ទណ្ឌិតថៃប្រមាណ១២ពាន់នាក់ ត្រូវបានគេដោះលែង កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រក្នុងឱកាសព្រះរាជ ពិធីចម្រើនព្រះជន្មព្រះមហាក្សត្រភូមិបុល អាឌុលយ៉ាដេត។
ពិធីដោះលែងអ្នកទោសទាំងនេះ ត្រូវបានគេប្រារព្ធធ្វើឡើងនៅទូទាំងប្រទេសនៅថ្ងៃនោះ ជាមួយពិធីធំមួយ ប្រព្រឹត្តទៅក្រោមអធិបតីភាពនាយករដ្ឋមន្រ្តី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នៅឯពន្ធនាគារកណ្តាលបាងក្វាង ដែលទណ្ឌិតចំនួន២៧៦៦នាក់ ត្រូវបានគេដោះលែង។
ក្នុងឱកាសនោះ លោកស្រី បានជំរុញដល់អ្នកទោសដែលត្រូវគេដោះលែងឲ្យប្រកាន់យកទស្សនវិជ្ជាចេះស្វ័យគ្រប់គ្រាន់របស់ព្រះមហាក្សត្រចំពោះជីវភាពប្រចាំថ្ងៃរបស់ពួកគេ។
ទណ្ឌិតប្រមាណ១ម៉ឺននាក់ផ្សេងទៀត នឹងត្រូវដោះលែងនៅថ្ងៃទី១៨ ធ្នូ។ ក្នុងចំណោមពួកគេ មានលោក ស៊ើម សាខនរ៉ាត់ អតីតនិស្សិតពេទ្យម្នាក់ ដែលបានធ្វើឃាត ដោយកាត់មិត្តស្រីខ្លួនលោកជាកង់ៗផងដែរ។ និស្សិតរូបនេះដើមឡើយត្រូវបានដាក់ពន្ធនាគារអស់មួយជីវិតដោយចាប់ ផ្តើមពីខែមីនា ឆ្នាំ១៩៩៨ ប៉ុន្តែរយៈពេលនៃការជាប់ពន្ធនាគាររបស់លោក ត្រូវបានគេកាត់បន្ថយចំនួន៥ដង។
នៅមុនពេលលោកត្រូវគេដោះលែង លោកស៊ើម បាននិយាយថា លោកដឹងគុណចំពោះសន្តានចិត្តរបស់ព្រះមហាក្សត្រ ហើយលោក នឹងធ្វើជាមនុស្សល្អ ហើយត្រឡប់ទៅស្រុកវិញដើម្បីមើលថែទាំម្តាយវ័យ៦៨ឆ្នាំរបស់លោក។
អតីតនិស្សិតពេទ្យរូបនេះ បានបញ្ជាក់ថា លោកមានផែនការប្រើប្រាស់សញ្ញាបត្រច្បាប់របស់ខ្លួន ដែលបានទទួលនៅក្នុងពន្ធនាគារ ដើម្បីដាក់ពាក្យសុំបម្រើជាមេធាវីដើម្បីជួយអ្នកក្រីក្រ។
ជាប់ពន្ធនាគារកាលពីឆ្នាំ១៩៩៨ លោកបាននិយាយដោយក្តីសង្ឃឹមដល់ការដោះលែងនៅថ្ងៃទី១៨ ធ្នូថា លោកបារម្ភអំពីតម្លៃថ្លៃ សម្រាប់ការរស់នៅ ប៉ុន្តែលោកនឹងអនុវត្តតាមទស្សនវិជ្ជាស្វ័យគ្រប់គ្រាន់់របស់ព្រះមហាក្សត្រ។
ក្រោមរាជក្រិតលើកលែងទោសនេះ ទណ្ឌិតជាង១ម៉ឺននាក់ផ្សេងទៀត នឹងទទួលបានការបន្ថយទោសផងដែរ៕
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes