សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 12, 2011

ពល​រដ្ឋ​ចង់​ប្ដូរ​សមាសភាព​ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម

 ប្រជា​ពល​រដ្ឋ​មួយ​ចំនួន និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ពុំ​មាន​ឯករាជ្យ​ភាព និង​កាត់​ក្ដី​រឿង​ខ្លះ​មិន​បាន​ត្រឹមត្រូវ។
 តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ការ​ត្រួត​ពិនិត្យ​លើ​ការ​ងារ​មន្ត្រី​តុលាការ គឺ​ជា​ការ​ចាំបាច់ ដើម្បី​ពង្រឹង​ធ្វើ​ឲ្យ​ស្ថាប័ន​នោះ​ឲ្យ​ទៅ​ជា​កន្លែង​មួយ ដែល​បង្ក្រាប​បទ​ល្មើស​កើត​មាន​ក្នុង​សង្គម​ពិត​ប្រាកដ។
លោក ធន សារាយ ជា​ប្រធាន​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​មួយ​ឈ្មោះ​អាដហុក (Adhoc)។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១០ ធ្នូ ថា​ការ​ងារ​តុលាការ​នៅ​ប្រទេស​កម្ពុជា នៅ​មាន​ការ​ខ្វះ​ច្បាប់​គោល​ជា​ច្រើន ដែល​ត្រូវ​បំពេញ​បន្ថែម។ ច្បាប់​ទាំង​នោះ​រួម​មាន ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្តិ​ទៅ​នៃ​តុលាការ ច្បាប់​ស្ដី​ពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះ​រាជ​អាជ្ញា​ជា​ដើម។ល។ ៖ "បញ្ហា​សំខាន់​ត្រង់​ថា​រឿង​ជម្លោះ​ខ្លះ យើង​សង្កេត​ឃើញ​ថា ប្រសិន​បើ​អ្នក​មាន​អំណាច មាន​លុយ​ធ្វើ​គឺ​ថា​ច្រើន​តែ​មាន​ការ​ដាក់​ពិន័យ​តិច​ជាង។ អ្នក​ដែល​ក្រីក្រ អ្នក​ដែល​គ្មាន​អំណាច។ នេះ​ជា​បញ្ហា​មួយ ហើយ​បើ​យើង​សួរ​ជា​មតិ​ទូទៅ​វិញ ពេល​នោះ​យើង​ដឹង​ច្បាស់​ហើយ​ថា តើ​ប្រជា​ពល​រដ្ឋ​យើង​លោក​យល់​យ៉ាង​ណា​ចំពោះ​ប្រព័ន្ធ​តុលាការ​យើង​បច្ចុប្បន្ន​នេះ"
ចំពោះ​ស្ថាប័ន​ត្រួត​ពិនិត្យ​ការ​ងារ​របស់​តុលាការ ដែល​មាន​ឈ្មោះ​ពេញ​ថា ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅ​ក្រម​វិញ លោក ធន សារាយ បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​គួរ​កែ​ប្រែ​ឲ្យ​មាន​សមាសភាព​ចម្រុះ​នៅ​ក្នុង​ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅ​ក្រម​នោះ។ ពី​ព្រោះ​សមាសភាព​ជា​ចៅ​ក្រម​សុទ្ធ​នៅ​ក្នុង​នោះ មិន​បាន​បំពេញ​តួនាទី​ពេញ​លេញ​ក្នុង​ការ​ដាក់​ពិន័យ​មន្ត្រី​តុលាការ ឬ​ចៅក្រម ដែល​កាត់​ក្ដី​មិន​យុត្តិធម៌​ឡើយ ៖ "គឺ​យើង​ចង់​បាន​ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​មួយ ដែល​អាច​ដាក់​វិន័យ​មួយ​ត្រឹមត្រូវ ដែល​មិន​មាន​លំអៀង។ អ៊ីចឹង​យើង​ចង់​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ទៅ​លើ​ច្បាប់​ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅ​ក្រម​នេះ ដោយ​ឲ្យ​មាន​សមាសភាព​មិន​មែន​ចៅ​ក្រម​សុទ្ធ។ ពី​ព្រោះ​ធម្មតា​យើង​យល់​ថា ប្រសិន​បើ​ជា​ចៅ​ក្រម​ដូច​គ្នា វា​មាន​ការ​ទើស​ទាល់ ខ្លាច​រអា ធ្វើ​ឲ្យ​ការ​ដាក់​ពិន័យ​នោះ​មិន​បាន​ត្រឹមត្រូវ"
លោក ធន សារាយ បាន​បញ្ជាក់​ថា នៅ​ប្រទេស​បារាំង​ដែល​ជា​ប្រទេស​មួយ​ផ្ដល់​គំរូ​សម្រាប់​ការងារ​តុលាការ​កម្ពុជា​នោះ បច្ចុប្បន្ន​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ គឺ​សមាសភាព​ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​របស់​គេ មាន​សមាសភាព​សមាជិក​មិន​មែន​ជា​មន្ត្រី​តុលាការ​ឡើយ។
