោក ចន ឡុក (Locke) ដែរ ។ ដោយសារ តែមានគំនិតផ្តួចផ្តើមនៃទស្សនៈ វិទូសេរីទាំង​​​នេះ ហើយទើបជំរុញអោយមានចលនាបដិវត្តនៃទី្វបអឺរ៉ុបផ្ទុះឡើងជាបន្តបន្ទាប់ ដូចជាៈ
§  នៅដើមសវត្សទី ១៨ បដិវត្តអាមេរិកកាំងបានផ្ទុះឡើង បដិវត្តនេះមានសារៈសំខាន់​ណាស់​ព្រោះបានបង្ហាញនូវចលនាតស៊ូរបស់ប្រជាពលរដ្ឋដើម្បីទាមទារឯករាជ្យ សេរីភាព​និង​សមភាព ។ ចលនានៃបដិវត្តនេះ ត្រូវបានទទួលជោគជ័យដោយរដ្ឋធម្មនុញ្ញអាមេរិកកាំង​ថ្មី​មួយ​ត្រូវ​បានគេបង្កើតឡើងស្របទៅតាមសំណូមពរប្រជាពលរដ្ឋ ។ ជោគជ័យនៃបដិវត្តនេះគឺជា​ពន្លឺ​នៃមូល​ដ្ឋានសិទ្ធិមនុស្ស ដែលបានកើតឡើងនៅទី្វបអឺរ៉ុប ។
§  ក្រោយមកនៅឆ្នាំ ១៧៨៩ មានចលនាបដិវត្តប្រទេសបារាំងដ៏ខ្លាំងក្លាមួយកើតឡើង ។​ ចល​នា​បដិវត្តនេះ​បង្កើតឡើងដោយវណ្ណៈកណ្តាលនៃប្រជាជនបារាំង ក្នុងគោលបំណងលុប​បំបាត់​ចោលនូវវណ្ណៈអភិជន ។ បន្ទាប់មកដោយសារចលនានៃបដិវត្តនេះបានសំរេចជោគជ័យ​ដូចគ្នា​និង​ចលនាបដិវត្តអាមេរិកកាំងនោះរដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសបារាំងក៏បានកើតឡើងដែរ ។ រដ្ឋ​ធម្ម​នុញ្ញនេះបានចែងទាក់ទងទៅនិងសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ។
§  នៅសតវត្សទី ១៩ មានទស្សនៈវិទូពីរូបទៀតគឺលោក ម៉ាក្ស (Mark) និងលោក អង់ ហ្គើល Englesជាទស្សនៈវិទូអង់គ្លេសបានបញ្ជាក់បន្ថែមទៅលើសិទ្ធិសេរីភាព និងសមភាពរបស់​មនុស្ស​គ្រប់​រូបជាពិសេសទាក់ទងទៅនិង សិទ្ធិសេដ្ឋកិច្ចនិងសិទ្ធិសង្គម ។ គំនិតផ្តួចផ្តើមនៃ​ទស្សនៈ​វិទូ​ទាំង​ពីរនេះគឺការផ្តល់កំណើត អោយបដិវត្តឧស្សាហកម្ម ដែលកើតឡើង ដោយ​សារ​មាន​​ការ​គាំ​ទ្រ​យ៉ាងពេញទំហឹងពីសំណាក់កម្មករ ដើម្បី​ទាមទារនូវសិទ្ធិសេរីភាពនិងសមភាព​របស់​​ពួកគេ​នៅ​ក្នុងសង្គម ។
និយាយជារួមមក ការលើកឡើងនូវគំនិត និងទស្សនៈខាងលើ ដោយសារតែការមើល​ឃើញនូវមនុស្សនៅសកលលោកយើងនេះ បានប្រឈមទៅនិងបញ្ហាជាច្រើន បញ្ហាទាំងនោះ ទាក់ទងទៅនិងការគំរាមគំហែងមកលើអ្នកទន់ខ្សោយ ការឈ្លានពាន ការកាប់សម្លាប់មនុស្ស ក្រៅច្បាប់ឥតគណនា ការចាប់រំលោភបំពានពីសំណាក់ប្រទេសធំៗមកលើប្រទេសតូចតាចពី អ្នកមានអំណាចយ៉ាងឃោឃៅនិងព្រៃផ្សាយជាទីបំផុត ។
នៅថ្ងៃទី១០ ធ្នូ ឆ្នាំ១៩៤៨ គំនិត និងទស្សនៈទាំងឡាយរបស់ទស្សៈវិទូទាំងនោះ ក៏បានចងក្រងទៅជាច្បាប់ ជាមាត្រា ហើយបានប្រកាសជាផ្លូវការ និងចាប់ផ្តើមធ្វើការផ្សាយ​យ៉ាង​​ទូលំទូលាយនូវសេចក្តីថ្លែងការជាសកលមានចំនូន​៣០មាត្រា​ដែលមានខ្លឹមសារសង្ខេប​ខ្លះ​ៗ​ដូច​តទៅនេះ...
