អង្គការការពារសិទ្ធិមនុស្សអន្តរជាតិនៅក្រៅប្រទេសបានវាយតម្លៃថារយៈពេល ១៨ ឆ្នាំមកហើយក្រោយពីកម្ពុជាបង្កើតច្បាប់រដ្ឋធម្មនុញ្ញកំពូលរបស់ខ្លួន ដោយចែងអំពីការគោរពសិទ្ធិពលរដ្ឋជាមូលដ្ឋានក្នុងដំណើរការកសាងប្រទេសក៏ពិតមែន ប៉ុន្តែ រហូតមកទល់សព្វថ្ងៃ គេឃើញការគោរពសិទ្ធិពលរដ្ឋ នៅតែមានលក្ខណៈអន់ថយ ដែលមិនអាចទទួលយកបាន ដោយសារសិទ្ធិរបស់ពួកគេនៅមិនមានការការពារស្មើភាពគ្នាចំពោះមុខច្បាប់នៅឡើយ។
នាយកប្រតិបត្តិនៃគណៈកម្មការសិទ្ធិមនុស្សអាស៊ី (AHRC) ដែលមានមូលដ្ឋានក្នុងទីក្រុងហុងកុង លោក បេស៊ីល ហ្វឺនែនដូ (Basil Fernando) មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីកាលពីដើមខែធ្នូថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជា មិនមានការវិវឌ្ឍន៍ជឿនលឿនជាដុំកំភួនអ្វីនោះទេ ជាពិសេសទៅលើការគោរពសិទ្ធិរបស់ពលរដ្ឋក្នុងប្រព័ន្ធយុត្តិធម៌។ លោកបន្តថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមិនទាន់ការកែលំអឲ្យបានប្រសើរនៅឡើយទេពីព្រោះឯករាជ្យរបស់ចៅក្រម ព្រះរាជអាជ្ញា និងមេធាវីហាក់នៅមិនទាន់រីកចំរើន។
លោក បេស៊ីល ហ្វឺនែនដូ៖ «រយៈពេល ១៨ ឆ្នាំ ចាប់តាំងពី ១៩៩៣ មក ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាគួរ មានការរីកលូតលាស់ដ៏ប្រសើរសំរាប់ពលរដ្ឋ។ តាមខ្ញុំបានឃ្លាំមើលកន្លងមក យើងឃើញការដឹកនាំនៅកម្ពុជា ហាក់មានភាពខ្លាចទៅនឹងការបង្កើតថ្មីនៅគណបក្សនយោបាយ អង្គការ និងសមាគម។ បញ្ហាទាំងអស់នេះហើយ ទើបធ្វើឲ្យសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរ ត្រូវបានបាត់បង់។ ម្យ៉ាងទៀតយើងឃើញការរំលោភសិទ្ធិមនុស្សភាគច្រើន មិនដែលទទួលបានការគាំពារដោយតុលាការទេ។ នៅពេលពលរដ្ឋមានទំនាស់ជាមួយអាជ្ញាធរ ភាគច្រើនអាជ្ញាធរតែងឈ្នះក្ដីជានិច្ច »។
លោក Basil Fernando មានប្រសាសន៍បន្តថា សិទ្ធិរបស់ពលរដ្ឋខ្មែរកំពុងត្រូវបានគេបដិសេធក្នុងការទទួលបានកាត់ក្ដីប្រកបដោយភាពយុត្តិធម៌ និងត្រឹមត្រូវពីតុលាការ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ ១៩៩៣ មក កម្ពុជាមានការអភិវឌ្ឍន៍ជឿនលឿនទៅមុខឥតឈប់ឈរលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច សង្គមកិច្ច និងតុលាការ។
កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១០ កន្លងទៅនេះ អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់មានប្រសាសន៍ថា ការរិះគន់ទាំងឡាយរបស់សង្គមស៊ីវិលជាតិ និងអន្តរជាតិទៅលើការដឹកនាំនៅកម្ពុជា គឺគ្រាន់ជាការវាយប្រហារប៉ុណ្ណោះ ពីព្រោះអ្នកទាំងនោះមិនបានអបអរដល់សមិទ្ធផលធំធេង ដែលកម្ពុជាបានទទួល។
លោក ផៃ ស៊ីផាន៖ «ចម្លើយរបស់ខ្ញុំ គឺអង្គការទាំងអស់ហ្នឹង គឺជាអង្គការមិនសុចិចរិត ហើយទីពីរគឺ អង្គការទាំងអស់ហ្នឹងតែងតែវាយប្រហាររាជរដ្ឋាភិបាលតាំងពីដើមទីមក ហើយចំពោះសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជា យើងជឿថា ប្រសើរជាងមុខឆ្ងាយណាស់។ ក៏ប៉ុន្តែ ប្រសិនបើគេនិយាយថា សិទ្ធិមនុស្សដើរថយក្រោយ គឺជាអ្នកវាយប្រហារ គឺជាអ្នកខ្វះនូវភាពពិត ដើម្បីចែកជូនដល់ថ្នាក់ជាតិ និងអន្តរជាតិ»។
ចាប់តាំងពីឆ្នាំ ១៩៩៣ មក គេឃើញកម្ពុជាបានបង្កើតនូវស្ថាប័នជាតិកំពូលៗ របស់ខ្លួនដូចជា ស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និង ស្ថាប័នតុលាការ ហើយរហូតមកទល់ពេលនេះកម្ពុជាអនុម័តច្បាប់សំខាន់ៗ ជាច្រើនដូចជា ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់ប្រឆាំងអំពើពុករលួយ ច្បាប់ត្រួតពិនិត្យគ្រឿងញៀន ច្បាប់ពន្ធនាគារ និងការខិតខំធ្វើកំណែទម្រង់ប្រព័ន្ធតុលាការជាដើម។
អ្នកវិភាគឯករាជ្យនៅកម្ពុជា លោក បណ្ឌិត ឡៅ ម៉ុង ហៃ មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ ១៩៩៣ មក កម្ពុជាមានការប្រែប្រួលជាវិជ្ជមានខ្លះដែរ ក្នុងដំណើរការគោរពសិទ្ធិមនុស្ស គឺពីការធ្វើឃាត មកជាការចោទប្រកាន់តាមផ្លូវតុលាការលើបទញុះញង់ ឬបទបរិហារកេរ្តិ៍។
លោក បណ្ឌិត ឡៅ ម៉ុង ហៃ៖ «កាលពីមុន ខុសត្រូវអី គឺច្រើនតែប្រើប្រាស់អំពើហិង្សាមកលើអ្នកកាសែត អ្នកសារព័ត៌មានបាទ គឺត្រូវបានស្លាប់ច្រើននាក់ដែរ ដោយសារមតិយោបល់របស់ខ្លួនតាមកាសែត សារព័ត៌មាន។ ឥឡូវនេះ វាបែរមករកវិធីគាបសង្កត់តាមតុលាការ ការចោទប្រកាន់ពីបទញុះញង់ ឬផ្សាយព័ត៌មានមិនពិត។ ហើយកន្លងមកមានពលរដ្ឋខ្មែរបានជាប់គុកមួយរយៈពេលទៅ ដោយសារបទផ្សាយព័ត៌មានមិនពិត ឬបរិហារកេរ្តិ៍ ហើយឥឡូវនេះគឺបទញុះញង់បាទ»។
កាលពីឆ្នាំ ២០០៩ និង ឆ្នាំ ២០១០ កន្លងទៅអាជ្ញាធរកម្ពុជាបានចោទប្រកាន់អ្នកកាសែត និងសកម្មជនសិទ្ធិមនុស្សមួយចំនួនពីបទផ្សាយព័ត៌មានមិនពិត និងបទញុះញង់ ក្នុងនោះរួមមាន បុគ្គលិករបស់អង្គការ Licadho លោក លៀង សុខជឿន ប្រធានអង្គការទ្រទ្រង់អរិយធម៌ខ្មែរ លោក មឿង សុន មន្ត្រីអង្គការស្បៀងអាហារពិភពលោក លោក សេង គុណការ និពន្ធនាយកកាសែតខ្មែរម្ចាស់ស្រុក លោក ហង្ស ចក្រា រួមនឹងប្រធានគណបក្សជំទាស់លោក សម រង្សី ផង។
ចំណែកលោក ចាន់ សូវេត មន្ត្រីសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ថ្លែងថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជាអាចដំណើរការត្រឹមត្រូវទៅបាន លុះត្រាតែមានការទទួលយកនូវអនុសាសន៍របស់សង្គមស៊ីវិល ឬការធ្វើប្រជាមតិឲ្យបានច្រើន មុនពេលអនុម័តច្បាប់សំខាន់ៗ ទាំងឡាយ។
លោក ចាន់ សូវេត៖ «សិទ្ធិមនុស្សនៅស្រុកខ្មែរ គឺវាត្រូវស្ថិតនៅក្នុងកញ្ចប់មួយបាទ គឺកញ្ចប់ច្បាប់ ពីព្រោះនៅពេលដែលមានការអនុម័តច្បាប់សំខាន់ៗ អីមួយ គឺចាំបាច់ត្រូវយកសិទ្ធិមនុស្សនេះឯង ជាមូលដ្ឋានក្នុងការអនុវត្តន៍។ ហើយចំពោះការអនុម័តច្បាប់សំខាន់ៗ មួយចំនួនអត់មានយកការធ្វើប្រជាមតិសួរដេញដោលឲ្យបានច្រើន ការទទួលយកអនុសាសន៍ផ្សេងៗ ពីសង្គមស៊ីវិល គឺនៅមានកម្រិតទាបណាស់ អញ្ចឹងហើយបានជាខ្ញុំមើលឃើញដំណើរការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា មានចំណុចខ្លះ គឺឃើញថា មានភាពវិជ្ជមាន ហើយចំណុចខ្លះ ឃើញថាមានភាពអវិជ្ជមាន។ ចំណុចអវិជ្ជមានច្រើននេះ វាអាចនាំជះឥទ្ធិពលដល់ការរំលោភសិទ្ធិមនុស្ស»។
អតីតតំណាងការិយាល័យនៃឧត្ដមស្នងការរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក Christophe Peschoux ធ្លាប់មាន ប្រសាសន៍ថា ដើម្បីឲ្យការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានការវិវឌ្ឍន៍ជឿនលឿនទៅបាន គឺចាំបាច់ត្រូវមានយន្តការច្បាប់ ហើយដើម្បីឲ្យយន្តការច្បាប់នោះមានប្រសិទ្ធភាព និងឯករាជ្យទៅបាន លុះត្រាតែកម្ពុជាអនុម័តច្បាប់ដែលនៅសេសសល់ចំនួនបីសំខាន់ៗ គឺច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃប្រព័ន្ធតុលាការ ច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម៕
អាស៊ីសេរី
No comments:
Post a Comment
yes