ប្រជា​ពល​រដ្ឋ​មួយ​រូប​ឈ្មោះ ថា នី រស់​នៅ​ខេត្ត​បន្ទាយ​មានជ័យ។ លោក​បាន​មាន​ប្រសាសន៍​ថា ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅ​ក្រម​បច្ចុប្បន្ន​មិន​បាន​បំពេញ​ការ​ងារ​បាន​លទ្ធផល​ដូច​ក្ដី​រំពឹង​របស់​ប្រជា​ពល​រដ្ឋ​ទេ។ លោក​ចង់​ឲ្យ​មាន​ការ​ដូរ​សមាសភាព​ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅ​ក្រម​បច្ចុប្បន្ន​នេះ​ចេញ ៖ "ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​រាល់​ថ្ងៃ​មិន​បាន​ប្រយោជន៍​អី​ទេ។ ចង់​ឲ្យ​ព្រះ​សង្ឃ​ជា​អ្នក​រើស​ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​ទៅ​វិញ យុត្តិធម៌​ជាង។ ហើយ​ថិត​នៅ​ក្រោម​ព្រះ​មហា​ក្សត្រ​លោក​ជា​ប្រធាន"
នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា មាត្រា​១៣៣ បាន​ចែង​ថា ចៅក្រម​មិន​អាច​ត្រូវ​គេ​ដក​ពី​មុខ​ងារ​បាន​ទេ។ ប៉ុន្តែ​ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​សម្រេច​ដាក់​វិន័យ​លើ​ចៅក្រម​ដែល​ប្រព្រឹត្តិ​ខុស។ មាត្រា​១៣៤ បាន​ចែង​ថា ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​នឹង​ត្រូវ​បង្កើត​ដោយ​ច្បាប់​រៀបចំ​អង្គការ​មួយ ដែល​នឹង​កំណត់​សមាសភាព និង​មុខ​ងារ។ ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​ស្ថិត​នៅ​ក្រោម​ព្រះ​រាជាធិបតី​ភាព​នៃ​ព្រះ​មហា​ក្សត្រ។ ព្រះ​មហា​ក្សត្រ​ព្រះ​អង្គ​ទ្រង់​អាច​ចាត់​តាំង​ព្រះ​រាជ​តំណាង​ម្នាក់​របស់​ព្រះ​អង្គ ឲ្យ​ធ្វើ​ជា​អធិបតី​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​នេះ។ ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម លើក​សេចក្ដី​ស្នើ​ថ្វាយ​ព្រះ​មហា​ក្សត្រ​អំពី​ការ​តែង​តាំង​ចៅ​ក្រម និង​ព្រះ​រាជ​អាជ្ញា​អម​សាលា​ជម្រះ​ក្តី​ទាំង​អស់។ ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ក្នុង​មុខ​ការ​ដាក់​វិន័យ​ចំពោះ​ចៅក្រម និង​ព្រះ​រាជ​អាជ្ញា ត្រូវ​ប្រជុំ​ក្រោម​អធិបតីភាព​នៃ​ប្រធាន​តុលាការ​កំពូល ឬ​អគ្គ​ព្រះ​រាជ​អាជ្ញា​អម​តុលាការ​កំពូល អាស្រ័យ​ដោយ​ករណី​ទាក់​ទង​នឹង​ចៅក្រម ឬ​ព្រះ​រាជ​អាជ្ញា។
ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​បាន​ចែង​ឲ្យ​ដឹង​ថា សមាជិក​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​មាន​ចំនួន ៩​រូប។ សមាសភាព​ទាំង ៩​រូប នោះ រួម​មាន​ព្រះ​មហា​ក្សត្រ​ជា​ប្រធាន និង​មនុស្ស​ចំនួន ៨​នាក់​ទៀត​ជា​សមាជិក។ សមាជិក​ទាំង​នោះ​រួម​មាន​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ ប្រធាន​តុលាការ​កំពូល អគ្គ​ព្រះ​រាជ​អាជ្ញា​អម​តុលាការ​កំពូល ប្រធាន​សាលាឧទ្ធរណ៍ អគ្គ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ឧទ្ធរណ៍ និង​ចៅក្រម ៣​រូប ដែល​បោះ​ឆ្នោត​ជ្រើស​តាំង​ដោយ​ចៅក្រម។