តម្លៃសង្គមនិងតម្លៃសីលធម៌នៃសិទ្ធិមនុស្ស
១. តម្លៃសង្គមនិងតម្លៃសីលធម៌នៃសិទ្ធិមនុស្សចំពោះជីវិត
       ចំពោះតម្លៃសង្គម និងតម្លៃសីលធម៌នៃសិទ្ធិមនុស្សចំពោះជីវិត បានលើកយកមកអះ​អាង​តាម​រយៈគោលការណ៍សាសនា និងតាមគោលការណ៍ទស្សនៈវិជ្ជា ដែលបានទទួលស្គាល់​ជាទូ​ទៅ​​ចំពោះសេចក្តីថ្លៃថ្នូរ និងតម្លៃជាប់ពីកំណើតរបស់មនុស្សដូចទ្រឹស្តីនៃព្រះពុទ្ធសាសនា​បាន​ចែង​​​ថា មនុស្សកើតមកមិនបាននាំយកអ្វីមកជាមួយក្រៅអំពី តម្លៃនៃសេចក្តីថ្លៃថ្នូរ ហើយពេល​ស្លាប់ទៅវិញ ក៏មិនបាននាំយកអ្វីទៅក្រៅពីតម្លៃនិងសេចក្តីថ្លៃថ្នូរដែរ។​ ​ម្យ៉ាងទៀតបុគ្គលម្នាក់ៗ​ត្រូវ​បានគេទទួលស្គាល់នូវសិទ្ធិស្មើភាពគ្នារបស់មនុស្សនៅក្នុងសង្គម​មនុស្ស ។
        ដូច្នេះមនុស្សមានសិទ្ធិរស់រានមានជីវិត មានសេរីភាពនិងសន្តិសុខផ្លាស់ប្តូរ ដូចដែល​រដ្ឋ​ធម្ម​នុញ្ញនៃអង្គការសហប្រជាជាតិ បានប្រកាសនូវសិទ្ធិជាមូលដ្ឋានរបស់មនុស្សដោយផ្អែក​លើ​តម្លៃនិងសេចក្តីថ្លៃថ្នូរដើម្បីឲ្យមានសេរីភាពនិងសមភាពនៅក្នុងសង្គមនិងហាមប្រាមមិនឲ្យមានការបែងចែកមនុស្សដោយសំអាងលើបញ្ហាឬ ប្រការណាមួយដូចជា ជាតិសាសន៍ ពណ៌សប្បុរ ភេទ ភាសា សាសនា វណ្ណៈដើមធនធាន លើសពីនេះទៀតមិនត្រូវការបែងចែកដោយ សំអាង​លើ​​​ទស្សនៈនយោបាយផ្អែកលើច្បាប់ឬឋានៈអន្តរជាតិនៃប្រទេសឡើយ ។​
២. តម្លៃសង្គមនិងតម្លៃសីលធម៌នៃសិទ្ធិមនុស្សចំពោះសេរីភាព
        យោងតាមបុព្វកថានៃសេចក្តីប្រកាសជាសាកល ស្តីពីសិទ្ធិមនុស្សចែងថាប្រជា​ពលរដ្ឋនៃ​ពិ​ភព​លោកបានប្រកាសបេ្តជ្ញាថា និងជួយបង្កលក្ខណៈអំណោយផលដល់កិច្ចអភិវឌ្ឍន៍​សង្គម​ព្រម​​ទាំងបង្កើតឲ្យមានលក្ខណៈគាប់ប្រសើរក្នុងការរស់នៅក្នុងសេរីភាពមួយទូលាយ ។ ចំណុច​សំ​ខាន់មួយទៀតគឺការទទួលស្គាល់និងយល់ដឹងពីសិទ្ធិមនុស្ស​ និងសេរីភាព​ទាំងអស់​របស់​មនុស្ស​​​​​​​​​​​ជាតិ ព្រោះថាមនុស្សរស់នៅក្នុងសង្គមត្រូវការចាំបាច់នូវសេរីភាព សមភាព ការ​អភិវឌ្ឍន៍ សមត្ថភាពនិងទេពកោសល្យរបស់ខ្លួននៅក្នុងសង្គម ។ ប៉ុន្តែសេរីភាពរបស់មនុស្ស