ក្នុងលិខិតដដែល លោក ក្រាញ់ តូនី បានលើកឡើងថា ទូរទស្សន៍ CTN នៅក្នុងម៉ោងពិសេសរបស់ខ្លួន បានផ្សាយពីដំណើរការកាត់ទោសមេខ្មែរក្រហម មួយថ្ងៃបីដង គឺនៅម៉ោង ១០ ព្រឹក ម៉ោង ១ និង ២០ នាទីរសៀល និងម៉ោង ៦ និង ៤៥ នាទី ល្ងាច។ ជាងនេះទៅទៀត គ្រប់ស្ថានីយទូរទស្សន៍ដទៃទៀត រួមទាំង ទូរទស្សន៍អប្សារា បាយ័ន ទូរទស្សន៍ជាតិកម្ពុជា និងទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុមួយចំនួន បានផ្សាយកម្មវិធីព័ត៌មានខ្លីៗ អំពីតុលាការខ្មែរក្រហមជារៀងរាល់ថ្ងៃ ក្នុងនោះ រួមមាន ការផ្សាយបទសម្ភាសន៍រយៈពេលវែង ការពិភាក្សាតុមូល និងខ្សែភាពយន្តឯកសារ ជាដើម។
ជាការកត់សម្គាល់ ក្នុងអំឡុងពេលសវនាការលើសំណុំរឿង ០០១ ស្ថានីយទូរទស្សន៍ ស៊ីអីធិន ដែលជាស្ថានីយទូរទស្សន៍ឯកជន បានផ្សាយបន្តផ្ទាល់ជាញឹកញាប់ អំពីដំណើរការសវនាការ ជាពិសេសពេលព្រឹក និងមានការពន្យល់បកស្រាយ របស់មន្ត្រីតុលាការ និងអ្នកជំនាញ។
ក៏ប៉ុន្តែនៅពេលផ្តើមដំបូងនៃសវនាការលើសំណុំរឿង០០២ កាលពីថ្ងៃទី២១វិច្ឆិកា ដល់ថ្ងៃទី២៣វិច្ឆិកា ឆ្នាំ២០១១ ទូរទស្សន៍ CTN ក៏បានផ្សាយបន្តផ្ទាល់ទាំងស្រុង ពីដំណើរការកាត់ទោសលោកនួនជា លោកអៀងសារី និងលោកខៀវសំផនផងដែរ។ ប៉ុន្តែនៅពេលដំណើរការកាត់ទោសមេខ្មែរក្រហម ចូលដល់ដើមសប្តាហ៍នេះ ទូរទស្សន៍ CTN បានបញ្ឈប់ការផ្សាយរបស់ខ្លួន។ មូលហេតុ ត្រូវបានអ្នកតាមដានសភាពការណ៍នយោបាយលើកឡើងថា អាចមកពីលោកនួនជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និងជាអតីតប្រធានរដ្ឋសភាខ្មែរក្រហម បានវាយប្រហារខ្លាំងពេក លើប្រទេសវៀតណាម ទាក់ទងនឹងក្រុមខ្មែរក្រហម។
យ៉ាងណាក៏ដោយ នៅថ្ងៃនេះ លោកក្រាញ់តូនី បានលើកឡើងថា កិច្ចការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដែលបាន និងកំពុងតែធ្វើការងារយ៉ាងសកម្ម ដើម្បីធានាថា ការជំនុំជម្រះក្តីជាប្រវត្តិសាស្ត្រលើបុគ្គល ដែលត្រូវបានចោទ
ប្រកាន់ថាជាអតីតមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានដឹងឮ មិនចំពោះតែប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែចំពោះពិភពលោកទាំងមូល។
លោកលើកឡើងថា ក្នុងសវនាការធ្វើសេចក្តីសន្និដ្ឋានបទចោទប្រកាន់ប្រឆាំងនឹងជនជាប់ចោទបីរូប រួមមាន នួន ជា, អៀង សារី និង ខៀវ សំផន ក្នុងសំណុំរឿង ០០២ ត្រូវបានតាមដានយកព័ត៌មាន ដោយអ្នកសារព័ត៌មានចំនួនជាង ២០០ នាក់ ក្នុងនោះ រួមទាំងទីភ្នាក់ងារព័ត៌មានធំៗ ដូចជា អេអេហ្វភី រ៉យទ័រ អេភី អ៊ីភីអេ ប៊ីប៊ីស៊ី ទូរទស្សន៍អាល់ចាហ្ស៊ីរ៉ា ជាដើម។
