កាលពីម៉ោងប្រហែល ៥ និង ៣០ នាទីល្ងាចថ្ងៃចន្ទ អ្នកភូមិប្រហែល ៣០ នាក់ បានលោតផ្លោះរបងតុលាការ ទៅរំដោះតំណាងរបស់ពួកគេពីរនាក់ ពីក្នុងរថយន្តនគរបាល បន្ទាប់ពីសាលាដំបូងខេត្ត បានដាក់ខ្នោះក្រោយពីសាកសួរ និងមានបំណងយកពួកគេទៅដាក់ឃុំក្នុងពន្ធនាគារ។
អ្នកស្រី អ៊ីវ ឃាង វ័យ ៤៨ ឆ្នាំ ជាអ្នកភូមិម្នាក់ ក្នុងចំណោមអ្នកភូមិពីរនាក់ ដែលគេបានដាក់ខ្នោះ ហើយក្រោយមកត្រូវបានដោះលែងវិញនិយាយថា សាលាដំបូងខេត្តបានសាកសួរពួកគាត់ ៤ នាក់ ពាក់ព័ន្ធនឹងពាក្យបណ្ដឹង របស់មន្ត្រីយោធាជាន់ខ្ពស់ ២ រូប ដែលបានប្តឹងចោទពួកគាត់ថា បានកាន់កាប់ទ្រព្យសម្បត្តិអ្នកដទៃ។ អ្នកស្រីបន្ថែមថា៖ «តុលាការបានបង្ខំឲ្យខ្ញុំផ្ដិតមេដៃយល់ព្រមផ្ដល់ដីឲ្យលោក កែវ សារ៉ាន់ និងលោក ហ៊ុន សារ៉េត ដែលជាមន្ត្រីយោធា។ ពេលខ្ញុំបដិសេធ ពួកគេបានចាប់ពួកយើងដាក់ខ្នោះ ហើយបញ្ជាឲ្យនគរបាល នាំពួកយើង ទៅឃុំនៅពន្ធនាគារ»។ អ្នកស្រីបន្តថា៖ «វាអយុត្តិធម៌ខ្លាំងណាស់ ពួកគេមិនបានរកយុត្តិធម៌ដល់ពលរដ្ឋទេ តែបែរជាជួយមន្ត្រី មានលុយ និងមានអំណាច»។
លោក សឿង ពិសី អាយុ ៤១ ឆ្នាំ ដែលបានចូលទៅបំភ្លឺនៅតុលាការដែរ ថ្លែងថា តុលាការ បានយល់ព្រមដោះលែងអ្នកភូមិពីរនាក់វិញតែពួកគេ បានចាប់ខ្លួនលោក ភឿន ខេន អាយុ ៣១ ឆ្នាំយកទៅឃុំក្នុងគុក។ លោកបន្ថែមថា៖ «នគរបាលបានវាយលោក ភឿន ខេន រហូតប្រឡាក់ឈាមពេញមុខ តែកម្លាំងនគរបាល បែរជាចោទថា គាត់បានវាយនគរបាលទៅវិញហើយចាប់យកទៅឃុំ»។
បើតាមអ្នកភូមិ ពួកគាត់ ៤៣ គ្រួសារ បានធ្វើស្រែចម្ការ លើដីចំនួន ១៣០ ហិកតា តាំងពីឆ្នាំ ១៩៩៨ បន្ទាប់ពីតំបន់ដែលមានមីននេះ ត្រូវបានមជ្ឈមណ្ឌលកំចាត់មីនស៊ីម៉ាក់បោសសម្អាតរួច។ ប៉ុន្តែនៅថ្ងៃទី ២៤ ឧសភា ២០១១ លោក កែវ សារ៉ាន និងលោក ហ៊ុន សារ៉េត បានដាក់ពាក្យប្ដឹងអ្នកភូមិថា បានកាន់កាប់ដីរបស់ពួកគេទៅវិញ។
លោក កង សាន ស្នងការរងនគរបាលខេត្តបាត់ដំបង និយាយយ៉ាងខ្លីថា៖ «ការចាប់ខ្លួនអ្នកភូមិ មិនពាក់ព័ន្ធនឹងកម្លាំងនគរបាលរបស់ខ្ញុំទេ វាពាក់ព័ន្ធនឹងយុត្តាធិការតុលាការ»។ លោក នួន សន ព្រះរាជអាជ្ញាខេត្ត មិនអាចទាក់ទងសុំការបំភ្លឺបានទេ។
លោក យិន ម៉េងលី អ្នកសម្របសម្រួលអង្គការអាដហុក ប្រចាំខេត្តនេះ ថ្លែងថា៖ «តុលាការ មិនគួរចាប់ឃុំអ្នកភូមិទេ តុលាការ គួរតែដោះលែងអ្នកភូមិហើយចុះទៅស៊ើបអង្កេតដល់ដីជម្លោះ ដើម្បីឲ្យដឹងថា ជារបស់អ្នកណាពិតប្រាកដ កុំចេះតែកាត់ទោសតាមតែឯកសារដូច្នេះ»៕
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes