នារីសង្ស័យ២នាក់ដែលម្នាក់ត្រូវជាប្រពន្ធរបស់ក្រុមចោរប្លន់ និងម្នាក់ទៀតត្រូវជាបងស្រីនោះ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួន កាលពីថ្ងៃទី៨ ធ្នូ ២០១១ ខណៈពួកគេយកគ្រឿងអលង្ការទៅលក់នៅឯខេត្តផ្សេង ហើយចូលក្នុងអន្ទាក់របស់សមត្ថកិច្ចដែលកំពុងពួនស្ទាក់តាមផ្លូវ និងពេលនេះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាមរួចហើយ ។
នារីសង្ស័យខាងលើ ឈ្មោះប្រសឺត សិទ្ធី អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលមិនពិតប្រាកដជាមួយបងស្រីរបស់ខ្លួនឈ្មោះសឺត សារឿប ។ សមត្ថកិច្ចឱ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនសមត្ថកិច្ចបានស្រាវជ្រាវឈ្មោះសឺត សារឿប ធ្លាប់ស្នាក់នៅផ្ទះជួលក្នុងក្រុងកំពង់ចាម ប៉ុន្តែពេលចុះទៅដល់ផ្ទះជួលមួយនោះ ស្រាប់តែជនសង្ស័យទាំងពីរបានគេចខ្លួនបាត់ ។ ប៉ុន្តែសមត្ថកិច្ចនៅតែស្រាវជ្រាវឥតដកថយរហូតដឹងថា នារីសង្ស័យទាំងពីរនាក់នេះ បានផ្លាស់ប្តូរទីកន្លែងទៅស្នាក់នៅជាមួយគ្នានៅផ្ទះជួលមួយកន្លែងផ្សេងទៀត ក្នុងភូមិបឹងកុក១ ក្រុងកំពង់ចាម ។
ចំណែកនាងប្រសឺត សិទ្ធី ជាប្រពន្ធរបស់មេចោរប្លន់ ក្រោយពីលក់គ្រឿងអលង្ការអស់មួយចំនួនហើយ ក៏បានចាកចេញពីក្រុងកំពង់ចាម ជាមួយប្តីក្នុងបំណងទៅកាន់ខេត្តបាត់ដំបង ដោយជិះម៉ូតូម៉ាកហ្វ៊ីណូ ត្រូវចូលអន្ទាក់ប៉ូលិសតាមផ្លូវ ប៉ុន្តែបុរសជាប្តីមេចោរប្លន់បានលោតចុះពីលើម៉ូតូរត់ចូលព្រៃគេចខ្លួនបាត់ប៉ូលិសចាប់បានតែប្រពន្ធទេ ។ ពេលសួរនាំប្រពន្ធចោរ និងតាមទាន់មុខសញ្ញាហើយ កម្លាំងនគរបាលបានសុំគោលការណ៍ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីដឹកនាំចុះឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅថ្ងៃទី៨ ធ្នូ ២០១១ គឺស្ត្រីសឺត សារឿប ។
គួររំលឹកឡើងវិញថា កាលពីចុងខែវិច្ឆិកា ២០១១ កន្លងទៅនេះ ចោរ២នាក់បានតាមស្ទាក់ប្លន់អាជីវករលក់មាស ប្តូរប្រាក់នៅផ្សារមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម ដល់មុខផ្ទះ ដោយក្រុមចោរមានគ្នា២នាក់ ប្រដាប់ដោយកាំភ្លើងអាកាស្វាយបត់១ដើម បាញ់គំរាម៣គ្រាប់ បណ្តាលឱ្យត្រូវម្ចាស់ទ្រព្យបញ្ឆិតរងរបួសស្រាលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងភ្លាមៗនោះត្រូវបានគេរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកធ្វើអន្តរាគមន៍ ខណៈចោរបានគេចខ្លួនបាត់។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោងប្រហែល៤និង៣០នាទីរសៀល ថ្ងៃទី៣០ វិច្ឆិកា ២០១១ នៅមុខផ្ទះអាជីវករលក់មាស-ប្តូរប្រាក់នេះតែម្តង ស្ថិតក្នុងភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ។ បុរសអាជីវករឈ្មោះតុង ឆេង អាយុប្រហែល៥០ឆ្នាំ បានឱ្យដឹងថា ពេលរសៀលបន្តិចទៅហើយ រូបគាត់២នាក់ប្តីប្រពន្ធ បានវេចខ្ចប់គ្រឿងអលង្ការដាក់កាបូបធ្វើដំណើរទៅផ្ទះតាមធម្មតា... លុះដល់មុខផ្ទះ ស្រាប់តែមានជន២នាក់ ជិះម៉ូតូមកឈប់ក្បែរ រួចហើយដណ្តើមយកគ្រឿងអលង្ការតែម្តង ដោយបាញ់គំរាម៣គ្រាប់ថែមទៀត បណ្តាលឱ្យរូបគាត់រងរបួសស្រាល ចំណែកចោរជិះម៉ូតូរត់គេចខ្លួនបាត់ទៅ។
បើតាមស្ត្រីជាប្រពន្ធប្រាប់ថា ទ្រព្យសម្បត្តិដែលបាត់បង់គិតជាទឹកប្រាក់គឺប្រហែលពី៥ទៅ៦មឺុនដុល្លារត្រូវក្រុមចោរយកទៅបាត់ ៕
កោះសន្តិភាព
No comments:
Post a Comment
yes