ជាងនោះទៀត លោក ក្រាញ់ តូនី ក៏បានលើកឡើងថា ចាប់តាំងពីការចាប់ផ្តើមនៃសវនាការលើភស្តុតាងក្នុងសំណុំរឿង០០២ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១១ រហូតមកដល់ពេលនេះ អ្នកសារព័ត៌មានជាមធ្យម ១០០ នាក់ បានធ្វើដំណើរមកកាន់សាលសវនាការ របស់ អ.វ.ត.ក ជារៀងរាល់ថ្ងៃ ដើម្បីតាមដានរាល់នាទីនៃដំណើរការជំនុំជម្រះក្តីជាប្រវត្តិសាស្ត្រនេះ។
ក្នុងលិខិតជូននិពន្ធនាយកនោះ ពិភពលោកទាំងមូល កំពុងតែនិយាយអំពីតុលាការខ្មែរក្រហមនៅកម្ពុជា ជាទីកន្លែងដែលឧក្រិដ្ឋកម្មត្រូវបានប្រព្រឹត្ត ហើយសវនាការលើសំណុំរឿង ០០២ ត្រូវបានចាត់ទុកថាគឺជាសំណុំរឿងក្តីដែលសំខាន់បំផុតក្នុងប្រវត្តិសាស្ត្រ នៃយុត្តិធម៌ឧក្រិដ្ឋកម្មអន្តរជាតិ ដោយសារតែវិសាលភាពនៃឧក្រិដ្ឋកម្ម និងភាពស្មុគស្មាញរបស់សំណុំរឿង។
លិខិតដដែលបានលើកឡើងថា អត្ថបទសារព័ត៌មានចំនួនជាង២០០ ជាភាសាខ្មែរ អង់គ្លេស និងបារាំង ត្រូវបានផ្សព្វផ្សាយតាមទំព័រសារព័ត៌មាន បង្ហោះតាមអ៊ិនធឺណិត ផ្សាយតាមទូរទស្សន៍ និងវិទ្យុ ក្នុងអំឡុងពេល ៤ថ្ងៃ នៃសវនាការលើសំណុំរឿង០០២ (២១-២៤ វិច្ឆិកា ២០១១)។ ចំនួនអត្ថបទ ដែលត្រូវបានផ្សព្វផ្សាយច្រើនបំផុត គឺនៅសហរដ្ឋអាមេរិក បន្ទាប់មកនៅចក្រភពអង់គ្លេស។ ចំណែកនៅប្រទេសកម្ពុជា ស្ថានីយទូរទស្សន៍ និងវិទ្យុក្នុងស្រុកទាំងអស់ បានផ្សាយបន្តផ្ទាល់អំពីដំណើរការក្តី ដល់មនុស្សរាប់លាននាក់។
ជាមួយនឹងការលើកឡើងខាងលើ លោក ក្រាញ់ តូនី ក៏បានលើកឡើងថា អំពីដំណើរការសវនាការរបស់តុលាការខ្មែរក្រហម ត្រូវបានវិទ្យុអាស៊ីសេរី ផ្សាយបន្តផ្ទាល់អំពីតុលាការ តាមប្រព័ន្ធអ៊ីនធឺណិត ( http://www.rfa.org/khmer/ )។
ជាមួយគ្នានោះ លោកលើកឡើងថា បន្ថែមទៅលើការងារផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ កម្មវិធីផ្សព្វផ្សាយ តាមមូលដ្ឋានរបស់ អ.វ.ត.ក វេទិកាថ្នាក់តំបន់ និងកម្មវិធីទស្សនកិច្ចសិក្សា កម្មវិធី “រាត្រីនៃការចងចាំ” ដែលបញ្ចាំងខ្សែភាពយន្តឯកសារ អំពីប្រវត្តិសាស្ត្ររបបខ្មែរក្រហម និងវីដេអូឯកសារទាក់ទងនឹងការវិវឌ្ឍថ្មីៗ របស់តុលាការខ្មែរក្រហម ដែលផលិតថ្មីៗ ដោយ អ.វ.ត.ក ជូនដល់សាធារណជន នៅតាមទីជនបទនានាទូទាំងប្រទេស ត្រូវបានទទួលស្គាល់ថាជាកត្តាលិករសំខាន់ ក្នុងការផ្តល់ព័ត៌មានដល់ប្រជាជនកម្ពុជាអំពីតុលាការខ្មែរក្រហម ដោយសារកម្មវិធីនេះ បានផ្តល់ការយល់ដឹងប្រសើរជាងមុន អំពីដំណើរការរបស់តុលាការ និងបង្កើនការចាប់អារម្មណ៍របស់ប្រជាជន មកលើដំណើរការនេះ៕
CEN
No comments:
Post a Comment
yes