ត្រូវស្ថិតនៅ​ក្រោម​​ការកំណត់នៃច្បាប់ ព្រោះវាជាផលប្រយោជន៍សំរាប់ឲ្យមនុស្សទទួលស្គាល់​និងគោរព​សិទ្ធិ​សេរីភាព របស់អ្នកដ៏ទៃ ជាពិសេសដើម្បីទាមទារឲ្យមានសិទ្ធិសីលធម៌នៅក្នុងការរៀបចំ​ឲ្យមាន​របៀបរៀបរយសាធារណៈ និងសុខមាលភាពទទូទៅនៅក្នុងសង្គម ។ ដូច្នេះនៅក្នុង​ករណី​ណា​ក៏​ដោយ ក៏សិទ្ធិនិងសេរីភាពនេះមិនត្រូវយកទៅប្រើប្រាស់ផ្ទុយនិងគោលបំណង​និងគោលដៅ​របស់​ច្បាប់ដែរជាពិសេសផ្ទុយនិងច្បាប់អន្តរជាតិ ។
៣. តម្លៃសង្គមនិងតម្លៃសីលធម៌នៃសិទ្ធិមនុស្សចំពោះសមភាពនិងគ្មានការរើសអើង
        ផ្អែកទៅលើការទទួលស្គាល់និងការគោរពតម្លៃនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស គោលការ​ណ៍​សមភាពនៃសិទ្ធិនិងសេរីភាពរបស់មនុស្ស គឺមិនត្រូវធ្វើការបែងចែកដោយ​សំអាង​លើ​​ប្រការ​ណាមួយឡើយដូចជាជាតិសាសន៍ ពណ៌ សប្បុរ ភេទ សាសនា ភាសា ធនធាន សញ្ជាតិ ឬវណ្ណៈ​ដើម​និងមិនត្រូវបែងចែកដោយផ្អែកលើ ឋានៈនយោបាយ ឬឋានៈ​អន្តរ​ជាតិ​នៃប្រទេស ឬ​ស្ថាន​ភាព​សេដ្ឋកិច្ច​ និងសង្គមនៃប្រទេសឡើយ ។
        គោលនៃការរើសអើង គឺផ្តោតទៅលើគោលការណ៍នៃសមភាព ដែលទាមទារឲ្យមាន​ការ​ទទួល​ស្គាល់និងមានការគោរពជាសាកលនូវសិទ្ធិជាមូលដ្ឋាន និងសេរីភាពរបស់មនុស្ស​ទូទៅ​ដោយ​គ្មានការបែងចែកដោយផ្អែកលើមូលដ្ឋាន ជាតិ សាសន៍ ពណ៌សប្បុរ ភេទ សាសនា ភាសា ធន​ធាន សញ្ជាតិ ឬវណ្ណៈជាដើម និងមិនត្រូវបែងចែកដោយ ផ្អែកលើឋានៈនយោបាយ......។
៤. តម្លៃសង្គមនិងតម្លៃសីលធម៌នៃសិទ្ធិមនុស្សចំពោះយុត្តិធម៌
        សំដៅលើបញ្ហាច្បាប់ បញ្ហាតុលាការ បញ្ហាសង្គម បញ្ហាសេដ្ឋកិច្ច បញ្ហានយោបាយ និង​បញ្ហា​ដ៏ទៃទៀតដែលជាមូលដ្ឋាន បញ្ហារបស់សង្គមដោយផ្តោតទៅលើសិទ្ធិ តម្លៃនិង​សេច​ក្តី​ថ្លៃ​​ថ្នូររបស់សមាជិក ឬប្រជាជនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ។
៥. តម្លៃសង្គមនិងតម្លៃសីលធម៌នៃសិទ្ធិមនុស្សចំពោះឯកភាពនិងសាមគ្គីភាព
        ជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយនានា ដែលមិនគ្រាន់តែផ្តោតលើ​ការយល់​ដឹង​និង​យកចិត្តទុកដាក់ចំពោះការឈឺចាប់របស់អ្នកដ៏ទៃប៉ុណ្ណោះទេ តែក៏ត្រូវបញ្ជាក់​និងត្រូវប្រកា​ស​យក​នូវជំហរមួយចំពោះអ្នកដែលទទួលរងនូវការឈឺចាប់ និងការរំលោភទៅលើពួកគេ ។ ឧទាហរណ៍​ ដូចជាការបដិសេធមិនទទួលស្គាល់នូវសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ។ ការកាត់​ផ្តាច់​នូវបញ្ហាសេដ្ឋកិច្ច ការបញ្ចេញមតិយោបល់នៅក្នុងសង្គម និងការបំបិទសិទ្ធិសេរីភាព​នៃ​ជំ​នឿ​សាសនា និងជំនឿនយោបាយ ។
៦. តម្លៃសង្គមនិងតម្លៃសីលធម៌នៃសិទ្ធិមនុស្សចំពោះការទទួលខុសត្រូវរបស់សង្គម
        ជាមធ្យោបាយដែលរដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិត្រូវចាត់វិធានការ ដើម្បីធានា​ជួយ​​ដល់ប្រជាពលរដ្ឋរបស់ខ្លួនអោយរស់នៅមានសេរីភាព មានសមភាពនៅក្នុង​សង្គមក្រោម​ការ​គ្រប់គ្រងរបស់ខ្លួន ។
៧. តម្លៃសង្គមនិងតម្លៃសីលធម៌នៃសិទ្ធិមនុស្សចំពោះសន្តិភាពនិងគ្មានការរំលោភបំពាន
        គឺសំដៅទៅលើភាពស្រុះស្រួលរវាងខ្លួនឯងជាមួយអ្នកដ៏ទៃ និងជាមួយនិងបរិស្ថា​នទូទៅ មានន័យថាការរស់នៅក្នុងសង្គមមួយពោរពេញដោយសន្តិភាព សមភាព​ សេរីភាពនិងគ្មានការ​រំ​លោភ​បំពាន ដែលជាគោលបំណងដ៏ពិសិដ្ឋនិងជាសេចក្តីសុខចំរើនរបស់មនុស្សជាតិទូទៅ និង​ជា​ផលប្រយោជន៍របស់បុគ្គល សហគមន៍និងរបស់រដ្ឋទាំងឡាយដែលសំដៅបំរើឲ្យមានការ អភិវឌ្ឍន៍ដើម្បីឈានទៅដល់សង្គមមួយ ពោរពេញដោយសន្តិភាពនិងឯករាជ្យពិសេសដើម្បី​ប្រ​ជា​ជនរស់នៅក្នុងភាពស្រុះស្រួលគ្នាក្នុងបរិបទសង្គមតែមួយ ។
៨. តម្លៃសង្គមនិងតម្លៃសីលធម៌នៃសិទ្ធិមនុស្សចំពោះបរិស្ថាន
        ដូចបានរៀបរាប់ខាងលើរួចមកហើយ ប្រសិនបើសង្គមមនុស្ស មួយដែលមាន​ការគោរព​ជីវិត មានសេរីភាព គ្រប់គ្រាន់ មានសមភាព និងគ្មានការរើសអើង មានយុត្តិធម៌ មានសាម​គ្គី​ភាព មានការទទួលខុសត្រូវពីសង្គមមានសន្តិភាពនិងគ្មានការរំលោភបំពានមានន័យថា ជា​សង្គម​ដែលពោរពេញទៅដោយការអភិវឌ្ឍន៍និងមានការរីកចំរើន ជាពិសេសនិងឈានដល់​សង្គម​ដែលមានវឌ្ឍនៈភាពពេញលេញ ។ ដូចច្នេះសង្គមមួយដែលមានវឌ្ឍនៈភាពពេញលេញ ជាសង្គមដែលមានការគោរពការពារ និងលើកស្ទួយសិទ្ធិរបស់បុគ្គល សិទ្ធិរបស់សហគមន៍ និងសិទ្ធិនៃក្រុមមនុស្សទូទៅហើយ និងឈានទៅដល់ការគោរពនិងការពារ បរិស្ថានដែលមាន​ជីវិតនិងរុក្ខជាតិ ពោលគឺ ធនធានក្នុងដី លើដី និងក្នុងអាកាស.......។