ចំពោះ​ការ​បំពេញ​ការ​ងារ​របស់​មន្ត្រី​តុលាការ​មិន​បាន​ពេញ​លេញ និង​ឯករាជ្យ​នេះ លោក​ស្រី ធីតា ឃឹះ នាយិកា​អង្គការ​សីលាកា (SILAKA) និង​ជា​អគ្គ​លេខាធិការ​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១០ ធ្នូ ដែរ​ថា ការ​ខ្វះ​ថវិកា និង​មធ្យោបាយ បាន​បង្កើត​ជា​ឧបសគ្គ​ដល់​ការ​ងារ​ស៊ើប​អង្កេត​របស់​មន្ត្រី​តុលាការ ដែល​ទាមទារ​រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ៖ "ការ​ស៊ើប​អង្កេត ការ​ធ្វើ​កោសល្យវិច័យ​ត្រូវ​ការ​ប្រព័ន្ធ​មួយ​ដំណើរ​ការ។ ត្រូវ​ការ​មធ្យោបាយ​គាត់​អាច​ធ្វើ​បាន។ ដល់​ពេល​គាត់​អត់​មាន​ថវិកា ធ្វើ​ជូន​ទៅ​ខាង​តុលាការ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត និង​កោសលវិច័យ ទៅ​ធ្វើ​ឲ្យ​តុលាការ​នោះ​មិន​អាច​ផ្ដល់​យុត្តិធម៌​បាន​ដល់​អ្នក​ក្រីក្រ​ទេ។ បើ​អ៊ីចឹង​យើង​អ្នក​ក្រីក្រ ហើយ​អត់​មាន​ធនធាន យើង​ពុំ​អាច​ទទួល​យុត្តិធម៌​បាន​ទេ ដោយ​សារ​យើង​ខ្វះ​មធ្យោបាយ​ជូន​ទៅ​តុលាការ​ធ្វើ​ការ​ស៊ើប​អង្កេត"
ចំពោះ​បញ្ហា​អាកប្បកិរិយា និង​ការ​ខ្វះ​ថវិកា​បំពេញ​ការ​ងារ​របស់​មន្ត្រី​ស្ថាប័ន​តុលាការ​នេះ ប្រជា​ពល​រដ្ឋ​មួយ​រូប​ឈ្មោះ វាន់ រស់​នៅ​ខេត្ត​ព្រះសីហនុ បាន​រិះគន់​មន្ត្រី​តុលាការ​ថា បំពេញ​ការងារ​មិន​បាន​ស៊ើប​អង្កេត​សំណុំ​រឿង​ឲ្យ​បាន​ត្រឹម​ត្រូវ​ឡើយ គឺ​ធ្វើ​ទៅ​តាម​តែ​របាយ​ការណ៍​ប៉ូលិស​រាយ​ការណ៍ ៖ "ច្បាប់​នៅ​ស្រុក​ខ្មែរ​យើង វា​ថិត​នៅ​ក្នុង​អន្តរកាល​នៃ​ច្បាប់។ វា​មិន​មាន​លក្ខណៈ​សុក្រឹត​សព្វ​បែប​យ៉ាង​ទេ។ តុលាការ​ខ្វះ​ផ្នែក​ជំនាញ​វិជ្ជាជីវៈ។ ផ្នែក​ជំនាញ​ស៊ើប​អង្កេត។ មាន​សំណុំ​រឿង​ដល់​តុលាការ​ហើយ មិន​អាច​ចុះ​មក​ស៊ើប​អង្កេត​បាន​ទៀត។ ហើយ​បើ​រឿង​ក្ដី​នោះ​មាន​អ្នក​តូច​តាច​អ្នក​ផ្ដើម​ក្ដី ផ្អឹប​សំណុំ​រឿង​គ្នា​ចោល មិន​ដោះ​ស្រាយ​ឲ្យ​គ្នា​ទេ"
វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​មន្រ្តី​ក្រសួង​យុត្តិធម៌​ដើម្បី​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​ស្នើ​ឲ្យ​មាន​ការ​ដោះដូរ​ពង្រឹង​សមាសភាព​សមាជិក​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​នោះ​ឡើយ។
នៅ​ក្នុង​បេសកកម្ម​ស្វែង​រក​ការ​ពិត​មក​កម្ពុជា​លើក​ទី​៤ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១១ កន្លង​ទៅ លោក សុរិយា ស៊ូប៊ែឌី ធ្លាប់​បាន​លើក​ឡើង​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​គិត​អំពី​ការ​ផ្លាស់​ប្តូរ​សមាសភាព​សមាជិក​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​នេះ ដើម្បី​ពង្រឹង​ប្រព័ន្ធ​តុលាការ​កម្ពុជា​ផង​ដែរ។
លោក ស៊ូប៊ែឌី បាន​ស្នើ​សុំ​ឲ្យ​ជ្រើស​យក​សមាជិក​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​ពី​មន្ត្រី​តុលាការ​ចូល​និវត្តន៍ ឬ​មេធាវី​ឯករាជ្យ ដែល​មាន​បទ​ពិសោធន៍​ខ្ពស់ និង​មាន​កេរ្តិ៍ឈ្មោះ​ល្អ ជៀស​វាង​រើស​យក​មន្ត្រី​តុលាការ​ដែល​កំពុង​បំពេញ​ការ​ងារ​ក្នុង​មុខ​តំណែង ដែល​អាច​ធ្វើ​ឲ្យ​មាន​ទំនាស់​ក្នុង​ផល​ប្រយោជន៍​ចំពោះ​មុខ៕



អាស៊ីសេរី

No comments:

Post a Comment

yes