        ការផ្សព្វផ្សាយសេចក្តីប្រកាសជាសកលនោះ បានបញ្រ្ជាបពាសពេញពិភពលោក ហើយ ក្រុមទន់ខ្សោយក៏បានថយចុះនូវការឈឺចាប់ខ្លះដែរ ។ ទោះជាយ៉ាងនោះក៏ដោយ បងប្អូនខ្មែរ ដែលរស់នៅលើទឹកដីកំណើតរបស់ខ្លួននៅឯកម្ពុជាក្រោម ពុំទាន់ទទួលបាននូវអ្វីទៅហៅថា “សិទ្ធិមនុស្ស”​ នៅឡើយទេ គឺពួកគាត់កំពុងរស់នៅយ៉ាងលំបាកក្រោមការគ្រប់គ្រងធ្វើអាណានិ គមពីរដ្ឋាភិបាលវៀតណាម ពីព្រោះប្រទេសវៀតណាម ជាប្រទេសប្រកាន់នៅរបបកុម្មុយនិស្ត គ្មានសិទ្ធិមនុស្ស ម្លោះហើយខ្មែរកម្ពុជាក្រោមតែងតែរងនូវការឈឺចាប់ខ្លោចផ្សារ បាត់បង់សិទ្ធិ​ សេរីភាព និងសិទ្ធិជាមូលដ្ឋានផ្សេងៗទៀតជាដើម ។ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋ​ខ្មែរ​ក្រោមនៅតែ​ប្រ​ឈមទៅនិងបញ្ហានៃការរំលោភសិទ្ធិមនុស្ស ដែលបញ្ហាទាំងនោះមានដូចខាង ក្រោមនេះ
  • រដ្ឋាភិបាលវៀតណាម បានចាត់ទុកខ្មែរក្រោម គឺជាជនជាតិភាគតិច ដែលជាការពិតខ្មែរ​ក្រោម​ជា​ជនជាតិដើម ហើយមានកំណើតកើតនៅលើទឹករបស់ខ្លួន។
  • រដ្ឋាភិបាលវៀតណាមបានរិតបន្តឹងអំពីវិស័យការសិក្សាអប់រំ ដូចជាហាមមិនឱ្យសិក្សា​ភូមិសាស្រ្ត និងប្រវត្តិសាស្រ្តខ្មែរកម្ពុជាក្រោមជាដើម។
  • ការបំបិទសិទ្ធិសេរីភាពនៃការគោរពជំនឿសាសនា ប្រពៃណី ទំនៀមទំលាប់ របស់ខ្មែរ​ក្រោម ។
  • មិនឱ្យព្រះសង្ឃព្រះពុទ្ធសាសនាខ្មែរក្រោមមានសិទ្ធិបង្កើតស្ថាប័នឯករាជ្យមួយដាច់ដោយឡែកដូចមុនថ្ងៃ៣០ ខែមេសា ឆ្នាំ១៩៧៥ ។
  • ខ្មែរក្រោម​មិនមានសិទិ្ធក្នុងការបង្កើតអង្គការសមាគមឯករាជ្យដែលមិនឋិតនៅក្រោមការ គ្រប់គ្រងពីសំណាក់រដ្ឋាភិបាលវៀតណាម។
  • រដ្ឋាភិបាលវៀតណាមបានបំបិទសិទិ្ធសេរីភាពនៃការសម្តែងមតិ សិទ្ធិទទួលបានពត៌មាន និងសិទ្ធិផ្សព្វផ្សាយពត៌មាន ។
  • ការរើសអើងប្រកាន់ពូជសាសន៍ និងការរំលោភមកលើសិទ្ធិស្រ្តី និងសិទ្ធិកុមារ។
  • ការលាបពណ៌ដើម្បីចោទប្រកាន់ដាក់ទោសមកលើព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម។
  • ការរឹបអូសយកដីស្រែចំការ និងការហ៊ុមព័ទ្ធសេដ្ឋកិច្ចមកលើខ្មែរក្រោម ។
  • ការរារាំង និងការតាមដាន​រាល់ការទំនាក់ទំនងរវាងខ្មែរនៅកម្ពុជាក្រោម និងខ្មែរនៅព្រះរា ជាណាចក្រកម្ពុជា ។
  • ការគំរាមគំហែងបំភិតបំភ័យបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរក្រោម​។
ដើម្បីបង្ហាញពីតម្លាភាពនៃសិទ្ធិមនុស្ស បងប្អូនខ្មែរនៅកម្ពុជាក្រោម មិនទាន់បានស្គាល់ នូវអ្វីដែលហៅថាសិទិ្ធមនុស្សយ៉ាងពិតប្រាកដនៅឡើយ ។ ៦៣ឆ្នាំកន្លងផុតទៅហើយ ដែល​បញ្ហា​របស់​​ខ្មែរ​ក្រោមនៅតែមិនទាន់មើលឃើញច្បាស់ពីសំណាក់អង្គការអន្តរជាតិ អង្គការសហ​ប្រជាជាតិ ហើយថាតើថ្ងៃណាទៅដែលស្ថាប័នទាំងនោះងាកមកជួយដល់ប្រជាពលរដ្ឋខ្មែរ​ក្រោម? ប្រសិនអង្គការសហប្រជាជាតិ អង្គការសិទិ្ធមនុស្សជាតិ និងអន្តរជាតិមិនបានយកចិត្ត​ទុកដាក់មកលើខ្មែរក្រោមទេ ហើយពាក្យថា សិទ្ធិមនុស្ស​ ក៏ពុំទាន់មានន័យគ្រប់គ្រាន់នៅឡើយ​ដែរ ។ ដើម្បីឱ្យសិទ្ធិបានជ្រូតជ្រាប និងទូលំ​ទូលាយ​ ហើយមានតម្លាភាពយ៉ាងពិតប្រាកដនោះ អង្គការសហប្រជាជាតិគួរតែងាកមករកប្រ​ទេសទាំងឡាយ ដែលទន់ខ្សោយងាយរងនៅអំពើជិះ​ជាន់មកលើក្រុមជនជាតិដើមភាគតិច ដូច​ជាបងប្អូនប្រជាពលរដ្ឋខ្មែរក្រោម នៅឯកម្ពុជា​ក្រោម​ជា​ដើម ជួយដល់ពួកគាត់ឱ្យមានសិទ្ធិសេរីភាព បានទទូលសិទ្ធិពេញលេញដូចមនុស្សជាតិទាំង​ឡាយ​នៅលើសកលលោក ។
តាមរយៈឯកសាររបស់សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទិ្ធមនុស្ស និងអភិវឌ្ឍន៍ យើងខ្ញុំ​ជា​ប្រជាពលរដ្ឋខ្មែរក្រោម សូមអំពាវនាវដល់អង្គការសិទិ្ធមនុស្សជាតិ អន្តរជាតិ ជាពិសេស​អង្គ​ការ​សហប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្ស សូមមេត្តាជួយយកចិត្តទុកដាក់ និងការពារខ្មែរ​ក្រោម​​​ចាប់​ពីពេលនេះតទៅតាមរូបភាពណាដែលអាចធ្វើទៅបាន ។ 

No comments:

Post a Comment

yes